ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

ថ្មីៗក្តៅៗហ៊ុយៗ មិនបានអានអាចស្តាយក្រោយ
សូមអភ័យទោសផងពាក្យខ្លះអាចសរសេរខុសព្រោះចង់បង្ហោះ អួតគេពេក 😂😍

បណ្តាំឪពុក (បទកាកគតិ)

១.ហៃកូនប្រុសស្រី ក្មេងចាស់គ្រប់វ័យ ឆាប់មកនេះណា
ឪពុកចង់ផ្តាំ បណ្តាំវាចា មុខក្ស័យសង្ខារ
ផ្ញើទុករាល់គ្នា។
២.រឿងរ៉ាវជីវិត សុខទុក្ខច្រើនពិត ចង់លើកពណ៌នា
គ្រាន់បានចំរើន តិចច្រើនគ្រប់គ្នា ក្រែងជៀសគ្រាំគ្រា
សោកស្តាយពេលក្រោយ។
៣.រាល់រូបអាត្មា កើតមកនេះណា កម្មចារមកហើយ
មានគូអត់គូ ឆាប់យូរមុនក្រោយ យកខុសស្តាយក្រោយ
លំបាកកែប្រែ។
៤.លោកធៀបឧបមា ធ្វើគ្រប់កិច្ចការ ដំណាំឬស្រែ
ត្រូវម្តងខុសម្តង សៅហ្មងអាចកែ យកខុសគូស្នេហ៍
យ៉ាប់កែខ្លាំងណាស់។
៥.នេះគឺសម្តី ក្រមង៉ុយកវី ល្បីឯកជាក់ច្បាស់
ទុកដាក់កូនចៅ ញាតិផៅមើលណាស់ មិនជឿពាក្យចាស់
ស្រឡះដៃធេង។
៦.បើតាមម៉ែឪ ខុសទាស់ផ្លាតផ្លូវ មិនសូវវង្វេង
ខូចចិត្តមានម៉ែ ពុកថែដូចក្មេង ចាស់មិនលេងធេង
លោកដើរមុនយើង។
៧.រឿងមានច្រើនពិត ឲ្យពួកកូនគិត ស្នេហ៍កុំទំនើង
បីដូចចំបើង ខ្យល់បើងឆេះភ្លើង រលាក់ដៃជើង
កើតទុក្ខស្តាយក្រោយ។
៨.មិនមែនសម្តី គ្រប់ពាក្យពុកស្តី ត្រូវគ្រប់នុះឡើយ
តែចង់ឲ្យគិត ពិនិត្យមុខក្រោយ ចិត្តឯងក៏ដោយ
គិតឲ្យបានច្បាស់។
៩.ដូចរឿងស្នេហា ចង់បាច់គ្រួសារ គេក្មេងឯងចាស់
ខុសវ័យគ្នាឆ្ងាយ គង់ស្តាយជាក់ច្បាស់ ជួនយ៉ាប់កែផ្លាស់
រឿងពិតគឺមាន។
១០.ប្រុសចាស់ស្រីក្មេង វក់ចិត្តវង្វេង ភ្លេចបាត់សីលទាន
ចោលកូនប្រពន្ធ ជាប់ធ្ងន់ចិត្តហ៊ាន អាងលុយកាក់មាន
តណ្ហាដឹកមុខ។
១១.ឬកំលោះចាស់ វ័យជ្រេជាក់ច្បាស់ សោកស្តាយកើតទុក្ខ
ចង់បានប្រពន្ធ ទ្រព្យធនដាក់ទុក ភ្លេចឆ្លុះមើលមុខ
ដូចតា.ពុកកូន។
១២.កម្របានគាប់ ស្រីក្មេងស្នេហ៍ជាប់ មុនងាប់សោះសូន្យ
ច្រើនបានយំសើច សំណើចចៅកូន ញាតិមិត្តបងប្អូន
ខ្វល់ចិត្តជួយស្តាយ។
១៣.សព្វរឿងកិច្ចការ ខុសទាស់ស្តីថា ស្រីក្មេងឆើតឆាយ
អាចមិនសូវខ្វល់ លេងកលឧបាយ ជួនខឹងជេរម្តាយ
ប្តីចាស់ក៏មាន។
១៤.អាចមិនសូវក្រែង យល់ប្តីស្នេហ៍ឯង ស្រីក្មេងចិត្តហ៊ាន
លួចលាក់ប្រុសផ្សេង អាងក្មេងទ្រព្យមាន ប្តីចាស់អត់ឃ្លាន
