រឿង ព្រះចក្ខុបាលត្ថេរ


ព្រះបរមសាស្តាទ្រង់ទេសនាប្រារឰព្រះថេរៈ ឈ្មោះចក្ខុបាល ។ កាលពីព្រះថេរៈឣង្គនេះ លោកនៅជាគ្រហស្ថ មិនទាន់បានសាងផ្នួសនោះ លោកបានទៅស្តាប់នូវព្រះធម៌ទេសនា របស់ព្រះពុទ្ធជាម្ចាស់ហើយ កើតសេចក្តីជ្រះថ្លា ក្នុងព្រះធម៌ទេសនានោះ យ៉ាងក្រៃលែង មានចិត្តប្រាថ្នាចង់បួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះត្រឡប់មកផ្ទះវិញ ក៏បានប្រគល់ទ្រព្យសម្បត្តិទាំងឣស់ ឲ្យដល់ប្អូនប្រុស របស់ខ្លួនស្រេចហើយ ទើបសុំលាប្អូនទៅបួស ក្នុងសំណាក់ព្រះបរមសាស្តា លុះបួសបាន ៥ ព្រះវស្សាហើយ លោកក៏បានចូលទៅ ក្រាបថ្វាយ បង្គំសុំរៀនព្រះកម្មដ្ឋាន ជាមួយនឹងព្រះសម្មាសម្ពុទ្ធ បន្ទាប់មក ក៏បានក្រាបថ្វាយបង្គំលាព្រះឣង្គទៅ បំពេញសមណធម៌ នៅក្នុងទីកន្លែងមួយដ៏ស្ងាត់ ព្រមជាមួយនឹងភិក្ខុសង្ឃ ៦០ រូប ជាបរិវារ ។ ព្រះថេរៈ លោកមានសេចក្តីព្យាយាម យ៉ាងខ្លាំងក្លាបំផុត ក្នុងការប្រតិបត្តិធម៌ លោកបានតាំងចិត្ត សច្ចាធិដ្ឋានថា “ឣាត្មាឣញ នឹងមិនសិង រហូត ៣ ខែ នៅក្នុងរដូវភ្លៀងនេះ” ។

ក្នុងវស្សានោះ រោគក្នុងភ្នែក ក៏បានកើតឡើង ដល់ព្រះថេរៈ ។ គ្រូពេទ្យ បានមកជួយព្យាបាលរោគប្រគេនព្រះថេរៈ ហើយឲ្យព្រះ ថេរៈសិងបន្តក់ថ្នាំតាមភ្នែក ។ តែព្រះថេរៈ មិនព្រមសិងបន្តក់ថ្នាំ តាមលោកគ្រូពេទ្យប្រាប់សោះ ព្រោះលោកបានតាំងចិត្តស្រេចហើយ ថា នឹងមិនសិង រហូត ៣ ខែ ។ ព្រោះហេតុនោះ រោគក្នុងភ្នែក ក៏រឹងរឹតតែរកាំធ្ងន់ខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ ។ មិនយូរប៉ុន្មាន ភ្នែក ទាំងទ្វេ របស់ព្រះថេរៈ ក៏បានបែកធ្លាយ ខ្វាក់ងងឹតឈឹង មើលអ្វីលែងឃើញទាំងឣស់ហើយ ព្រមគ្នាជាមួយនឹងការបានសម្រេចជាព្រះឣរហន្ត- សុក្ខវិបស្សកៈ ។

លុះដល់ថ្ងៃបវារណា ចេញវស្សាហើយ ព្រះចក្ខុបាលត្ថេរ បាន ចម្រើនពរ លាពួកញាតិញោម ឧបាសក ឧបាសិកា ដើម្បីនឹងទៅគាល់ព្រះបរមសាស្តា ដែលព្រះឣង្គប្រថាប់គង់នៅ ក្នុងវត្តជេតពនមហាវិហារ ទៀបក្រុងសាវត្ថី ។ នៅក្នុងរាត្រី នៃបច្ឆិមយាម ក្រោយពេលដែលភ្លៀងរាំងហើយ, ព្រះថេរៈ បានដើរចង្ក្រមទៅមកៗ ជាន់សត្វមេភ្លៀងស្លាប់ឣស់ ជាច្រើន ព្រោះលោកមើលមិនឃើញ ហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះស្លាប់ផងដែរ ។

ស្អែកឡើង ពេលព្រឹកព្រលឹម ក៏ស្រាប់តែមានឣាគន្តុកភិក្ខុ ជាច្រើនរូប បានចូលទៅមើលកន្លែងព្រះចក្ខុបាលត្ថេរ ហើយបានឃើញសត្វមេភ្លៀង ជាច្រើនស្លាប់ ពាសពេញទីចង្ក្រមន៍ របស់ព្រះថេរៈ ក៏បានត្មះតិះដៀលលោក ដោយប្រការផ្សេងៗ ស្រេចហើយ ក៏នាំយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះបរមសាស្តាទ្រង់ជ្រាប ។

ព្រះបរមសាស្តាទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថា “ម្នាល ភិក្ខុទាំងឡាយ មរណចេតនា គឺ ចេតនាគិតនឹងសម្លាប់ មិនមានសោះឡើយ ដល់ព្រះថេរៈ ដែលជាព្រះឣរហន្តខីណាស្រព” ។

ឣាគន្តុកភិក្ខុទាំងនោះ ងឿងឆ្ងល់ បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះចក្ខុបាលត្ថេរ ជាព្រះឣរហន្តខីណាស្រព ចុះហេតុអ្វី បានជាខ្វាក់ភ្នែក?” ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងឣតីតនិទាន ថា “កាលពីឣតីតកាល ព្រះចក្ខុបាលត្ថេរ ធ្លាប់បានធ្វើជាគ្រូពេទ្យ ព្យាបាលជម្ងឺភ្នែក ។ សម័យថ្ងៃមួយ លោកគ្រូពេទ្យនោះ បានទៅព្យាបាលភ្នែក ដល់ស្រ្តីម្នាក់នៅជនបទ ។ ស្ត្រីនោះ បានសន្យាជាមួយគ្រូពេទ្យថា “បើលោកគ្រូពេទ្យឣាចព្យាបាលជម្ងឺភ្នែកនាងខ្ញុំ ឲ្យបានជាស្បើយ ដូចដើមវិញនោះ, នាងខ្ញុំ ព្រមទាំងបុត្រ នឹងធ្វើជាទាសីឣ្នកបម្រើរបស់លោកគ្រូ” ។

គ្រូពេទ្យនោះ បានព្យាបាលភ្នែកនាង ឲ្យជាដូចដើមវិញហើយ, ព្រោះតែនាងមិនចង់ទៅ នៅបម្រើគ្រូពេទ្យនោះឯង ទើបនាងបែរជានិយាយកុហកគ្រូពេទ្យនោះថា “លោកគ្រូ ឥឡូវនេះ ភ្នែករបស់នាងខ្ញុំ វាមិនបានជាទេ វា រឹតតែឈឺលើសដើមទៅទៀត” ។

ចំណែកគ្រូពេទ្យ បានដឹងថា នាងពិតជានិយាយកុហក ដូច្នេះហើយ ក៏មានចិត្តក្រោធខឹងយ៉ាងខ្លាំង ហើយមានចេតនា ចង់ធ្វើឲ្យនាងវិនាស ទើបផ្សំថ្នាំពិសឲ្យនាងលាប ធ្វើឲ្យភ្នែករបស់នាង ខ្វាក់ទាំងគូ មើលអ្វីលែងឃើញទាំងឣស់ ។ ព្រោះបាបកម្មដែលព្រះចក្ខុបាលត្ថេរ បានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេ ដោយចេតនានោះឯង បានជាព្រះថេរៈ ត្រូវតែទទួលនូវបាបកម្មនោះវិញ គឺ ត្រូវតែខ្វាក់ភ្នែក នៅក្នុងជាតិនេះ” ដូច្នេះហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះថា

មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។
ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្ត ត្រូវទោសៈប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី ‘ក៏ឣាក្រក់ដែរ, ព្រោះឣំពើឣាក្រក់នោះឯង សេចក្តីទុក្ខ រមែងដេញជាប់ តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមដានជើងគោដែលឣូសនឹមរទេះ យ៉ាងដូច្នោះឯង ។

រឿង ព្រះសីវលី


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសីវលីថេរៈ ជាបុត្ររបស់ នាងសុប្បវាសា ។ ព្រះថេរៈ បានជាប់នៅ ក្នុងផ្ទៃមាតា ឣស់រយៈ ពេល ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ ទើបបានប្រសូតចេញមក ព្រោះបុព្វកម្ម ពី ឣតីតជាតិ ដែលលោកធ្លាប់បានកើតជាក្សត្រ បានលើកកងទ័ព ទៅឡោមព័ទ្ធនគរមួយ ឣស់រយៈពេល ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ ។ ក្នុងគ្រា នោះឯង ព្រះនាង សុប្បវាសា បានកើតជាព្រះជននី ទ្រង់ប្រើឲ្យព្រះរាជបុត្រ របស់ព្រះនាង បិទទ្វារព្រះនគរ មិនឲ្យពួកមនុស្សចេញមកខាងក្រៅបាន ។

ពួកប្រជាជន បានសម្លាប់ព្រះរាជា របស់ខ្លួនចោល ហើយលើកព្រះនគរ ថ្វាយដល់ព្រះរាជបុត្រ របស់ព្រះនាងសុប្បវាសា ។ ព្រោះកម្មនោះឲ្យផល ទើបមកដល់ជាតិនេះ ព្រះនាងសុប្បវាសា ជាព្រះមាតា បានទទួលទុក្ខវេទនា យ៉ាងខ្លាំងក្លា ហើយទ្រង់ព្រះចិន្តា ថា “ព្រះសាស្តាចារ្យ ទ្រង់សម្តែងធម៌ ដើម្បីលះបង់សេចក្តីទុក្ខបាន ព្រះសង្ឃប្រព្រឹត្តប្រតិបត្តិធម៌ ដើម្បីលះបង់សេចក្តីទុក្ខបាន ព្រះនិព្វាន ជាសុខពិត” យ៉ាងដូច្នេះហើយ ទើបឲ្យព្រះស្វាមីទៅគាល់ព្រះសាស្តាដើម្បីក្រាបទូលសុំព្រះពរ ។

ពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ប្រទានព្រះពរហើយ, ព្រះនាងសុប្បវាសា ទ្រង់បានប្រសូតព្រះរាជបុត្រ ដោយសុវត្ថិភាព ។ ក្នុងពេលជាមួគ្នានោះដែរ ព្រះនាងទ្រង់បានថ្វាយមហាទាន ដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឣស់រយៈពេល ៧ ថ្ងៃ ។

ព្រះរាជបុត្រ ដែលបានប្រសូតមក ក្នុងថ្ងៃនោះ បានជួយត្រងទឹក ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យនោះដែរ, ក្រោយមក ក៏បានចេញទៅបួសជាភិក្ខុ ហើយបានសម្រេចឣរហត្តផល ក្នុងទីបំផុត ។

សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿង ព្រះសីវលី ថា “ភិក្ខុដែលដល់នូវឧបនិស្ស័យនៃព្រះឣរហន្ត ក៏នៅតែទទួលទុក្ខវេទនា យ៉ាងដូច្នេះដែរ” ។

ព្រះសម្មាសម្ពុទ្ធ ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់បាន ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ បុត្ររបស់តថាគត បាន រួចផុតពីសេចក្តីទុក្ខហើយ” ហើយទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

យោ ឥមំ បលិបថំ ទុគ្គំ សំសារំ មោហមច្ចគា
តិណ្ណោ បារគតោ ឈាយី ឣនេជោ ឣកថំកថី
ឣនុបាទាយ និព្វុតោ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា កន្លងផ្លូវវាង គឺរាគៈ និង ភក់ ដែលគេឆ្លងបានដោយកម្រ គឺកិលេស និងសង្សារវដ្ត និងមោហៈទាំងនេះបាន ជាឣ្នកឆ្លងឣន្លង់ទាំងបួន បានដល់ត្រើយគឺព្រះនិព្វាន ជាឣ្នកមានឈាន មិនញាប់ញ័រ ដោយតណ្ហា មិនមានសេចក្តីសង្ស័យ មិនប្រកាន់មាំ ជាឣ្នករលត់កិលេសហើយ តថាគត ហៅបុគ្គលនោះថា ជាព្រាហ្មណ៍ ។

សេច​ក្តី​ជ្រះ​ថ្លា​ជា​អ្នក​បណ្តុះ​បណ្តាល សម្បត្តិ​លោកិយ​និង​លោក​កុត្តរ


រឿង​ទុត្ត​បុរស
(ចាក ធ. ខុ.)
(សេច​ក្តី​ជ្រះ​ថ្លា​ជា​មេ​បណ្តុះ​សម្បត្តិ​លោកិយ​និង​លោក​កុត្តរ)

ក្នុង​កាល​ដែល​កន្លង​ទៅ​ហើយ​ ព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​នាម​កស្សបៈ​ មាន​ព្រះ​ខី​ណា​ស្រព​ ២០​ពាន់​អង្គ​ជា​បរិវារ ស្តេច​យាង​ទៅ​កាន់​ក្រុង​ពារាណសី មនុស្ស​ទាំង​ឡាយ​បាន​កំណត់​ធនធាន​តាម​កំលាំង​ខ្លួន ចូល​គ្នា​៨​នាក់​ខ្លះ ១០​នាក់​ខ្លះ​ថ្វាយ​អាគន្តុក​ទាន​ជា​ដើម ។

ថ្ងៃ​មួយ​ក្នុង​ទី​បំផុត​ភត្ត​កិច្ច​ព្រះ​សាស្តា​ធ្វើ​អនុមោទនា​ថា ឧបាសក​ ឧបាសិកា​ ទាំង​ឡាយ ! បុគ្គល​​មួយ​ពួក​​​ ខ្លួន​ឯង​ក៏​មិន​បាន​ឲ្យ​ ទាំង​មិន​បាន​បបួល​អ្នក​ដទៃ​ផង​ បុគ្គល​នោះ​ទៅ​កើត​ក្នុង​ទី​ណា​ៗ ភោគ​សម្បត្តិ​ក៏​គ្មាន​ បរិវារ​សម្បត្តិ​ក៏​គ្មាន ជា​អ្នក​រស់​នៅ​ដោយ​ការ​ស៊ី​វត្ថុ​ជា​សំណល់​គេ ។ បុគ្គល​មួយ​ពួក​ទៀត ឲ្យ​ទាន​ខ្លួន​ឯង​ផង បបួល​អ្នក​ដទៃ​ផង បុគ្គល​នោះ​កើត​ក្នុង​ទី​ណា​ៗ រមែង​បាន​ភោគ​សម្បត្តិ​ផង បរិវារ​សម្បត្តិ​ផង ។

បណ្ឌិត​បុរស​ម្នាក់​អង្គុយ​ស្តាប់​ធម៌​ក្បែរ​នោះ​គិត​ថា អញ​នឹង​ធ្វើ​ឲ្យ​បាន​សម្បត្តិ​ទាំង​ពីរ​យ៉ាង​នេះ ទើប​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ថ្ងៃ​ស្អែក​នេះ សូម​ទ្រង់​ទទួល​ភិក្ខារ (បាយ) របស់​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​សាស្តាត្រាស់​ថា អ្នក​ត្រូវ​ការ​ដោយ​ភិក្ខុ​ប៉ុន្មាន? បពិត្រ​ព្រះ​អង្គ​បរិវារ​ទ្រង់​មាន​ប៉ុន្មាន? មាន​២០​ពាន់​រូប ។ សូម​និមន្ត​ទាំង​អស់ ។ ព្រះ​សាស្តា​ក៏​ព្រម​ទទួល ។

