ចក្ខុវិញ្ញាណ
ឪកោះខ្សាច់សសូរិយារាបលិច រលកព្រិចៗឆ្លុះឃើញចន្រ្ទា
រះមួយចំនិតលើផ្ទៃគង្គា ថ្ងៃនេះពង្ងាគយគន់ម្នាក់ឯង។
សោតវិញ្ញាណ
វេលាមួយ ព្រួយព្រឺព្រួច លួចលបលៃ សព្វម្រឹកព្រៃ រៃកណ្ដឹង ប្រឹងកុំខាន
ធ្លាប់តែស្ងាត់ បាត់សំលេង គេងសុខសាន្ដ មិននឹកស្មាន ប្រាណញ័រញែក ស្រែករំពង។
សន្ធឹកព្រៃ ក្ដីរញ្ជើប ទើបប្រទះ ផ្គររន្ទះ ជះអំណាច កាចតែម្តង
កក្រើកមេឃ ជ្រែកធរណី ទីស្ងាត់ផង ស្ដេចអួតប៉ង យោងកំណើត កើតពីម្ដាយ។
ឃានវិញ្ញាណ
បុប្ផាស្រុកស្រែប្រឹងលាក់ប្រាណ សាយក្លិនកល្យាណក្រអូបក្រៃ
កន្លង់ប៉ងក្បែរថែចរណៃ គន្ធាថ្លាថ្លៃទាក់ចិន្ដា។
ជីវ្ហាវិញ្ញាណ
អន្លក់ទឹកគ្រឿងរៀបជាស្រេច អំបិលស្ករម្រេចល្មមសមសួន
ត្រីអាំងស្វាយខ្ចីឆាត្រកួន សម្រាំងរៀបជូនដល់ពុកម៉ែ។
កាយវិញ្ញាណ
ជំនោរត្រជាក់បក់មកប៉ះកាយ អារម្មណ៍ស្រស់ស្រាយក្នុងចិត្តត្រេកអរ
ពេលឃើញអ្នកទិញមកច្រើនឈូឆរ រងចាំរេរ៉តាមចិញ្ចើមផ្លូវ។
ម្រាមដៃស្រលោនដូចបន្លាក្រូច
សាច់សរលោងទន់ដូចសំឡី
ព្រលឹងវិញ្ញាណ
អង្រឹងយោលយោគដក់ជាប់ក្លិនស្នេហ៍ វាយោបំពេរបងនឹងកល្យាណ
តន្រ្ដីធម្មជាតិពិរោះប្រៀបបាន ដូចសួគ៌ាឋានឥន្ទព្រហ្មទេវតា។
តុលាវិញ្ញាណ
អ្នកបររទេះភ្លឹកភ្លេចភ្លាំង ផ្លូវកោងបត់ខ្លាំងជិតក្រឡាប់
ខ្ញុំឆក់ទាញខ្សែជាប្រញាប់ រួសរាន់ខំចាប់គ្រប់គ្រងល្បឿន។
ចិត្តវិញ្ញាណ
សម្រក់ទឹកភ្នែកលើផែនក្រដាស់ ប៉ាកាចែងច្បាស់រឿងហេតុប្រវត្តិ
ភ្នំឆ្អឹងស្ទឹងឈាមបៀមល្វីងជូរចត់ សំណេរកំនត់ដាស់តឿនកូនខ្មែរ។
ទឹកចិត្តមួយដួងដែលស្រឡាញ់ខ្មែរ ស៊ូរក្សាថែលុះត្រាក្សិណក្ស័យ
(ទាំងកំលាំងចិត្តមនសិកាថ្លៃ គតិកែច្នៃអភិវឌ្ឍជាតិ)។
សារជាតិជាអ្នកប្រមឹក រាល់ថ្ងៃយប់ព្រឹក នឹកតែសុរា។
ពេលយប់នាំគ្នាចូលបា ស្រីញីត្រៀបត្រា អោបឆ្វេងថើបស្ដាំ។
ប្រពន្ធនៅផ្ទះខំចាំ ទឹកភ្នែកសស្រាំ ចាំបងវិលវិញ។
