ចិត្ត (៨២)

អគ្គិភ័យ

(ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​យប់​ទី​២៧​ខែ​មករា​ឆ្នាំ១៨៨០)

ថ្ងៃព្រហស្បតិ៍ ទី១១

ខ្ញុំ​ទើប​ចម្លង​បង្ហើយ​កថាខណ្ឌ​របស់​ខ្ញុំ​នៃ​រឿង​និទាន «ពី​ជួរ​ភ្នំ​អាពើនីនូ​ដល់​ជួរ​ភ្នំ​អង់ដ៍» ព្រឹក​នេះ និង​កំពុង​រក​ប្រធានបទ​សម្រាប់​ការ​តែង​សេចក្ដី​រៀង​ខ្លួន​ដែល​លោក​គ្រូ​ដាក់​ឱ្យ​ពួក​យើង ស្រាប់​តែ​ខ្ញុំ​ឮ​សំឡេង​ចម្លែក​ពី​កាំ​ជណ្ដើរ រួច​មួយ​ស្របក់​ក្រោយ​ក៏​មាន​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ពីរ​នាក់​ចូល​មក​ក្នុង​ផ្ទះ​យើង សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ខ្ញុំ​ដើម្បី​ត្រួត​ពិនិត្យ​មើល​ជើង​ក្រាន​និង​បំពង់​ផ្សែង ព្រោះ​មាន​បំពង់​ផ្សែង​មួយ​ឆេះ​ភ្លើង​នៅ​លើ​ដំបូល ហើយ​ពួក​គាត់​មិន​ដឹង​ថា​ប្រភព​ចេញ​មក​ពី​ណា​ឱ្យ​ប្រាកដ។ ពុក​ខ្ញុំ​ថា «សុំ​អញ្ជើញ» ហើយ​ថ្វី​ត្បិត​យើង​មិន​បាន​បញ្ឆេះ​ភ្លើង​ក្នុង​ផ្ទះ ក៏​ពួក​គាត់​នៅ​ឆ្លង​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ ផ្ទប់​ត្រចៀក​នឹង​ជញ្ជាំង​ផ្ទៀង​ស្ដាប់​ក្រែង​លោ​ឮ​សំឡេង​ភ្លើង​ឆេះ​ក្នុង​បំពង់​កប់​ក្នុង​ជញ្ជាំង ដែល​រត់​មក​ពី​ផ្ទះ​នៅ​ជាន់​ផ្សេងៗ។

ពេល​ដែល​ពួក​គាត់​ទៅ​អង្កេត​បន្ទប់​ផ្សេង​ទៀត ឪពុក​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា៖

– អង់រីកូ ពុក​រក​នឹក​ឃើញ​ប្រធានបទ​តែង​សេចក្ដី​កូន​ហើយ គឺ «ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ»។ ចាំ​ស្ដាប់​ពុក​ហើយ​កត់​ទុក​កុំ​ឱ្យ​ភ្លេច។ ពុក​ឃើញ​ពួក​គាត់​ធ្វើ​ការ​នា​ល្ងាច​មួយ​កាល​ពី​ពីរ​ឆ្នាំ​កន្លង​ទៅ ពេល​ដែល​ពុក​ចេញ​ពី​រោង​មហោស្រព​បាល់បូ (Balbo) រៀង​យប់​ជ្រៅ។ ដើរ​តាម​ផ្លូវ​រ៉ូមា (Via Roma) ពុក​ឃើញ​ពន្លឺ​ចម្លែក​និង​ឃើញ​មនុស្ស​មួយ​ហ្វូង​កំពុង​រត់​ឆ្លេឆ្លា​ទៅ​មក។ គឺ​ភ្លើង​ឆេះ​ផ្ទះ។ អណ្ដាត​ភ្លើង​និង​ផ្សែង​ខ្មួលខ្មាញ់​ហូរ​ហៀរ​ចេញ​ពី​បង្អួច​និង​ពី​ដំបូល។ អ្នក​ជាប់​ក្នុង​ផ្ទះ​ទាំង​ប្រុស​ទាំង​ស្រី​បង្ហាញ​ខ្លួន​នៅ​មាត់​បង្អួច​រួច​ក៏​បាត់​ខ្លួន​ទៅ​វិញ បន្សល់​តែ​សម្រែក​ស្រយុត​ចិត្ត។ មាន​សំឡេង​ខ្លាំង​សឹង​ហ៊ឹង​ត្រចៀក​នៅ​ទ្វារ​មុខ​ផ្ទះ ស្រែក​ថា៖

– ពួក​គេ​ឆេះ​ស្លាប់​ទាំង​រស់​ឥឡូវ​ហើយ ! ជួយ​ផង ! ជួយ​ផង លោក​អើយ ! អ្នក​ពន្លត់​អគ្គិភ័យ !

រំពេច​នោះ ឡាន​ធំ​មួយ​ក៏​មក​ដល់ ហើយ​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​បួន​នាក់​ចុះ​មក​កន្លែង​កើត​ហេតុ។ ពួក​គេ​ជា​អ្នក​មក​ដល់​មុន​គេ ហើយ​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​ផ្ទះ​ភ្លាម។ ពួក​គេ​ចូល​មិន​ទាន់​បាន​មួយ​ដង្ហើម​ផង ស្រាប់​តែ​មាន​ហេតុការណ៍​ដ៏​គួរ​ឱ្យ​ស្លុត​ចិត្ត​មួយ​កើត​ឡើង។ ស្ត្រី​ម្នាក់​អើត​ចេញ​តាម​បង្អួច​ជាន់​ទី​បី ស្រែក​ផង​ទាញ​អង្រួន​ចម្រឹង​បង្អួច​ផង រួច​ប្រវា​ឡើង​ពី​លើ​ចម្រឹង ហើយ​ក៏​ឈប់​នៅ​នឹង​កន្លែង ខ្នង​បែរ​ទៅ​ក្រោយ ប្រឹង​ពត់​ខ្លួន​ជៀស​ឆ្ងាយ​ពី​ភ្លើង​ដែល​រោល​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ ជិត​មក​ដល់​ក្បាល​នាង​ទៅ​ហើយ។ ហ្វូង​មនុស្ស​នៅ​ខាង​ក្រោម​ស្រែក​ផ្អើល។ អ្នក​ពន្លត់​អគ្គិភ័យ ដែល​ត្រូវ​អ្នក​ជួល​ផ្ទះ​ស្លន់ស្លោ​ស្ទាក់​ផ្លូវ​នៅ​ជាន់​ទី​ពីរ ឥឡូវ​បាន​បុក​ទម្លុះ​រន្ធ​មួយ​កាត់​ជញ្ជាំង និង​សម្រុក​ចូល​ក្នុង​បន្ទប់ តែ​សំឡេង​ស្រែក​ពី​មាត់​មនុស្ស​រាប់​រយ​នាក់​នៅ​ខាង​ក្រោម​ប្រាប់​វិញ​ថា៖

– ទៅ​ជាន់​ទី​បី​វិញ !

ពួក​គេ​ក៏​ស្ទុះ​ត្របាញ់​ជើង​ឡើង​ជាន់​ទី​បី។ នៅ​ទី​នោះ​មាន​របស់​បាក់​បែក​គ្រប់​ទី​កន្លែង៖ ធ្នឹម​ធ្លាក់​រប៉ាត់រប៉ាយ ផ្លូវ​ដើរ​គ្រប​ដណ្ដប់​ដោយ​អណ្ដាត​ភ្លើង​និង​ផ្សែង​ខ្មៅ​ជុំ​ជិត។ មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ទៅ​ដល់​អ្នក​ជួល​ផ្ទះ​នៅ​ជាន់​ទី​បី​គឺ​ឆ្លង​តាម​ដំបូល។ ពួក​គេ​ក៏​សម្រុក​ឡើង​ទៅ​លើ​មួយ​រំពេច ហើយ​មួយ​នាទី​ក្រោយ ឃើញ​មាន​រាង​ដូច​ខ្មោច​ខ្មៅ​អ៊ូញ​សម្រាល​ខ្លួន​កាត់​ក្បឿង​ដំបូល​ក្នុង​ភ្នក់​ភ្លើង​និង​ផ្សែង តាម​ពិត​គឺ​ប្រធាន​ក្រុម​ពន្លត់​អគ្គិភ័យ ដែល​ឆ្លង​មក​ខាង​ដំបូល​បន្ទប់​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លាំង​រាំង​ស្ទះ​ការ​សង្គ្រោះ។

ដើម្បី​មក​ដល់​ចំណុច​នេះ ចាំ​បាច់​ត្រូវ​ឆ្លង​កន្លែង​ចង្អៀត​មួយ​រវាង​បង្អួច​លយ​ចេញ​ពី​ដំបូល​ផ្ទះ​និង​សំយាប​ផ្ទះ។ ផ្នែក​ផ្សេង​ទៀត​នៃ​ផ្ទះ​សុទ្ធ​តែ​ត្រូវ​ភ្លើង​ឆេះ ចំនែក​កន្លែង​តូច​នោះ​គ្រប​ដណ្ដប់​ដោយ​ព្រឹល​និង​ទឹក​កក​ពាស​ពេញ ធ្វើ​ឱ្យ​ពិបាក​ប្រវា​ប្រតោង​នឹង​ដៃ។

– គេ​ឆ្លង​ទៅ​នោះ​មិន​កើត​ទេ ! – ហ្វូង​មនុស្ស​ស្រែក​ហាម​ពី​ក្រោម។

ប្រធាន​ក្រុម​ពន្លត់​អគ្គិភ័យ​ចេញ​មក​គែម​ដំបូល។ មនុស្ស​គ្រប់​គ្នា​តាម​មើល​ញាក់​សាច់ មិន​ហ៊ាន​ដក​ដង្ហើម។ ពេល​គាត់​ឆ្លង​ផុត សម្រែក​ជយោ​ផ្ទុះ​ឡើង​លើ​មេឃ។ ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ក៏​បន្ត​ទៅ​ទៀត រហូត​ដល់​ចំណុច​គ្រោះ​ថ្នាក់ រួច​ក៏​ចាប់​ផ្ដើម​យក​ពូថៅ​កាប់​ក្ដារ ក្បឿង និង​ឥដ្ឋ ដើម្បី​បង្កើត​ប្រហោង​ចូល​ទៅ​ក្នុង​បន្ទប់​ខាង​ក្រោម។ កំឡុង​ពេល​នោះ ស្ត្រី​ម្នាក់​នោះ​នៅ​តោង​ជាប់​នឹង​បង្អួច​ខាង​ក្រៅ​រហូត ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ​ពី​លើ​ក្បាល​នាង ហើយ​សល់​តែ​បន្តិច​ទៀត នាង​ច្បាស់​ជា​របូត​ដៃ​ធ្លាក់​ទៅ​ក្រោម​ជា​មិន​ខាន។ ពេល​ប្រហោង​ធំ​ល្មម​ហក់​ចូល​ចុះ​ទៅ​ក្រោម​បាន អ្នក​ពន្លត់​អគ្គិភ័យ​ដោះ​ខ្សែ​ក្រវាត់​ស្មា​ចេញ​ហើយ​រំអិល​ខ្លួន​ចុះ​ទៅ​ក្រោម រី​ឯ​ភ្នាក់​ងារ​ផ្សេងៗ​ទៀត​ដែល​មក​ដល់ ក៏​ចុះ​ទៅ​តាម។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ គេ​យក​ជណ្ដើរ​វែង​មួយ មក​ដាក់​ពី​មុខ​បង្អួច ដែល​ភ្លើង​កំណាច​រៀប​តែ​ត្របាក់​គ្រប់​វិនាទី។ ទោះ​យ៉ាង​ណា អ្នក​មើល​ទាំង​ឡាយ​គិត​ថា​ហួស​ពេល​ទៅ​ហើយ។

– គ្មាន​ជួយ​នរណា​បាន​ទេ ! – គេ​នាំ​គ្នា​ស្រែក។ – អ្នក​ពន្លត់​អគ្គិភ័យ​ឆេះ​ស្លាប់​ខ្លួន​ហើយ ! ចប់​ហើយ ! មិន​រស់​ទេ !