បុរស​នោះ​ចូល​ទៅ​ក្នុង​ស្រុក ស្រែក​អំពាវ​នាវ​ថា បពិត្រ​លោក​អ្នក​ទាំង​ឡាយ ខ្ញុំ​បាន​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន​មក​ទទួល​ភត្ត​ក្នុង​ថ្ងៃ​ស្អែក លោក​អ្នក​ទាំង​ឡាយ ត្រូវ​ការ​ភិក្ខុ​ប៉ុន្មាន​អង្គ សូម​ចាត់​ចែង​ទាន​ប្រគេន​តាម​គាប់​អាធ្យា​ស្រ័យ​ចុះ មនុស្ស​ទាំង​ឡាយ​ក៏​ទទួល​ថា យើង​ដល់​ភិក្ខុ​១០​អង្គ​​ ២០អង្គ​ ៣០អង្គ ១០០អង្គ ខ្លះ​ទៀត ​៥០០​អង្គ ទើប​បុរស​បណ្ឌិត​នោះ​ស្រង់​ឈ្មោះ​ចុះ​ក្នុង​បញ្ជី ។

ក្នុង​នគរ​នោះ មាន​បុរស​ម្នាក់ ដែល​ជន​ទាំង​ឡាយ​ស្គាល់​ឈ្មោះ​ថា មហាក្រ (ក្រណាស់) បណ្ឌិត​បុរស​ បាន​ឃើញ​អ្នក​មហាក្រ​នោះ​មក​ដល់​ចំពោះ​មុខ​ខ្លួន ក៏​ពោល​បបួល​ថា អ្នក​មហាក្រ​សម្លាញ់! ខ្ញុំ​បាន​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន មក​ទទួល​ភត្ត​នា​ថ្ងៃ​ស្អែក តើ​អ្នក​មាន​ត្រូវ​ការ​ភិក្ខុ​ប៉ុន្មាន​អង្គ? ហ៊ី​ខ្ញុំ​ក្រ​ណាស់​បាន​ច្រក​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក នឹង​ឲ្យ​ទាន​យ៉ាង​ម៉េច​បាន​ទុក​អ្នក​មាន​ទ្រព្យ​គេ​ឲ្យ​ចុះ ។

បណ្ឌិត​បុរស​ជា​មនុស្ស​ឆ្លាត​ក្នុង​ការ​បបួល​ទុក​ជា​ឮ​ពាក្យ​ថា​គ្មាន​ហើយ ក៏​នៅ​តែ​មិន​ស្ងៀម​ចេះ​តែ​ពោល​បបួល​ថា អ្នក​មហាក្រ​សម្លាញ់ ជន​ច្រើន​ក្នុង​នគរ​នេះ បរិ​ភោគ​ភោជន​ល្អៗស្លៀក​ពាក់​ល្អ​ស្រស់​បស់ ដេក​លើ​ដំណេក​មាន​សេរី សោយ​សម្បត្តិ ប្លែក​តែ​សម្លាញ់​ស៊ី​ឈ្នួល​ជួល​ព័ទ្ធ​គេ​រាល់​ថ្ងៃ នៅ​ត្អូញ​ថា​ស៊ី​មិន​គ្រប់​គ្រាន់​ប្រហែល​ជា​អ្នក​មិន​ដឹង​ថា កាល​ពី​ដើម​អញ​គ្មាន​បាន​ឲ្យ​ទាន​សោះ​ទេ​ឬ? ខ្ញុំ​ក៏​មិន​ដឹង​យ៉ាង​នេះ​ដែរ ។

កាល​បើ​ដូច្នោះ​ម្តេច​អ្នក​មិន​ធ្វើ​បុណ្យ​ក្នុង​ពេល​នេះ? អ្នក​ជា​មនុស្ស​កំលោះ មាន​កំលាំង​ពលំ​គ្រប់​គ្រាន់ ស៊ី​ឈ្នួល​គេ​ហើយ​យក​កម្រៃ​នោះ​មក​ធ្វើ​បុណ្យ​មិន​គួរ​ឬ? អ្នក​មហាក្រ​ បណ្ឌិត​នោះ​និយាយ​យ៉ាង​នេះ​រឿយ​ៗ ក៏​កើត​សេចក្តី​សង្វេគ ហើយ​ព្រម​ទទួល​ភិក្ខុ​មួយ​អង្គ​ឲ្យ​ឆាន់​ក្នុង​ថ្ងៃ​ស្អែក​ទើប​ត្រឡប់​ទៅ​ ផ្ទះ​ ប្រាប់​ភរិយា​ថា នែ​នាង​អ្នក​នគរ​គេ​ធ្វើ​ភត្ត​ប្រគេន​ព្រះ​សង្ឃ​ថ្ងៃ​ស្អែក​នេះ​អញ​មាន​បុរស ​ម្នាក់​មក​បបួល​ថា ចូរ​អ្នក​ឲ្យ​ភត្ត​ដល់​ភិ​ក្ខុ​១​អង្គ​ទៅ​ យើង​នឹក​ចាត់​ចែង​ភត្ត​ប្រគេន​ភិក្ខុ​១​អង្គ ក្នុង​ថ្ងៃ​ស្អែក​នេះ ។

ឯ​ភរិយា​មិន​បាន​ពោល​ថា​យើង​ជា​អ្នក​ក្រ ម្តេច​ក៏​ស្តាប់​ពាក្យ​គេ? ទេ បែរ​ជា​ពោល​ថា បពិត្រ​ស្វាមី​ប្រពៃ​ណាស់​ហើយ យើង​ព្រោះ​តែ​មិន​បាន​ឲ្យ​ទាន​ពី​ជាតិ​មុន ទើប​ជាតិ​នេះ​យើង​ក្រ​រហេម​រហាម ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​យ៉ាង​នេះ​ យើង​ទៅ​ ស៊ី​ឈ្នួល​គេ​យក​កម្រៃ​មក​ធ្វើ​ភត្ត​ប្រគេន​លោក​កុំ​ខាន ទើប​ដើរ​ទៅ​រក​ស៊ី​ឈ្នួល​គេ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ។

មហាសេដ្ឋី​ឃើញ​អ្នក​មហាក្រ​ភ្លាម​សួរ​ថា អ្នក​មហា​ក្រ​សម្លាញ់​អ្នក​មក​ស៊ី​ឈ្នួល​ឬ? បពិត្រ​លោក មក​រក​ស៊ី​ឈ្នួល ។ អ្នក​នឹង​ធ្វើ​ការ​អ្វី​ហ្ន? បុរស​មហា​ក្រ​ប្រាប់​មហា​សេដ្ឋី​ដោយ​សំដី​ថា អ្នក​ទ័ល​ក្រ​ថា​លោក​ឲ្យ​ខ្ញុំ​ធ្វើ​ការ​អ្វី​ ខ្ញុំ​នឹង​ធ្វើ​ការ​នោះ​នោះ​តាម​បង្គាប់ ។ សេដ្ឋី​ក៏​ប្រើ​គេ​ឲ្យ​យក​កាំ​បិត​នឹង​ពូថៅ​មក​ឲ្យ​អ្នក​មហាក្រ​ដោយ​ពាក្យ​ ថា ស្អែក​នេះ​យើង​ប្រគេន​ចង្ហាន់​ភិក្ខុ​ពីរ​បីរយ​អង្គ ចូរ​អ្នក​ពុះ​អុស​ចុះ​។ អ្នក​ក្រ​ចង​ក្បិន​យ៉ាង​មាំ ខ្នះ​ខ្នែង​ជា​បំផុត​ ដាក់​ពូថៅ​លើក​កាំបិត​មក​ពុះ​អុស​តាម​បង្គាប់។ សេដ្ឋី​សួរ​ថា សម្លាញ់​ម្តេច​ក៏​អ្នក​ខំ​ខ្លាំង​ម្ល៉េះ​ថ្ងៃ​នេះ? មាន​ហេតុ​យ៉ាង​ណា? បពិត្រ​លោក ស្អែក​ខ្ញុំ​ប្រគេន​ភត្ត​ដល់​ភិក្ខុ​មួយ​អង្គ​ដែរ ។​

សេដ្ឋី​គិត​ថា ឳ​អ្នក​មហាក្រ​នេះ​មាន​សទ្ធា​មុត​មាំ​ណាស់​តើ​មិន​គិន​ខ្លួន​ក្រ​លំបាក​សោះ ។ ថ្លែ​ពី​ភរិយា​សេដ្ឋី​ឃើញ​ប្រពន្ធ​អ្នក​មហាក្រ​ ក៏​សួរ​ថា ម្នាល​នាង! នាង​មក​ធ្វើ​ការ​អ្វី? ចា៎! លោក​ស្រី​ ឲ្យ​តែ​មាន​ការ​ខ្ញុំ​នឹង​ធ្វើ​ជូន​ទាំង​អស់ ។​ លោក​ស្រី​ក៏​បង្គាប់​ឲ្យ​យក​ចង្អេរ​និ​ង​អង្រែ​ជា​ដើម ចូល​ទៅ​ប្រកប​ការងារ​ក្នុង​រោង​ត្បាល់​ក្កឿង ។ នាង​នោះ​មាន​ចិត្ត​រីករាយ​ជា​មហិមា​ បុក ​បែន អុំ​ ស្ទៃ រោយ​ស្រូវ​ទាំង​ឡាយ​ហាក់​ដូច​ជា​គេ​រាំ ។

លោក​ស្រី​សួរ​ថា នាង​រីករាយ​ខ្លាំង​ម៉្លេះ មាន​ហេតុយ៉ាង​ណា? លោក​ស្រី​ ខ្ញុំ​មក​ធ្វើ​ការ​ឈ្នួល​នេះ គឺ​យក​កម្រៃ​ទៅ​ចាត់​ចែង​ភត្ត​ប្រគេន​ភិក្ខុ​មួយ​អង្គ​កក្នុង​ថ្ងៃ​ស្អែក​ នេះ ។ សេដ្ឋី​បាន​ឲ្យ​អង្ករ​ស្រូច​សាលី​ ៤​នាឡិ​ជា​ឈ្នួល​៤​នាឡិ​ទៀត​ជា​រង្វាន់​នៃ​សេចក្តី​ត្រេក​អរ​ដល់​អ្នក​មហា​ ក្រ​នោះ ។

ឯ​ភរិយា​សេដ្ឋី​បាន​ឲ្យ​ដប​ពេញ​ដោយ​ទឹក​ដោះ​ថ្លា​១ ភាជនៈ​ពេញ​ដោយ​ទឹក​ដោះ​ជូរ​១ គ្រឿង​ហឹរ​១ អង្ករ​ស្រូវ​សាលី​សុទ្ធ​មួយ​នាឡិ​ដល់​នាង​នោះ ។ ជន​ប្តី​ប្រពន្ធ​មាន​សេចក្តី​ត្រេក​អរ​ជា​ខ្លាំង​លាន់​មាត់​ថា យើង​បាន​ទ័យ​ធម៌​ហើយ​ទើប​ចូល​កាន់​សម្រាក​​លង់​លក់​ស្កប់​ស្កល់​ក្នុង​ រាត្រី ។ វេលា​ព្រឹក​ព្រាង ក៏​ស្ទុះ​ក្រោក​ម្នី​ម្នា ឯ​ភរិយា​ពោល​ប្រាប់​ប្តី​ថា នែ! ល្មម​ទៅ​រក​បន្លែ​មក ។

អ្នក​មហា​ក្រ ដើរ​រក​មើល​ក្នុង​រាន​ផ្សារ ក៏​មិន​ឃើញ​មាន ហើយ​ដើរ​ហួស​ទៅ​កាន់​ឆ្នេរ​ស្ទឹង បេះ​បន្លែ​បណ្តើរ​ច្រៀង​បណ្តើរ​។ មាន​ព្រាន​ម្នាក់​កំពុង​បង់​សំណាញ់ ឮ​សំលេង​ច្រៀង​នោះ​គិត​ថា​នេះ​ជា​សំលេង​អ្នក​មហា​ក្រ​ទេ​តើ  ទើប​ប្រកូក​ហៅ​មក​សួរ​ថា ម្តេច​ក៏​ច្រៀង​សប្បាយ​ម្ល៉េះ​ មាន​ហេតុ​អ្វី​សម្លាញ់? ទេ! បេះ​បន្លែ​តើ ។ អើ​សម្លាញ់​បេះ​ធ្វើ​អី? យី​ព្រឹក​នេះ​ខ្ញុំ​ប្រគេន​ចង្ហាន់​លោក​មួយ​អង្គ ។ ព្រាន​ប្រមង់​ពោល​ថា​ឳ! ភិ​ក្ខុ​ណា​ឆាន់​បន្លែ​អ្នក ភិក្ខុ​នោះ​អស់​អាសវៈ​ហើយ។ ខ្ញុំ​បាន​បន្លែ​ហើយ តែ​នៅ​ខ្វះ​ត្រី អើ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៀត? អើ សម្លាញ់​មក​ដោត​ត្រី​ឲ្យ​ខ្ញុំ​មួយ​ដំណោត​ល្មម​ថ្លៃ​មួយ​បាទ​ខ្លះ កន្លះ​បាទ​ខ្លះ មួយ​កហាបណៈ​ខ្លះ ។

អ្នកនគរ​ក៏​មក​ទិញ​ត្រី​ទាំង​ត្រណោត​ៗ​យក​ទៅ​ធ្វើ​ចង្ហាន់ កាល​អ្នក​មហា​ក្រ​កំពុង​ ដោត​ត្រី ភិក្ខុ​ចារ​វេលា​ក៏​មក​ដល់ ហើយ​ពោល​ប្រាប់​ព្រាន​ប្រមង់​ថា សម្លាញ់ ល្មម​ពេល​លោក​និមន្ត​មក​ហើយ ។ ព្រាន​សួរ​ថា ត្រណោត​ត្រី​អស់​ហើយ​ឬ​នៅ ? អស់​រលីង​ហើយ​សម្លាញ់ ។ អើ ត្រី​​៤ ខ្ញុំ​កប់​ទុក​ក្នុង​គំនរ​ដី​ខ្សាច់​ឯ​ណោះ​យក​ចាត់​ចែង​ធ្វើ​ចង្ហាន់​ប្រគេន ​លោក​ចុះ ។

ថ្ងៃ​នោះ​ព្រះ​សាស្តា​ទ្រង់​ប្រមើ​មើល​និស្ស័យ​សត្វ​ក៏​បាន​ជ្រាប​ថា​ អ្នក​មហា​ក្រ​នឹង​ភរិយា ប្រគេន​ចង្ហាន់​ភិក្ខុ​មួយ​រូប​ថ្ងៃ​នេះ បើ​វៀរ​ពី​តតថាគត​នឹង​ឥត​បាន​ភិក្ខុ​ឡើយ ។ ធម្មតា​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ តែង​ធ្វើ​សេចក្តី​អនុ​គ្រោះ​ចំពោះ​ជន​ក្រ។

