ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេស ក្បែរបឹងទន្លេសាប។ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។
ហើយគេសង្កេតឃើញថាខេត្តនេះបានទទួលបានភ្ញៀវទេសចរណ៍ជាច្រើននាក់ ទាំងភ្ញៀវជាតិអន្តរជាតិតាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងពីសតវត្សទី ១២ ដល់ ១៣។ ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមាន ប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏បវរនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ ស្ថិតនៅប៉ែកពាយ័ព្យនៃ ប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.ម២។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។