ក្មេងតូចរងារញ័រសប់ប្រាណ ព្រោះគ្មានសន្ដានជួយសប់ជ្រុង
គេងក្រៀមក្រពះនៅក្រៅមុង ដៃព័ទ្ធរង្វង់អោបក្រញង់។
សតិវិញ្ញាណ
ក កើតជាមនុស្សវិសេសក្រៃ ខ ខំលកលៃរាបកិរិយា
គ គន់រូបកាយនិងវាចា ឃ ឃើញយាយតាឪនគោរព។
ង ងឹតងងុលត្បិតមិនដឹង ច ចិត្តខំប្រឹងរៀនសេពគប់
ឆ ឆាប់រាប់អានគ្រប់ប្រភព ជ ជួបចូលស៊ប់វង់អ្នកប្រាជ្ញ។
បញ្ញាវិញ្ញាណ
ត្នោតខ្មែរ (បទ ពាក្យ៧)
(១) ដែនដីសុវណ្ណភូមិមានសព្វគ្រប់ រុក្ខជាតិដុះទ្រុបបៃតងខ្ចី
ថ្លែងពីត្នោតខ្មែរល្អប្រពៃ ប្រជាប្រុសស្រីទទួលផល។
(២) ត្នោតខ្មែរដុះគ្រប់ទីតំបន់ គិតគូរល្អិតល្អន់មិនខ្វាយខ្វល់
និមិត្តរូបខ្មែរយើងតំកល់ ឃើញត្នោតហ៊ានភ្នាល់ថាដីខ្មែរ។
(៣) ថ្លែងពីប្រយោជន៍មានអនេក កូនខ្មែរវែកញែកជាហូរហែ
ពីគល់ដល់ចុងមិនគេចកែ ថ្លែងប្រាប់ពុកម៉ែអស់ចំណោទ។
(៤) ព្រលឹមស្រាងៗមាន់រងាវ លើកដាក់លីអៀវបំពង់តោ្នត
ផ្អោបដើមឬស្សីជីកដីដោត ចង់ខ្សែជាប់ត្នោតឡើងយកទឹក។
(៥) ទឹកត្នោតដែលល្អគាបបីថ្ងៃ រួចហើយលកលៃចិតអោយថ្នឹក
បំពង់ឬស្សីចាំត្រងទឹក លុះដល់ល្ងាចព្រឹកយកមកផ្ទះ។
(៦) ទឹកផ្អែមទឹកជូរតាមចំនង់ សល់ពីបំពង់រៀបចំខ្ទះ
រំងាស់ជាស្ករកុំខ្ចាយខ្ចះ ញាប់ដៃរូតរះលេចចេញច្បាស់។
(៧) ស្ករផែនស្ករពាងទុកបំរុង ញាត់ក្នុងកំប៉ុងទុកប្រើប្រាស់
អាចយកលក់បានកំរៃខ្លះ ចិញ្ចឹមអ្នកផ្ទះមានសិរី។
(៨) ស្លឹកត្នោតកុំចោលធ្វើស្មុកផ្លិត ដេរចាក់អោយជិតកន្ទេលថ្មី
អាពាហ៍ពិពាហ៍កូនប្រុសស្រី ក្រាលជូនតាយាយអង្គុយលេង។
(៩) ធាងគៀវលៃលកវេញជាខ្សែ ចងគោមើលស្រែពេលយើងគេង
ចងជាអំបោសទុកអោយក្មេង ក្រោយពេលរត់លេងធ្វើការងារ។
(១០) ផ្លែខ្ចីទុកធ្វើម្ហូបដាំស្ល បងប្អូនកុះករញ៉ាំជុំគ្នា
ផ្លែទុំធ្វើនំនែកនានា ជជែកសន្ទនាយ៉ាងក្អាកក្អាយ។
(១១) គ្រាប់ខ្ចីទុកធ្វើជាបង្អែម ដាក់ចូលមាត់ផ្អែមសើចសប្បាយ
