អង្គការ១៤៩ថ្កោលទោសថៃក្នុងរឿងជម្លោះព្រំដែនជាមួយកម្ពុជា ខែឧសភា 17, 2011
Posted by keoranith in Uncategorized.add a comment
តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៤៩ ស្ថាប័ននៅកម្ពុជា បានប្រតិកម្មតបទៅថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ដែលសង្គមស៊ីវិលទាំងនេះបានអះអាងថា ភាគីថៃកំពុងបង្ហាញពីភាពក្រឡេចក្រឡុចគេចវេះមិនព្រមទទួលយកកម្លាំង អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកសង្កេតការណ៍នៅតំបន់មានជម្លោះ។

ទាហានថៃ នៅយាមកាមក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នៅជំរំបណ្ដោះអាសន្ន បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ នៅខេត្តសុរិន្ទ ជិតព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ មេសា ២០១១។
អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា បានសម្ដែងប្រតិកម្ម ថ្កោលទោសរដ្ឋាភិបាលថៃ ដោយពួកគេបានអះអាងនៅថ្ងៃទី១២ ខែឧសភា ថា រដ្ឋាភិបាលថៃកំពុងព្យាយាមទាត់ចោលលទ្ធផលនៃកិច្ចប្រជុំរវាងថ្នាក់ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ និងឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១១។
ការបញ្ចេញប្រតិកម្មតបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាលពីថ្ងៃទី១០ ខែឧសភា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា បើកម្ពុជាមិនដកទ័ពចេញពីតំបន់ ៤,៦គីឡូម៉ែត្រក្រឡា ក្បែរប្រាសាទព្រះវិហារទេ ប្រទេសថៃនឹងមិនអនុម័តលើកិច្ចព្រមព្រៀងទទួលយកអ្នកសង្កេតការណ៍ ឥណ្ឌូណេស៊ី មកតំបន់ព្រំដែននោះទេ។
លទ្ធផលនៃកិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ និងឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី៩ ខែឧសភា បានសម្រេចលើកញ្ចប់វិធានការមួយមានចំនួន ៦ចំណុច ក្នុងនោះរដ្ឋាភិបាលថៃ បានសន្យាថា នឹងចុះហត្ថលេខាទទួលយកលក្ខខណ្ឌប្រតិបត្តិនៃអ្នកសង្កេតការណ៍ ឥណ្ឌូណេស៊ី ដោយមិននិយាយពីលក្ខខណ្ឌឲ្យកម្ពុជាដកទ័ពចេញពីព្រះវិហារ និងតំបន់ជុំវិញនោះទេ។
លោក ថៅ វាសនា ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ដែលអះអាងជាតំណាងសង្គមស៊ីវិលចំនួន ១៤៩ស្ថាប័ននៅកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា បានចាត់ទុកទង្វើរបស់ថ្នាក់ដឹកនាំថៃ បានបង្ហាញពីពុតត្បុតអាក្រក់ និងបង្ហាញឲ្យសាធារណៈមតិជាតិ អន្តរជាតិ ឃើញកាន់តែច្បាស់ថា ថៃគ្មានឆន្ទៈស្វែងរកដំណោះស្រាយជម្លោះព្រំដែនប្រទេសទាំងពីរ ដោយសន្តិវិធីនោះទេ។
បន្ថែមលើសនេះ ថៃក៏កំពុងព្យាយាមចិញ្ចឹមទំនាស់ និងយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនៃវិបត្តិនយោបាយផ្ទៃក្នុង ខ្លួន និងកំពុងប្រើយន្តការសង្គ្រាម ដើម្បីឈ្លានពានចង់កាន់កាប់ទឹកដីកម្ពុជា។