ខណៈ​នោះ រាង​អ្នក​ពន្លត់​អគ្គិភ័យ បំភ្លឺ​ដោយ​ភ្លើង​ឆេះ​ក្ដៅ​ងំ​នៅ​ពី​ក្រោយ បង្ហាញ​ខ្លួន​នៅ​នឹង​បង្អួច​លើ​យ៉​ផ្ទះ​ខាង​ក្រៅ។ ស្ត្រី​រង​គ្រោះ​លោត​មក​តោង​ក​គាត់ ឯ​គាត់​ក៏​ទ្រ​ចង្កេះ​នាង​ដោយ​ដៃ​ទាំង​គូ ហើយ​ទាញ​នាង​ឡើង​លើ ឱ្យ​មក​សម្រាក​ដេក​នៅ​ក្នុង​បន្ទប់។ ហ្វូង​មនុស្ស​សំឡេង​រាប់​ពាន់​ក៏​ប្ដូរ​សំឡេង​ហ៊ឹង​ត្រចៀក​លុប​បាត់​លើ​សំឡេង​ភ្លើង​សន្ធោ​សន្ធៅ៖

– ហើយ​ចុះ​អ្នក​ដទៃ​ទៀត ? តើ​ពួក​គេ​ចុះ​មក​ម្ដេច​បាន ?

គេ​ដាក់​ជណ្ដើរ​ផ្អែក​នឹង​ដំបូល​ទល់​មុខ​បង្អួច​មួយ​ទៀត ប៉ុន្តែ​មាន​ចន្លោះ​ដ៏​ធំ​រវាង​ជណ្ដើរ​និង​បង្អួច។

– ពួក​គេ​ចាប់​ជណ្ដើរ​ម្ដេច​បាន ?

ពេល​អ្នក​ផង​ទាំង​ពួង​កំពុង​សួរ​សំនួរ​នេះ ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ម្នាក់​ចេញ​មក​ក្រៅ​បង្អួច ដាក់​ជើង​ស្ដាំ​លើ​មាត់​បង្អួច​ឯ​ជើង​ឆ្វេង​លើ​កាំ​ជណ្ដើរ ហើយ​គាត់​ទាញ​អ្នក​ជាប់​ក្នុង​ផ្ទះ​ម្នាក់​ម្ដងៗ ដែល​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ឯ​ទៀត​ប្រគល់​ឱ្យ​គាត់​តាម​បង្អួច។ បន្ទាប់​មក គាត់​ឱ្យ​ពួក​គេ​ទៅ​តាម​សហការី​គាត់​ម្នាក់​ទៀត​ដែល​ឡើង​ជណ្ដើរ​មក​តាម​ក្រោយ។ សហការី​គាត់ ពេល​ប្រាកដ​ថា​ជន​រង​គ្រោះ​មាន​សុវត្ថិភាព​នៅ​លើ​ជណ្ដើរ​ហើយ ក៏​ជួយ​ពួក​គេ​ចុះ​ទៅ​ដី ដោយ​មាន​ជំនួយ​ពី​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​នៅ​ឈរ​ជើង​ខាង​ក្រោម។ ស្ត្រី​ដែល​តោង​យ៉​ផ្ទះ​ចេញ​មក​មុន​គេ រួច​ក្មេង​ស្រី​តូច​ម្នាក់ ស្ត្រី​ម្នាក់ និង​តា​ចំណាស់​ម្នាក់​ទៀត​ក៏​ចេញ​មក​បន្ត​បន្ទាប់​គ្នា។ គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​គេ​ជួយ​សង្គ្រោះ​បាន​សម្រេច​ទាំង​អស់។ បន្ទាប់​ពី​តា​ចាស់ ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ក៏​ចុះ​មក​វិញ ចំនែក​ប្រធាន​ក្រុម​ដែល​បាន​រត់​ឡើង​ទៅ​លើ​មុន​គេ ចុះ​មក​ក្រោយ​គេ​បង្អស់។ មហាជន​ទទួល​ស្វាគមន៍​ពួក​គេ​ដោយ​ស្នូរ​ទះ​ដៃ​យ៉ាង​ខ្លាំង​ក្លា ប៉ុន្តែ​ពេល​ភ្នាក់ងារ​ចុង​ក្រោយ​បង្ហាញ​ខ្លួន ដែល​ជា​មេ​ដឹក​នាំ​ក្រុម​សង្គ្រោះ អ្នក​ដែល​ប្រឈម​មុខ​នឹង​មរណា​មុន​គេ​បង្អស់ អ្នក​ដែល​ត្រៀម​ខ្លួន​លះ​បង់​ជីវិត​បើ​ចាំ​បាច់​ដើម្បី​អាយុ​ជីវិត​មនុស្ស​មិន​ស្គាល់​មុខ​ម្នាក់ សក្តិ​សម​នឹង​ឱ្យ​មហាជន​អប​អរ​សាទរ​គាត់​ដោយ​ឱឡារិក ស្រែក​ផង​ដៃ​ជើង​ផង ពោរពេញ​ដោយ​ការ​កោត​សរសើរ​ស្ញប់​ស្ញែង​និង​ការ​ដឹង​គុណ លុះ​ប៉ុន្មាន​ស្របក់​ក្រោយ​មក នាម​ត្រកូល​គាត់ «គ្វីសែប រ៉ូប៊ីណូ (Guiseppe Robbino)» ក៏​បន្លឺ​ចេញ​មក​រន្ថើនៗ​ពី​មាត់​មនុស្ស​រាប់​ពាន់​នាក់។ តើ​កូន​យល់​ទេ ? នេះ​ហើយ​ជា​សេចក្ដី​ក្លាហាន​ពិត​ៗ! សេចក្ដី​ក្លាហាន​នៃ​ទឹក​ចិត្ត​មនុស្ស​ម្នាក់​ដែល​មិន​ឈប់​ពិចារណា​ហេតុផល ឬ​ស្ទាក់​ស្ទើរ គឺ​បោល​ទៅ​ទាំង​ងងឹត​ងងុល​ដូច​ផ្លេក​បន្ទោរ ទៅ​កាន់​កន្លែង​ណា​ក៏​ដោយ ដែល​ឮ​សូរ​សម្រែក​ជន​រង​គ្រោះ។ ថ្ងៃ​ណា​មួយ ចាំ​ពុក​នាំ​កូន​ទៅ​មើល​ពូៗ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ធ្វើ​លំហាត់​សម និង​ចង្អុល​ឱ្យ​កូន​ឃើញ​ប្រធាន​ក្រុម​រ៉ូប៊ីណូ ព្រោះ​ពុក​ដឹង​ថា​កូន​ច្បាស់​ជា​ចង់​ជួប​គាត់​ហើយ មិន​ថា​អញ្ចឹង ?

ខ្ញុំ​ឆ្លើយ​ថា​បាទ។

– នេះ​គឺ​គាត់​ហ្នឹង​ហើយ – ឪពុក​ខ្ញុំ​ឆ្លើយ​ភ្លាម។

ខ្ញុំ​បែរ​ទៅ​ក្រោយ​ទាំង​មមិងមមាំង។ ពូ​ពន្លត់​អគ្គិភ័យ​ទាំង​ពីរ​នាក់ ក្រោយ​បង្ហើយ​ការ​ត្រួត​ពិនិត្យ កំពុង​ឆ្លង​កាត់​បន្ទប់​យើង​ចេញ​ទៅ​ក្រៅ​វិញ។

ឪពុក​ខ្ញុំ​ចង្អុល​ទៅ​ពូ​ដែល​តូច​ជាង​គេ និង​មាន​សក្ដិ​លើ​ដៃ​អាវ ហើយ​បង្គាប់​ខ្ញុំ​ថា៖

– កូន​ចាប់​ដៃ​ប្រធាន​ក្រុម​រ៉ូប៊ីណូ​ទៅ។

លោក​ប្រធាន​ក្រុម​ហុច​ដៃ​គាត់​សំដៅ​មក​ខ្ញុំ​ដោយ​ទឹក​មុខ​ញញឹម​ញញែម។ ខ្ញុំ​ចាប់​ដៃ​គាត់​រួច គាត់​ក៏​លា​ពួក​យើង​ចេញ​ទៅ។

– ចូរ​កូន​ចាំ​ឱ្យ​ច្បាស់ – ឪពុក​ខ្ញុំ​បន្លឺ​ឡើង – ក្នុង​ចំណោម​មនុស្ស​រាប់​រយ​រាប់​ពាន់​ដែល​កូន​នឹង​បាន​ចាប់​ដៃ​ក្នុង​មួយ​ជីវិត​កូន មាន​មនុស្ស​ប្រហែល​មិន​ដល់​ដប់​នាក់​ផង​ដែល​មាន​តម្លៃ​ស្មើ​នឹង​គាត់​ម្នាក់។

វគ្គបន្ទាប់

ចិត្ត (៨១)