ព្រោះ​ហេតុ​នោះ​ ទ្រង់​ធ្វើ​សរីរ​កិច្ច​ពី​ព្រឹក​ដោយ​ព្រះ​ចិន្តា​ថា តថាគត​នឹង​ធ្វើ​សេចក្តី​សង្គ្រោះ​ដល់​អ្នក​មហា​ក្រ​ ទើប​ចូល​ទៅ​ប្រថាប់​ក្នុង​គន្ធ​កុដិ ថ្លែង​ពី​អ្នក​មហា​ក្រ​កំពុង​យួរ​ត្រី​ដើរ​ទៅ​ផ្ទះ​ ក៏​ក្តៅ​រំជួល​ដល់​ពិភព​នៃ​សម្តេច​អមរិន្ទ្រាធិរាជ​ស្តេច​ក៏​ព្រះ​ចិន្តា​ថា ​ អ្នក​មហា​ក្រ​នឹង​ប្រគេន​ចង្ហាន់​ដល់​ភិក្ខុ​មួយ​អង្គ ព្រះ​សាស្តា​ស្តេច​នឹង​អនុ​គ្រោះ​អ្នក​ក្រ​នេះ​ដោយ​ពិត ដូច្នេះ​គួរ​អញ​ទៅ​ជួយ​ចាត់​ចែង​ភត្ត​ថ្វាយ​ព្រះ​អង្គ ទើប​ក្លែង​ភេទ​ដើរ​មក​សុំ​ស៊ី​ឈ្នួល​ឲ្យ​អ្នក​មហា​ក្រ ដោយ​អួត​ថា ព្រះ​អង្គ​ចេះ​វិជ្ជា​ដាំ​ស្ល​សព្វ​គ្រប់​ អង្វរ​ករ​ទាល់​តែ​អ្នក​មហា​ក្រ​សុខ​ចិត្ត​ទើប​អ្នក​មហាក្រ​សួរ​ថា អ្នក​ចាត់​ចែង​ភត្ត​មួយ​ពេល​យក​ថ្លៃ​ឈ្នួល​ប៉ុន្មាន? ព្រះ​ឥន្ទ បើ​អ្នក​ប្រគេន​ភត្ត​ដល់​ភក្ខុ ខ្ញុំ​ឥត​ត្រូវ​ការ​ដោយ​ថ្លៃ​ឈ្នួល សុំ​ចែក​តែ​បុណ្យ​បាន​ហើយ ។ អ្នក​មហាក្រ​ក៏​ឲ្យ​ចូលទៅ​ក្នុង​ផ្ទះ​ចាត់​ចែង​ភត្ត ។ ឯ​ព្រះ​ឥន្ទ​ប្រាប់​ថា ល្មម​អ្នក​ទៅ​ទទួល​លោក​ហើយ ។

ឯ​អ្នក​ចាត់​ការ​បាន​បញ្ជូន​ភិក្ខុ​ទាំង​ឡាយ​តាម​ចំនួន​ក្នុង​បញ្ជី​ឲ្យ​ដល់ ​អ្នក​ម្ចាស់​ទាន​រាល់​ៗ​រូប។ អ្នក​មហា​ក្រ ក៏​ទៅ​ទទួល​ភិក្ខុ​នឹង​គេ​ លុះ​ទៅ​ដល់​ក៏​សួរ​អ្នក​ចាត់​ ថា​ភិក្ខុ​អង្គ​ណា​ដែល​អ្នក​ត្រូវ​ខ្ញុំ? អ្នក​ចាត់​ភ្ញាក់​ព្រើត​ ពោល​ប្រាប់​ថា ខ្ញុំ​ភ្លេច​ទៅ​ហើយ ។ អ្នក​មហា​ក្រ​ឮ​ពាក្យ​នោះ​ភ្លាម​ហាក់​ដូច​គេ​ពួយ​លំពែង​មាន​មុខ​ដ៏​មុត​ ក៏​យំ​រៀប​រាប់​ថា អ្នក​បបួល​​ខ្ញុំ​ឲ្យ​ប្រគេន​ចង្ហាន់​ដល់​ភិក្ខុ​មួយ​អង្គ ពី​ម្សិល​មិញ​ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​គេ​ទាំង​ប្តី​ប្រពន្ធ​ព្រឹក​មិញ ដើរ​ទៅ​រក​បន្លែ​ឯ​ឆ្នេរ​ស្ទឹង​ទៀត សូម​អ្នក​ឲ្យ​ភិក្ខុ​មួយ​អង្គ​ ដល់​ខ្ញុំ​ពុំ​ខាន ។

មនុស្ស​ទាំង​ឡាយ​សួរ​ថា អ្នក​មហា​ក្រ​មាន​រឿង​រ៉ាវ​យ៉ាង​ម៉េច? ទើប​ជម្រាប​គេ​តាម​សេចក្តី​នោះ ។ មនុស្ស​ទាំង​នោះ ក៏​សួរ​បញ្ជាក់់​អ្នក​ចាត់​ទៀត​អ្នក​ចាត់​ក៏​ពោល​ថា​ពិត​មែន ពួក​មនុស្ស​ពោល​ថា អ្នក​ធ្វើ​កម្ម​ធ្ងន់​ណាស់​ ជាអ្នក​ចាត់​ចែង​ភិក្ខុ​មួយ​អង្គ​ដល់​អ្នក​មហាក្រ​កុំ​ខាន ។ អ្នក​ចាត់​ចែង​មាន​សេចក្តី​អៀន​ខ្មាស់​ជា​ពន្លឹក​ក៏​ពោល​ថា អ្នក​មហាក្រ​សម្លាញ់ កុំ​ឲ្យ​ខ្ញុំ​វិនាស​ព្រោះ​ខ្ញុំ​ភ្លេច​ឈឹង មនុស្ស​ទាំង​ឡាយ ក៏​នាំ​ភិក្ខុ​ទៅ​ផ្ទះ​គេ​អស់​ទៅ​ហើយ​ដូច្នេះ​សម្លាញ់​ទៅ​វត្ត​ពោល​ទូល​ព្រះ ​សាស្តា​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ ខ្ញុំ​ព្រះ​អង្គ​ជា​អ្នក​ក្រ សូម​ទ្រង់​ធ្វើ​សេចក្តី​អនុ​គ្រោះ​ដល់​ខ្ញុំ​ព្រះ​អង្គ បើ​បុណ្យ​សម្លាញ់​មាន​គង់​តែ​បាន ព្រោះ​ព្រះ​អង្គ​ឥត​ទាន់​និមន្ត​អ្នក​ណា​ទេ ។ អ្នក​មហា​ក្រ​បាន​រត់​យ៉ាង​លឿន​សំដៅ​ទៅ​វត្ត ។

ឥស្សរជន​មាន​ស្តេច ​និ​ង​ស្តេច​កំលោះ​ ក៏​ពោល​ចំអក​ថា អ្នក​មហាក្រ ភត្ត​កាល​មិន​ទាន់​ដល់​ដោយ​ពិត ហេតុ​អ្វី​បាន​អ្នក​បង្ខំ​មក ។ អ្នក​មហាក្រ​ពោល​តប​ថា ខ្ញុំ​ដឹង​ហើយ​ថា​ភត្ត​កាល​មិន​ទាន់​ដល់​ទេ ។ តែ​ខ្ញុំ​មក​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ទេ ហើយ​ក៏​ឈរ​ផ្អែក​ក្បាល​លើ​ធរណី​គន្ធកុដិ ថ្វាយ​បង្គំ​ដោយ​គោរព​ពោល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ ក្នុង​នគរ​នេះ​ឥត​មាន​នរណា​ក្រ​ជាង​ខ្ញុំ​ព្រះ​អង្គ​ទេ សូម​ទ្រង់​ជា​ទី​ពឹង​របស់​ខ្ញុំ​ព្រះ​អង្គ សូម​ទ្រង់​ធ្វើ​សេចក្តី​អនុគ្រោះ​ដល់​ខ្ញុំ​ព្រះ​អង្គ ។

ព្រះ​សាស្តា​ស្តេច​បើក​ទ្វារ​កុដិ ហើយ​ប្រទាន​បាត្រ​ឲ្យ​អ្នក​មហាក្រ​នោះ​ៗ ហាក់​ដូច​ជា​បាន​សោយ​រាជ្យ ជា​ស្តេច​ចក្រ​ពត្តិ ។ ឥស្សរជន​ទាំង​ឡាយ ក៏​រមិល​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​គ្មាន​អ្នក​ណា​មួយ​ហ៊ាន​ដណ្តើម​យក​បាត្រ ដែល​ព្រះ​សាស្តា​ប្រទាន​ឲ្យ​អ្នក​មហាក្រ​នោះ​ឡើយ ។ ឥស្សរជន​ទាំង​នោះ​ក៏​ពោល​លួងលោម​អ្នក​មហាក្រ​ថា ហៃ​អ្នក​មហាក្រ​ភឿន​ ចូរ​អ្នក​ឲ្យ​បាត្រ​ព្រះ​សាស្តា​មក​ខ្ញុំ​ៗ នឹង​ឲ្យ​ទ្រព្យ​ដល់​អ្នក​ប៉ុណ្ណេះ​សម្លាញ់​ជា​អ្នក​ក្រ​គួរ​ ទទួល​យក​ទ្រព្យ​ទៅ​វា​គ្មាន​ប្រយោជន៍​ដោយ​បាត្រ​ទេ ។ អ្នក​មហា​ក្រ​ពោល​ថា ទេ​មិន​ឲ្យ​ដាច់​ខាត​ហើយ ព្រោះ​ខ្ញុំ​ឥត​ត្រូវ​ការ​ទ្រព្យ​ទេ​ត្រូវ​ការ​តែ​ថ្វាយ​ចង្ហាន់ ដល់​ព្រះ​សាស្តា​ប៉ុណ្ណោះ ឥស្សរជន​ទាំង​អស់​គ្នា​ នឹក​អស់​សង្ឃឹម​ថា នឹង​បាន​បាត្រ​ព្រះ​សាស្តា​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​តែ​ព្រះ​រាជា​មួយ​អង្គ​គត់​ដោយ​ទ្រង់​គិត​ថា អ្នក​មហា​ក្រ​ទុក​ជា​អញ​លួង​លោម​ដោយ​ទ្រព្យ​ក៏​នៅ​តែ​មិន​ព្រម​ឲ្យ រឿង​នេះ​ពិត​ជា​គ្មាន​នរណា​មួយ​ហ៊ាន​ទទួល​យក​បាត្រ​ដែល​ព្រះ​សាស្តា​ប្រទាន​ ផ្ទាល់​ព្រះ​អង្គ​ឡើយ ចាំ​មើល​ទ័យ​ធម៌​អ្នក​មហាក្រ​នេះ​យ៉ាង​ម៉េច​ទៅ អញ​នឹង​នាំ​ព្រះ​សាស្តា​ទៅ​ដំណាក់​ក្នុង​កាល​ដែល​អ្នក​មហាក្រ​ប្រគេន​ទ័យ​ ធម៌​ហើយ នឹង​ប្រគេន​អាហារ​ដែល​នាយ​វិសេស​ចាត់​ចែង ដល់​ព្រះ​អង្គ ទើប​ស្តេច​យាង​ទៅ​ជា​មួយ​នឹង​ព្រះ​សាស្តា​ដែរ ។ រី​ឯ​សក្កទេវរាជ ចាត់​ចែង​វត្ថុ​ទាំង​ឡាយ​មាន​បបរ បាយ​នឹង​បន្លែ​រួច​ហើយ​ ក៏​រៀប​ចំ​អាសនះ​ដ៏​សម​គួរ​ដល់​ព្រះ​សាស្តា ហើយ​នៅ​អង្គុយ​ចាំ ។ អ្នក​មហាក្រ​និមន្ត​ព្រះ​អង្គ​ទៅ​ដល់​ផ្ទះ​ក៏​ទូល​ថា សូម​ព្រះ​អង្គ​ស្តេច​យាង​ចូល ។

គួរ​ឲ្យ​អស្ចារ្យ​ណាស់​ ផ្ទះ​គាត់​ទាប បើ​អ្នក​ណា​មិន​ឳន មិន​អាច​ចូល​ទៅ​បាន​ទេ តែ​ធម្មតា​ព្រះ​ពុទ្ធ​ទាំង​ឡាយ ព្រះ​អង្គ​មិន​ដែល​ឳន​ហើយ​ទើប​យាង​ចូល​ឡើយ ក្នុង​ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ទៅ មហា​ប្រឹថពី​ស្រុត​ចុះ​ទៅ​ក្រោយ​ផ្ទះ​អណ្តែត​ឡើង​លើ ។ នេះ​ជា​ផល​ដែល​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​បាន​កសាង​ពី​បុរេ​ជាតិ ។ ព្រះ​សាស្តា​ស្តេច​យាង​ចូល​ទៅ​គង់​លើ​អាសនៈ​ដែ​លសក្កទេវរាជ​ក្រាល​ថា្វយ ។ ព្រះ​អង្គ​គង់​ភ្លាម ព្រះ​រាជា​ដែល​ចង់​បាន​បាត្រ​ ក៏​ពោល​ ប្រាប់​អ្នក​មហា​ក្រ​ថា ហៃ​អ្នក​មហា​ក្រ​សម្លាញ់​ កាល​យើង​សុំ​បាត្រ​អ្នក​ៗ​ មិន​ឲ្យ​សោះ​ សក្ការដូចម្តេច ដែល​អ្នក​បំរុង​ប្រគេន​ព្រះ​សាស្តា យក​មក​ខ្ញុំ​មើល​ផង ។ លំដាប់​នោះ​សក្ក​ទេវរាជ​បើក​ភាជន៍​បបរ​បាយ​បង្ហាញ​ព្រះ​រាជា ។ ក្លិន​បបរ​បាយ​នោះ​ផ្សាយ​ទៅ​គ្រប​សង្កត់​នគរ​ព្រះ​រាជា​ពោល​​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ខ្ញុំ​មក​នេះ​គិត​ថា ទ័យ​ធម៌​អ្នក​មហា​ក្រ​នេះ​មិន​ប៉ុន្មាន​ទេ បើ​អ្នក​មហា​ក្រ​នេះ​ប្រគេន​ទ័យ​ធម៌​ហើយ ខ្ញុំ​ព្រះ​អង្គនឹង​និមន្ត​ស្តេច​ទៅ​ដំណាក់​ហើយ​ថ្វាយ​អាហារ ដែល​គេ​ចាត់​ចែង​បំរុង​ខ្ញុំ​ព្រះ​ករុណា អាហារ​បែប​នេះ​ខ្ញុំ​ព្រះ​អង្គ​មិន​ធ្លាប់​ឃើញ​ទេ​បើ​ខ្ញុំ​ព្រះ​អង្គ​នៅ​ ក្នុង​ទី​នេះ​អ្នក​មហា​ក្រ​មុខ​តែ​លំបាក ដូច្នេះ​សូម​ថ្វាយ​បង្គំ​ព្រះ​អង្គ​ទៅ​ហើយ ។

ឯ​សក្ក​ទេវរាជ​ទ្រង់​ចាត់​ចែង​ទាន​ថ្វាយ​ព្រះ​សាស្តា​ដោយ​គោរព លុះ​ព្រះ​អង្គ​សម្រេច​ភត្ត​កិច្ច​ហើយ ក៏​ធ្វើ​អនុមោទនា ហើយ​ស្តចេ​យាង​ត្រឡប់​ទៅ​វិញ ។ សក្កៈ​ឲ្យ​សញ្ញា​ដល់​អ្នក​មហាក្រ​ៗ​ក៏​យក​បាត្រ​ហើយ​ជូន​ដំណើរ​រហូត​ដល់​ វត្ត ។ សក្កៈ​ត្រឡប់​មក​វិញ ឈរ​ក្បែរ​ទា្វ​ផ្ទះ​សំលឹង​មើល​ទៅ​ឯ​អាកាស​ស្រាប់តែ​ភ្លៀង​កែង​៧​ប្រការ​ ធ្លាក់​ចុះ​មក​បំពេញ​ភាជនៈ​នឹង​ផ្ទះ​ទាំង​មូល​ឲ្យ​ពេញ​រក​តែ​ទី​ទំនេរ​ក៏​ គ្មាន ទើប​ប្រពន្ធ​អ្នក​មហាក្រ​ដឹក​ដៃ​កូន​រត់​ចេញ​ទៅ​ក្រៅ​ផ្ទះ ។

អ្នក​មហា​ក្រ​ត្រឡប់​មក​វិញ ឃើញ​កូន​ប្រពន្ធ​នៅ​ខាង​ក្រៅ​ផ្ទះ ក៏​សួរ​ថា ក្នុង​ផ្ទះ​កើត​ហេតុ​យ៉ាង​ម៉េច? បពិត្រ​ស្វាមី​ផ្ទះ​យើង​ពេញ​ដោយ​កែវ​៧​ប្រការ​រក​តែ​ទី​ទំនេរ​ក៏​គ្មាន ។ អ្នក​មហាក្រ​គិត​ថា នេះ​ជា​ផល​នៃ​ទាន​ដែល​អញ​ឲ្យ​ហើយ​ក្នុង​ថ្ងៃ​នេះ ទើប​ដើរ​ទៅ​ដំណាក់​ថ្វាយ​បង្គំ​ព្រះ​រាជា​ៗ​ត្រាស់​សួរ​ថា អ្នក​មាន​ការ​អ្វី?

