ភាពជាអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យ
ការដឹកនាំជាកត្តាសំខាន់បំផុតមួយដែលកំណត់ជោគជ័យឬបរាជ័យរបស់សហគមន៏ ស្ថាប័នអង្គការ ឬប្រទេសជាតិ។ លោកយ៉ន ម៉ាក្សវែល អ្នកឯកទេសដ៏ល្បីនៃភាពជាអ្នកដឹកនាំបាននិយាយថា “អ្វីៗទាំងអស់ងើបឡើង ឬធ្លាក់ចុះដោយសារតែភាពជាអ្នកដឹកនាំ”។ ប្រវត្តិសាស្រ្តនៃជាតិនិមួយៗបានបញ្ជាក់ម្តងហើយម្តងទៀតថានៅពេលដែលមានអ្នកដឹកនាំល្អមកដឹកនាំ ជាតិមួយនោះបានសុខ រុងរឿង ថ្កុំថ្កើន។ ផ្ទុយទៅវិញនៅពេលដែលមានអ្នកដឹកនាំមិនល្អមកកាន់ចង្កូតប្រទេសជាតិ ប្រទេសនោះតែងជួបការចលាចល ភាពវឹកវរ មហន្តរាយ អត់ឃ្លាន និងបង្កទុក្ខលំបាកជាច្រើនដល់ប្រជារាស្រ្ត។
នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកដឹកនាំប្រទេសត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋតាមរយះការបោះឆ្នោត ហេតុដូច្នេះហើយជាការសំខាន់ណាស់ដែលប្រជាពលរដ្ឋត្រូវយល់ដឹង និងចេះកត់សំគាល់ពីលក្ខណះសម្បត្តិរបស់អ្នកដឹកនាំល្អ ដើម្បីពួកគេអាចសម្រេចចិត្តជ្រើសរើសត្រូវពេលបោះឆ្នោតម្តងៗ។
នៅក្នុងប្រទេសកម្ពុជាដែលបានកំពុងខិតខំប្រឹងប្រែងអនុវត្តលទ្ធិប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ ១៩៩៣មក ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីភាពជាអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យមានសារះប្រយោជន៏ខ្លាំងសំរាប់ការកសាងសង្គមប្រជាធិបតេយ្យមួយដ៏ត្រឹមត្រូវ។ នៅពេលដែលប្រជាពលរដ្ឋ យល់ដឹងច្បាស់ពីលក្ខណះសម្បត្តិរបស់អ្នកដឹកនាំល្អ ចេះសង្កេត កត់សំគាល់តាមរយះពាក្យសំដី ទង្វើ និងការបង្ហាញពីរបៀបធ្វើការ ការព្យាយាមតស៊ូរបស់អ្នកដឹកនាំ ពលរដ្ឋអាចវាយតំលៃបានថា តើក្នុងចំណោមអ្នកនយោបាយខ្មែរដែលប្រកួតប្រជែងគ្នា មួយណាឬក្រុមណាដែលពួកគាត់អាចទុកចិត្តបានដើម្បីផ្តល់សំឡេងគាំទ្រនិងទំនុកចិត្តឲ្យទៅរៀបចំចាត់ចែងដឹកនាំប្រទេសជាតិតាមបែបប្រជាធិបតេយ្យ។ ខាងក្រោមនេះជាលក្ខណៈវិនិច្ឆ័យសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋអាចស្វែងយល់និងកត់សំគាល់ពីភាពជាអ្នកដឹកនាំល្អនៃអ្នកនយោបាយដែលកំពុងប្រកួតប្រជែងនៅក្នុងស្រុកខ្មែរ៖
