ដោយ អាន រស្មី
ថ្ងៃទី២៨មីនា២០២១
@កំពង់ធំ
អស់រយៈពេលពីរឆ្នាំជាងមកហើយ ដែលខ្ញុំបាននាំខ្លួនខ្ញុំចូលមកក្នុងអគារទាមផ្ទាល់ដីតូចមួយខ្នងកណ្តាលក្រុងស្ទឹងសែន ស្ទើតែគ្មាននរណាស្គាល់ថាទីនេះជាកន្លែងជំនុំនៃមនុស្សមួយក្រុម ដែលហៅខ្លួនឯងថាក្រុមជំនុំនៃព្រះវិញ្ញាណដ៏បរិសុទ្ធ ទីនោះគឺជាព្រះវិហារនៃគ្រីស្ទសាសនាមួយ។ នាំខ្លួនឯងមកនេះថាជាការបង្ខំក៏មិនមែន ថាមានភក្តីខ្លាំងចំពោះព្រះក៏មិនមែន ប៉ុន្តែមានមូលហេតុខ្លះៗដែរ ដែលខ្ញុំអាចជម្រាបនៅទីនេះបាន។ ទីនេះពិតតែតូច តែជាទាមបែបផ្ទះចិន ខាងក្នុងមានបរិយាកាសត្រជាក់ស្រួល ស្រឡះស្អាតគ្មានធូលី ជញ្ជាំងស មានលំអផើងថ្កាពីរអមតុសន្ទរកថាបញ្ឈរសម្រាប់បាំងដងខ្លួនគ្រូឈរបង្រៀន។ ទីនេះសមនឹងពាក្យថា បរិសុទ្ធ ដូច្នោះមែន។ ជាញឹកញាប់ណាស់ ដែលកំលុងពេលថ្វាយបង្គំ ខ្ញុំលក់ក្នុងតែញ៉យ ហើយអ្នកអង្គុយក្បែរដាស់ហៅនិងដៃកេសខ្លួនខ្ញុំពីរបីដង ទើបព្រលឹងខ្ញុំត្រឡប់មកចូលរូបដូចដើមវិញ នោះមកពីត្រជាក់ស្រួលនេះផង រួមទាំងសម្លេងចម្រៀងដែលពួកជំនុំច្រៀងសរសើរទៅព្រះជាមួយនឹងភ្លេងព្យាណូចាក់អមផង។ ពេលអានពាក្យពេជ្ជប្រែសម្រួលជាភាសាខ្មែរក្នុងគម្ពីរនោះ ស្តាប់ទៅពាក្យដ៏សែនពិរោះក្រៃលែង គ្រប់ល្បះណាក៏ខ្ញុំលួចសរសើរក្រុមអ្នកបកប្រែកាលជំនាន់នោះ ។ ព្រះនេះទៀតសោតគួរឲ្យចាប់អារម្មណ៍ គឺខុសពីព្រះវិហារគ្រីស្ទដ៏ទៃ ដែលព្រះជាមនុស្សប្រុស តែនៅទីនេះព្រះមានភេទជាស្ត្រី គេហៅថាព្រះមាតា និងមានឈ្មោះបែបជាភាសាកូរ៉េផង ព្រោះថាវិហារនេះបង្កើតដោយក្រុមជនជាតិកូរ៉េនោះឯង។ ខ្ញុំមិនដឹងថានៅស្រុកកូរ៉េមានព្រះវិហារបែបនេះឬយ៉ាងណា ប៉ុន្តែការនេះខ្ញុំគ្មានចាប់អារម្មណ៍សោះ។ ការគោរពព្រះមានភេទជាស្ត្រីនេះ ជាប្រការទាក់ទាញចិត្តខ្ញុំមួយដែល ឲ្យចង់យល់អំពីរឿងជំនឿនៅទីនេះ។ បើសង្កេតលើក្រុមនេះគឺថា ក្រុមជំនុំនេះមានគ្នាតិចណាស់ មិនដែលឃើញលើសពី១០នាក់ទេ ដូច្នេះទៅងាយនឹងមានអារម្មណ៍ថាស្និតស្នាលគ្នាណាស់។ បើអាក់ខានទៅថ្វាយបង្គុំព្រះមានន័យថា ខានបានជួបមុខអ្នកទាំងនោះដែរ។ មានប្រការមួយទៀត គឺថាយ៉ាងហោចណាស់ ខ្ញុំអាចប្តូរបរិយាកាសបានម្តងដែលក្នុងមួយអាទិត្យ ត្បិតថ្ងៃដែលគេទៅវិហារនោះត្រូវនឹងថ្ងៃសៅពេលព្រឹក។ ហេតុផលលើកឡើងទាំងអម្បាលនេះល្មមនឹងជម្រុញឲ្យខ្ញុំទៅចូលក្នុងព្រះវិហារនោះ បើទោះជាមានការខកខានមិនបានចូលរួមខ្លះក៏ដោយ ហើយបើទោះជាខ្ញុំមិនសូវយល់ស្របចំពោះការអថាធិប្បាយពេលខ្លះរបស់គ្រូគង្វាល ឬក្នុងគម្ពីរនោះក្តី។ តែយ៉ាងណាខ្ញុំយល់ថា បន្តិចម្តងៗខ្លួនខ្ញុំបានរៀន និងយល់ដឹងអំពីជំនឿនេះច្រើនគួរសមដែរ ហើយអាចយកមកធ្វើការពិចារណាផង ត្បិតខ្ញុំមិនទុកក្បាលខ្ញុំជាត្រឡោកសុទ្ធសាទ្ធនោះទេ។

ខ្ញុំចាប់ផ្តើមដឹងខ្លះៗថា ជំនឿនេះហាក់មានមូលដ្ឋានគំនិតមិនខុសពី ជំនឿតំបូងៗរបស់មនុស្សខ្មែរដែលអ្នកស្រាវជ្រាវកំណត់ហៅថា ជីវចល គឺជាភូតនានាដែលមានតែក្នុងគំនិត។ ព្រះដែលមានចែងក្នុងគម្ពីរគ្រីស្ទ គ្មានរូបរាងសោះ មិនអាចមានអ្វីមកស្នងឬតំណាងឡើង គឺថាជាព្រះឥតរូប។ នេះបើតាមការបង្រៀនរបស់គ្រូគង្វាលដោយបើកអានខ្លាំងៗក្នុងគម្ពីរឲ្យអ្នកចូលរួមស្តាប់ ត្រង់នេះបន្តិចត្រង់នោះបន្តិច ហើយដែលខ្ញុំមិនដែលចាំសោះថា នៅទំព័រទីប៉ុន្មាន ក្នុងជំពូកទីប៉ុន្មាន ឬក្នុងល្បះ និងខទីប៉ុន្មាន។ អ្នកបង្រៀននោះហៅខ្លួនឯងថា គ្រូគង្វាល ហើយចាត់ទុកអ្នកដែលកំពុងស្តាប់ និងរៀនតាមថាជាកូនចៀម។
បើព្រះឥតរូបដូច្នោះ តើធ្វើដូចម្តេចដើម្បីឲ្យទំនាក់ទំនងរវាងព្រះនិងពួកសាសនិកប្រព្រឹត្តិទៅបាន? គឺថាតាមរយៈការអធិដ្ឋានទៅរកព្រះដោយបិទភ្នែក ដើម្បីឲ្យចិត្តស្ងប់តាំងលុះតម្រង់ចិត្តឆ្ពោះទៅរកព្រះបាន ព្រះដែលមានតែត្រចៀក និងមាន វត្តមាននៅគ្រប់ទីកន្លែងគ្រប់ពេលវេលា មិនថាយប់ថ្ងៃ មិនថាក្នុងបន្ទប់បិតជិត នៅកណ្តាលវាល នៅចំនោមប្រជុំអ៊ូអរមនុស្ស នៅលើដី ក្នុងទឹក លើអាកាស។ល គឺព្រះអាចស្តាប់ឮសេចក្តីទូលថ្វាយបានទាំងអស់ បើទោះនិយាយក្នុងចិត្តមិនឮសម្លេងចេញមកខាងក្រៅក្តី ក៏ព្រះអាចស្តាប់ឮបានយ៉ាងច្បាស់។ ដើម្បីបានពរពីព្រះ (ពរទាំងនេះមិនដែលឮចេញពីមាត់ព្រះម្តងក៏គ្មាន) សាសនិកខិតខំស្រែកច្រៀងសរសើរព្រះយ៉ាងអស់ពីចិត្ត