បពិត្រ​ព្រះ​សម្មតិទេព ផ្ទះ​ទូល​បង្គំ​ពេញ​លេញ​ដោយ​កែវ​៧​ប្រការ សូម​ទ្រង់​ទទួល​ទ្រព្យ​នោះ ។ ព្រះ​រាជា​គិត​ថា ឳ! ទាន​ដែល​បុគ្គល​បាន​ថ្វាយ​ដល់​ព្រះ​ពុទ្ធ​ទាំង​ឡាយ​រមែង​សម្រេច​ប្រយោជន៍​ ភ្លាម​ៗ​មែន ទើប​ត្រាស់​សួរ​ថា​ អ្នក​យក​អ្វី​ទៅ​ដាក់? ក្រាប​ទូល​យក​រទេះ​ទៅ​មួយ​ពាន់​ទើប​ល្មម ព្រះ​រាជា​ក៏​បញ្ជូន​រទេះ​មួយ​ពាន់​ឲ្យ​ទៅ​ដឹក​ទ្រព្យ​យក​មក​ចាក់​គរ​ក្នុង​ ព្រះ​លាន គំនរ​នោះ​កំពស់​ដើម​ត្នោត ។ ទើប​ត្រាស់​ប្រជុំ​អ្នក​ក្រុង​សួរ​ថា​ ក្នុង​នគរ​នេះ មាន​នរណា​មាន​ទ្រព្យ​ប៉ុណ្ណេះ​ដែរ​ ក្រាប​ទូល​គ្មាន​ទេ ។

ទ្រង់​ប្រទាន​ដំណែង​ ជា​សេដ្ឋី​ព្រោះ​មាន​សម្បត្តិ​ច្រើន​លើស​គេ​ឯង ក្នុង​នគរ​ជា​មួយ​គ្នា ដល់​អ្នក​មហា​ក្រ​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​ធំ ។ ទើប​ទ្រង់​ប្រទាន​ដី​ភូមិ​នោះ​ឲ្យ​ស្មើ កំណប់​ទ្រព្យ​ទាំង​ឡាយ​ក៏​ផុះ​ឡើង ។​ អ្នក​មាន​ធំ​ក៏​នាំ​រឿង​នោះ​ទៅ​ទូល​ព្រះ​រាជា​ៗ ត្រាស់​ថា​កំណប់​នេះ​កើត​ឡើង​ដោយ​បុណ្យ​របស់​អ្នក​ទេ​តើ ចូរ​អ្នក​ថែ​រក្សា​ទុក​ចុះ អ្នក​មាន​ធំ​ឲ្យ​គេ​សង់​ផ្ទះ​រួច​ហើយ ក៏​ចាត់​ចែង​ទាន​ថ្វាយ​ដល់​ព្រះ​សង្ឃ​មាន​ ព្រះ​ពុទ្ធ​ជា​ប្រធាន​អស់​៧​ថ្ងៃ​ នឹង​ធ្វើ​បុញ្ញ​កម្ម​ផ្សេងៗ​ទៀត​ជា​ច្រើន លុះ​អស់​អាយុ​ក៏​បាន​ទៅ​កើត​ក្នុង​ទេវលោក​ សោយ​សម្បត្តិ​អស់​មួយ​ពុទ្ធន្តរ ទើប​ច្យុត​ចាក​ទី​នោះ អ្នក​មក​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​ធីតា​សេដ្ឋី ជា​ឧបដ្ខាក​ព្រះ​សារីបុត្តត្ថេរ​នា​ក្រុង​សាវត្ថី ក្នុង​ពុទ្ធប្បាទ​នេះ ។

តាំង​ពី​ទារក​នេះ ចុះ​ចាប់​បដិសន្ធិ​កាល​ក្នុង​ផ្ទៃ​មាតា​កាល​ណា ជន​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ ជា​ជន​លីលា​ក្តី ល្ងី​ល្ងើ​ក្តី គរ​ក្តី​ឆ្កួត​ក្តី ក៏​ក្លាយ​ទៅ​ជា​បណ្ឌិត​​ទាំង​អស់​គ្នា លុះ​គ្រប់​ទស​មាសា ក៏​ប្រសូត្រ​បុត្រ​ៗ​នោះ មាន​ឈ្មោះ​ប្រាកដ​ថា បណ្ឌិត​ទារក ។ ពេល​ទារក​នោះ​កើត​មក​ក៏​បណ្តាល​ឲ្យ​ទឹក​ចិត្ត​ម្តាយ​គិត​ឃើញ​ថា នឹង​បណ្តោយ​តាម​អធ្យា​ស្រ័យ​របស់​បុត្រ​ដោយ​ពិត ។ កាល​កុមារ​អាយុ​បាន​៧​ឆ្នាំ ក៏​សុំ​មាតា​ទៅ​បួស​ក្នុង​ សំណាក់​ព្រះ​សារី​បុត្ត ។ មាតា​ក៏​បបួល​ញាតិ​ចាត់​ចែង​គ្រឿង​សម្ភារៈ នាំ​កុមារ​ទៅ​កាន់​សំណាក់​ព្រះ​សារីបុត្ត ហើយ​ប្រគេន​កុមារ​ទៅ​លោក​ទូល​ថា សូម​លោក​ម្ចាស់​បំបួស​កុមារ​នេះ​ឲ្យ​ទាន​ផង​ចុះ ។

ព្រះ​ថេរៈក៏​ប្រាប់​រឿង​បព្វ​ជ្ជា​កម្ម​ថា ជា​ការ​លំបាក​ប្រព្រឹត្ត​ឲ្យ​បាន​បែប​បទ តែ​កុមារ​ពោល​ថា ខ្ញុំ​ព្រះ​ករុណា​អាច​ធ្វើ​តាម​ឳវាទ​របស់​លោក​ម្ចាស់​បាន ។ ព្រះ​ថេរ​ឲ្យ​កាត់​សក់​ហើយ ប្រាប់​តប​បញ្ចកកម្មដ្ឋាន ទើប​បំបួស​ពេល​នោះ ។ ឯ​មាតាបិតា​សាម​ណេរ​នោះ​នៅ​ប្រគេន​ទាន​ដោយ​រស​ត្រី​ឆ្អិន​ដល់​ព្រះ​ភិក្ខុ​ សង្ឃ មាន​ព្រះ​ពុទ្ធ ជា​ប្រធាន អស់​៧​ថ្ងៃ​ទើប​វិល​ទៅ​ផ្ទះ​វិញ ។

ថ្ងៃ​ទី​៨ ព្រះ​ថេរៈ​នាំ​សាមណេរ​ទៅ​បិណ្ឌ​បាត លុះ​និមន្ត​ទៅ​ក៏​បាន​ឃើញ​ប្រឡាយ​ ឃើញ​ជាង​ចាំង ឃើញ​ជាង​កូន​សរ ហើយ​សួរ​ព្រះ​ថេរះ​ៗ ក៏​ពោល​ប្រាប់​តាម​ដំណើរ ទើប​ឲ្យ​សាមណេរ​មក​ដល់​វត្ត ក៏​បើក​ទ្វារ​ចូល​ទៅ​ធ្វើសាមណ​ធម៌ សម្ងំ​អភិរម្យ​នៅ​ក្នុង​កុដិ​តែ​ឯក​ឯង។

ពេល​នោះ​ព្រះ​សាស្តា រមិល​មើល​និស្ស័យ​សត្វ​ក៏​បាន​ដឹង​ថា សាមណេរ​បណ្ឌិត​នេះ​នឹង​បាន​សម្រេច​អរហត្ត​ក្នុង​ពេល​ដែល​តថាគត​សួរ​ប្រស្នា​ ចំពោះ​សារី​បុត្ត ទើប​យាង​ទៅ​ចាំ​ព្រះ​សារី​បុត្ត​នៅ​ខាង​ក្រៅ​កុដិ​នោះ លុះ​ព្រះ​ថេរះ​និមន្ត​មក​ដល់ ទ្រង់​សួរ​៤​ប្រស្នា​ថា​ម្នាល​សារីបុត្ត​ អាហារ​នាំ​មក​នូវ​អ្វី ? ក្រាប​ទូល​នូវ​ផស្សៈ ។ វេទនា​នាំ​មក​នូវ​អ្វី? នាំ​មក​នូវ​រូប ។ រូប​នាំ​មក​នូវ​អ្វី ? នាំ​មក​នូវ​ផស្សៈ ។ លុះ​ចប់​ប្រស្នា សាម​ណេរ​នៅ​ក្នុង​កុដិ​ក៏​បាន​សម្រេច​អរហត្ត​ក្នុង​ព្រះ​ជន្ម​៧​វស្សា​នឹង បួស​បាន​៨​ថ្ងៃ ប្រៀប​ដូច​ជា​ផ្កា​ឈូក​រីក​ស្រស់​បស់​ដូច្នោះ​ឯង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​

រឿង​សេនក​បណ្ឌិត


រឿង​សេនក​បណ្ឌិត
( ចាក ម. អ. )
( បុរស​ចាស់​មាន​ប្រពន្ធ​ក្រមុំ ដូច​បាន​ដុំ​ភ្លើង )

 

 

 

 

កាល​កន្លង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​ព្រះអង្គ​ព្រះ​នាម​ជនកះ សោយរាជ្យ​ក្នុង​ក្រុង​ពារណសី ។ ព្រះពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៏ ទ្រង់​ព្រះនាម​សេនកះ នៅ​ក្នុង​ក្រុង​ពារាណសី​នោះ​ដែរ. បាន​ទៅ​សិក្សា​សិល្ប​សាស្រ្ត​នានា​ក្នុង​នគរ​តក្កសិលា ។

លុះ​ត្រទ្បប់​មក​កាន់​ស្រុក​កំណើត​ព្រះ​អង្គ​វិញ ព្រះ​ចៅ​ក្នុង​​ក្រុង​នោះ​ទ្រង់​ព្រះរាជទាន​ដំណែង​ជាំ​អមាត្យ និង​យស​ដ៏​ធំ​ដល​ព្រះ​ពោធិសត្វ ៗ តែង​ទ្បើង​គង់​លើ​អាសនះ ដែល​ឥស្សរជន​ទាំង​ទ្បាយ​មាន​ព្រះរាជា​ជាដើម ប្រដាប់​តាក់តែង​សំដែង​អត្ថនិង​ធម៌​រៀង​រាល់​ថ្ងៃ​ពេញបូណ៌មី​តាម​លំអាន​ព្រះ ​ពុទ្ធ ។

គ្រា​ក្រោយ​មក​មាន​ព្រាហ្មណ៏​ចាស់​ម្នាក់ ដើរ​សុំទាន​គេ​បាន​ប្រាក់​មួយ​ពាន់​កហាបណះ យក​ទៅ​ផ្ញើរ​នឹង​ត្រកូល​ព្រាហ្មណ៏​មួយ ហើយ​ដើរ​ទៅ​សុំ​ទៀត​តាម​លំដាប់​ហូរហែរ ។ ឯ​ត្រកូល​ព្រាហ្មណ៏​នោះ​យក​ប្រាក់​ទៅ​ចាយ​វាយ​ទាល់​តែ​អស់ ។ដល់​ព្រាហ្មណ៏​ចាស់​ត្រទ្បប់​មក​វិញ​រក​ប្រាក់​សង​មិន​បាន ក៏​ឲ្យ​កូន​ក្រមុំ​របស់​ខ្លួន​ធ្វើ​ជា​ភរិយា​ព្រាហ្មណ៏​ចាស់ ៗ ឥត​មាន​ប្រកែក​បន្តិចបន្តួច​ព្រម​យក​ទៅ​នៅ​ក្បែរ​ក្រុង​ពារាណសី ។

ឯ​ប្រពន្ធ​នៅ​ក្មេង​មិន​ឆ្អែត​ស្កប់​ស្កល់​មេថុន​ធម្ម​សោះ​ទៅ​ធ្វើ​មិច្ឆា​ ចារ ( សហាយ​ស្មន់ ) ជា​មួយ​ នឹង​​ព្រាហ្មណ៏​កំលោះ​ម្នាក់​ដែល​មាន​វ័យ​ស្មើគ្នា ។ ថ្ងៃ​មួយ​នាង​ព្រាហ្មណី​និយាយ​ទៅ​ព្រាហ្មណ៏​ថា បពិត្រ​ព្រាហ្មណ៏ ខ្ញុំ​មិន​អាច​ធ្វើ​ការងារ​ផ្ទះ​អ្នក​ឈ្នះ​ទេ អ្នក​ត្រូវ​ទៅ​សុំ​ប្រាក់​គេ​យក​ជួល​ខ្ញុំ​ប្រុស ឬ​ស្រី​ម្នាក់​ឲ្យ​ខ្ញុំ. ព្រាហ្មណ៏ចាស់​ដោយ​ហេតុ​ស្រលាញ់​ប្រាពន្ធ​ក្មេង​ក្រៃពេក​ទុក​ជា​យ៉ាង​ ដូចម្តេច​ក៏​ដោយ ឥត​មាន​ការ​យល់​ទាស់​ទ្បើយ ទើប​និយាយ​ថា​ល្អ​ហើយ​នាង ត្រូវ​ហើយ​នាង ញាប់​មាត់ ហើយ​ស្ពាយ​ករុង​ស្បែក​សម្រាប់​ដាក់​សតូវ ត្រាច់​ម្នីម្នា​តាម​ច្រកល្ហក​ស្រុក និគម​សុំទាន​គេ​បាន​ប្រាក់ ៧ រយ​កហាបណះ ដល់​ត្រទ្បប់​មក​វិញ អង្គុយ​បរិភោគ​សតូវ​មាត់​ផ្លូវ ក្បែរ​ដើម​ឈើ​មាន​ប្រហោង​មួយ​ដើម លុះ​បរិភោគ​រួច​ហើយ មិន​បាន​ចង​មាត់​ការុង​ដែល​ទុក​ត្រង់​កន្លែង​នោះ ដើរ​ចុះ​ទៅ​ផឹក​ទឹក​ក្នុង​ស្ទឹង ។