ពលិកម្ម

ថ្ងៃអង្គារ ទី៩

ម្ដាយ​ខ្ញុំ​ជា​មនុស្ស​ល្អ ឯ​បង​ស្រី​ស៊ីលវៀ​កាត់​រក​គាត់​បេះ​បិទ ទាំង​ចិត្ត​ធម៌​ទាំង​ចិត្ត​ករុណា ដូច​គ្នា​ទាំង​ពីរ​នាក់។ យប់​មិញ ខ្ញុំ​កំពុង​ចម្លង​រឿង​និទាន​ប្រចាំ​ខែ «ពី​ជួរ​ភ្នំ​អាពើនីនូ​1ដល់​ជួរ​ភ្នំ​អង់ដ៍2» (From the Apennines to the Andes) ដែល​លោក​គ្រូ​ឱ្យ​ពួក​យើង​ចម្លង​ម្នាក់​បន្តិចៗ ព្រោះ​សាច់​រឿង​វែង​ឆ្ងាយ ស្រាប់​តែ​បង​ស៊ីលវៀ​ចំអើត​ជើង​លបៗ​ចូល​មក​ក្នុង​បន្ទប់​ខ្ញុំ​ថ្នមៗ ហើយ​ប្រាប់​ខ្ញុំ​បែប​ព្រួយ​បារម្ភ៖

– តោះ​ទៅ​រក​ម៉ែ​ជា​មួយ​បង។ បង​ឮ​គេ​និយាយ​ព្រឹក​នេះ ថា​ពុក​ជួញ​ដូរ​ខាត​ច្រើន។ គាត់​ឥត​សប្បាយ​ចិត្ត​ទេ ហើយ​ម៉ែ​កំពុង​តែ​លួង​លើក​ទឹក​ចិត្ត​គាត់។ សេដ្ឋកិច្ច​គ្រួសារ​យើង​ឥឡូវ​ត្រូវ​រឹត​ត្បិត​បន្តិច​ហើយ អូន​ឯង​យល់​ទេ ? យើង​កំពុង​ទ័ល​លុយ។ ពុក​ថា​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​លះ​បង់​ខ្លះ​ដើម្បី​ទូទាត់​នឹង​ការ​បាត់​បង់​ចំណូល។ ឥឡូវ​ក៏​ជា​ពេល​ដែល​យើង​ជា​កូន​ទាំង​ពីរ​នាក់​ធ្វើ​ការ​លះ​បង់​ខ្លះ​ដែរ ត្រូវ​ទេ​អូន ? អូន​ឯង​ត្រៀម​ខ្លួន​រួច​ឬ​នៅ ? បើ​អញ្ចឹង ពេល​បង​និយាយ​ជា​មួយ​ម៉ែ អូន​ឯង​គ្រាន់​តែ​ងក់​ក្បាល​យល់​ព្រម​តាម​បង ហើយ​ត្រូវ​យក​កិត្តិយស​ខ្លួន​មក​សន្យា​នឹង​បង​ថា អូន​ឯង​នឹង​ធ្វើ​តាម​រឿង​គ្រប់​យ៉ាង​ដែល​បង​ប្រាប់​គាត់។

ក្រោយ​ពី​ប្រាប់​ខ្ញុំ​ហើយ គាត់​ក៏​ដឹក​ដៃ​ខ្ញុំ​ទៅ​រក​ម្ដាយ​យើង ដែល​កំពុង​ដេរ​ខោអាវ ជញ្ជឹង​គិត​ភ្លឹក​តែ​ឯង។ ខ្ញុំ​អង្គុយ​ចុះ​នៅ​សាឡុង​ម្ខាង ឯ​បង​ស៊ីលវៀ​អង្គុយ​នៅ​ម្ខាង​ទៀត ហើយ​គាត់​ស្រដី​ភ្លាម​ថា៖

– ម៉ែ កូន​មាន​ការ​ចង់​និយាយ​ជា​មួយ​ម៉ែ។ គឺ​ពួក​យើង​ទាំង​ពីរ​នាក់​ចង់​និយាយ​នឹង​ម៉ែ​រឿង​មួយ។

អ្នក​ម៉ែ​សម្លឹង​មើល​ពួក​យើង​ដោយ​ងឿង​ឆ្ងល់។ បង​ស៊ីលវៀ​ក៏​ចាប់​ផ្ដើម​សួរ៖

– តើ​ពិត​ឬ​ទេ​ដែល​ពុក​ខាត​លុយ​អស់ ?

– ម្ដេច​ក៏​កូន​និយាយ​អ៊ីចឹង ? – ម៉ែ​យើង​សួរ តែ​ទឹក​មុខ​គាត់​បែប​អៀន​ខ្មាស។ – ទេ មិន​មែន​អញ្ចឹង​ទេ។ កូន​ឯង​ដឹង​អ្វី​ខ្លះ ? នរណា​ប្រាប់​កូន ?

– កូន​ដឹង – បង​ស៊ីលវៀ​បន្លឺ​ឡើង​យ៉ាង​ម៉ឺងម៉ាត់។ – ម៉ែ ពួក​កូន​ក៏​អាច​ជួយ​លះ​បង់​ជូន​ពុក​ម៉ែ​ខ្លះ​ដែរ។ ម៉ែ​សន្យា​ថា​នឹង​ទិញ​ផ្លិត​ឱ្យ​កូន​ចុង​ខែ​ឧសភា ឯ​អង់រីកូ​ក៏​ទន្ទឹង​ចង់​បាន​ប្រអប់​ថ្នាំ​ពណ៌​ដែរ។ ពួក​យើង​លែង​ត្រូវ​ការ​របស់​ទាំង​នេះ​ទៀត​ហើយ។ ពួក​យើង​មិន​ចង់​ខ្ជះខ្ជាយ​មួយ​កាក់​មួយ​សេន​ឡើយ ទោះ​ជា​មិន​បាន ក៏​ពួក​យើង​មិន​អន់​ចិត្ត​ដែរ។ តើ​ម៉ែ​យល់​ទេ ?

អ្នក​ម៉ែ​រក​ប្រកែក ប៉ុន្តែ​បង​ស្រី​និយាយ​កាត់​គាត់៖

– អត់​ទេ ម៉ែ ត្រូវ​តែ​ធ្វើ​ដូច្នេះ។ ពួក​យើង​សម្រេច​ចិត្ត​ហើយ។ ដរាប​ណា​ពុក​មិន​ទាន់​រក​លុយ​បាន​វិញ​ទេ ពួក​យើង​មិន​ចង់​បាន​បង្អែម​ឬ​គ្រឿង​ហូប​ចុក​ឆ្ងាញ់ៗ​អ្វី​ទេ ត្រឹម​សម្ល​មួយ​មុខ​គ្រប់​គ្រាន់​ហើយ ហើយ​ពេល​ព្រឹក​ៗ​ពួក​យើង​ញ៉ាំ​តែ​នំប៉័ង​ក៏​ឆ្អែត​ដែរ។ តាម​វិធី​នេះ ពួក​យើង​អាច​កាត់​បន្ថយ​ចំណាយ​លើ​ម្ហូប​អាហារ ព្រោះ​បច្ចុប្បន្ន​ពួក​យើង​ក៏​ចំណាយ​ច្រើន​លើស​តម្រូវ​ការ​ដែរ។ មិន​តែ​ប៉ុណ្ណោះ ពួក​យើង​សន្យា​នឹង​ពុក​ម៉ែ​ថា ពួក​យើង​នឹង​សប្បាយ​ចិត្ត​មិន​ខុស​ពី​មុន​នោះ​ទេ។ តើ​ត្រូវ​ទេ អង់រីកូ ?

ខ្ញុំ​ឆ្លើយ​ថា «បាទ»។

– នឹង​សប្បាយ​ចិត្ត​ដូច​មុន​អញ្ចឹង – បង​ស៊ីលវៀ​និយាយ​ម្ដង​ទៀត ដោយ​លើក​ដៃ​ខ្ទប់​មាត់​ម៉ែ​កុំ​ឱ្យ​គាត់​ជំទាស់​បាន។ – ហើយ​បើ​សិន​ជា​ត្រូវ​លះ​បង់​រឿង​អ្វី​ផ្សេងៗ​ទៀត មិន​ថា​សំលៀក​បំពាក់​ឬ​អ្វី​ក៏​ដោយ ពួក​យើង​ជា​កូន​នឹង​ស្ម័គ្រ​ចិត្ត​ធ្វើ​មិន​រអ៊ូ​នោះ​ទេ។ ពួក​យើង​អាច​លក់​របស់​របរ​ផ្ទាល់​ខ្លួន​របស់​យើង។ ខ្ញុំ​សុខ​ចិត្ត​ឱ្យ​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន ឱ្យ​ម៉ែ​ចាត់​ចែង​តាម​ការ​គួរ។ ខ្ញុំ​នឹង​ជួយ​ម៉ែ​ជំនួស​ឈ្នួល​បម្រើ និង​ធ្វើ​ការ​ជា​មួយ​ម៉ែ​មួយ​ថ្ងៃ​ពេញ​បើ​ចាំ​បាច់។ ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ម៉ែ​ចង់​បាន ម៉ែ​មិន​បាច់​ខ្លាច​ចិត្ត​ខ្ញុំ​ទេ !

បង​ស្រី​ខ្ញុំ​និយាយ​បក​ស្រាយ​ហូរ​ហែ​ពោរពេញ​ដោយ​មនោសញ្ចេតនា រួច​ហក់​ទៅ​ឱប​ក​អ្នក​ម៉ែ។

– កូន​ម្នាក់​នេះ​បន់​ស្រន់​សុំ​តែ​ពុក​និង​ម៉ែ​ជៀស​ផុត​ពី​ទុក្ខ​ទាំង​ឡាយ ព្រោះ​កូន​ចង់​ឃើញ​លោក​ទាំង​ពីរ​បាន​សេចក្ដី​សុខ​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ដូច​ដើម ជា​មួយ​នឹង​កូន​ទាំង​ពីរ ស៊ីលវៀ​និង​អង់រីកូ ដែល​ស្រឡាញ់​លោក​ខ្លាំង​ក្រៃ និង​ដែល​ហ៊ាន​ពលី​ជីវិត​ដើម្បី​អ្នក​មាន​គុណ​ទាំង​ពីរ !