១. មានសុចរិតភាព៖ យើងអាចកត់សំគាល់បានទៅលើអ្នកនយោបាយណាមួយ ឬក្រុមនយោបាយណាមួយថាមានសុចរិតភាពតាមរយះនៃការស្តាប់ពាក្យសំដី និងសង្កេតពីទង្វើរបស់ពួកគាត់។ អ្នកដែលមានសុចរិតភាពខ្ពស់គឺមានភាពស៊ីសង្វាក់គ្នាខ្លាំងរវាងពាក្យសំដី និងទង្វើរបស់គាត់។ អ្នកដឹកនាំបែបនេះតែងគោរពពាក្យសន្យា និយាយយ៉ាងណាធ្វើយ៉ាងនោះ ចេះទទួលកំហុស មិននិយាយកុហកបោកប្រាស។ ភាសាចាស់បុរាណច្រើននិយាយថា “ហ៊ានថាហ៊ានធ្វើហ៊ានទទួលខុសត្រូវ”។ អ្នកនយោបាយដែលមានសុចរិតភាពខ្ពស់តែងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ គាត់មិនយកការទុកចិត្តរបស់ប្រជាពលរដ្ឋទៅដោះដូរដើម្បីអំណាចលាបសក្ការះផ្ទាល់ខ្លួនឡើយ។ ពួកគាត់និយាយស្មោះត្រង់ ការពិតជាមួយពលរដ្ឋនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន។
អ្នកដឹកនាំដែលខ្វះសុចរិតភាព ឬមានសុចរិតភាពទាបចូលចិត្តនិយាយអ្វីដែលទាក់ទាញតែប្រជាប្រិយភាព ទោះបីជាត្រូវកុហកប្រជាពលរដ្ឋក៏ដោយ។ ពួកគាត់ចូលចិត្តធ្វើសេចក្តីសម្រេចចិត្តដើម្បីប្រយាជន៏ផ្ទាល់ខ្លួនជាធំ ហើយថែមទាំងព្យាយាមនិយាយពន្យល់ភូតកុហកនូវទង្វើរបស់ខ្លួន។
២. ជាអ្នកបំរើផ្តល់គំរូនៃការលះបង់៖ អ្នកដឹកនាំល្អតែងមានស្មារតីជាអ្នកបំរើសហការីដែលគាត់ធ្វើការជាមួយ មិនមានអត្តចរិកបែបជាចៅហ្វាយនាយប្រើសហការីតាមអំពើចិត្ត។ គាត់តែងមានចិត្តចង់ជួយអ្នកដ៏ទៃឲ្យសំរេចគោលដៅល្អ។ ជាពិសេសគាត់តែងផ្តល់គំរូនៃការលះបង់ដូចជាហ៊ានលះបង់អំណាចឬតួនាទីក្រោយការកាន់កាប់តួនាទីក្នុងរយះពេលកំណត់មួយ (មិនធ្វើនាយករដ្ឋមន្រ្តីឬមេបក្សមួយជីវិត)។ មានជាឧទាហរណ៏ដូចជា លោកហ្សក វ៉ាស៊ីនតោន ប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិកបានបង្កើតប្រព័ន្ធដឹកនាំប្រទេសបែបប្រធានាធិបតីដោយបោះឆ្នោតហើយមានអណត្តិ ហើយចាកចេញពីអំណាចបន្ទាប់ពីធ្វើប្រធានាធិបតីបានពីរអណត្តិ បើទោះបីគាត់អាចធ្វើប្រធានាធិបតីមួយជីវិតក៏ដោយ។ ក៏ដូចគ្នាដែរ លោក ណែលសិន ម៉ាន់ដេឡា ប្រធានាធិបតីទីមួយបែបប្រជាធិបតេយ្យនៃអាព្រិកខាងត្បូងបានលាឈប់សំរាកបន្ទាប់ពីកាន់តួនាទីបានមួយអណត្តិ។ លោក មហាត្មៈ គន្ធីមិនទទួលយកតំណែងផ្លូវការណាមួយឡើយបន្ទាប់ពីរំដោះប្រទេសឥណ្ឌាចេញពីអាណានិគមអង់គ្លេស បើទោះបីគាត់ជាអ្នកដឹកនាំឈានមុខគេក៏ដោយ។ នេះហើយជាគំរូល្អៗដែលអ្នកនយោបាយខ្មែរត្រូវធ្វើសំរាប់កូនខ្មែរជំនាន់នេះនិងជំនាន់ក្រោយ។
អ្នកដឹកនាំដែលគិតតែប្រយោជន៏ផ្ទាល់ខ្លួននិងក្រុមគ្រួសារ មានភាពអត្មានិយមខ្លាំងបង្ហាញគំរូមិនល្អជាច្រើន ដូចជាការថែរក្សានិងពង្រឹងអំណាច ដណ្តើមអំណាច ដឹកនាំបែបគ្រួសារនិយមនិងបក្សពួកនិយម លក់ទ្រព្យសម្បត្តិជាតិ។
៣. មានទស្សនវិស័យវែងឆ្ងាយ៖ អ្នកដឹកនាំនយោបាយល្អតែងមានការសំឡឹងមើលបានវែងឆ្ងាយពីការអភិវឌ្ឍប្រទេសជាតិ ហើយធ្វើការសម្រេចចិត្តក្នុងទិសដៅវែងឆ្ងាយនោះ។ ពួកគាត់គិតពីការរៀបចំប្រព័ន្ធគ្រប់គ្រងប្រទេសនិងបក្សនយោបាយបែបប្រជាធិបតេយ្យសំរាប់អ្នកជំនាន់ក្រោយ មាននយោបាយអភិវឌ្ឍប្រទេសដែលយកចិត្តទុកដាក់លើចីរភាព ដូចជានយោបាយគ្រប់គ្រងធនធានធម្មជាតិ និងមានការត្រៀមរៀបចំសង្គមសំរាប់អនាគតវែងឆ្ងាយដើម្បីកាត់បន្ថយហានិភ័យជាតិធំៗ ដូចជាភាពវឹកវរ វិបត្តសង្គម បាត់បង់ឯករាជ្យភាពជាតិ ភាពអត់ឃ្លាន និងខ្វះអ្នកបន្តវេន។
អ្នកដឹកនាំដែលគ្មានទស្សនវិស័យវែងឆ្ងាយ យកចិត្តទុកដាក់តែពីការថែរក្សានិងពង្រឹងអំណាចឬត្រឹមតែទៅដណ្តើមអំណាចប៉ុណ្ណោះ។ ពួកគាត់ច្រើនធ្វើសេចក្តីសម្រេចចិត្ត រៀបចំប្រព័ន្ធដឹកនាំបក្សនិងរដ្ឋដើម្បីប្រយាជន៏ផ្ទាល់ខ្លួន ក្រុមគ្រួសារនិងបក្សពួក ហើយមិនយកចិត្តទុកដាក់ដល់ការរៀបចំប្រព័ន្ធដើម្បីប្រយាជន៏ជាតិវែងឆ្ងាយទេ។