កាល​នោះ មាន​ពស់​វែកក្របី​មួយ​នៅ​ក្នុង​ប្រហោង​ឈើ​នោះ​ធុំ​ក្លិន​សតូវ លូន​ចូ​ល​ទៅ​ក្នុង​ការុង​ស៊ី​សតូវ​ទាល់​តែ​ឆ្អែត ហើយ​ពែន​ដេក​សម្ងំ​ស្ងៀម​ក្នុង​ទីនោះ ដល់​ព្រាហ្មណ៏​ត្រទ្បប់​មក​វិញ មិន​បាន​ជា​ចាប់​ភ្លឹក​គិត​មើ​ល​នាយអាយ ក៏​ចង​មាត់​ការុង​ស្ពាយ​ដើរ​តយង៉យ​បាន​បន្តិច​ឮពាក្យ​រុក្ខទេវតា​ពោល​ថា ព្រាហ្មណ៏​ក្នុង​ថ្ងៃ​នេះ បើ​អ្នក​ឈប់​សម្រាក​ត្រង់​ពាក់​កណ្តាល​ផ្លូវ​អ្នក​ឯង​ស្លាប់. បើដើរ​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​អ្នក​ស្លាប់ ។

ព្រាហ្មណ៏​ឮ​ដូច្នោះ ភិតភ័យ​អំពី​សេចក្តី​ស្លាប់​ជា​ខ្លាំង យំ​បណ្តើរ​ដើរ​បណ្តើរ បាន​មក​ដល់​ក្រុង​ពារាណសី ឃើញ​ពួក​​មហាជន​ជា​ច្រើន​នាក់​កាន់​គ្រឿង​ក្រអូប និង​ផ្កា​កម្រង​ដើរ​ទៅ​ស្តាប់​ធម៌​ព្រះ​ពោ​ធិ​សត្វ ព្រាហ្មណ៏​ឃើញ​ដូច្នោះ ទើប​សួរ​ដឹង​ហេតុ​សព្វ​គ្រប់​ប្រការ​ហើយ គិត​ថា សេនក​បណ្ឌិត​ជាធម្មកថិក មុខ​ជា​សំដែង​ធម៌​ត្រង់​ណា​មួ ដើម្បី​កំចាត់​បង់​សេចក្តី​សោក​របស់​អញ​បាន​ដូច្នេះ​គួរ​តែ​អញ​ទៅ​ស្តាប់​ ធម៌. លុះ​គិត​ហើយ គាត់​ដើរ​ទៅ​ជា​មួយ​ជន​ទាំង​នោះ ដល់​ហើយ​គាត់​អង្គយ​ក្រោយ​ពួក​បរិស័ទ​ទាំង​អស់ ។

ព្រះពោធិសត្វ​ឃើញ​ដូច្នោះ គិត​ថា​ហេតុ​អ្វី​ហ្ន ! ទើប​សួរ​ដំណើរ​ដែល​សោក​នោះ ។ ព្រាហ្មណ៏​បាន​ប្រាប់​តាម​ពាក្យ​ទេវតា​ពោល​ហើយ​សួរ​ថា បពិត្រ​បណ្ឌិត ហេតុ​ដូច​ម្តេច​​បាន​ជា​ខ្ញុំ​ស្លាប់. ប្រពន្ធ​របស់​ខ្ញុំ​ស្លាប់ ។ ព្រះពោធិសត្វ​នឹក​រំពឹង​ឃើញ​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​ក្នុង​ឧបាយ សឹង​ហេតុ​សព្វ​គ្រប់​ហើយ ទើប​សួរ​ទៅ​ព្រាហ្មណ៏​ថា សតូវ​ការុង​អ្នក​មាន​ទេ? ព្រាហ្មណ៏​ឆ្លើយ​ថា បពិត្រ​បណ្ឌិត​មាន។ ចុះ​ពី​ព្រឹក​មិញ​អ្នក​បរិភោគ​ក្នុង​ទី​ណា? បរិភោគ​ទៀប​គល់​ឈើ​ត្រង់​ពាក់​កណ្តាល​ផ្លូវ ។ អ្នក​បរិភោគ​រួច​ហើយ​ចុះ​ទៅ​ផឹក​ទឹក​បាន​ចង​មាត់​ការុង​ឬ​ទេ? មិន​បាន​ចង​ទេ ។

ព្រះពោធិសត្វ​ពោល​ថា បើ​ដូច្នោះ​មាន​ពស់​វែកក្របី​មួយ​ធំ​ក្លិន​សតូវ​ចូល​ទៅ​ក្នុង​ការ៉ុង​ បើ​ល្ងាច​នេះ​អ្នក​បរភោគ​ត្រង់​ពាក់​កណ្តាល​ផ្លូវ លូក​យក​សតូវ​មុខ​ជា​ពស់​ចឹក​អ្នក​ស្លាប. ហើ​ហួស​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​អ្នក​លូក​យក​ឥវ៉ាន់​ក្នុង​ការុង​ពស់​នឹង​ចឹក​ ស្លាប់ ពាក្យ​ដែល​ទេវតា​ពោល​ព្រោះ​សំដៅ​ហេតុ​ហ្នឹង​ឯង ដូច្នោះ​អ្នក​ត្រូវ​ដាក់​ការុង​ត្រង់​​កណ្តាល​បរិ​ស័ទ ស្រាយ​មាត់​រួច​យក​ឈើ​គោះ មុខ​ជា​ពស់​លូន​ចេញ ។

ព្រាហ្មណ៏​ធ្វើ​តាម ពស់​ក៏​លូន​ចេញ​មែន​ដក​ពពារ​ធ្វើ​សំលេង​សុសុ ។ កាល​នោះ​មាន​ហ្ម​ពស់​ម្នាក់​យក​ពស់​ទៅ​លែង​ចោល​ក្នុង​ព្រៃ ។ ពួក​មនុស្ស​ទាំង​ទ្បាយ​បាន​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ និយាយ​គ្នា​ថា ព្រះពោធិសត្វ​នេះ​ទាយ​ដូច​ព្រះ​ពុទ្ធទើប​នាំ​គ្នា​លើក​ទ្បើង​នូវ​សែន​នៃ​ ទងើ្វជ័យ​ផង ទះ​ដៃ​ផង​ស្រែក​ឲ្យ​សាធុការពរ​ផង ។

គ្រា​នោះ​ភ្លៀង​រតនះ ៧ ប្រការ​បង្អុរ​បូជា​ព្រះ​ពោធិសត្វ ។ ឯ​ព្រាហ្មណ៏ ក៏​យក​កហាបណះ​ដែល​ខ្លួន​បាន​បូជា​ព្រះពោធិសត្វ ៗ មិន​ព្រមទទួល​យក​សោះ បែរ​ជា​បង្គាប់​ឲ្យ​ជន​ឲ្យ ៣០០ កហាបណះ​ទៅ​ព្រាហ្មណ៏​អ្នក​ណា​ប្រើ​ឲ្យ​ដើរ​សុំ​គេ​យ៉ាង​នេះ? ព្រាហ្មណ៏​ឆ្លើយ​ថា​បពិត្រ​បណ្ឌិត​ប្រពន្ធ​ប្រើ ។ ប្រពន្ធ​ចាស់ឬក្មេង? បពិត្រ​បណ្ឌិត​នៅ​ក្មេង ។

ព្រះពោធិសត្វ​ពោល​ទៀត​ថា បើ​ដូច្នោះ​ប្រពន្ធ​របស់​អ្នក​ធ្វើ​មិច្ឆា​ចារ​ជាមួយ​នឹង​ព្រាហ្មណ៏ដទៃ​ហើយ បាន​ជា​វា​ប្រើ​អ្នក​ឲ្យ​ដើរ​សុំ​គេ បើ​អ្នក​យក​កហាបណះ​ទាំង​នេះ​ទៅ​ដល់​ផ្ទះ មុខ​ជា​វា​យក​ទៅ​ឲ្យ​សាហាយ អ្នក​ត្រូវ​លាក់​ទុក​ត្រង់​ទីណា​មួយ​សិន សឹម​ចូល​ទៅ​តែ​ខ្លួន​ទទេ​ចុះ ព្រាហ្មណ៏​បាន​ទៅ​ដល់​ស្រុក​របស់​ខ្លួន​ហើយ ក៏​លាក់​ទុក​កហាបណះ​ទាំង​នោះ​ត្រង់​មាត់​ទ្វារ​ស្រុក ទើប​ស្រែក​ហៅ​ប្រពន្ធ​ថា​នែ​ប្អូន នែ​ប្អូន ។

ពេល​នោះ​នាង​ព្រាហ្មណី​កំពុង​ចរចា​លេង​ជាមួយ​សាហាយ បាន​ឮ​ពាក្យ​ព្រាហ្មណ៏​ចូល​ផុត​ហើយ វា​ដឹក​ដៃ​សាហាយ​ឲ្យ​ទៅ​ពួន​ត្រង់​សន្ទះ​ទ្វារ ទើប​សួរ​ទៅ​ព្រាហ្មណ៏​ថា អ្នក​បាន​ប្រាក់​ប៉ុន្មាន? ព្រាហ្មណ៏​ប្រាប់​ថា​បាន ១០០០ កហាបណះ តែ​អញ​ដំកល់​ទុក​ត្រង់​ទ្វារ​ស្រុក មិន​បាន​យក​មក​ទេ ។ នាង​ព្រាហ្មណី​ទៅ​ប្រាប់​សាហាយ ៗ ទៅ​យក​ទាល់​តែ​អស់ ។

លុះ​ព្រឹក​ទ្បើង​ព្រាហ្មណ៏​ទៅ​យក​កហាបណះ​មិន​ឃើញ​សោះ ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោធិសត្វ​ម្តង​ទៀត ព្រះ​ពោធិសត្វ​ជ្រាប​ហេតុ​នោះ​សព្វ​គ្រប់ ក៏​ឲ្យ​ស្បៀង​គ្រប់​គ្រាន់ ៧ ថ្ងៃ​ដល់​ព្រាហ្មណ៏ ហើយ​ប្រាប់​ឧបាយ​ថា អ្នក​ត្រួវ​អញ្ជើញ​ព្រាហ្មណ៏ ១៤ នាក់​គឺ ៧ នាក់​ជា​ជិត​ខាង​អ្នក ៧ នាក់​ទៀត​ជា​ជិត​ខាង​ប្រពន្ធ ឲ្យ​បរភោគ​តាំង​ពីរ​ថ្ងៃ​ស្អែក​ទៅ ក្នុង​មួយ​ថ្ងៃៗ អ្នក​ត្រូវ​បន្ថយ​ម្នាក់ ៗ រៀង​រាល់​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី ៧ អញ្ជើញ​តែ​ពីរ​នាក់ គឺ​ម្នាក់​ខាង​អ្នក ម្នាក់​ទៀត​ខាង​ប្រពន្ធ. បណ្តា​ព្រាហ្មណ៏​ទាំង​អស់​នោះ ព្រាហ្មណ៏​ណា​ត្រូវ​ជា​ជិតខាង​ប្រពន្ធ​អ្នក មក​គ្រប់​ទាំង​៧​ថ្ងៃ​ពុំ​ដែល​លោះ​ខាន អ្នក​ត្រូវ​ប្រាប់​ដល់​ខ្ញុំ ។

ព្រាហ្មណ៏​ធ្វើ​ដូច្នោះ​ឃើញ​មែន ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោធិសត្វ ៗ ឲ្យ​បុរស​ទាំង​ទ្បាយ​ទៅ​ចាប់​ព្រាហ្មណ៏​ចោរ​នោះមក ហៅ​សួរ​ថា អ្នក​យក​ប្រាក់ ១០០០ កហាបណះ​របស់​ព្រាហ្មណ៏​នេះ​អំពី​គល់​ឈើ​នោះ​ឬ​ទេ? ព្រាហ្មណ៏​ចោរ​ឆ្លើយ​ថា បពិត្រ​បណ្ឌិត​ខ្ញុំ​ឥត​យក​ទេ ។ ព្រះ​ពោធិសត្វ​ប្រាប់​ថា​ខ្ញុំ​ហ្នឹង​ហើយ​ឈ្មោះ​សេនកបណ្ឌិត អ្នក​ស្តាប់​ទេ​ឬ? ព្រាហ្មណ៏​ចោរ​ឮ​ឈ្មោះ​ភ្លាម ភិត​ភ័យ​ជា​ខ្លាំង ទើប​ឆ្លើយ​ប្រាប់​ត្រង់​ថា​ខ្ញុំ​យក​មែន​ឥទ្បូវ​នេះ​ទុក​ត្រង់​កន្លែង​នោះ ។

ព្រះពោធិសត្វ ប្រើ​បុរស​ទាំង​ទ្បាយ​នាំ​ព្រាហ្មណ៏​ចោរ​ទៅ​ធ្វើ​អជ្ញា​របស់​ស្តេច ហើយ​ឲ្យ​និរទេស​ចេញ​ពី​នគរ​ទៀត. ទើប​ឲ្យ​ប្រាក់ ១០០០ កហាបណះ​ជាមួយ​នឹង​យស​យ៉ាង​ធំ​ដល់​ព្រាហ្មណ៏​ចាស់ ហើយ​ឲ្យ​នៅ​ក្នុង​សំណាក់​របស់​ព្រះអង្គ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដរាប​ ដល់​អស់​អាយុ ។ ( ព្រះ​មហា ប៉ុល. សៅ)

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​

កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា


តាំង ​ពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​។
 លុះ​ដល់​ថ្ងៃ​អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ មិថុនា គ.ស ១៩៤០(?) ទើប​ពុទ្ធិក​ប្រទេស​ទាំង ២៩ មាន​ប្រទេស​ស្រី​លង្កា​ជា​ដើម បាន​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក ហើយ​បាន​ធ្វើ​សន្និ​សីទ​លើកទី ១ នៅ​ប្រទេស​ស្រី​លង្កា ដែល​មាន​គណៈ​ប្រតិភូ​ខ្មែរ​យើង មាន​សម្តេច​ព្រះ​មហាសុមេធា​ធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនា​យក​គណៈ មហា​និកាយ​​ជា​ប្រធាន​ទៅ រួម​ប្រជុំ​ផង បាន​មូល​មតិ​គ្នា​បង្កើត​ទង់​សាសនា​ឡើង​ហៅថា ទង់​ពុទ្ធិក សមាគម​ពិភព​លោក​(​តាមលក្ខន្តិកៈ​នៃ​សមាគម​ដែល​មាន​ ២៧ មា​ត្រា) ត្រង់​មាត្រា​២៦​ ចែង​ថា៖“ទង់​របស់​ពុទ្ធិក​សមាគម​ពិភព​លោក ជា​ទង់​មាន​ពណ៌ ៦​ តម្រូវ​នឹង​ឆព្វណ្ណ​រង្សី របស់​ព្រះ​សម្ពុទ្ធ​ជា ម្ចាស់​ ជា​មូល​ដ្ឋាន​តាំង​គំរូ ដែល​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ការ​បាន​ធ្វើ​ហើយ” ដូច្នេះ​ទង់​ពុទ្ធ​សាសនា ក៏​បាន​ឧបត្តិក​ឡើង​ជា​ស្ថាពរ​តាំង​ពី​កាល​នោះ​មក ។ ទង់​ពុទ្ធ​សាសនា​មាន​ប្រាំ​មួយ​ពណ៌​នោះ​គឺ ៖១- ពណ៌​ខៀវ ២- ពណ៌​លឿង ៣- ពណ៌​ក្រហម ៤- ពណ៌​ស ៥- ពណ៌​ហង្សបាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ៦- ផ្លេក​ (ពណ៌ផ្លេកគឺ ពន្លី​ពេជ្រ គឺ​គេ​យក​ពណ៌​ទាំង​ ៥ ខាង​ដើម​មួយ ៗ មក​ដាក់​បញ្ចូល​គ្នា​ក្នុង​ផ្ទាំង ទី ​៦ នេះ​ជា​ពណ៌​មួយ) ។