ខ្ញុំ​មិន​ដែល​ឃើញ​ម្ដាយ​យើង​សប្បាយ​ចិត្ត​ពេល​ណា​ដូច​ពេល​ដែល​គាត់​បាន​ស្ដាប់​ឮ​ពាក្យ​ពេចន៍​ទាំង​នេះ​ឡើយ។ គាត់​ក៏​មិន​ដែល​ថើប​យើង​លើ​ចិញ្ចើម​បែប​នោះ​ដែរ ទាំង​យំ​ផង​សើច​ផង រក​អ្វី​ថ្លែង​មិន​បាន។ មួយ​សន្ទុះ​ក្រោយ គាត់​ក៏​លួង​លោម​បង​ស្រី​វិញ​ថា គាត់​យល់​ច្រឡំ​ហើយ រឿង​រ៉ាវ​មិន​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​គាត់​គិត​ទេ។ ដោយ​សារ​កុសល​ផល​បុណ្យ ពួក​យើង​មិន​ធ្លាក់​ខ្លួន​ក្រ​ទុគ៌ត​ឡើយ។ គាត់​អរគុណ​ពួក​យើង​រាប់​រយ​ដង និង​មុខ​រីក​ពេញ​មួយ​ថ្ងៃ លុះ​ដល់​ពេល​ពុក​មក​ដល់​ផ្ទះ​វិញ គាត់​ក៏​ប្រាប់​ពុក​ទាំង​អស់។ ឱ ! ឪពុក​ខ្ញុំ​ពេល​ស្ដាប់​ហើយ គាត់​មិន​ហើប​មាត់​សូម្បី​មួយ​ម៉ាត់ ! ប៉ុន្តែ​ដល់​ព្រឹក​នេះ ពេល​ដែល​ខ្ញុំ​រៀប​ចំ​ខ្លួន​អង្គុយ​នៅ​តុ​រៀន អារម្មណ៍​ខ្ញុំ​ត្រេក​អរ​ផង​សោក​សៅ​តិចៗ​ផង ដោយ​ហេតុ​ថា​ខ្ញុំ​រក​ឃើញ​ប្រអប់​ថ្នាំ​ពណ៌​គ្រប​ក្រោម​កន្សែង ចំនែក​បង​ស្រី​ស៊ីលវៀ​ក៏​បាន​ផ្លិត​ដែល​គាត់​ចង់​បាន។

1ជួរ​ភ្នំ​អាពើនីនូ (Appennino) ឬ អាពើនាំង (Apennin) ជា​ច្រវាក់​ភ្នំ​វែង​ចម្ងាយ​១០០០​គីឡូម៉ែត្រ​ពី​ជើង​ទៅ​ត្បូង កាត់​ប្រទេស​អ៊ីតាលី​ចំនួន​១៥​តំបន់​ក្នុង​ចំណោម​តំបន់​ទាំង​២០។

2អង់ដ៍ (Andes) ជា​ច្រវាក់​ភ្នំ​ខ្ពស់​ជាង​គេ​នៃ​ទ្វីប​អាមេរិក និង​សំបូរ​ទៅ​ដោយ​ភ្នំ​ភ្លើង។

ចិត្ត (៨០)

ឧសភា

ក្មេង​កើត​រោគ​ក្រិស

ថ្ងៃព្រហស្បតិ៍ ទី៥

ខ្ញុំ​សុំ​ឈប់​មួយ​ថ្ងៃ ដោយ​សារ​មិន​សូវ​ស្រួល​ខ្លួន ហើយ​ម្ដាយ​ខ្ញុំ​ក៏​អនុញ្ញាត​ឱ្យ​ខ្ញុំ​ទៅ​មជ្ឈមណ្ឌល​ក្មេង​កើត​រោគ​ក្រិស​ជា​មួយ​គាត់។ គាត់​ទៅ​ដើម្បី​ណែនាំ​កូន​អ្នក​បោស​សំអាត​របស់​យើង​ឱ្យ​ធ្វើ​ការ​នៅ​ទី​នោះ ប៉ុន្តែ​គាត់​មិន​ព្រម​ឱ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​សាលា​ទេ។

តើ​កូន​យល់​ទេ អង់រីកូ ថា​ហេតុ​អ្វី​បាន​ជា​ម៉ែ​មិន​ឱ្យ​កូន​ចូល​សាលា ? មក​ពី​ម៉ែ​មិន​ចង់​សម្ញែង​កូន​ឯង​ដែល​មាន​សុខភាព​ល្អ​មាំមួន ចំពោះ​មុខ​ក្មេងៗ​អភ័ព្វ​ទាំង​នោះ។ ពួក​គេ​ធ្លាប់​ឆ្លង​កាត់​ការ​ប្រៀប​ធៀបដ៏​ឈឺ​ចាប់​បែប​នេះ​ច្រើន​ក្រៃ​ពេ​កហើយ។ គួរ​ឱ្យ​អាណោច​អធម្ម​ណាស់! ពេល​ម៉ែ​ដើរ​ចូល​ថ្នាក់​រៀន​ពួក​គេ​ម្ដងៗ ទឹក​ភ្នែក​ម៉ែ​ស្រក់​ក្នុង​ចិត្ត​ជា​និច្ច។ ម៉ែ​ឃើញ​ក្មេង​ប្រុស​ស្រី​ប្រមាណ​៦០​នាក់ ឆ្អឹង​ទ្រុឌ​ឌ្រោម ដៃ​បរោ ជើង​វៀច​ស្វិត​ជ្រីវជ្រួញ ខូច​ខ្លួន​ខូច​ប្រាណ​អស់​រលីង ! ម៉ែ​ចាប់​អារម្មណ៍​ថា​មាន​មុខ​ក្មេង​ខ្លះ​ស្អាត​បាត កែវ​ភ្នែក​ពោរ​ពេញ​ដោយ​បញ្ញា​និង​ក្ដី​ស្រឡាញ់។ មាន​ក្មេង​ស្រី​ម្នាក់​ច្រមុះ​ស្រួច​ចង្កា​ស្រួច ដូច​យាយ​ចាស់ ប៉ុន្តែ​ញញឹម​ស្រស់​ដូច​បុប្ផា។ អ្នក​ខ្លះ មើល​មុខ​ឆោម​ឆាយ​ណាស់​ឥត​ខ្ចោះ​ឡើយ ប៉ុន្តែ​កុំ​មើល​ខ្នង ! ម៉ែ​ឃើញ​ដូច្នោះ ដូច​គេ​យក​អ្វី​មក​សង្កត់​ទ្រូង​ម៉ែ​អ៊ីចឹង។ គ្រូ​ពេទ្យ​ពេល​នោះ​កំពុង​ពិនិត្យ​ពួក​គេ​ម្នាក់​ម្ដងៗ។ គាត់​លើក​ពួក​គេ​ឱ្យ​ឈរ​លើ​បង់​កៅអី​អង្គុយ និង​ឱ្យ​ពួក​គេ​លើក​រ៉ូប ដើម្បី​ឱ្យ​គាត់​ប៉ះ​ពោះ​ហើម​ឬ​សន្លាក់​ប៉ោង តែ​ពួក​គេ​ដូច​ជា​គ្មាន​អៀន​ខ្មាស​អ្វី​បន្តិច​សោះ ពុទ្ធោ​អើយ ! ទាល់​តែ​ឃើញ ទើប​ដឹង​ថា​ពួក​គេ​ស៊ាំ​អស់​ហើយ​នឹង​ត្រូវ​គេ​ដោះ​ខោ​អាវ ពិនិត្យ​ពី​ក្បាល​ដល់​ចុង​ជើង ហើយ​ទើប​តែ​វ័យ​នេះ​ទេ ទើប​ពួក​គេ​មិន​រង​ការ​ឈឺ​ចាប់​ច្រើន​ដូច​មុន ! បើ​កាល​ពី​មុន តើ​ពួក​គេ​រង​ទុក្ខ​វេទនា​ប៉ុណ្ណា ពេល​រាង​កាយ​កំពុង​លូត​លាស់ ហើយ​ក៏​ចាប់​ផ្ដើម​ក្ងិច​ក្ងក់​ខុស​ពី​គេ​ឯង ធ្វើ​ឱ្យ​មិត្ត​ភក្តិ​ជុំ​វិញ​ខ្លួន​រក្សា​គម្លាត​បន្តិច​ម្ដងៗ។ ឱ ! ម៉ែ​អាសូរ​ពួក​គេ​ណាស់ ! ជួន​កាល​ត្រូវ​គេ​ទុក​ចោល​រាប់​ម៉ោង​នៅ​កន្លៀត​ជញ្ជាំង​ឬ​នៅ​ទី​ធ្លា​ក្រៅ​ផ្ទះ គ្មាន​នរណា​គិត​គូរ​រឿង​ហូប​ចុក ហើយ​ខ្លះ​ត្រូវ​គេ​ជេរ​ប្រទេច​ផ្ដាសា​ទៀត។ ក្មេង​ខ្លះ​ត្រូវ​រង​ទារុណ​កម្ម​រាប់​ខែ រុំ​បង់​ដំបៅ​និង​ឧបករណ៍​តម្រង់​ដៃ​ជើង (orthopedic apparatus) សព្វ​ប្រាណ ! ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រោយ​ពី​ទទួល​បាន​ការ​ថែ​ទាំ​និង​លំហាត់​ប្រាណ​ជា​ប្រចាំ ពួក​ក្មេង​ៗ​គ្រាន់​បើ​ជាង​មុន​ច្រើន។ អ្នក​គ្រូ​បង្ហាត់​ណែនាំ​ពួក​គេ​ឱ្យ​ធ្វើ​អត្តពលកម្ម​មួយ​ចំនួន។ ម៉ែ​ពិបាក​យក​ភ្នែក​មើល​មែន​ទែន ពេល​ខ្លះ​មើល​​ពួក​គេ​ពត់​ពែន​ខ្លួន​លើ​បង់ លេច​ចេញ​ដៃ​ជើង​រុំ​បង់​ដំបៅ​កៀប​នឹង​រណប​ឆ្អឹង ពក​វៀច​ខុស​ធម្មតា​…​ដៃ​ជើង​ដែល​គួរ​តែ​គេ​ថើប​គេ​ស្រឡាញ់ ! ក្មេងៗ​ប៉ុន្មាន​នាក់​ងើប​មិន​រួច​ពី​បង់ ក៏​អង្គុយ​នៅ​នឹង​កន្លែង យក​ដៃ​ជ្រប់​មុខ បាន​តែ​ស្ទាប​អង្អែល​ឈើ​ច្រត់​ខ្លួន។ ចំណែក​ក្មេង​ខ្លះ​ទៀត​ប្រឹង​លើក​ដៃ​លើក​ជើង រហូត​ដល់​អស់​ខ្យល់ អុក​គូទ​អង្គុយ​នឹង​បង់​វិញ​ទាំង​មុខ​ស្លេក​ស្លាំង តែ​នៅ​ខំ​ញញឹម​ដើម្បី​លាក់​បាំង​ទុក្ខ​សោក​ក្នុង​ចិត្ត។ ឱ ! អង់រីកូ​កូន ! ពួក​កូន​ឯង​មិន​សូវ​ឱ្យ​តម្លៃ​លើ​សុខភាព​ប៉ុន្មាន​ទេ ចេះ​តែ​គិត​ថា​ជា​រឿង​កំប៉ិកកំប៉ុក ! ម៉ែ​នឹក​ភ្នក​ដល់​ក្មេងៗ​ទាំង​ឡាយ​ដែល​មាន​កាយ​សម្បទា​មាំ​មួន​ស្អាតៗ ម៉ែ​ចង់​តែ​យក​ក្មេងៗ​រង​គ្រោះ​ទាំង​នោះ​មក​ឱប​ផ្អឹប​នឹង​ទ្រូង ហើយ​ប្រាប់​ពួក​គេ​ថា៖ «បើ​មីង​មាន​តែ​ខ្លួន​មួយ​លើ​លោក​នេះ មីង​នឹង​មិន​ទៅ​ណា​ពី​កន្លែង​នេះ​ឡើយ មីង​នឹង​បូជា​ជីវិត​មីង​ទាំង​មូល​ដើម្បី​ពួក​ក្មួយៗ ចិញ្ចឹម​បី​បាច់​ពួក​ក្មួយ និង​ដើរ​តួ​ជា​មាតា​ដល់​ពួក​ក្មួយ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​របស់​មីង។» ពួក​គេ​នាំ​គ្នា​ច្រៀង​ដោយ​សំឡេង​ស្ដួច​ស្ដើង​ផ្អែម​ល្ហែម​សោក​សង្រេង រហូត​ដល់​ម៉ែ​រំជួល​ចិត្ត​ទប់​មិន​បាន ហើយ​ពេល​អ្នក​គ្រូ​សរសើរ​ពួក​គេ​ម្ដង​ៗ ពួក​គេ​ហាក់​ដូច​ជា​ត្រេកអរ​ក្រៃ​លែង។ ពេល​គាត់​ដើរ​តាម​ចន្លោះ​បង់​សិស្ស​អង្គុយ ពួក​គេ​រមែង​ថើប​បាត​ដៃ​និង​ដើម​ដៃ​គាត់ ហាក់​ដូច​ជា​ចង់​បង្ហាញ​ភាព​កត្តញ្ញូ​ដល់​បុគ្គល​ដែល​បាន​ពុះ​ពារ​ដើម្បី​ពួក​គេ។ ពួក​គេ​មាន​ចិត្ត​ស្រឡាញ់​ណាស់។ ក្មេង​ខ្លះ​ក៏​មាន​ទេពកោសល្យ ដូច​កូន​ទេវទូត​តូចៗ រី​ឯ​អ្នក​គ្រូ​ប្រាប់​ម៉ែ​ថា​ពួក​គេ​ក៏​ខំ​រៀន​ដែរ។ អ្នក​គ្រូ​វ័យ​ក្មេង​ម្នាក់​នេះ មាន​ទឹក​មុខ​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌ ប៉ុន្តែ​ក៏​មាន​អាការ​សោក​សៅ ឆ្លុះ​បញ្ជាំង​ពី​ជោគ​វាសនា​អកុសល​ដែល​កើត​ឡើង​ដល់​ក្មេងៗ​ដែល​គាត់​បង្រៀន​និង​មើល​ថែ​ទាំ។ ឱ ! អ្នក​គ្រូ​ជា​ទី​គោរព ! ក្នុង​ចំណោម​សត្វ​លោក​នានា​ដែល​រស់​នៅ​ចិញ្ចឹម​ជីវិត​នឹង​ការងារ​លំបាកៗ គ្មាន​នរណា​ធ្វើ​បុណ្យ​បាន​ដល់​អ្នក​គ្រូ​ទេ អ្នក​គ្រូ​ចិត្ត​ព្រះ !

