កោះស្រឡៅគឺជាកោះមួយដែលស្ថិតនៅជាប់ក្នុងដែនសមុទ្រកោះកុងដែលយើងធ្វើដំណើរពីទីរួមខេត្តកោះកុងរយៈពេល ២ម៉ោងដោយជិះទូកដ ឬ កន្លះម៉ោងដោយជិះ អូប័រ តាមដងព្រែកដែលមានព្រៃកោងកាងអមសងខាង និង ដៃសមុទ្រប្រទាក់ខ្វាត់ខ្វែងគ្នាយ៉ាងស្រស់ស្អាតគួរអោយចង់គយគន់ធ្វើអោយអារម្មណ៍ស្រស់ស្រាយពេលដែលអ្នកគ្រប់គា្នទៅដល់ទីនោះ។ កោះស្រឡៅ មានដែនសហគមន៍មួយមានឈ្មោះថាសហគមន៍កោះស្រឡៅ ដែលបានបង្កើតឡើងក្នុងរំឡុងឆ្នាំ២០០០-២០០២ ដែលស្ថិតនៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានប្រជាជន ជាង២០០គ្រួសាររស់នៅទីនោះ និង ជាសហគមន៍មួយដែលមានព្រៃកោងកាងស្អាតបំផុតជាប់ជាមួយផែនទីអភិរក្សព្រៃកោងកាងពាមក្រសោបនៅក្នុងប្រទេសក ម្ពុជា និង ជាសហគមន៍គំរូដែលមានបរិស្ថានស្អាតជាងគេផងដែរ ហើយសហគមន៍មួយនេះមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ធម្មជាតិ និងជាកន្លែងដែលទេសចរណ៍ចូលចិត្តថតរូបព្រៃកោងកាងដែលឈរបង្អួតសម្រស់នៅតាមមាត់ព្រែកដែលមានឆ្នេរខ្សាច់ពណ៌សអមជាមួយ ព្រមទាំង សកម្មភាពសហគមន៍កំពុងធ្វើការនេសាទផងដែរ។
ដោយសារសហគមន៍ទទួលបានប្រាក់ចំណូលមួយផ្នែកធំបានមកពីផលនេសាទ និងមួយផ្អែកទៀតទទួលបានពីវិស័យទេសចរណ៍ហើយបានធ្វើអោយជីវភាពរបស់ពួកគាត់ធូធារ និងកូនៗបានចូលសាលាទទួលការអប់រំខ្ពស់ ហើយការរស់នៅមានសុខភាពអនាម័យល្អ។ តែមកទល់នឹងពេលនេះ សហគមន៍កំពុងតែទទួលការគម្រាមកំហែងយ៉ាងខ្លាំងនែការបាត់បង់ផលនេសាទ និងធនធានធម្មជាតិ ដូចជា ព្រៃកោងកាង ឆ្នេរខ្សាច់ និងប្រពន័្ធជីវចំរុះផងដែរ។ មូលហេតុទាំងអស់នេះគឺបណ្តាលមកពី ការបូមខ្សាច់ពីសំណាក់ក្រុមហ៊ុនដែលមិនបានគោរពទៅតាមលកខណ័្ឌពេញលេញ និងការប្រើប្រាស់សារជាតិគីមីដែលធ្វើអោយប្រភពមច្ឆាជាតិផុតពូជ កំឡុងពេលនេះដែរ កោះមួយជាកោះប្រវត្តិសាស្រ្តដែលប្រជាជននៅតែចងចាំមិនអាចបំភ្លេចបាននោះបានបាក់លិចចូលទៅក្នុងសមុទ្របាត់ទៅនៅសល់តែឈ្មោះរហូតមកដល់សព្វនេះហើយកោះនោះមានឈ្មោះថា កោះកាបុង។ ដោយសារមូលហេតុទាំងអស់នេះហើយ ដែលធ្វើអោយសហគមន៍កោះស្រឡៅទាំងមូលត្រូវធ្លាក់ចុះ ទាំងផ្នែកសេដ្ឋកិច្ចនេសាទ និងក្មេងៗត្រូវបោះបង់ការសិក្សាដោយសារជីវភាពខ្វះខាត។

បច្ចប្បន្ន ក្រុមហ៊ុនបូមខ្សាច់កាន់តែមានសកម្មភាពខ្លាំងខ្លាឡើងៗដោយពុំមានការអន្តរាគមន៍ពីសំណាក់អជ្ញាធរក្នុងតំបន់ឡើយ ហើយថែមទាំងមិនចូលរួមជាមួយសកម្មភាពរបស់សហគមន៍ក្នុងការទប់ស្កាត់បញ្ឍប់ការបូមខ្សាច់ និងសកម្មភាពសំអាតអនាម័យភូមិទៀតផង ដោយគាត់លំអៀងនិងរើសអើងថាមកពីគណបក្សនេះគណបក្សនោះជាដើម។
ចុងបញ្ចប់សូមអោយរាជរដ្ឋាភិបាល សម្តេចហ៊ុនសែន ជួយអន្តរាគមន៍និងដោះស្រាយអោយប្រជាពលរដ្ឋដែលកំពុងជួបទុក្ខកង្វល់យ៉ាងខ្លាំងនៅក្នុងសហគមន៍កោះស្រឡៅទាំងមូលផង។ព្រោះប្រជាជនមិនចង់ឃើញសហគមន៍កោះស្រឡៅមួយនេះត្រូវរងការបំផ្លាញធនធានធម្មជាតិរលាយបាត់ដោយសារក្រុមហ៊ុនបូមខ្សាច់យ៉ាងអនាធិបតេយ្យបន្តទៀតបានឡើយ។
អត្ថបទ Apoch, Phalla
រូបភាព Apoch














