ព្រះ​បរម​លោក​នាថ ព្រះ​អង្គ​មាន​រស្មី ៦ ពណ៌ ផ្សាយ​ចេញ​ពីវរ​កាយ​យ៉ាង​នេះ​ដោយ​លទ្ធផល​នៃ​ទាន​បរមត្ថ​បារមី ដែល​ព្រះ​អង្គ​បាន​សាង​មក​ពី​អតីត​ភាព​យ៉ាង​អស្ចារ្យ ហើយ​ដែល​មិន​អាច​ឱ្យ​អ្នក​ណា​ម្នាក់​ធ្វើ​ដូច​ព្រះ​អង្គ​បាន​ឡើយ ឯ​រស្មី​មួយ​ៗ ជា​តំ​ណាង​ព្រះ​ជាតិ​របស់​ព្រះ​អង្គ​មួយ​ៗ​ដែរ​ គឺ​ ៖

១-រស្មី​ពណ៌​ខៀវ: ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​បាទ​ស្រី​ភិ​រាស្ត្រ ។ កាល​នោះ ព្រះ​ឥន្ទ្រា​ធិរាជ​បាន និម្មិត​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​ម្នាក់​ចូល​មក​សូម​ព្រះ​នេត្រ​ព្រះអង្គ​ ទាំង​គូ  ព្រះ​អង្គ​ទ្រង់​ឆ្កៀល​ព្រះ​នេត្រ​ព្រះ​អង្គ​ទាំ​ងពីរ​ឱយ​ទៅ​ឥន្ទ​ ព្រាហ្មណ៍។

២-រស្មី​ពណ៌​លឿង​ ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​វិ​នី​បណ្ឌិត។ កាល​នោះ​ព្រះ ឥន្ទ្រាធិរាជ​បាន​និម្មិត​ខ្លួ​ន​ជា​យក្ស​ធ្វើ​ជា​ជាង​មាស ។ វិនី​បណ្ឌិត​បាន​អារ​សាច់​ខ្លួន​ឱយ​ជាង​មាស ដើម្បី​ផែ​ធ្វើ​ជា​មាស​បិទ​ព្រះ​ពុទ្ធ​រូប ។

៣-រស្មី​ពណ៌​ក្រហម ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​បទុម​មាណព ។ គ្រា​នោះ មាន​ពស់​មួយ​ប្រកប​ដោយ​ពឹស​ដ៏​ពន្លឹក​ចឹក​មាតា​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​យក​កាំបិត​មក​ពុះ​ទ្រូង លូក បេះ​ដូង​មក​ផ្សំ​ថ្នាំ​មើល​មាតា​ឱយ​បាន​គង់​ជីវិត ។

៤-រស្មី​ពណ៌​ស ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​វេស្សន្តរ​បាន​ប្រទាន​ដំរី មង្គល​មួយ​ឈ្មោះ បច្ច័យនា​គេន្ទ្រ ជា​សត្វ​សម្រាប់​រាជ្យ ដ៏​មាន​អវៈយវៈ​ស​សុទ្ធ​ដល់​ពួក​ព្រាហ្មណ៍​កលិង្គ​រដ្ឋ​។ ពួក​អ្នក​នគរ​ស្រី​ពិ​រាស្ត្រ ក៏​នាំ​គ្នា​ខឹង​បំបរ​បង់​ព្រះអង្គ​ឱយ​ទៅ​នៅ​នា​វង្កត​បព៌ត ។

៥-រស្មី​ពណ៌​ហង្ស​បាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ជា​តំណាង​ព្រះ​អង្គ​កាល​ទ្រង់​សោយ​ព្រះ​ជាតិ ជា វិជ្ឋាធរ ។ មាតា​ព្រះ​អង្គ ត្រូវ​យក្ស​ចាប់​យក​បាន ​ព្រះ​អង្គ​ទ្រង់​អារ​សាច់​ឱ្យ​យក្ស​បរិភោគ​ជំនួស​ជី​វិត​មាតា ។

៦-រស្មី​ពណ៌​ផ្លេក ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ទន្សាយ​ឈ្មោះ សោម​ បណ្ឌិត មាន​ព្រះ​តម្លា​សទ្ធា​ចង់​បំពេញ​ទាន​បរមត្ថ​បារមី។ គ្រា​នោះ​ព្រះ​ឥន្ទ្រា​ធិរាជ បាន​និម្មិត​ខ្លួន​ជា ព្រាហ្មណ៍​ចាស់​ម្នា​ក់​អត់​អាហារ​ដើរ​ចូល​មក។ ទន្សាយ​សោម​បណ្ឌិត បាន​រលាស់​ខ្លួន ៣ ដង ដើម្បី​ឱ្យ​សត្វ​ល្អិត​ជ្រុះ​ចេញ​ពី​រោម​របស់​ព្រះ​អង្គ រួច​ក៏​លោត​ចូល​ក្នុង​ភ្នក់​ភ្លើង​ទៅ ដើម្បី​ចំអិន​សាច់ ព្រះ​អង្គ​ឱ្យ​ដល់​ឥន្ទព្រាហ្មណ៍​បរិភោគ ។​

រស្មី​ទាំង​ ៦ ពណ៌​នេះ បាន​ផ្សាយ​ចេញ​អំពី​ព្រះ​វរ​កាយ​ព្រះ​អង្គ ក្នុង​ពេល​ត្រាស់​ដឹង​នូវ​អនុត្តរ សម្មា​សម្ពោធិ​ញ្ញាណ ក្នុង​ពេល​សំដែង បាដឹហារ្យ​ដើម្បី​កំចាត់​បង់​នូវ​អស្មិមានះ​នៃ​ព្រះ​ញាតិ​របស់ ព្រះ​អង្គ ដែល​មាន​សេចក្តី​សម្គាល់​ថា ព្រះ​អង្គ​ជា​មនុស្ស​នៅ​ក្មេង​មិន​គួរ​គោរព និង ក្នុង​ពេល​ព្រះ​អង្គ​ធ្វើ យមក​បាដិហារ្យ​ផ្ទាញ់​ពួក​និ​គ្រន្ថ​លើ​ដើម​គណ្ឌាម​ព្រឹក្ស (ដើម​ស្វាយ​របស់​នាយ​គណ្ឌៈ) ។

ដូច្នោះ​ហើយ បាន​ជា​ពុទ្ធិក​សមាគម​ពិភព​លោក​ដែល​នៅ​ប្រទេស​ស្រី​លង្កា​លើក​ទី១ នោះ ផ្តើម​ធ្វើ​ទង់​ពុទ្ធសាសនា​មាន ៦ ពណ៌ តម្រូវ​នឹង​ឆព្វណ្ណ​រស្មី​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ។
_____________________
រៀបរៀងដោយ សេន រ៉ន សិស្សផ្នែកទំនាក់ទំនងសង្គមជំនាន់ទី ២

ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង
ប្រភព៖ KHMER BUDDHISM: ព្រះពុទ្ធសាសនាខ្មែរ  វីគីភីឌាភាសាខ្មែរ
_____________________
(?) ក្នុង​ឯក​សារ​​នានា​​ជា​​ភាសា​​អង់​​គ្លេស​​មិន​​ឃើញ​​មាន​​កាល​​បរិច្ឆេទ ឆ្នាំ​​១៩៤០ ទេ ឃើញ​តែ​ឆ្នាំ​១៩៥០ មិន​​ដឹ​ង​​ថា​​ហេតុ​​ដូច​​ម្តេច​​ក៏​​កាល​​បរិច្ឆេទ​​ខុស​​គ្នា​​ដូច្នេះ​? ​ទុក​ជា​ពុទ្ធិក​សមាគម​ពិភព​លោក​​បាន​កំណត់​ទង់​ព្រះ​ពុទ្ធសាសនា​យ៉ាង​នេះ​ ហើយ​ក្តី ក៏​​ប្រទេស​កាន់​ព្រះ​ពុទ្ធសាសនា​លើ​ពិភ​ពលោក​មួយ​ចំនួន​មិន​បាន​យក​តាម​ សេចក្តី​សម្រេច​នេះ​ដែរ ដោយ​ប្រទេស​ខ្លះ​យក​ទៅ​កែប្រែ​ពណ៌ ឬ​ទ្រង់​ទ្រាយបែប​ផ្សេង​ ដូច​ជា​ប្រទេស​សៀម​ជា​ដើម មិន​បាន​យក​តាម​ទម្រង់​ទង់​ព្រះ​ពុទ្ធសាសនា​នេះ​ទេ គឺ​គេយក​សញ្ញា​កង​ចក្រ (សញ្ញាអដ្ឋង្គិកមគ្គ​ទាំង៨) ជាទង់​ពុទ្ធសាសនា​សម្រាប់​ប្រទេសគេ។​​  បើ​លោក​អ្នក​ចង់​ស្រាវ​ជ្រាវ​មើល​សេចក្តីពិស្តារ​បន្ថែម​ស្តី​ពី​ប្រវត្តិ​ ទង់​ព្រះ​ពុទ្ធសាសនា​ សូម​ចូល​ទៅ​អាន​ក្នុង​បណ្តាញ​វិបសាយ​ជា​ភាសា​អង់គ្លេស​ខាង​ក្រោម​នេះ
en.wikipedia.org    dhammaweb.net   buddhistcouncil   fotw.net  buddhanet.netដកស្រង់ពី http://khmerbuddhism.wordpress.com/
ដោយ ៥០០០ឆ្នាំ

ទស្សនារឿង​មិត្ត​វិន្ទុកៈ



រឿង​មិត្ត​វិន្ទុកៈ
( ចាក ម.​ អ. )
( ទោស​នៃ​ការ​មិន​ដឹង​គុណ )
មាន ​សេចក្តី​តំ​ណាល​ថា ក្នុង​សាសនា​កាល​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ ទ្រង់​ព្រះ​នាម​កស្សបៈ មាន​សេដ្ឋី​បុត្រ​ម្នាក់​ឈ្មោះ​មិត្ត​វិន្ទុក មាន​សម្បត្តិ​មាន​ទ្រព្យ ៨០ កោដិ​នៅ​ក្នុង​ក្រុ​ង​ពារាណ​សី ជា​បុគ្គល​ទ្រុស្ត​សីល​ ឯ​មាតា​បិតា​ជា​សោតា​បន្ន​បុគ្គល ។ លុះ​ចំ​ណេរ​ជា​ខាង​ក្រោយ​​មក​បិតា​របស់​មិត្ត​វិន្ទុក​ធ្វើ​មរណកាល​ ។
បុរស​​ឈ្មោះ​វិន្ទុក​និយាយ​នឹង​មាតា​ថា​ បពិត្រ​លោក​ម៉ែ​ ខ្ញុំ​នឹង​ធ្វើ​ជំ​នួញ​ដោយ​សំ​ពៅ ។ មាតា​និយាយ​ថា នែ​កូន​អ្នក​ជា​កូន​តូច​មួយ​ ទ្រព្យ​នៅ​ក្នុង​ផ្ទះ​នេះ​មាន​ច្រើន​ណាស់ សមុទ្រ​មាន​ទូក​និ​ង​សំពៅ​ច្រើន​ណាស់​អ្នក​កុំ​ទៅ​ឡើយ ។ បុរស​ឈ្មោះ​មិត្ត​វិន្ទុក​ និយាយថា ខ្ញុំ​ទៅ​ឥឡូវ​នេះ ម៉ែ​មិន​អាច​ឃាត់​ខ្ញុំ​ទេ ទោះ​បី​ម្តាយ​ចាប់​ដៃ​បុរស​នោះ​ក៏​បុរស​នោះ​រលាស់​ដៃ​ម្តាយ​ចេញ​ឲ្យ​ដួល​ហើយ ​ លោត​កន្លង​ម្តាយ​ស្ទុះ​ទៅ​កាន់​សមុទ្រ​ដោយ​សំ​ពៅ ។ លុះ​ដល់​គំរប់​៧​ថ្ងៃ​សំ​ពៅ​នោះ​ក៏​ នៅ​នឹង​ថ្កល់​ឥត​កំរើក​ព្រោះ​អា​ស្រ័យ​បុរស​ឈ្មោះ​មិត្ត​វន្ទុក​ជា​អ្នក​ ធ្វើ​អំ​ពើ​អាក្រក់ ។ ពួក​អ្នក​សំ​ពៅ​កំពុង​ចែក​ស្លាក​ដោយ​គិត​ថា នៅ​ក្នុង​សំ​ពៅ​នេះ​មុន​ជា​មាន​មនុស្ស​កាឡ​កណ្ណី លុះ​មនុស្ស​ទាំង​អស់​គ្នា​ដែល​នៅ​ក្នុង​សំពៅនោះ​ ចាប់​ស្លាក​ជា​គំ​រប់​​ ៣ដង​ ស្លាក​នោះ​នៅ​តែ​ដល់​បុរស​ឈ្មោះ​មិត្ត​វន្ទុក ។ក្នុ​ងកាល​នោះ​មនុស្ស​ទាំង​ឡាយ​ ធ្វើ​ក្បូន​ចាប់​បុរស​ឈ្មោះ​មិត្ត​វិន្ទុក​​បោះ​ចោរ​ទៅ​ក្នុង​សមុទ្រ​ ។ បុរ​ស​នោះ​អណ្តែត​ទៅ​តាម​ក្បួន​ ដល់​កោះ​មួយ​ឃើញ​នគរ​មួយ​​មាន​មុខ​ទ្វារ​បួន​ក្នុង​កោះ​នោះ ។ បាន​ឮ​ថា​ កោះ​នោះ​ជា​កោះ​ឧ​ស្សទ​នរក ជា​កន្លែង​សំរាប់​នៅ​របស់​កម្ម​សត្វ​នរក​ច្រើន​គ្នា ។ ចំ​ណែក​ខាង​នគរ​នោះ​ ហាក់​ដូច​ជា​នគរ​ដែល​គេ​សម្រាប់​តាក់​តែង​ដោយ​គ្រឿង​អលង្ការ​សព្វ​យ៉ាង​​ ប្រាកដ​​ដោយ​កម្លាំង​កម្ម​ គឺ​កិរិយា​ប្រហារ​មាតាដល់បុរស​ឈ្មោះ​មិត្ត​វិន្ទុក​ ៗ ចូល​ទៅ​គិត​ថា អញ​នឹង​បាន​ជា​ស្តេច​ក្នុង​នគរ​នេះ​ ហើយ​ឃើញ​សត្វ​មួយ​រូប​ដែល​កង​ចក្ក​ដ៏​មុត​វិល​នៅ​លើ​ក្បាល​កំ​ពុង​ខ្សឹប​ ខ្សួល​ ។ ខណៈ​នោះ​កង​ចក្កដ៏​មុត​​លើ​ក្បាល​សត្វ​នរក ប្រាដក​ដូច​ជា​ផ្កា​ឈូក​ ចំណង​ប្រ​កប​ដោយ​អង្គ​ប្រាំ​លើ​ដើម​ទ្រូង​​ប្រាកដ​ ដូច​ជា​គ្រឿង​សម្រាប់​បិទ​នូវ​ទ្រូង​ឈាម​ដែល​ហូរ​ចេញ​ អំពី​សរី​រប្រាកដ​ដូច​ជា​គេ​លាប​ស្រ​ឡាប​ដោយ​ខ្លឹម​ចន្ទន៍ សំ​ឡេង​យំ​ខ្សឹប​ខ្សួល​ថា​ជា​ចំរៀង​​ ដែល​កើត​ឡើង​ដល់​បុរស​មិត្តវិន្ទុក​​ហើយ​ក៏​ចូល​ទៅ​រក​សត្វ​នរក​និយាយ​ថា ម្នាល​បុរស​ដ៏​ចំ​រើន​ផ្កា​ឈូក​នេះ​អ្នក​ឯង​ពាក់​យូរ​ណាស់​ហើយ​ ចូរ​ឲ្យ​ខ្ញុំ​ពាក់​ម្តង ។ សត្វ​នរក​ប្រាប់​ថា​ម្នាល​សំឡាញ់​  នេះ​មិន​មាន​ផ្កា​ឈូក​ទេ នេះ​ជា​កង​ចក្ក ។ បុរស​​នោះ​ពោល​ថា​អ្នក​ឯង​ពោល​ដូច​នេះមិន​ចង់​ឲ្យ​ខ្ញុំ​សោះ ។ សត្វ​​នរក​គិត​ថា​ កម្ម​របស់​អញ​អស់​ហើយ​ បុរស​នោះ​សម្លាប់​នៅ​មាតា​ ដូច​ជា​អញ​បាន​ធ្វើ​យ៉ាង​នេះ បើ​ដូច្នេះ​អញ​នឹង​ឲ្យ​កង​ចក្ក​នេះ​ដល់​បុរស​នោះ​ហើយ​ហៅ​មក​ថា នែ​អ្នក​ដ៏​ចំ​រើន​អ្នក​ចូល​មក​មក​ទទួល​ផ្កា​ឈូក​នេះ ទើប​បោះ​កង​ចក្ក​នោះ​ទៅ​លើ​ក្បាល​បុរស​នោះ​ ។​ កង​ចក្ក​នោះ​វិល​ហាក់​បី​ដូច​ជា​កិន​អម្បែង​ក្បាល​បុរស​នោះ ក្នុង​ខណៈ​នោះ​បុរស​មិត្តវិន្ទុក​ដឹង​ថា វត្ថុនេះ​ជា​កង​ចក្ក​ដ៏​មុត​ស្រួច​ផ្តល់​នូវ​សេចក្តី​វេទនា​ស្រែក​យំថា​ ចូរ​អ្នក​យក​កង​ចក្ក​ដ៏​មុត​របស់​អ្នក​វិញ​ទៅ ។​ ចំ​ណែក​ឯ​សត្វ​នរក​ក៏​រត់​បាត់​ក្នុង​ពេ​ល​នោះ​ទៅ  ។ មិត្ត​វិន្ទុក​សោយ​នូវសេចក្តីទុក្ខ​នៅ​ក្នុង​ឧស្ស​ទនរក​ នោះ​អស់​កាល​ដ៏​យូរ​ដោយ​វិបាក​ជា​គ្រឿង​ហូរ​មក​មិន​ដាច់​នៃ​អកុសល​កម្ម​ គឺកិរិ​យា​សម្លាប់​មាតា កាល​បើ​ផល​នោះ​អស់​ហើយ​ ក៏​ចោល​កង​ចក្ក​ទៅ​តាម​យ​ថាកម្ម​នោះ​ឯង ។អត្តបទនេះ​វាយ​បញ្ចូល​ដោយ​កញ្ញា ហេង​ សំ​ដា​ណែត ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំ​និទាន​ជា​តក ។