ពី​ម្ដាយ​កូន

ចិត្ត (៧៩)

ពលរដ្ឋ​គំរូ

(រឿង​និទាន​ប្រចាំ​ខែ)

នៅ​ម៉ោង​មួយ ពួក​យើង​មក​ដល់​មុខ​សាលា​ក្រុង​ជា​មួយ​លោក​គ្រូ​ដើម្បី​ចូល​រួម​ពិធី​ជូន​មេដាយ​ដល់​ពលរដ្ឋ​គំរូ ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​មិត្ត​ភក្តិ​ខ្លួន​ពី​ក្នុង​ទន្លេ​ប៉ូ។ នៅ​លើ​យ៉​អគារ​ខាង​មុខ មាន​តាំង​ទង់​ជាតិ​បី​ពណ៌។ ពួក​យើង​ចូល​មក​ក្នុង​ទីធ្លា​សាលា​ក្រុង។ មាន​មនុស្ស​ជា​ច្រើន​មក​ដល់​រួច​ទៅ​ហើយ។ ពួក​យើង​ឃើញ​នៅ​ចុង មាន​តុ​មួយ​គ្រប​ក្រណាត់​ក្រហម និង​ក្រដាស​ប៉ុន្មាន​សន្លឹក​នៅ​លើ​តុ។ នៅ​ពី​ក្រោយ​តុ​នោះ មាន​កៅអី​ស្រោប​មាស​មួយ​ជួរ​សម្រាប់​ចៅ​ហ្វាយ​ក្រុង​និង​ក្រុម​ប្រឹក្សា។ អ្នក​ទទួល​ភ្ញៀវ ពាក់​អាវ​កាក់​ខៀវ​និង​ស្រោម​ជើង​ស​វែង ក៏​នៅ​ទី​នោះ​ដែរ។ នគរបាល​មួយ​ក្រុម បំពាក់​មេដាយ​ជា​ច្រើន​នៅ​នឹង​ទ្រូង កំពុង​ឈរ​ជុំ​គ្នា​នៅ​ខាង​ស្ដាំ​ទី​ធ្លា ហើយ​នៅ​ក្បែរ​ពួក​គាត់ គឺ​ក្រុម​មន្ត្រី​គយ រី​ឯ​នៅ​ម្ខាង​ទៀត ជា​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ក្នុង​ឯក​សណ្ឋាន​ពេញ​លេញ និង​មាន​ទាហាន​ជា​ច្រើន​នាក់ នៅ​ខាង​នេះ​ខ្លះ ខាង​នោះ​ខ្លះ គ្រប់​ទី​កន្លែង ដែល​នាំ​គ្នា​មក​ចូល​រួម មាន​ជា​អាទិ៍ ទាហាន​សេះ (អស្សានីក) ទាហាន​កាំភ្លើង​វែង និង​ទាហាន​កាំភ្លើង​ធំ។ ក្នុង​ចំណោម​ពួក​គាត់ មាន​អភិជន​ខ្លះ កម្មករ​ខ្លះ នាយ​ទាហាន​យោធា​ខ្លះ រួម​ទាំង​ស្រីៗ​និង​ក្មេងៗ ដែល​នៅ​ផ្ដុំ​គ្នា។ ពួក​យើង​វិញ​ត្រូវ​ប្រជ្រៀត​គ្នា​នៅ​កៀន​ម្ខាង ដែល​មាន​កូន​សិស្ស​ជា​ច្រើន​នាក់​មក​ពី​សាលា​ផ្សេងៗ​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ​គេ ហើយ​នៅ​ក្បែរ​ពួក​សិស្ស​សាលា មាន​ក្រុម​ក្មេង​ជនបទ អាយុ​ចន្លោះ​១០​និង​១៨​ឆ្នាំ ដែល​កំពុង​ជជែក​គ្នា​សើច​ក្អាក​ក្អាយ​អឺងកង ក្រោយ​មក​ទើប​ពួក​យើង​យល់​ថា ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​មក​ពី​បូកគោប៉ូ (Borgo Po) ជា​មិត្ត​រួម​ថ្នាក់​ឬ​ជា​អ្នក​ស្គាល់​ម្នាក់​ដែល​នឹង​ត្រូវ​ទទួល​មេដាយ។ និយោជិត​សាលា​ក្រុង​ឃើញ​កំពុង​អើត​មើល​តាម​មាត់​បង្អួច ចំនែក​សំយាប​ដំបូល​បណ្ណាល័យ​ក៏​មាន​ហ្វូង​មនុស្ស​កក​កុញ​ដែរ ម្នាក់ៗ​ខំ​នាំ​គ្នា​ផ្អឹប​ខ្លួន​នឹង​របង​ចម្រឹង​ដែក។ នៅ​ម្ខាង​ទៀត​ទល់​មុខ​នោះ ពី​លើ​ផ្លូវ​ចូល ឃើញ​មាន​ស្រីៗ​មក​ពី​សាលា​រដ្ឋ ក្នុង​ចំណោម​នោះ​មាន​កូន​សិស្ស​សាលា «កូន​ស្រី​ទាហាន» (Daughters of Soldiers) ជា​ច្រើន​នាក់ តាម​ចំណាំ​ឯក​សណ្ឋាន​ស្បៃ​មុខ​ពណ៌​ខៀវ។ ទិដ្ឋភាព​នេះ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ដូច​នៅ​ក្នុង​រោង​មហោស្រព។ អ្នក​ចូល​រួម​ទាំង​អស់​ជជែក​គ្នា ហើយ​យូរៗ​ម្ដង​បែរ​ទៅ​មើល​តុ​ក្រហម ក្រែង​លោ​មាន​នរណា​ម្នាក់​បង្ហាញ​ខ្លួន។ ព្រះ​ទិនករ​សម្ញែង​រស្មី​បំភ្លឺ​ជញ្ជាំង​គ្រប់​ទិស មើល​ទៅ​គួរ​ឱ្យ​គយ​គន់។