លោក ថៅ វាសនា ដែលជាប្រធានសមាគមសិទ្ធិមនុស្សកម្ពុជា-អាស៊ាន ផងនោះ បានចាត់ទុលភាពក្រឡេចក្រឡុចរបស់ថ្នាក់ដឹកនាំថៃថា បាននិងកំពុងបន្ទច់បង្អាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាស៊ាន ក្នុងការបង្កើតឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍។
ស្រដៀងគ្នាដែរ លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ក្រៅពីថ្លែងថ្កោលទោសចំពោះភាពមិនទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ កំពូលៗរដ្ឋាភិបាលថៃ មន្ត្រីរូបនេះក៏បានចាត់ទុកទង្វើរបស់រដ្ឋាភិបាលថៃ ថាមិនមានចេតនាពិតរកដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដោយសន្តិភាពនោះទេ។
លោកបន្តថា ៖ «សហគមន៍នៅក្នុងតំបន់មានការសោកស្ដាយចំពោះភាពផ្លាស់ប្ដូរ ឬក៏ភាពក្រឡេចក្រឡុចរបស់ថៃ ក្នុងការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ គឺបានបញ្ជាក់ថា ថៃមិនមានឆន្ទៈនយោបាយពិតប្រាកដដោះស្រាយជម្លោះទេ គឺថៃនៅតែបន្តផ្លាស់ប្ដូរគោលជំហររបស់ខ្លួន ហើយដាក់លក្ខខណ្ឌដែលមិនអាចទទួលយកបាន ដើម្បីបន្ទច់បង្អាក់ទៅនឹងដំណើរការនៃការវិវត្តន៍ក្នុងការ ដោះស្រាយជម្លោះ ដោយយើងទទួលយកនូវអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី។ ជាអ្វីមួយសោកស្ដាយ ហើយបង្ហាញថា ថៃមិនមានឆន្ទៈនយោបាយពិតប្រាកដទេ»។
ជម្លោះនេះដែរ លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម បានថ្លែងដោយដាក់ក្ដីសង្ឃឹមទៅលើក្រុមប្រឹក្សាអង្គការសហប្រជាជាតិ និងការបកស្រាយសាលក្រមតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ឆ្នាំ១៩៦២ ទើបអាចបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ បាន។
លោក ប៉ូ សំណាង បន្ថែម ៖ «យើងមិនបាច់ទៅវែងឆ្ងាយជាមួយភាគីថៃ ទៀតទេ ពីព្រោះយើងឃើញថា បំណងរបស់គេ គេរាំងស្ទះបាត់ទៅហើយ គឺគេមានលំនឹងរបស់គេខ្ពស់នៅក្នុងអាស៊ាន រួចហើយ។ ដូច្នេះកម្ពុជា សង្ឃឹមតែទៅលើអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសន្តិសុខ និងសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ លើកយកមកបកស្រាយនោះ»។
អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក រីឆាត រ៉ោត ជែម (Richard Riot Jaem) ថ្មីៗនេះបានប្រាប់កាសែតថា ជម្លោះព្រំដែនកម្ពុជា-ថៃ ប្រសិនបើថៃឯកភាព និងគោរពកិច្ចព្រមព្រៀងទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មានវត្តមាននៅតំបន់មានជម្លោះ គឺការប្រយុទ្ធគ្នាដោយអាវុធនឹងមិនអាចកើតទៀតទេ។
យ៉ាងណាក៏ដោយ សេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី១២ ខែឧសភា តំណាងឲ្យស្ថាប័នឯករាជ្យចំនួន ១៤៩ នៅកម្ពុជា បានថ្កោលទោសចំពោះការអនុវត្តនយោបាយវាតទីនិយមរបស់ថ្នាក់ដឹកនាំ ថៃ ប្រឆាំងនឹងកម្ពុជា ដែលតែងបង្កឡើងជាញឹកញាប់ក្នុងមហិច្ឆតានយោបាយខ្ចប់ទ្វារវាយ កម្ពុជា ដើម្បីបម្រើឲ្យយុទ្ធសាស្ត្រឈ្លានពានទឹកដីសំអាងលើផែនទីឯកតោភាគី នោះ។