គ្រាប់ទុំរឹងខ្លាំងកុំជិនណាយ ធ្វើកង់ធ្វើកាយក្មេងកំសាន្ដ។
(១២) ពេលខ្លះភ្លេចខ្លួនលេចក្រពីញ យាយហាមាត់ស្ញេញខំតាមដាន
ស្លាបព្រាកាយគាស់ជូនសន្តាន ពិសាអោយបានសុខភាពល្អ។
(១៣) រីឯដើមវិញមានតំលៃ អាចយកកែច្នៃគ្រឿងលំអ
ធ្វើផ្ទះធ្វើទូករិតបវរ ប្រជាអប់អរចេញនេសាទ។
(១៤) បច្ចុប្បន្នវិទ្យាសាស្រ្ដទំនើប ត្នោតខ្មែរហក់ងើបចេញរាងស្អាត
ផលិតជាស្រាមិនអោយខាត វេចខ្ចប់ស្អាតបាតទៅបរទេស។
(១៥) ដូចនេះកូនខ្មែរជំនាន់ក្រោយ ចូរកុំកន្ដោយភ្លេចខ្លួនធ្វេស
កាប់លក់អោយគេទៅបរទេស ត្នោតខ្ទេចដូចផេះខ្មែរធ្លាក់ខ្សោយ។
(១៦) ប្រយោជន៍ត្នោតខ្មែរច្រើនលើសលុប បរិយាយម៉្ភៃយប់តាមលំដោយ
ក៏រាប់មិនអស់នូវអំណោយ ត្នោតខ្មែរផ្ដល់អោយយើងគ្រប់គ្នា។
និពន្ធដោយ សុខ គឹមហេង
៦ សីហា ២០១០
កំណាព្យប្រស្នា បឹងបទុម (បទ នាគរាជប្លែងឬទ្ធិ មេពាក្យ៨)
(១)ដូនចាស់ខំជីកដីបានជាបឹង បូជាបីព្រលឹងរូបសង្ខារ
រស់សុខមស្លាប់រមនាប៉ងថា និព្វានថីបុប្ផាបទុមរីក។
(២)បន្ទុករាប់រយពាន់ដែលរ៉ាប់រង ដរាបរស់បំព្រងលាតពង្រីក
លូតពណ្ណរាយពីភក់ដែលខ្មៅព្រីក ដូចខ្មែរប្រឹងដុះរីកចំណេះដឹង។
(៣)ចំណុចដែលដូនចាស់សំគាល់ទុក សាយគមទើសនាំទុក្ខកើតកំហឹង
កើនកំហុលក្រហាយទាំងទទឹង ទទះទើសជាប់ឆ្អឹងប្រឹងបែកគម។
(៤)ប្របែកគ្នាប្រឹងដុះផុតផ្ទៃទឹក ផស្សផ្ទោងទាស់ពន្លឹកព្រោះគំនុំ
ព្រៃគំនិតគិតតែខ្ចីមិនទុំ ខ្ចោបមាំទាំទ្រនំអត្មាអញ។
(៥) អង្គត្មោលអញត្មិលគិតគូរពិនិត្យ គួរពំនាក់រាប់មិត្តកុំឈ្នះចាញ់
កល់ឈ្នាន់ចងចិត្តជាមិត្តសំឡាញ់ មេឃស្រឡះស្វិតស្វាញត្រងពន្លឺ។
និពន្ធដោយ សុខ គឹមហេង
០២ ឧសភា ២០១១
សុខ គឹមហេង
០១៧ ៩៨៨ ៨៩២
sok.kimheng@gmail.com
http://www.k4kgroup.wordpress.com
http://www.facebook.com/cyberspacekh
http://www.facebook.com/Nokor.Khmer.Center







