រំពេច​នោះ គ្រប់​គ្នា​ស្រាប់​តែ​ទះ​ដៃ មិន​ថា​អ្នក​ឈរ​នៅ​ក្នុង​ទី​ធ្លា ឬ​សំយាប​ដំបូល ឬ​តាម​មាត់​បង្អួច។ ខ្ញុំ​ក៏​ខំ​ចំអើត​មើល។ ប្រជុំ​មនុស្ស​នៅ​ក្រោយ​តុ​ក្រហម​វែង​ហ្វូង ឱ្យ​ឃើញ​ពូ​មីង​មួយ​គូ​ដើរ​ចូល​មក។ ពូ​កាន់​ដៃ​ក្មេង​ប្រុស​ម្នាក់ គឺ​ម្នាក់​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​មិត្ត​ភក្តិ​ខ្លួន ឯ​ពូ​នោះ​គឺ​ឪពុក​វា អាជីព​ជា​ជាង​កំបោរ ស្លៀក​ពាក់​ហំ​ហាន។ មីង​ស្រី​ជា​ម្ដាយ សក់​ទង់ដែង ពាក់​ឈុត​ខ្មៅ។ ក្មេង​ប្រុស​នោះ​ក៏​សក់​ទង់ដែង​កាត់​តាម​ម៉ែ ពាក់​អាវ​ធំ​ពណ៌​ប្រផេះ។ លុះ​ឃើញ​មនុស្ស​ម្នា​ច្រើន​ម្ល៉ឹងៗ និង​ឮ​សំឡេង​ទះ​ដៃ​ហ៊ោ​កញ្ជ្រៀវ​ខ្ញៀវខ្ញារ អ្នក​ទាំង​បី​ឈរ​រឹង​ឆ្កឺត​មិន​ហ៊ាន​កម្រើក​មិន​ហ៊ាន​ងាក​ភ្នែក។ អ្នក​ទទួល​ភ្ញៀវ​សាលា​ក្រុង​នាំ​ផ្លូវ​ពួក​គេ​ឱ្យ​ខិត​ទៅ​រក​តុ​ជិត​ភ្លើង។

អ្នក​ទាំង​អស់​គ្នា​ស្ងាត់​ស្ងៀម​មួយ​ភ្លែត បន្ទាប់​មក​ក៏​ផ្ទុះ​សំឡេង​ទះ​ដៃ​ពី​គ្រប់​ទិស​ទី​សា​ជា​ថ្មី។ កុមារា​ក្រឡេក​មើល​តាម​បង្អួច រួច​មើល​ទៅ​សំយាប​ដំបូល​ឃើញ​សិស្ស​ស្រី​មក​ពី​សាលា​កូន​ស្រី​ទាហាន ក្នុង​ដៃ​វា​កាន់​ខ្ជាប់​មួក​កាតឹប ទឹក​មុខ​ដូច​វង្វេង​មិន​ដឹង​ថា​ខ្លួន​នៅ​ឯ​ណា។ ខ្ញុំ​មើល​ទៅ​វា​ស្រដៀង​ៗ​នឹង​អា​ល្អិត​កូរេទី​ដែរ គ្រាន់​តែ​មុខ​វា​រាង​ក្រហម​ជាង។ ឪពុក​ម្ដាយ​វា​វិញ​សម្លក់​តុ​មិន​ហ៊ាន​ងើយ​មុខ។

ក្នុង​ពេល​ដំណាល​គ្នា​នោះ កូន​សិស្ស​មក​ពី​សង្កាត់​បូកគោប៉ូ រុញ​ច្រាន​ដណ្ដើម​គ្នា​មក​មុខ ដើម្បី​ធ្វើ​សញ្ញា​ឱ្យ​មិត្ត​ភក្តិ​វា​ឃើញ ហើយ​ស្រែក​ហៅ​វា​តិចៗ៖

– ពីន! ពីន! ពីណូ!

ដោយ​សារ​គេ​ចេះ​តែ​ខំ​ហៅ សាមី​ខ្លួន​ក៏​ចាប់​អារម្មណ៍ ងាក​មក​មើល​ពួក​គេ ហើយ​លាក់​ស្នាម​ញញឹម​ក្រោយ​មួក​កាតឹប។ ដល់​ពេល​មួយ អ្នក​យាម​ចាប់​ផ្ដើម​ប្រុង​ទាំង​អស់​គ្នា។ លោក​ចៅហ្វាយ​ក្រុង​ដើរ​ចូល​មក អម​ដោយ​មន្ត្រី​ជា​ច្រើន​នាក់។ គាត់​មាន​ពុក​ចង្កា​ស​និង​ពាក់​ក្រណាត់​ឆៀង​បី​ពណ៌​ជុំ​វិញ​ចង្កេះ។ គាត់​ដើរ​ទៅ​កាន់​តុ ហើយ​ឈរ​នៅ​មួយ​កន្លែង បន្ទាប់​មក​អ្នក​ឯ​ទៀត​តម្រៀប​គ្នា​នៅ​ម្ខាង​ឬ​ខាង​ក្រោយ​គាត់។ ក្រុម​ភ្លេង​ឈប់​លេង រួច​ចៅហ្វាយ​ក្រុង​ធ្វើ​សញ្ញា​ឱ្យ​អ្នក​ទាំង​អស់​ស្ងៀម​ស្ងាត់។

គាត់​ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា។ ខ្ញុំ​ចាប់​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដំបូង​ឥត​បាន ប៉ុន្តែខ្ញុំ​ដឹង​ថា​គាត់​កំពុង​រាយរាប់​អំពី​អ្វី​ដែល​កុមារា​បាន​ធ្វើ។ បន្ទាប់​មក សំឡេង​គាត់​កាន់​តែ​ឮ​ខ្លាំង​ឡើង​ច្បាស់ៗ ខ្ទរ​ពេញ​ទី​ធ្លា​ទាំង​មូល អាច​ឱ្យ​ខ្ញុំ​ស្ដាប់​បាន​គ្រប់​ពាក្យ​សម្ដី។

– …​ស្រាប់​តែ​ពេល​នោះ គេ​ឃើញ​មិត្ត​ខ្លួន​កំពុង​ប្រវាយ​ប្រតប់​ក្នុង​ទឹក​ម្នាក់​ឯង អាការ​ស្លន់ស្លោ​ខ្លាច​ស្លាប់ គេ​ក៏​ស្រាត​ខោអាវ​ចេញ ហើយ​រត់​ចូល​ទឹក​ដោយ​គ្មាន​ស្ទាក់​ស្ទើរ​បន្តិច​សោះ។ អ្នក​ផ្សេង​ស្រែក​ព្រមាន៖ «ប្រយ័ត្ន​លង់​ដែរ!» តែ​គេ​មិន​ឆ្លើយ​វិញ​ទេ។ អ្នក​ផង​ខំ​ចាប់ តែ​កុមារា​នេះ​រំដោះ​ខ្លួន​ចេញ។ អ្នក​ឯ​ទៀត​ស្រែក​ហៅ ប៉ុន្តែ​គេ​លោត​ចូល​ទឹក​បាត់​ទៅ​ហើយ។ ទឹក​ទន្លេ​ហូរ​ខ្លាំង គ្រោះ​ថ្នាក់​សម្បើម​ណាស់ កុំ​ថា​ឡើយ​ចំពោះ​មនុស្ស​ធំ។ ប៉ុន្តែ​ក្មេង​ម្នាក់​នេះ​យក​ឈ្នះ​មច្ចុរាជ​ដោយ​កម្លាំង​ខ្លួន​តូច​តែ​មួយ និង​ដោយ​ឆន្ទៈ​មហិមា។ គេ​ហែល​រហូត​ដល់ ចាប់​អ្នក​លង់​ទឹក​ទាន់​ពេល ដែល​លិច​ទៅ​ក្រោម​ហើយ ប៉ុន្តែ​គេ​ទាញ​ជន​រង​គ្រោះ​មក​វិញ ហើយ​តស៊ូ​យ៉ាង​ក្លៀវក្លា​ប្រឆាំង​ចរន្ត​ទឹក​ហូរ​ដែល​រក​កល់​ពន្លិច​សាមី​ខ្លួន​និង​មិត្ត​ដែល​តោង​ជាប់​ខ្លួន។ គេ​បាត់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​ក្រោម​ទឹក ប៉ុន្តែ​នៅ​តែ​ងើប​មក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​រឹង​រូស មិន​ព្រម​រា​ថយ​ចុះ​ចាញ់​ក្នុង​ទង្វើ​ថ្លៃ​ថ្នូរ​របស់​ខ្លួន។ នេះ​មិន​មែន​ដូច​ក្មេង​ម្នាក់​ជួយ​ក្មេង​ម្នាក់​ទេ តែ​ដូច​មនុស្ស​ធំ​ម្នាក់ ដូច​ឪពុក​ម្នាក់​ដែល​ពុះពារ​ជួយ​សង្គ្រោះ​កូន​ប្រុស​ខ្លួន​ដែល​ជា​ក្ដី​សង្ឃឹម​និង​ជា​អាយុជីវិត​គាត់។ ព្រះ​ជា​ម្ចាស់​មិន​បាន​ឱ្យ​ការ​សាង​បុណ្យ​បែប​នេះ​ក្លាយ​ជា​អសារ​បង់​ឡើយ។ កុមារា​យើង​តស៊ូ​ជា​មួយ​មិត្ត ត​ទល់​នឹង​ទន្លេ​ធំ ទាញ​គ្នា​រហូត​មក​ដល់​មាត់​ច្រាំង ហើយ​អ្នក​ឯ​ទៀត​ក៏​ផ្ដល់​ការ​សង្គ្រោះ​បឋម។ ក្រោយ​មក ក្មេង​ប្រុស​នេះ​ត្រឡប់​ទៅ​ផ្ទះ​ម្នាក់​ឯង​យ៉ាង​ស្ងប់​ស្ងាត់ មិន​គិត​ទារ​គុណ​សម្បត្តិ​អ្វី​បន្តិច​ឡើយ។ បង​ប្អូន​ពូ​មីង​ទាំង​អស់​គ្នា វីរភាព​មនុស្ស​ធំ​ម្នាក់​ត្បិត​ល្អ​ប្រពៃ​និង​គួរ​ឱ្យ​កោត​ស្ញប់ស្ញែង​ក៏​មែន​ពិត ប៉ុន្តែ​វីរភាព​នៃ​ក្មេង​តូច​ម្នាក់ ដែល​គ្មាន​បំណង​គ្មាន​មហិច្ឆតា​ចង់​បាន​អ្វី ដែល​ត្រូវ​រង​ភាព​លំបាក​លំបិន​ជាង​យើង​មនុស្ស​ធំ​រាប់​សិប​ដង​ដោយ​សារ​តែ​ខ្លួន​ប្រាណ​តូច​តាច​របស់​ខ្លួន ក្មេង​ម្នាក់​ដែល​គ្មាន​នរណា​គេ​ប្រាប់​ឱ្យ​ធ្វើ​ឬ​រំពឹង​ថា​ធ្វើ​អ្វី​សោះ តែ​ប្រកាន់​ខ្ជាប់​នូវ​ភាព​ថ្លៃ​ថ្នូរ​និង​មេត្រី​ភាព មិន​ត្រឹម​តែ​ពេល​ដែល​ខ្លួន​ទទួល​បាន​ជោគ​ជ័យ​នឹង​កិច្ច​ការ​អ្វី​មួយ​ទេ គឺ​ថែម​ទាំង​ពេល​ដែល​ខ្លួន​ទទួល​ស្គាល់​នូវ​ការ​លះ​បង់​នៃ​អ្នក​ដទៃ​ទៀត! វីរភាព​នៃ​ក្មេង​ម្នាក់​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ទេ! ខ្ញុំ​មិន​ចាំ​បាច់​និយាយ​អ្វី​លើស​ពី​នេះ​ទេ។ ខ្ញុំ​មិន​ចង់​លុប​លើ​ទង្វើ​មហិមា​មួយ​នេះ​ជា​មួយ​ពាក្យ​សរសើរ​ផ្លែ​ផ្កា​ឥត​ប្រយោជន៍​ឡើយ។ សុំ​អញ្ជើញ​ឡើង​មក អ្នក​សង្គ្រោះ​ដ៏​ក្លាហាន​ថ្លៃ​ថ្នូរ​របស់​យើង! សុំ​គ្នា​ទាហាន​យើង​លើក​ដៃ​គំនាប់​គេ​ដូច​ប្អូន​រួម​ជាតិ​យើង​ដែរ ហើយ​សុំ​ឱ្យ​អ្នក​ម្ដាយៗ​ឱ្យ​ពរ​គេ​ដូច​កូន​ប្រុស​អ្នក​ដែរ ចំនែក​ក្មេងៗ​ទាំង​ឡាយ សុំ​ក្មួយៗ​ចាំ​ឈ្មោះ​ទុក ចាំ​មុខ​ទុក កុំ​ឱ្យ​រលុប​ចេញ​ពី​ការ​ចង​ចាំ​និង​ពី​ចិត្ត​ក្មួយៗ​ឱ្យ​សោះ។ ឡើង​មក ក្មួយ។ ក្នុង​ព្រះ​នាម​ព្រះ​បាទ​ព្រះ​មហាក្សត្រ​ឃុំ​គ្រង​លើ​ប្រជាជាតិ​អ៊ីតាលី​ទាំង​មូល អ៊ំ​បំពាក់​មេដាយ​ពលរដ្ឋ​គំរូ​មួយ​នេះ​ជូន​ក្មួយ។