កាលពីថ្ងៃទី១០ ខែឧសភា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បន្ទាប់ពីវិលត្រឡប់ពីចូលរួមប្រជុំត្រីភាគីកម្ពុជា ថៃ ឥណ្ឌូណេស៊ី បានឲ្យអ្នកកាសែតដឹងថា កិច្ចព្រមព្រៀងជាកញ្ចប់ ៦ចំណុច ដែលកម្ពុជា-ថៃ បានព្រមព្រៀងជាមួយគ្នា បើទោះបីជារដ្ឋាភិបាលលោក អាភីស៊ិត វេតឆាឈីវ៉ាក់ បានក្លាយជារដ្ឋាភិបាលចាំផ្ទះក្រោយពីការរំលាយសភាក៏ដោយ ក៏រដ្ឋាភិបាលនេះនៅដំណើរការជាធម្មតា ហើយថា ប្រទេសនីមួយៗនឹងស្នើទៅរដ្ឋាភិបាលរបស់ខ្លួនឲ្យទទួលយកការ ព្រមព្រៀងជាកញ្ចប់នេះ ដោយវិជ្ជមានឆាប់ៗតាមដែលអាចធ្វើទៅបាន។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកសកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិល ចំពោះបញ្ហាព្រំដែនថា ជាឆន្ទៈរបស់ពួកគេ។ ប៉ុន្តែជម្លោះព្រំដែននេះ រដ្ឋាភិបាលកំពុងរង់ចាំការឆ្លើយតបការបកស្រាយសាលក្រមពីស្ថាប័ន តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកម្ពុជាបានស្នើកិច្ចអន្តរាគមន៍រួចហើយនោះ។
លោក ផៃ ស៊ីផាន បន្ថែម ៖ «គ្មានអ្វីក្រៅពីអនុវត្តន៍នូវស្មារតី របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយនិងការគោរពនូវកិច្ចប្រឹងប្រែងរបស់រដ្ឋមន្ត្រីក្រសួងការបរទេស ឥណ្ឌូណេស៊ី ដែលជាប្រធានរបស់អាស៊ាន»។
បន្ថែមលើនេះ សង្គមស៊ីវិលក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យចាត់វិធានការម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់មហិច្ឆតាល្មោភសង្គ្រាម និងបញ្ឈប់សកម្មភាពឈ្លានពាន ដែលថៃបង្កមកលើកម្ពុជា ក៏ដូចជាបញ្ចៀសនូវការបាត់បង់អាយុជីវិត មនុស្សជាតិទាំងសងខាង។
ទោះជាបែបណាក្ដី តំណាងអង្គការសមាគមមិនមែនរដ្ឋាភិបាល និងសហជីពចំនួន ១៤៩ស្ថាប័ននៅកម្ពុជា បានប្រកាសគាំទ្រនូវជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងថា កម្ពុជាមិនអាចដកកងទ័ព និងប្រជាពលរដ្ឋចេញពីទឹកដីរបស់ខ្លួន ឬចេញពីតំបន់ ៤,៦គីឡូម៉ែត្រក្រឡាក្បែរប្រាសាទព្រះវិហារ ដែលថៃបានទាមទារនោះទេ៕
រដ្ឋមន្ត្រីក្រសួងការពារជាតិទៅចូលរួមកិច្ចប្រជុំនៅឥណ្ឌូណេស៊ី ខែឧសភា 17, 2011
Posted by keoranith in Uncategorized.add a comment
ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាន នៅឆ្នាំ២០១១ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេស អាស៊ាន នៅក្នុងទីក្រុងហ្សាកាតា រយៈពេល ៤ថ្ងៃ នៅក្នុងសប្ដាហ៍នេះ។

១៧-ឧសភា-២០១១៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានមុនពេលចេញដំណើរទៅប្រជុំនៅ ប្រទេសឥណ្ឌូណេស៊ី នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ឧនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១១ ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ អាស៊ាន លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១១ នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដោយផ្ដោតលើបញ្ហាសន្តិសុខនៅក្នុងតំបន់ កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងបញ្ហាសន្តិសុខនៅតាមព្រំដែននៃប្រទេសជាសមាជិក។