រួមទាំងមានពាក្យសរសើរលើកតម្កើងមិនដែលដាច់ពីមាត់ក្នុងពេលអធិដ្ឋាន។ ពាក្យសរសើរនោះហួសឆ្ងាយពីវិស័យមនុស្ស ហើយច្រើនតែអាចបញ្ចេញបញ្ចូលតាមចិត្តចង់។ ការនេះមិនបាច់ខ្ញុំរៀបរាប់ទេ។ មានរឿងរាវច្រើនទៀតក្នុងជំនឿនេះដែលគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែខ្ញុំសូមលើកយករឿងមួយដែលទើបកើតឡើងនៅក្នុងព្រះវិហារតូចមួយនេះ គឺក្នុងថ្ងៃទី២៧មីនា២០២១ថ្មីៗនេះ។
កាលនោះមានពិធីបុណ្យមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះខ្ញុំ ដែលគេឲ្យឈ្មោះតាមរយៈពាក្យបកប្រែក្នុងគម្ពីរថា បុណ្យរំលង។ ក្រុមជំនុំនេះចាត់ទុកបុណ្យនេះសំខាន់ខ្លាំងណាស់ ហើយដែលគេត្រូវប្រតិបត្តខានមិនបាន(គេប្រើពាក្យថា រក្សាបុណ្យ)។ នៅក្នុងថ្ងៃនោះគ្រូគង្វាលបើកគម្ពីរពន្យល់ត្រង់ឃ្លានានាៗដែលមានលើកឡើងនិយាយអំពីបុណ្យនេះយ៉ាងប៉ិនប្រសព្វ ម្តងនៅត្រង់ទំព័រនេះម្តងត្រង់ទំព័រនោះ ដើម្បីភ្ជាប់គ្នាឲ្យអ្នកស្តាប់យល់ គឺថាគេបានរៀនសូត្របើកកម្ពីរនេះយ៉ាងស្ទាត់ (ប៉ុន្តែការនេះខ្ញុំតែងតែមិនអស់ចិត្ត ដោយសារលើកយកឃ្លាខ្លីៗ ហើយទំនងក្នុងបរិបទរឿងផ្សេងៗគ្នាពីទំព័រផ្សេងៗនោះមកភ្ជាប់គ្នា)។ សកម្មភាពនៃពិធីនោះដែលខ្ញុំអាចសង្ខេបមកយ៉ាងដូច្នេះ។
គេមានកិច្ចចំនួនពីរដែលត្រូវធ្វើបន្តបន្ទាប់គ្នា ក្នុងពិធីបុណ្យរំលងនេះ នេះមិនរាប់បញ្ចូលអំពីសកម្មភាពច្រៀងសរសើរព្រះ និង អធិដ្ឋានយ៉ាងច្រើនលើកផងក្នុងកំលុងនោះ។ កិច្ចទាំងពីរនេះសាសនិកមិនអាចរំលងមួយណាបានឡើយ គឺថាមុននឹងធ្វើកិច្ចទីពីរ ត្រូវឆ្លងកាត់កិច្ចទីមួយជាដាច់ខាត។ ហេតុអ្វីដាច់ខាត? ខ្ញុំនិងពន្យល់តទៅនេះ។ នៅក្រៅបន្ទប់នៃទីដ៏បរិសុទ្ធនោះ គេបានរៀបចំកៅអី ចានដែកដាក់ទឹក និងកន្សែងសម្រាប់ជូតទឹកជាការស្រេច។ នៅកាលវេលាកំណត់មកដល់ គេចាប់ផ្តើមធ្វើកិច្ចលាងជើង ឲ្យគ្នាទៅវិញទៅមកម្តងម្នាក់ មនុស្សប្រុសលាងជើងឲ្យមនុស្សប្រុស ស្ត្រីលាងជើងឲ្យស្ត្រី។ ដូចបញ្ជាក់ហើយថា កិច្ចនេះធ្វើឡើងនៅក្រៅបន្ទប់។ ចប់កិច្ចនេះមក ទើបដើរសំដៅចូលមកក្នុងបន្ទប់ ដែលគេចាត់ទុកលំហនេះជាទីដ៏បរិសុទ្ធ ជាទីថ្វាយបង្គំព្រះ។ គេពន្យល់ថា មិនអាចចូលទីបរិសុទ្ធនេះបានជាដាច់ខាត បើមិនធ្វើកិច្ចលាងជើង។ បំណងចម្បងនៃកិច្ចលាងជើងនេះទៀតសោតក្នុងន័យជម្រះសម្អាតចិត្តកាយឲ្យស្អាតបរិសុទ្ធឥតមន្ទល តែរូបភាពជាក់ស្តែងឃើញថាជើងបានស្អាតដូច្នោះមែន។ កិច្ចបន្ទាប់នោះគឺធ្វើនៅក្នុងបន្ទប់ដែលចាត់ទុកថាទីដ៏បរិសុទ្ធនោះឯង។ នៅចន្លោះកិច្ចទាំងពីរនេះមានការច្រៀងតម្កើងព្រះនិងអធិដ្ឋានជាហូរហែ។ នៅក្នុងបន្ទប់នោះ គេបានរៀបចំជាស្រេចនូវ នំមួយដំធ្វើពីម្សៅអង្ករដុតគ្មានដាក់តំបែ(ក្នុងគម្ពីរហៅថានំបុ័ង) និង ស្រាទំពាំងបាយជូរ ក្នុងដបជ័រមួយ(ក្នុងគម្ពីរចែងថាដាក់ក្នុងពែង)។ កិច្ចដែលនឹងធ្វើនេះឈ្មោះថា លៀងបរិសុទ្ធ គឺគេយកនំម្សៅដុតនោះឲ្យអ្នកចូលរួមហូប បន្ទាប់មកត្រូវលើកស្រាទំពាំងបាយជូរផឹកឲ្យអស់ គ្មានឲ្យសល់បន្តិចឡើយទាំងនំនិងស្រា។ ការប្រព្រឹត្តនេះគេធ្វើត្រាប់តាមពាក្យក្នុងគម្ពីរ ដោយចាត់ទុកនំបុ័ងនោះជារូបកាយព្រះ ពែងស្រាទំពាំងបាយជូរជាឈាមរបស់ព្រះ បើនិយាយឲ្យស្រួលស្តាប់គឺថា បរិភោគសាច់ឈាមព្រះទៅក្នុងខ្លួន។ អំណេះតទៅអ្នកនោះរស់ដោយសារព្រះ ហើយវត្តមានព្រះក្នុងខ្លួននាំឲ្យមានជីវិត គឺជីវិតដែលនឹងអស់កល្ប(មិនចេះស្លាប់) គឺថាស្លាប់ផុតពីមនុស្សលោកីយនេះទៅ និងទៅរស់នៅស្ថានសួគ៌របស់ព្រះដែលមិនចេះស្លាប់ទៀត)។ គេបញ្ជាក់ថា ការប្រព្រឹត្តពិធីនេះចប់ទៅ សេចក្តីវេទនាផ្សេងៗនឹងរំលងផុតទៅ ដូចមានពាក្យថាបុណ្យរំលង ដូច្នោះឯង។ ក្រោយលើកស្រាអកដាច់ចប់ ខ្ញុំឮស្ត្រីអ្នកចូលរួមម្នាក់ឧទានភ្លាមៗមិនទុកមាត់ ថា ចង់ក្តៅពោះឆេវ ! ត្រង់នេះនាំឲ្យគិតថា ស្រាទំពាំងបាយជូរដែលគាត់លេបអំប្បាញមិញនោះ បានជ្រួតជ្រាបចូលទៅក្នុងខ្លួន ហើយគាត់ក៏បានដឹងដូច្នោះមែន ខុសពីការផឹកទឹក ដែលមិនអាចផ្តល់ប្រតិកម្មឲ្យដឹងដូចស្រាឡើយ។





























































