៤. ចេះស្តាប់អ្នកដ៏ទៃ៖ អ្នកដឹកនាំនានាៗរួមទាំងអ្នកនយោបាយកាលណាឈរនៅទីតាំងកាន់តែខ្ពស់កាន់តែត្រូវការនូវគំនិតយោបល់ល្អៗពីអ្នកដ៏ទៃ។ អ្នកដឹកនាំល្អគឺជាអ្នកដែលចេះស្តាប់និងប្រមូលយកយោបល់ល្អៗពីពលរដ្ឋ បញ្ញវន្ត និងអ្នកនៅជុំវិញខ្លួនដើម្បីធ្វើសេចក្តីសម្រេចចិត្តត្រូវ មិនមានមានអត្តចរិកគិតថាអញចេះជាងគេឬដឹងជាងគេហើយធ្វើសេចក្តីសម្រេចចិត្តបែបអន្ថោម័តនោះទេ។ ជាពិសេសក្នុងការបំពេញការងារ គាត់ត្រូវចេះគោរពការធ្វើសេចក្តីសម្រេចចិត្តរួមជាក្រុម ដោយមិនធ្វើសេចក្តីសម្រេចចិត្តតែឯកឯងទេ។
អ្នកដឹកនាំមិនល្អមិនចូលចិត្តស្តាប់គំនិតយោបល់អ្នកដ៏ទៃទេ ជាពិសេសគំនិតយោបល់ដែលខុសពីខ្លួនគិត ឬបែបតិទៀន។ ពួកគាត់ចូលចិត្តតែគំនិតយោបល់បែបកោតសរសើរ ហើយចូលចិត្តធ្វើការសម្រេចចិត្តបែបអត្ថនោម័ត ដោយគិតថាគាត់ចេះដឹងជាងគេ។
៥. បណ្តុះអ្នកដឹកនាំឲ្យបានច្រើន៖ អ្នកដឹកនាំនយោបាយល្អតែងមានស្មារតីអប់រំនិង បណ្តុះមនុស្សជាច្រើនទៀតឲ្យក្លាយជាអ្នកដឹកនាំដើម្បីជួយបំពេញការងារដោយចេះយល់ដឹង ពិចារណា និងធ្វើសេចក្តីសម្រេចចិត្តត្រូវដោយខ្លួនឯង។ ពួកគាត់យកចិត្តទុកដាក់ លើកទឹកចិត្តនិងអភិវឌ្ឍអ្នកនៅក្បែរខ្លួនឲ្យក្លាយជាអ្នកដឹកនាំល្អចេះគិតប្រយោជន៏ជាតិ ប្រជាជនជាធំ ដោយមិនភ័យខ្លាចពីការប្រណាំងប្រជែងដណ្តើមតួនាទីឬកិត្តិនាមពីគាត់ឡើយ។ បន្តែមពីនេះពួកគាត់យកចិត្តទុកដាក់បង្កើតយន្តការបណ្តុះអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិនិងវិស័យផ្សេងៗឲ្យក្លាយជាអ្នកដឹកនាំដ៏ឈ្លាសវៃមិនចាំបាច់រង់ចាំបញ្ជាពីថ្នាក់លើក្នុងការដោះស្រាយបញ្ហានានានៅមូលដ្ឋានឬតាមវិស័យផ្សេងៗឡើយ។ ជាពិសេសបណ្តុះយុវជនឲ្យក្លាយជាអ្នកដឹកនាំល្អ សំរាប់បន្តវេនជាទំពាំងស្នងឫស្សី។
អ្នកដឹកនាំនយោបាយមិនល្អចូលចិត្តនយោបាយប្រជាពិថុត បណ្តុះឲ្យមនុស្សដើរតែតាមគាត់ ចាំតែស្តាប់បញ្ជាពីគាត់ ហើយឲ្យគិតប្រយោជន៏ផ្ទាល់ខ្ឡួនជាធំ។ គាត់ខំប្រឹងតែឲ្យអ្នកដ៏ទៃជួយឲ្យគាត់ល្បីឈ្មោះ ពង្រឹងពង្រីកអំណាចរបស់គាត់ប៉ុណ្ណោះ។
៦. មានទំនុកចិត្តនិងលើកទឹកចិត្តដល់សហការី៖ អ្នកនយោបាយដែលមានភាពជាអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យតែងមានទំនុកចិត្តដល់សហការីល្អៗនៅជុំវិញខ្លួននិងនៅខាងក្រោម (ឧទាហរណ៏ថ្នាក់ឃុំ ស្រុក ខេត្ត) ហើយប្រគល់អំណាចនិងធនធានគ្រប់គ្រាន់ដល់ពួកគេឲ្យបំពេញការងារបំរើប្រជាពលរដ្ឋ។ ពួកគាត់តែងទុកចិត្តនិងលើកទឹកចិត្តដល់អ្នកដែលបំពេញការងារបានល្អប្រសើរហើយផ្តល់ឪកាសអោយសហការីអភិវឌ្ឍខ្លួនកាន់តែ ខ្លាំងថែមទៀតដើម្បីឈានទៅកាន់ការងារកាន់តែធំនិងសំខាន់។