លោក ទៀ បាញ់ បានដឹកនាំគណៈប្រតិភូយោធាកម្ពុជា សរុប ២៤នាក់ ទៅចូលរួមក្នុងកិច្ចប្រជុំនោះ។ លោកក៏មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារ ជាតិថៃ លោក ប្រាវីត វង់សូវ៉ាន់ (Prawit Wongsuwan) ផ្ដោតលើស្ថានការណ៍ជម្លោះ ប្រដាប់អាវុធរវាងកម្ពុជា និងថៃ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ នៅមុនចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១១ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា កិច្ចប្រជុំនោះគឺជាឱកាសសំខាន់មួយសម្រាប់ឲ្យរដ្ឋមន្ត្រីការពារ ជាតិអាស៊ាន បានជួបពិភាក្សាគ្នាលើបញ្ហាសន្តិសុខក្នុងតំបន់។
លោក ទៀ បាញ់ បានថ្លែងថា ៖ «ជាពិសេសនោះ នៅល្ងាចថ្ងៃទី១៨ នេះ នឹងអាចមានការជួបខ្លីមួយរវាងខ្ញុំជាមួយនឹងលោក ប្រាវីត វង់សូវ៉ាន់ នៅឯទីក្រុងហ្សាកាតា នេះផងដែរ ហើយការជួបនេះ គឺច្បាស់ណាស់ អាចនឹងមានការជជែកគ្នាផ្នែកណាមួយ ពិសេសអំពីបញ្ហាដែលមានជម្លោះរវាងកម្ពុជា និងថៃនេះជាក់ជាមិនខាន»។
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសសមាជិកអាស៊ានចំនួន ១០ គេរំពឹងថា នឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះ រាប់ទាំងប្រទេសកម្ពុជា និងថៃផង។
កាសែតថៃ ឈ្មោះ ម្គុត (MCOT) បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាវីត វង់សូវ៉ាន់ មានគម្រោងការជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារ ជាតិកម្ពុជា លោក ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសឥណ្ឌូណេស៊ី ម៉ាទ្បេស៊ី វៀតណាម និងសិង្ហបុរី ផ្ដោតលើកិច្ចសហប្រតិបត្តិការសន្តិសុខនៅតាមព្រំដែន និងការជឿទុកចិត្តគ្នានៅក្នុងតំបន់។
អ្នកវិភាគស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា លោករំពឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ មិនអាចដោះស្រាយបញ្ហាជាផ្លូវការជាមួយភាគីកម្ពុជាបានទេនៅពេលនេះ ៖ «រដ្ឋាភិបាលថៃ បានរំលាយសភាចោលហើយ ហើយរដ្ឋាភិបាលសព្វថៃ្ងជារដ្ឋាភិបាលចាំផ្ទះ។ ទោះបីជាខាងកងទ័ពចេញមុខដោះស្រាយបញ្ហា ក៏មិនមែនផ្លូវការដែរ។ តែគ្រាន់តែជាការសម្រួលកម្លាំងមិនឲ្យផ្ទុះអាវុធ អាហ្នឹងអាច ប៉ុន្តែរាល់ការដោះស្រាយអ្វីជាផ្លូវការមិនអាចទៅបានទេ ពីព្រោះរដ្ឋាភិបាលមួយមិនទាន់បានកើត»។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា លោក ជា ម៉ន និងមេបញ្ជាការភូមិភាគទី២ របស់ថៃ លោក សុវត្ថិឆ័យ សាមុតសាខន បានឯកភាពគ្នាលើ ៦ចំណុច លើបទឈប់បាញ់ ក្រោយពីយោធាថៃ និងកម្ពុជា បានបើកការបាញ់ប្រហារគ្នាទ្រង់ទ្រាយធំតាំងពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៤ ឧសភា ឆ្នាំ២០១១។