ដោយ៥០០០ឆ្នាំ

ទ្រឹស្តីពុទ្ធចក្រ

រឿងពារាណសីសេដ្ធីបុត្រ ( ចាក ខ. ឯ. )


( អានិសង្ឃ​ទានរបស់បុគ្គលមានសទ្ធាមុតមាំ )
កាល ​កន្លង​ទៅហើយ​ ព្រះ​ពោធិសត្វ​ ទ្រង់​សោយ​ព្រះ​ជាតិ​ជា​កូន​សេដ្ធី​នៅ​ក្នុង​នគរ​ពារាណសី​ -លុះ​ឥត​អំពី​បិ​តាធ្វើ​មរណ​កាល​ទៅ ព្រះ​បាទ​ព្រហ្ម​ទត្ត​ បាន​តាំង​ព្រះ​ពោធិ​សត្វ​ជា​សេដ្ធី​ ក្នុង​នគរ​ពារាណ​សី គ្រប់​គ្រង​សម្បត្តិ​ជំនួស​បិតា​ ។​ព្រះ​ពោធិ​សត្វ​ ជាបុគ្គល​មាន​សទ្ធា​ មុត​មាំ​ជឿលើ​កម្ម​ផល​ច្បាស់​លាស់​​ បាន​ចំណាយ​ទ្រព្យ​ធើ្វសាលាទាន​ ៦​ កន្លែង​ ហើយ​តែង​បរិចា្ចគ​ទាន រក្សា​ឧបោសថ​សីល​ជានិច្ច​ ពុំ​ដែល​​ខាន។ វេលា ​ថ្ងៃ​មួយ​ ព្រះ​ពោធិ​សត្វ​ រៀប​បរិភោគ​អាហារ​ពេល​ព្រឹក​ ស្រាប់​តែ​មាន​ព្រះ​បច្ចេក​ពុទ្ធ​មួយព្រះអង្គ ទើប​នឹង​ចាក​ចេញ​និ​រោធ​សមា​បតិ​ ហោះ​មក​ឈរ​ទៀប​ទ្វារ​ផ្ទះ​ ។ព្រះ​ពោធិ​សត្វ​ ក្រ​ឡេក​ទៅឃើញ​ ទើប​ប្រើ​បុរស​ម្នាក់​ឪ្យ​ទៅ​យក​បាត្រ​​ពី​លោក​មក​ដាក់​ចង្ហាន់​ ។​ គ្រា​នោះមារា​ធិរាជ​ មក​និមិត្ម​ធ្វើ​ជា​រណ្ដៅ​រងើប​ភ្លើង​ក្រហម​រន្ទាល​ ច្រាល​ឆ្អៅដូច​ជា​អវិ​ចិមហានរក​ ។ ​បុរស ​ម្នាក់​ទៅយក​បាត្រ​ឃើញ​​ភ្លើង​នោះហើយ​ ភិត​ភ័យ​ណាស់​ ត្រលប់​មក​ជំរាប ព្រះ​ពោធិ​សត្វ​វិញ ​ព្រះ​ពោធិ​សត្វ​ បាន​យល់​ច្បាស់​ថា មារ​នៅស្ថាន​វសវត្តី​ មក​ធ្វើ​ឪ្យ​ អន្តរាយ​ព្រះ​ជន្ម​ព្រះបច្ចេក​ពុទ្ធ​ផង​ ទើប​យក​ភាជន៏​ដាក់​ចង្ហាន់​ពេញ ចេញ​អំពី​ផ្ទះ​ទៅឈរ​ក្បែរ​រណ្ដៅ​ភ្លើង ហើយ​ទូល​ព្រះ​បច្ចេក​ពុទ្ធ​ថា

កាមំ​ បតា​មិ និ​រយំ ​ឧទ្ធិ​បាទោ ​អវំ​សិរោ 
នាន​រិយំ ករិ​ស្សាមិ​ ហន្ទ បិណ្ឌំ បដិគ្គហិ ។

ប្រែ​ជា​សេចក្តី​ថា ​: បពិត្រ​លោក​ម្ចាស់​​ដ៏​ចំរើន​ បើទុ​ក​ណាជា​ ខ្ញុំ​ធ្លាក់​ដាំ​ក្បាល​ចុះ​ក្នុង​រណ្ដៅភ្លើងដូច​ជានរក​នេះ ក៏​​ខ្ញុំ​មិន​ថយ​ក្រោយ​វិញ​ដែល សូម​ព្រះ​ករុណាជាម្ចាស់ទទួល​យក​​នូវ​ចង្ហាន់​​នេះចុះ ​​។

ព្រះ​ពោ​ធិ​សត្វ​​និយាយ​ទូល​ព្រះបច្ចេកពុទ្ធដូច្នោះ​ហើយ ក៏លោត​ចុះ​ទៅ​ក្នុង​រណ្ដៅ​ភ្លើង​ ស្រាប់​តែមាន​ឈូក​ផុះទ្រជើង​យ៉ាង​អស្ចារ្យ ព្រះ​ពោធិ​សត្វ​ បាន​យក​ចង្ហាន់​ទៅ​ដាក់​ក្នុង​បាត្រ​ប្រ​គេន ព្រះ​បច្ចេក​ពុទ្ធ​ដោយ​សួស្តី​ ។ ​ឯ​មារ​ឃើញ​ប្លែក​អស្ចារ្យ​ ដូច្នោះ​ហើយ​​ភ័យ​តក់​ស្លុត​វិនាស​បាត់​អំពី​ទី​នោះ​ទៅ​ ។​

ដកស្រង់ចេញពីសៀវភៅ ប្រជុំជាតក វាយអត្តបទដោយ កញ្ញា ហេង សំដាណែត ។
ដោយ៥០០០ឆ្នាំ

រឿង​បុរស​ចាញ់​បោក​ចោរ ( ចាក ម. វា. )


( កុំ​ជឿ​ពាក្យ​មិត្ត​សម្លាញ់ ដូច​ជឿ​ពាក្យ​ឪពុក​ម្តាយ )

កាល​ពី​ព្រង​នាយ មាន​បុរស​ពីរ​នាក់​ជា​សម្លាញ់​នឹង​គ្នា ដល់​ពេល​ខាង​ក្រោយ​មក បុរស​ម្នាក់​ទាល់​ក្រ​រក​អ្វី​ចិញ្ចឹម​ជីវិត​មិន​បាន ក៏​រត់​ចូល ទៅ​ក្នុង​ព្រៃ​ប្រព្រឹត្ត​ធ្វើ​ចោរ​កម្ម ពួក​រាជ​បុរស​ចាប់​បាន​យក​ទៅ​ដាក់​គុក​អស់ ១២ ឆ្នាំ ។

ថ្ងៃ​មួយ​បុរស​ជា​សម្លាញ់​ដើរ​ទៅ​ក្បែរ​គុក ឃើញ​បុរស​នោះ​មាន​រូប​ស្គម​ជាប់​ច្រវាក់​នៅ​ក្នុង​គុក ក៏​សុំ​អ្នក​រក្សា​គុក​ចូល​ទៅ​សួរ ។ បុរស​ជាប់​គុក​ប្រាប់​ថា​ខ្ញុំ​មក​នៅ​ក្នុង​ទីនេះ​ចំនួន ១២ ឆ្នាំ​ហើយ មិន​បាន​អាហារ​ឆ្អែត​ម្តង​ទេ ខ្ញុំ​ស្រេក​ឃ្លាន​ណាស់ សូម​សម្លាញ់​ឯង​ជួយ​សុំ​អ្នក​រក្សា​គុក​ឲ្យ​ខ្ញុំ​ចេញ​ទៅ​រក​ទទួល​ទាន​អាហារ ​ឲ្យ​បាន​ឆ្អែត​ហើយ ខ្ញុំ​ត្រទ្បប់​មក​វិញ​ភ្លាម ។

បុរស​ជា​សម្លាញ់​ឮ​ដូច្នោះ​ហើយ មាន​ចិត្ត​មេត្តា​ករុណា​អាណិត​ដរាប​ដល់​ស្រក់​ទឹក​ភ្នែក​ហូរ​ហាម ក៏​ដើរ​ទៅ​ថ្វាយ​បង្គំ​អ្នក​រក្សា​គុក​និយាយ​ថា​បើ​ដូច្នោះ យើង​ត្រូវ​ដាក់​ច្រវាក់​អ្នក​ឯង​នៅ​ក្នុង​គុក​នេះ ទំរាំ​សម្លាញ់​អ្នក​ឯង​ត្រទ្បប់​មក​វិញ​ទើប​យើង​លែង ។ បុរស​នោះ​ក៏​ព្រម​ចូល​ទៅ​ក្នុង​គុក​ឲ្យ​អ្នក​រក្សា​គុក​ដោះ​លែង​សម្លាញ់​ចេញ ​ពី​ច្រវាក់ ហើយ​ឲ្យ​គេ​យក​ច្រវាក់​មក​ដាក់​ខ្លួន ។

បុរស​ចោរ​កាល​បើ​បាន​រួច​ពី​គុក​ច្រវាក់​ហើយ ក៏​ដើរ​ទៅ​ស៊ី​ផឹក​សប្បាយ​តាម​អំពើរ​ចិត្ត​ខ្លួន ឥត​នឹក​ដល់​សម្លាញ់​ដែល​ទៅ​ធានា​ខ្លួន​នៅ​ក្នុង​គុក​ទ្បើយ ។ បុរស​អ្នក​ធានា កាល​បើ​មិន​ឃើញ​សម្លាញ់​មក​វិញហើយ ក៏​នៅ​ជាប់​គុក​ច្រវាក់​អស់ ១២​ឆ្នាំ​មិន​ដែល​បរិភោគ​អាហារ​ឆ្អែត​ម្តង​ទ្បើយ មាន​រូប​កាយ​ស្គាំង​ស្គម ដេក​កើត​ទុក្ខ​ខ្លោច​ផ្សា​នៅក្នុង​គុក​នោះ​ឯង ។

សម័យ​មួយ​ព្រះ​រាជា​ក្នុង​នគរ​នោះ មាន​ព្រះ​រាកជបុត្រ​មួយ​ព្រះ​អង្គ​ទើប​ប្រសូត្រ​ថ្មីៗ មាន​ព្រះទ័យ​សោមនស្ស​ចំពោះ​ព្រះ​រាជបុត្រ ក៏​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុរស​ឲ្យ​អភ័យ​ដល់​សត្វ​ជើង​ពីរ​ជើង​បួន​ទាំង​ ទ្បាយ ឲ្យ​រួច​ពី​ចំណង​ទ្រុង​គុក​ច្រវាក់​ទាំង​អស់ ។ អ្នក​រក្សា​គុក​ក៏​លែង​ចោរ​ទាំង​អស់​ក្នុង​គុក​ឲ្យ​រួច​ខ្លួន​ត្រទ្បប់​ទៅ​ ផ្ទះរៀងៗ​ខ្លូន។ ចោរ​ទាំង​ទ្បាយ​សប្បាយ​ចិត្ត​ចេញ​ទៅ​ផ្ទះ​អស់ទៅ នៅ​សល់​តែ​បុរស​ចាញ់​បោក​ចោរ​ជា​សម្លាញ់​មិន​ព្រម​ចេញ​ទ្បើយ ។