អ្នកដឹកនាំមិនល្អចូលចិត្តប្រមូលផ្តុំអំណាចនិងធនធាននៅតែទីតាំងឬតួនាទីរបស់ខ្លួនទេ ព្រោះមិនទុកចិត្តនិងភ័យខ្លាចអ្នកដ៏ទៃរួមទាំងសហការីខ្លួនផងដណ្តើមអំណាចឬកិត្តិនាម។
៧. ចេះជ្រើសរើសអ្នកមានសមត្ថភាពនិងគុណធម៏៖ អ្នកដឹកនាំល្អបែបប្រជាធិបតេយ្យចេះបង្កើតយន្តការឲ្យមានការជ្រើសរើសអ្នកកាន់ការងារសំខាន់ៗប្រកបដោយយុត្តិធម៏ និងតម្លាភាព ដើម្បីទទួលបានអ្នកដឹកនាំជាច្រើនទៀតដែលមានសមត្ថភាពចំរុះ មានគុណធម៍ មានសុចរិតភាព ហើយចេះបង្កលក្ខណៈឲ្យពួកគេធ្វើការជាមួយគ្នាជាក្រុម។ អ្នកដឹកនាំល្អលើកទឹកចិត្តឲ្យសហការីមានសមត្ថភាពទាំងនោះហ៊ានចេះតិះទៀនថ្នាក់ដឹកនាំបែប ស្ថាបនា ដើម្បីទទួលបានគំនិតល្អៗបន្ថែមទៀត ក៏ដូចជាការកែតំរូវគំនិតខុសឆ្គងទាំង ឡាយ។
អ្នកដឹកនាំដែលខ្វះចរិកបែបប្រជាធិបតេយ្យ នៅមានគំនិតអញជាធំបែបអភិជន ចូលចិត្តជ្រើសរើសមនុស្សមកធ្វើការជាមួយច្រើនតែសាច់ញ្ញាតិបងប្អូន ឬបក្សពួក ឬអ្នកគ្រាន់តែចេះអែបអបសរសើរខ្លួនប៉ុណ្ណោះ។ អ្នកដឹកនាំរបៀបនេះមិនចូលចិត្តការតិទៀនទោះបីបែបស្ថាបនាក៏ដោយ។
- មានភាពក្លាហាន៖ អ្នកដឹកនាំល្អបែបប្រជាធិបតេយ្យតែងមានទឹកចិត្តស្នេហាជាតិនិងប្រជាជនខ្ពស់។ ដោយសារតែទឹកចិត្តដ៏ល្អប្រពៃនេះហើយទើបពួកគាត់មានការតស៊ូព្យាយាមជំនះឧបសគ្គធំៗដើម្បីសម្រេចគោលដៅដែលជាអត្ថប្រយោជន៏ដ៏ធំរបស់ជាតិ។ ការប្តេជ្ញាចិត្តខ្ពស់ដើម្បីជាតិមាតុភូមិបណ្តាលឲ្យពួកគាត់ហ៊ានដើរឆ្លងសេចក្តីភ័យខ្លាចទាំងឡាយ ពង្រឹងភាពជឿជាក់លើខ្លួននិងមានស្មារតីរឹងមាំក្នុងស្ថានភាពជ្រួលច្របល់ឬតានតឹងខ្លាំង។
អ្នកដឹកនាំដែលខ្វះទឹកចិត្តស្នេហាជាតិខ្ពស់ នៅមានភាពអត្មានិយមខ្លាំង ច្រើនចុះចាញ់ឧបសគ្គធំៗចំពោះមុខ រត់យករួចខ្លួន ហើយទុកឲ្យប្រជាពលរដ្ឋរងទុក្ខនិងអស់សង្ឃឹម។