ភាគីកម្ពុជា បានចោទថា យោធាថៃ ជាអ្នកបាញ់ប្រហារមុន ដើម្បីឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងប្រសាទតាមាន់ ប៉ុន្តែមិនបានសម្រេច៕
សវនាការបឋមលើសំណុំរឿង០០២ ធ្វើឡើងនៅចុងខែមិថុនា ខែឧសភា 17, 2011
Posted by keoranith in Uncategorized.add a comment
សវនាការបឋមលើសំណុំរឿងលេខ ០០២ នឹងត្រូវធ្វើឡើងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២៧មិថុនាខាងមុខ។ សវនាការដោយបិទទ្វាររយៈពេល ៤ ថ្ងៃនោះ ចៅក្រមនឹងពិនិត្យលើបញ្ជីឈ្មោះសាក្សី អ្នកជំនាញ និងដើមបណ្តឹងរដ្ឋប្បវេណី សរុបជាង ១០០០នាក់ ថាតើមានសាក្សី អ្នកជំនាញ និងដើមបណ្តឹងរដ្ឋប្បវេណី ប៉ុន្មាននាក់នឹងត្រូវកំណត់ឲ្យឡើងធ្វើសក្ខីកម្ម និងសេចក្តីថ្លែងការណ៍ក្នុងសវនាការជាសាធារណៈ ដែលអាចនឹងធ្វើឡើងនៅខែសីហា ឬដើមខែកញ្ញា ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា សវនាការបឋមលើសំណុំរឿង០០២ នឹងធ្វើឡើង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០មិថុនាខាងមុខ។ ជាសវនាការ ដែល អង្គជំនុំជម្រះសាលាដំបូង នឹងពិនិត្យលើបញ្ជីឈ្មោះរបស់សាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញ ដែលមានឈ្មោះក្នុងបញ្ជីសរុបជាង ១.០០០នាក់។ អង្គជំនុំជម្រះ ក៏នឹងពិនិត្យមើល ថាតើមានសាក្សី អ្នកជំនាញ និងដើមបណ្តឹងរដ្ឋប្បវេណីប៉ុន្មាននាក់ ដែលនឹងត្រូវជ្រើសតាំងហើយអនុញ្ញាតឲ្យមកធ្វើសក្ខីកម្ម ឬសេចក្តីថ្លែងការណ៍ ក្នុងពេលសវនាការជាសាធារណៈលើសំណុំរឿង០០២។
អ្នកនាំពាក្យ បានបន្ថែមថា សវនាការជាសាធារណៈលើសំណុំរឿង០០២ អាចនឹងធ្វើឡើង នៅចុងខែសីហា ឬដើមខែកញ្ញា ឆ្នាំ២០១១។
ជាការកត់សម្គាល់ ក្នុងចំណោមសាក្សីលើសំណុំរឿងលេខ ០០២ ក៏មានឈ្មោះលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង ដែលត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ៣៥ឆ្នាំ អាចនឹងត្រូវឡើង ធ្វើជាសាក្សីផងដែរ។
សំណុំរឿងលេខ ០០២ មានជនជាប់ចោទជាអតីតមេខ្មែរក្រហម ៤ រូប រួមមាន៖ លោក ខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម លោក នួន ជា អតីតប្រធានរដ្ឋសភាខ្មែរក្រហម លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចសម័យខ្មែរក្រហម។ អតីតមេខ្មែរក្រហមទាំង ៤ រូប ត្រូវបានចាប់ឃុំឃាំងនៅសាលាក្តីខ្មែរក្រហម ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០០៧។
អតីតមេដឹកនាំខ្មែរក្រហមទាំង ៤ រូប ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងបទប្រល័យពូជសាសន៍ តាមរយៈការដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ដែលនាំឲ្យមនុស្សស្លាប់ជិត ២ លាននាក់ ក្នុងចន្លោះពីថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦មករា ឆ្នាំ១៩៧៩៕
Hello world! ខែសីហា 2, 2009
Posted by keoranith in Uncategorized.1 comment so far
Welcome to WordPress.com. This is your first post. Edit or delete it and start blogging!