សំឡេង​អបអរ​ពី​បណ្ដា​ហ្វូង​មនុស្ស បន្លឺ​សូរ​ខ្ទរខ្ទារ​ពេញ​ទី​ធ្លា​សាលា​ក្រុង។ ចៅហ្វាយ​ក្រុង​យក​មេដាយ​ពី​លើ​តុ​មក​បំពាក់​លើ​ទ្រូង​កុមារា រួច​គាត់​ឱប​ថើប​វា។ ម្ដាយ​ក្មេង​ប្រុស​ដាក់​ដៃ​បាំង​ភ្នែក ចំនែក​ឪពុក​មិន​ដឹង​រៀប​ឥរិយាបថ​ទឹក​មុខ​យ៉ាង​ណា​ដែល​បាន​ទទួល​កិត្តិយស​យ៉ាង​ដូច្នេះ។ លោក​ចៅហ្វាយ​ក្រុង​ចាប់​ដៃ​អ្នក​ទាំង​ពីរ ហើយ​ហុច​ចុតហ្មាយ​ក្រិត​តុប​តែង​លំអ​ដោយ​បូ ជូន​ទៅ​ស្ត្រី​ជា​ម្ដាយ។ រួច​រាល់​អស់​ហើយ គាត់​ក៏​បក​មក​ប្រាប់​ក្មេង​ប្រុស៖

– សុំ​ឱ្យ​ថ្ងៃ​នេះ ក្លាយ​ជា​អនុស្សាវរីយ​ល្អ​រុង​រឿង​ដល់​ក្មួយ ក៏​ជា​ថ្ងៃ​ដែល​ឪពុក​ម្ដាយ​ក្មួយ​មាន​មោទកភាព​នឹង​កូន​ប្រុស​ខ្លួន ហើយ​សុំ​ឱ្យ​ថ្ងៃ​នេះ​ជួយ​ក្មួយ​ក្នុង​ជីវិត បន្ត​ដើរ​លើ​គន្លង​គុណធម៌​និង​កិត្តិយស។ អ៊ំ​លា​សិន​ហើយ!

លោក​ចៅហ្វាយ​ក្រុង​ក៏​ចាក​ចេញ​ទៅ​វិញ។ ក្រុម​វង់​ភ្លេង​ចាប់​ផ្ដើម​ប្រគំ​សា​ជា​ថ្មី ដើម្បី​បិទ​ឆាក ក៏​ស្រាប់​តែ​មាន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​មួយ​ក្រុម​ចូល​មក និង​មាន​ក្មេង​ម្នាក់​អាយុ​ប្រហែល​៨​ទៅ​១០​ឆ្នាំ រត់​ផង​ ម្ដាយ​ជួយ​រុញ​ពី​ក្រោយ​ផង សំដៅ​មក​រក​កុមារា​ពាក់​មេដាយ ហក់​មក​ឱប​វា។ ស្នូរ​ទះ​ដៃ​ផ្ទុះ​ឡើង​សា​ជា​ថ្មី​ពាស​ពេញ​ទី​ធ្លា​ជុំ​វិញ​វេទិកា។ គ្រប់​គ្នា​ដឹង​ភ្លាម​ថា​ក្មេង​នោះ​ឯង​ជា​អ្នក​ត្រូវ​គេ​ស្រោច​ស្រង់​ពី​ទន្លេ​ប៉ូ ហើយ​ឥឡូវ​មក​អរគុណ​អ្នក​សង្គ្រោះ​ជីវិត​ខ្លួន។ បន្ទាប់​ពី​ថើប​គ្នា​រួច ក្មេង​ទាំង​ពីរ​កៀក​ដៃ​គ្នា​ចេញ​ទៅ នាំ​មុខ​គេ រួច​ដល់​វេន​ឪពុក​ម្ដាយ​កុមារា​គំរូ​ចេញ​ទៅ​ម្ដង។ ពួក​គាត់​ពិបាក​នឹង​ដើរ​កាត់​ក្នុង​ហ្វូង​មនុស្ស​មែន​ទែន ដោយ​សារ​មាន​អ្នក​យាម ទាហាន ក្មេងៗ និង​ស្រីៗ ផ្ដុំ​លាយ​ឡំ​គ្នា​ជុំ​ជិត រុញ​ច្រាន​គ្នា ម្នាក់ៗ​ចំអើត​ជើង​ចង់​ឃើញ​មុខ​កូន​ប្រុស​ពួក​គាត់។ មនុស្ស​រាប់​ពាន់​នាក់​ដែល​នៅ​ស្កាត់​មុខ​វា រក​តែ​សុំ​ប៉ះ​ដៃ​វា។ ពេល​ក្មេង​ប្រុស​ដើរ​កាត់​ហ្វូង​សិស្ស​សាលា ពួក​គេ​ស្រុះ​គ្នា​ដោះ​មួក​បក់​ហៅ​វា។ សិស្ស​សាលា​មក​ពី​សង្កាត់​បូកគោប៉ូ​ហ៊ោ​កញ្ជ្រៀវ ទាញ​ដៃ​វា​ផង ទាញ​អាវ​ផង ស្រែក​រន្ថើនៗ​ឥត​ស្រាកស្រាន្ត៖

– ពីន! ជយោ​ពីន! ជយោ​ពីន!

វា​ដើរ​កាត់​ជិត​ខ្ញុំ ខ្ញុំ​ឃើញ​មុខ​វា​ក្រហម​ងាំង​ដូច​រងើក​ភ្លើង។ ទឹក​មុខ​វា​រីក​ដូច​ផ្កា មេដាយ​បន្តោង​ក​នឹង​ខ្សែ បូ​ពណ៌​ក្រហម​ស​បៃតង។ ម្ដាយ​វា​យំ​ផង​សើច​ផង ចំនែក​ពុក​វា​លើក​ដៃ​តម្រែ​តម្រង់​ពុក​មាត់​នៅ​មិន​ស្ងៀម។ ខ្លួន​ប្រាណ​កុមារា​ញ័រ​ញាក់​ដូច​គ្រុន​ក្ដៅ។ អ្នង​ផង​ទាំង​ពួង​នៅ​តែ​បន្ត​ទះ​ដៃ​សាទរ​ពី​មាត់​បង្អួច យ៉​និង​តាម​សំយាប​ផ្ទះ។

ពេល​ពួក​គេ​រៀប​នឹង​ឆ្លង​កាត់​ច្រក​ផ្លូវ​ចូល កូន​សិស្ស​សាលា «កូន​ស្រី​ទាហាន» ស្រាប់​តែ​បាច​ផ្កា​រំយោល ផ្កា​វីយូឡែត និង​ផ្កា​ឈូក​រ័ត្ន ធ្លាក់​លើ​ក្បាល​ក្មេង​ប្រុស ឪពុក​ម្ដាយ​វា និង​រាយ​បប៉ាយ​ពេញ​ដី។ អ្នក​ខ្លះ​មក​ប្រមូល​ផ្កា​ទាំង​នោះ​យ៉ាង​ញាប់​ដៃ​ញាប់​ជើង យក​មក​ជូន​ម្ដាយ​កុមារា។ ស្រប​ពេល​នោះ​ដែរ ក្រុម​វង់​ភ្លេង​នៅ​ខាង​ចុង​ទី​ធ្លា​សាលា​ក្រុង​កំពុង​ប្រគំ​តន្ដ្រី​ថ្នមៗ​សណ្ដំ​ចិត្ត ហាក់​បី​ដូច​ជា​ចម្រៀង​នៃ​សំឡេង​ជា​ច្រើន​ដែល​រសាត់​បាត់​ទៅ​តាម​មាត់​ច្រាំង​ទន្លេ។

ចិត្ត (៧៨)

យ៉ូសែប ម៉ាហ្សីនី (Giuseppe Mazzini)