អ្នក​រក្សា​គុក​ឃើញ​ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ចេញ​ទៅ​ផ្ទះ​នឹង​គេ ។ បុរស​នោះ​ថា​ខ្ញុំ​មិន​ហ៊ាន​ចេញ​ទៅ​ក្នុង​វេលា​​ថ្ងៃ​ទេ​ខ្មាស​គេ​ណាស់ ចាំ​យប់​ស្ងាត់​បាន​ខ្ញុំ​ចេញ ។ ដល់​វេលា​យប់​ស្ងាត់​បុរស​នោះ​ចេញ​ពី​គុក​ហើយ​មិន​ដឹង​ជា​ដើរ​ទៅ​ទីណា ព្រោះ​ឃ្លាន​អាហារ​ខ្លាំង​ពេក ទើប​នឹក​ឃើញ​ថា​នៅ​ទី​នេះ​មាន​ព្រៃ​ស្មសាន​នៅ​ជិត ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ស្មសាន​នោះ ឃើញ​សព​ខ្មោច​មនុស្ស​នៅ​ស្រស់ៗ ក៏​រើស​កាំបិត​នៅ​ក្បែរ​ជើង​ថ្កអោយ​សាច់​ខ្មោច ហើយ​រើស​ដាក់​ក្នុង​អំបែង​លលាដ៏​ក្បាល​យក​លលាដ៏​ក្បាល​ខ្មោច​បី​មក​ដម្កល់​ ធ្វើ​ចង្រ្កាន ស្ងោ​សាច់​ខ្មោច​នោះ​ធ្វើ​ជា​អាហារ ពេល​ដែល​កំពុង​ស្ងោ​នោះ​បាន​យក​ស្លឹក​ឈើ​មក​ស្លៀក​ស្រាត​យក​ខោ​ទៅ​បាំង​ ខ្យល់ ។

កាល​នោះ​មាន​ទេវតា​មួយ​រូប​នៅ​លើ​ដើម​ឈើ​ក្បែរ​ទី​នោះ ឃើញ​ប្លែក​ដូច្នោះ​ក៏​សួរ​ថា អ្នក​ជា​អ្វី​មាន​មុខ​ក្រៀម​ក្រម​មក​ចំអិន​សាច់​ខ្មោច​ស៊ី​ដូច្នោះ អ្នក​យក​ខោ​បាំង​ធ្វើ​អ្វី? បុរស​នោះ​ឆ្លើយ​បា្រប់​តាម​ដំណើរ​រឿង​របស់​ខ្លួន​សព្វ​គ្រប់ ហើយ​ប្រាប់​ទៀត​ថា ដែល​ខ្ញុំ​យក​ខោ​បាំង​នេះ​ជាកិច្ច​របស់​ខ្ញុំ ព្រោះ​ថា​ខ្យល់​ជា​សភាវះ​ឥត​វិញ្ញាណ ឥត​ខ្លួន​ប្រាណ​ចេះ​តែ​បក់​ផាត់​តាម​ធម្មតា​ប៉ុន្តែ​ខ្យល់​នេះ​មិន​ចេះ​ឲ្យ​ ទោស​ដល់​បុគ្គល​ណា​ទ្បើយ ដែល​ខ្ញុំ​បាំង​នេះ​គឺ​បាំង​ខ្យល់​ពាក្យ​សំដី​របស់​បុគ្គល​ពាល កុំ​ឲ្យ​បក់​ផាត់​ដល់​ខ្លួន​ខ្ញុំ​ទៀត ដែល​ខ្ញុំ​លំបាក​មក​ស៊ី​សាច់​ខ្មោច​ដូច្នេះ ក៏​ព្រោះ​តែ​ជឿ​ខ្យល់​ដែល​ផ្សាយ​ចេញ​ពី​មាត់​បុគ្គល​ពាល​នោះ​ឯង ។

ទេវតា​ស្តាប់​សព្វ​គ្រប់​ហើយ មាន​សេក្តី​​អាណិត​អាសូរ​ដោយ​យល់​ឃើញថា បុរស​នេះ​ជា​បណ្ឌិត​ប្រាកដ​ក្នុង​លោក ទើប​ហៅ​បុរស​នោះ​ឲ្យ​ស្លៀក​សំពត់​ទិព្វ បរិភោគ​អាហារទិព្វ ហើយ​នាំ​បុរស​នោះ​ទៅ​ស្រែក​ឃោស​នា​សរសើរ​គុណ​ធម៏ ឲ្យ​លាន់ឮ​ពេញ​ទេវទហនគរ ដោយ​ឬទិ្ធ​របស់​ខ្លួន ។

ព្រះរាជា​ក្នុង​នគរ​នោះ​ឮ​ហើយ​ទ្រង់​មាន​ព្រះទ័យ​រំភើប​ញាប់​ញ័រ​ជា​ខ្លាំង ទើប​ឲ្យ​រាជ​អមាត្យ​នាំ​បុរស​នោះ​ចូល​គាល់ ទ្រង់​ត្រាស់​សួរ​បាន​ជ្រាប​ដំណើរ​រឿង​សព្វ​គ្រប់ ក៏​បន្លឺ​ព្រះ​សួរ​សីហនាទ​ថា បុរស​មាន​គុណ​ធម៌​ល្អ​បែប​នេះ​មិន​ងាយ​រក​បាន​ក្នុង​លោក យើង​មិន​ដែល​បាន​ជួប​ប្រទះ​សោះ​ទ្បើយ បុរស​នេះ​គួរ​ជា​ទីគោរព​បូជា​របស់​ទេវតា​និង​មនុស្ស​ទាំង​ទ្បាយ ឥទ្បូវ​នេះ​យើង​សូម​បូជា​សម្បត្តិ​ចំពោះ​បុរស​នេះ​ចុះ ។

ពួក​មហាមត្យ​ទាំង​ទ្បាយ ក៏​ចាត់​ចែង​រៀប​ពិធី​រាជាភិសេក​បុរស​នោះ​ឲ្យ​ជា​ស្តេច​សោយ​រាជ្យ​ក្នុង​នគរ​​នោះ​ទៅ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ា​និត

ដោយ​៥០០០​ឆ្នាំ​

រឿង​អឌ្ឍមាសករាជ


(ចាក អ. ភ.)
(ការ​មិន​ខ្ជះខ្ជាយ​ទ្រព្យ​សម្បត្តិ ជា​លក្ខណះ​អ្នក​មាន)
ក្នុង​កាល​កន្លង​ទៅ​ហើយ​មាន​អ្នក​ស៊ី​ឈ្នួល​ម្នាក់​ នៅ​អាស្រ័យ​ត្រង់​ទ្វារ​ជើង​ក្រុង​ពារាណសី គាត់​ស៊ី​ឈ្នួល​រែក​ទឹក​បាន​កន្លះ​មាស​ក (៦សេន) ហើយ​ទុក​ក្នុង​ចន្លោះ​ឥដ្ឋ ។ ថ្ងៃ​មួយ​ធ្វើ​ការ​ដល់​ទ្វារ​ខាង​ត្បូង​ក្រុង ជួប​ជា​មួយ​នឹង​ស្រី​អ្នក​ស៊ី​ឈ្នួល​រែក​ទឹក​ម្នាក់​ ស្រី​នោះ​មាន​លុយ​កន្លះ(​មាសក {ខ្នាត​ប្រាក់}) ដែរ ។ក្នុង​ថ្ងៃ​មួយ​ មាន​គេ​លេង​មហោស្រព នាង​បាន​និយាយ​នឹង​បុរស​នោះ​ថា​ បពិត្រ​ស្វាមី យើង​គួរ​ទៅ​លេង​មហោស្រព​នឹង​គេ ។ បុរស​ស្វាមី​ថា​ស្រួល​ហើយ អញ​មាន​លុយ​កន្លះ​មាសកដែរ ទុក​ក្នុង​ចន្លោះ​ឥដ្ឋ​ត្រង់​ទ្វារ​ខាង​ជើង​ក្រុង​ ចម្ងាយ​១២ យោជន៍​អំពី​ទី​នេះ ។ នាង​ថា​ស្រួល​ហើយ ខ្ញុំ​ក៏​មាន​កន្លះ​មាសកដែរ អ្នក​ទៅ​យក​មក​រួម​គ្នា​ឲ្យ​បាន ១ មាសក​យើង​ទិញ​ផ្កា​កម្រង​ផង ទិញ​ទឹក​អប់​ផង ទិញ​ស្រាផង ។

បុរស​កំសត់​មាន​សេចក្តី​ត្រេកអរ​រីករាយ​ ព្រោះ​ស្រទ្បាញ់​ពាក្យ​ប្រពន្ធ ។ ពេល​នោះ​កំពុង​ថ្ងៃ​ក្តៅ​ខ្លាំង គាត់​ដើរ​យ៉ាង​លឿន​ហើយ​ច្រៀង​បណ្តើរ​ផង ដើរ​បាន​៦ យោជន៍​ជាន់​លើ​ខ្សាច់​ក្តៅ​ដូច​រងើក​ភ្លើង ក៏​បាន​ដល់​ទៅ​ក្បែរ​ព្រះ​លាន​ស្តេច ។ ក្នុង​កាល​នោះ ព្រះ​ឧទយរាជ ជា​ស្តេច​ក្នុង​ក្រុង​ពារណសី កំពុង​គង់​ត្រង់​សីហបញ្ជរ (បង្អួច) បាន​ទត​ឃើញ​គាត់ កំពុង​ដើរ​ដូច្នោះ​ទ្រង់​ព្រះ​ចិន្តាថា ថ្វី​អេះ​ក៏​បុរស​នេះ​មិន​អើ​នឹង​កំដៅ​សោះ បែរ​ជា​សើចផង​ ច្រៀង​ផង​ដើរ​ផង​ដូច្នេះ​ អញ​នឹង​សួរ​វា​មើល ! ក៏​ទ្រង់​ត្រាស់​បំរើ​ឲ្យ​ទៅ​ហៅ​មក​សួរ ។

គាត់​ដំណាល​រឿង​នោះ​សព្វ​គ្រប់​ថ្វាយ​ព្រះ​រាជា ទី​បំផុត​ទូល​ថា​បពិត្រ​ព្រះ​សម្មតិ​ទេព កំដៅ​ព្រះ​អាទិត្យ មិន​ដុត​រោលទូល​បង្គំទេ ឯ​កំដៅ​កាម​ទើបដុត​ទូល​ព្រះ​បង្គំ ដូច​ក្នុង​ពេល​នេះ​បាន​ជា​មិន​ក្តៅ ហើយ​រីក​រាយ​ មក​ពី​ទូល​ព្រះ​បង្គំ​គិត​ថា​អញ​ទៅ​យ​ក​លុយ​មក​សប្បាយ​ជា​មួយ​ភរិយា ។

ព្រះ​រាជា​ត្រាស់​សួរ​បញ្ជាក់​ថា លុយ​របស់​អ្នក​មាន​ប៉ុន្មាន មាន​១ សែន​កហាបណះឬ ? គាត់​ទូល​ថាទេ ! ព្រះ​រាជា​ទ្រង់​សួរ​បន្ថយ​ចំនួន​ជា​លំដាប់​ ដរាប​ដល់​ ១​មាសក គាត់​ទូល​ថា ទេ​ទៀត​ព្រះ​រាជា​ត្រាស់​ថា អ្នក​មាន​កន្លះ​មាសកឬ ? គាត់​ទូល​ថា​ព្រះ​ករុណា​ថ្លៃ​វិសេស ។

ព្រះ​រាជា​ទ្រង់​សង្វេគ​ក្នុង​ព្រះ​ទ័យ បាន​ត្រាស់​ថាៈ ហៃ​បុរស​អើយ អ្នក​កុំ​ទៅ​ នៅ​ឆ្ងាយ​ចំនួន ៦ យោជន៍​ទៀត​ហើយ​កំពុង​ក្តៅ​ដូច​ភ្លើង​ផង យើង​ឲ្យ​អ្នក​កន្លះ​មាសក គាត់​ទូល​ព្រះ​រាជា​ថា បើ​ទុក​ជា​ទូល​ព្រះ​បង្គំ​ទទួល​ព្រះ​រាជ​ទាន​កន្លះ​មាសក​ហើយ​ ក៏​ទូល​ព្រះ​បង្គំ​មិន​ចោល​កន្លះ​មាសក​នោះ​ទ្បើយ នៅ​តែ​ទៅ​យក​ក្នុង​ពេល​ឥទ្បូវ​នេះ​ដែរ  ព្រះ​រាជា​ចេះ​តែ​ទ្រង់​បង្កើន​ព្រះ​រាជទាន​របស់​ព្រះ​អង្គ​ដរាប​ដល់ ១ រយ​កោដិ និង​ទ្រព្យ​ដទៃ​ទៀត​រាប់​មិន​អស់ គាត់​នៅ​តែ​ក្រាប​ទូល​តាម​ពាក្យ​ដើម​ដដែល ។ ព្រះ​រាជា​ចេះ​តែ​ល្បួង​ដោយ​បុណ្យ​ស័ក្ក​ផ្សេង ៗ ដរាប​ដល់​ឲ្យ​រាជ្យ​ពាក់​កណ្តាល ទើប​គាត់​ព្រម​លះ​បង់​ចោល​កន្លះ​មាសក ហើយ​ឈប់​ធ្វើ​ដំណើរ​កណ្តាល​ថ្ងៃ​កំពុង​ក្តៅ ។

លំដាប់​នោះ ព្រះ​រាជា​ទ្រង់​ត្រាស់​បង្គាប់​ពួក​រាជ​ការ​គ្រប់​តំ​ណែង និង​រាជ​បំរើ​ឲ្យ​នាំ​បុរស​កំសត់​ទៅ​ងូត​ទឹក​ កោរ​ពុក​មាត់​ពុក​ចង្ការ ហើយ​ទ្រង់​ទ្បាយ​ព្រះ​ហស្ថលេខា​លើ​រាជ​ក្រិត្យ ប្រគល់​រាជ្យ​ពាក់​កណ្តាល​ឲ្យ ក៏​បាន​សោយ​រាជ្យ​ជា​ស្តេច ព្រះ​នាម​អឌ្ឍមាសកះ​នោះ​ហោង ។

អត្ថបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​

​ជីវ​ប្រវត្តិ​របស់ លោកគ្រូអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស


ខាង ​ក្រោម​គឺ​ជា​វីដេអូ​ ដែល​លោកគ្រូ​អគ្គ​បណ្ឌិត ប៊ុត សាវង្ស បានសម្តែង​ប្រាប់​អំពី ជីវប្រវត្តិរបស់​ខ្លួន​ដោយ​សង្ខេប​ និង​សាច់ធម៌​ផ្សេង​ៗ ដែលលោក (ស្រុង ចាន់ណា) បាន​ស្រង់ចាក ខ្សែអាត់​ អាល់ប៊ុម​សម្តែងធម៌​ នៅ​រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក (សម្តែង​កាលពី​ ១៥ឆ្នាំ មុន) ។សូម​ធ្វើការសន្តាប់​ដូច​តទៅ​៖
មើល​វីដេ​អូ​មិនឃើញ​ ចុច​ទីនេះ​

ដោយ៥០០០ឆ្នាំ