ថ្ងៃសៅរ៍ ទី២៩

ហ្ការ៉ូន​មក​សាលា​រៀន​ម្ដង​ទៀត​ព្រឹក​នេះ ស្លក់​មុខ​និង​ហើម​ភ្នែក​ដោយ​សារ​តែ​យំ។ វា​សឹង​មិន​យក​ភ្នែក​មើល​ផង នូវ​កាដូ​ទាំង​ប៉ុន្មាន​ដែល​ពួក​យើង​ប្រមូល​គ្នា​ដាក់​លើ​តុ​វា​ដើម្បី​លួង​ចិត្ត​វា។ លោក​គ្រូ​បាន​យក​ទំព័រ​សៀវភៅ​មួយ​ក្បាល​មក​អាន​ឱ្យ​វា​ស្ដាប់​ដើម្បី​ឱ្យ​វា​មាន​ឆន្ទៈ​ឡើង​វិញ។ ជា​ដំបូង គាត់​បាន​ប្រាប់​ពួក​យើង​ថា​ថ្ងៃ​ស្អែក​ម៉ោង​១ ពួក​យើង​គួរ​ទៅ​សាលា​ក្រុង​ដើម្បី​ចូល​រួម​ពិធី​ជូន​មេដាយ​ពលរដ្ឋ​គំរូ ដល់​កុមារា​ម្នាក់​ដែល​បាន​ជួយ​សង្គ្រោះ​ក្មេង​ម្នាក់​ពី​ទន្លេ​ប៉ូ (Po) ហើយ​ថ្ងៃ​ចន្ទ​គាត់​នឹង​អាន​សុន្ទរកថា​នៃ​កម្មវិធី​នោះ​ជំនួស​រឿង​និទាន​ប្រចាំ​ខែ។ បន្ទាប់​មក គាត់​បែរ​ទៅ​រក​ហ្ការ៉ូន ដែល​ជ្រប់​មុខ​នឹង​តុ​មិន​ងើប ហើយ​គាត់​ប្រាប់៖

– ហ្ការ៉ូន ចូរ​កូន​តាំង​ចិត្ត​ព្យាយាម​សរសេរ​អ្វី​ដែល​គ្រូ​ហៅ​ឱ្យ​សរសេរ។

យើង​ទាំង​អស់​គ្នា​លើក​ប៊ិច​ឡើង ហើយ​លោក​គ្រូ​ក៏​ចាប់​ផ្ដើម​លំហាត់​សរសេរ​តាម​អាន៖

– យ៉ូសែប ម៉ាហ្សីនី កើត​នៅ​ហ្សេណូវា (Genova) ឆ្នាំ​១៨០៥ និង​ទទួល​មរណភាព​នៅ​ក្រុង​ពីសា (Pisa) ឆ្នាំ​១៨៧២ ជា​បុរស​ម្នាក់​ដែល​ស្រឡាញ់​ជាតិ​មាតុភូមិ​ខ្លាំង​ក្លា។ គាត់​មាន​ចិត្ត​គំនិត​ជា​អ្នក​និពន្ធ​ប្រកប​ដោយ​ទេពកោសល្យ។ គាត់​ជា​ជន​ឈាន​មុខ​ក្នុង​សម័យ​បដិវត្តន៍​អ៊ីតាលី។ ដើម្បី​ស្នេហា​ប្រទេស​ជាតិ គាត់​រស់​នៅ​រហូត​ដល់​៤០​ឆ្នាំ​ក្នុង​ភាព​ទុគ៌ត ត្រូវ​រង​ការ​និរទេស ការ​ជិះ​ជាន់ ធ្លាក់​ដល់​ក្លាយ​ជា​ពិរុទ្ធជន តែ​គាត់​នៅ​ប្រកាន់​ខ្ជាប់​នូវ​ឧត្ដមគតិ​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន។ យ៉ូសែប ម៉ាហ្សីនី​ស្រឡាញ់​ម្ដាយ​គាត់​ណាស់ និង​យក​គំរូ​តាម​សន្ដាន​ចិត្ត និង​ភាព​ថ្លៃ​ថ្នូរ​បរិសុទ្ធ​នៃ​អ្នក​ម្ដាយ។ គាត់​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ជូន​មិត្ត​ស្មោះ​ស្ម័គ្រ​ម្នាក់ ដែល​ជួប​រឿង​អកុសល​ធំ​ធេង។ នេះ​ជា​សម្ដី​ដែល​គាត់​បាន​ចារ​ទៅ៖ «មិត្ត​សម្លាញ់ ឯង​នឹង​លែង​បាន​ឃើញ​ម្ដាយ​ខ្លួន​ទៀត​ហើយ​នៅ​លើ​លោក​នេះ។ នេះ​ជា​ការពិត​មិន​អាច​ប្រែ​ក្រឡាស់​បាន។ ខ្ញុំ​មិន​ទៅ​ជួយ​លួង​ឯង​ដោយ​ផ្ទាល់ ក៏​ព្រោះ​ថា​ទុក្ខ​ព្រួយ​របស់​ឯង​គឺ​ជា​ទុក្ខ​មួយ​ដែល​ត្រូវ​ឆ្លង​កាត់​ដោយ​ខ្លួន​ឯង។ តើ​ឯង​យល់​ពាក្យ​ដែល​ខ្ញុំ​និយាយ​ទេ៖ «ឯង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​នេះ​ដោយ​ខ្លួន​ឯង» ? ឯង​ត្រូវ​យក​ឈ្នះ​ទុក្ខ​វេទនា​ខាង​នេះ ជំនះ​ភាព​អបលក្ខណ៍ ភាព​មិន​បរិសុទ្ធ និង​កម្ចាត់​ចោល​ឱ្យ​អស់​នូវ​អ្វីៗ​ដែល​មិន​ជួយ​ឱ្យ​ចិត្ត​ឯង​ជ្រះ​ថ្លា​ជាង​មុន! ប៉ុន្តែ​ម្ខាង​ទៀត​នៃ​ទុក្ខ ខាង​ដែល​ថ្លៃ​ថ្នូរ បណ្ដុះ​បណ្ដាល​ស្មារតី ខាង​នោះ​ឯង​ត្រូវ​ប្រកាន់​ឱ្យ​ខ្ជាប់​ខ្ជួន​មិន​ត្រូវ​ឱ្យ​របូត​ឡើយ។ គ្មាន​អ្វី​អាច​ជំនួស​ម្ដាយ​ឯង​បាន​ទេ​នៅ​ឋាន​កណ្ដាល​នេះ។ ទោះ​នាវា​ជីវិត​ឯង​ឆ្លង​កាត់​ទុក្ខ​សោក​ព្យុះ​ភ្លៀង​យ៉ាង​ណា ក៏​ឯង​នឹង​មិន​ភ្លេច​គាត់​បាន​ដែរ។ បើ​ដូច្នេះ ឯង​ត្រូវ​ចង​ចាំ​គាត់ ស្រឡាញ់​គាត់ ឧទ្ទិស​បុណ្យ​កុសល​ដល់​គាត់​តាម​កត្តញ្ញូតាធម៌។ ឱ! មិត្ត​សម្លាញ់! ឯង​ស្ដាប់​ខ្ញុំ។ គ្មាន​ទេ​ការ​ស្លាប់​ពិត​ប្រាកដ វា​គ្មាន​អ្វី​ធំ​ដុំ​ទេ។ គ្មាន​នរណា​យល់​ពី​វា​ផង។ យើង​មាន​ជីវិត យើង​គោរព​តាម​គោល​ការណ៍​ជីវិត​យើង យើង​បន្ត​ទៅ​មុខ​ជា​និច្ច។ ម្សិល​មិញ ឯង​មាន​ម្ដាយ​ម្នាក់​នៅ​ឋាន​មនុស្ស។ ថ្ងៃ​នេះ គាត់​ក្លាយ​ជា​ទេវតា​នៅ​ឋាន​ផ្សេង។ ភាវៈ​ល្អ​តែង​តែ​មាន​ជា​និច្ច មិន​បាត់​បង់​ឡើយ និង​កាន់​តែ​ខ្លាំង​ក្លា​លេច​ធ្លោ​អាស្រ័យ​ទៅ​តាម​របៀប​ដែល​យើង​រស់​នៅ​លើ​លោក​នេះ។ វា​ក៏​ដូច​គ្នា​ដែរ​ចំពោះ​ក្ដី​ស្រឡាញ់​នៃ​ម្ដាយ​ឯង។ ពេល​នេះ គាត់​ស្រឡាញ់​ឯង​ជាង​ពេល​ណាៗ​ទាំង​អស់ ហើយ​ឯង​រឹត​តែ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ជាង​ពេល​មុន​ដែរ ព្រោះ​គាត់​នៅ​តាម​ឃុំ​គ្រង​ឯង​ជា​និច្ច។ អំពើ​ដែល​ឯង​សាង​ជា​អ្នក​កំណត់​ជោគ​វាសនា​ថា​ឯង​នឹង​បាន​ជួប​គាត់​ទៀត​ឬ​ទេ​នៅ​សុគតិភព។ ដើម្បី​ក្ដី​ស្រឡាញ់​និង​ក្ដី​គោរព​ដែល​ឯង​មាន​ដល់​អ្នក​ម្ដាយ ឯង​កាន់​តែ​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ ឱ្យ​គាត់​មើល​ឃើញ​ហើយ​សប្បាយ​ចិត្ត​នឹង​កូន​ប្រុស​គាត់។ ដោយ​ហេតុ​នេះ​ហើយ មុន​ពេល​ឯង​ប្រុង​ធ្វើ​អ្វី​មួយ ចូរ​សួរ​ខ្លួន​ឯង​ថា៖ «តើ​ម្ដាយ​អញ​យល់​ស្រប​នឹង​ទង្វើ​អញ​ទេ?» គាត់​ប្រៀប​ដូច​ជា​បាន​ជំនួស​ខ្លួន​នឹង​ទេវតា​ម្នាក់ ដែល​មក​នៅ​ក្បែរ​ខ្លួន​ឯង​និង​ចាំ​មើល​សកម្មភាព​របស់​ឯង​គ្រប់​ពេល​គ្រប់​វេលា។ ឯង​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​រឹង​មាំ​និង​សាង​តែ​អំពើ​ល្អ ត្រូវ​ជំនះ​នូវ​ទុក្ខ​សោក​លិច​លង់​អប្រិយ​នេះ។ ឯង​ត្រូវ​ពង្រឹង​ស្មារតី​រក​ឱ្យ​ឃើញ​នូវ​សេចក្ដី​ស្ងប់​ក្នុង​ចំណោម​ការ​ឈឺ​ចាប់​ទាំង​ឡាយ៖ នេះ​ទើប​ជា​អ្វី​ដែល​ម្ដាយ​ឯង​ប្រាថ្នា​ចង់​បាន។

– ហ្ការ៉ូន – លោក​គ្រូ​និយាយ​បន្ថែម – ឯង​ត្រូវ​តែ​រឹង​មាំ​និង​ប្រកាន់​សេចក្ដី​ស្ងប់ នេះ​ទើប​ជា​អ្វី​ដែល​ម្ដាយ​ឯង​ចង់​បាន។ តើ​ឯង​យល់​ទេ?

ហ្ការ៉ូន​ងក់​ក្បាល​ប្រាប់​ថា​យល់ ទាំង​ហូរ​ទឹក​ភ្នែក​ច្រោកៗ​ស្រក់​លើ​ដៃ លើ​សៀវភៅ លើ​តុ​រៀន។