នាងចង់មិនគ្រប់។
១៥.លំបាកចិត្តកាយ ប្រុសចាស់អាចស្តាយ ព្រួយខ្វល់ថ្ងៃយប់
ស្នេហាខុសវ័យ ក្មេងស្រីវក់ងប់ ចុងក្រោយចង់ឈប់
អាចហួសវេលា។
១៦.មានដែរប្រុសចាស់ ជួបស្រីក្មេងច្បាស់ រស់នៅសុខជា
ដប់អាចមានមួយ ផុតព្រួយគ្រាំគ្រា យកវ័យក្បែរគ្នា
ច្រើនដឹងរាក់ជ្រៅ។
១៧.ចំណែកស្រីចាស់ ចង់ប្តីក្មេងច្បាស់ អាចយ៉ាប់ពេកកូវ
អាងមានទ្រព្យយស ខ្ពង់ខ្ពស់ជាប់នៅ ស្បែកជ្រួញសក់ស្កូវ
នៅប្រឹងហាយឡាយ។
១៨.តុងតែងលើក្រោយ កែកុនរូបឆោម អួតប្រុសជិតឆ្ងាយ
ពិសេសប្តីក្មេង ខ្លួនលេងសប្បាយ កុំឲ្យជិតណាយ
ភ្លេចស្អប់ខ្លួនបាន។
១៩.ស្រីចាស់ផ្គាប់ផ្គន់ បាយទឹកទ្រព្យធន ប្តីស្រស់កល្យាណ
មិនឲ្យមានព្រួយ រឿងមួយកើតបាន គង់ឈ្លោះមិនក្សាន្ត
ក្នុងក្រុមគ្រួសារ។
២០.ប្តីក្មេងជិនណាយ ស្រីចាស់ប្តូរកាយ ផ្តើមកើតទុក្ខា
លំបាកកាយចិត្ត អាណិតអាត្មា មិនសមរៀបការ
ស្រលាញ់ប្តីក្មេង។
២១.បើជ្រើសយកប្តី សមកាយសមវ័យ មិនវក់វង្វេង
តណ្ហាដឹកមុខ រង់ទុក្ខប្តីក្មេង ដូចពីរោះភ្លេង
ផុតស្បើយគ្រាំគ្រា។
២២.រឿងពិតមានស្តែង ពុកមិនភូតថ្លែង ដូចលើកពណ៌នា
ពួកកូនចាំចុះ ស្រីប្រុសគ្រប់គ្នា យកប្តីភរិយា
គិតគូឲ្យច្បាស់។
២៣.រឿងមានរឿងក្រ ពេលខ្លះមិនល្អ ពិតលំបាកណាស់
យើងក្រគេមាន ចិត្តហ៊ានជាក់ច្បាស់ យើងក្រជួបប៉ះ
អាចរលាក់ដៃ។
២៤.ញាតិគេមើលងាយ សើចយំពេកជ្រាយ រស់នៅយ៉ាប់ក្រៃ
ត្រូវមើលទឹកមុខ រងទុក្ខរាល់ថ្ងៃ សាច់គេបើកដៃ
យើងយ៉ាប់ចិត្តប្រាណ។
២៥.បើប្តីប្រពន្ធ ចេះគិតគូគន់ ផុតមាររំខាន
អាចយ៉ាប់ផ្លូវចិត្ត យើងពិតពីរប្រាណ រស់នៅសុខសាន្ត
ត្រូវយោគយល់គ្នា។
២៦.វណ្ណ:ទាបខ្ពស់ ពិតអាចរងគ្រោះ ដូចមិត្តនិងមារ
របៀបរស់នៅ មិនត្រូវខុសគ្នា ស្វាមីភរិយា
អាចកើតបញ្ហា។
២៧.បើគូជីវិត ទាំងពីរចេះគិត ចេះរៀបកិរិយា
មារយាទថ្លៃថ្នូរ គង់ប្តូរវាសនា សុខសាន្តគ្រួសារ
មានក្រមិនអី។
២៨.ព្រោះរឿងមានក្រ ដូចខ្មៅនិងស ស្នេហាប្រុសស្រី
ស្រលាញ់ងប់ងល់ ដូចពុលចំណី លះបង់មិនភ័យ
ភ្លេចគិតវែងឆ្ងាយ។
២៩.សម័យសព្វថ្ងៃ រកលុយយ៉ាប់ក្រៃ ទប់ទល់ចំណាយ
បើយ៉ាប់ញាតិម្ខាង ហេងហាងនឹកស្តាយ ជឿឪពុកម្តាយ
អាចស្រួលជាងហ្នឹង។
៣០.បើចង់រកស៊ី ញាតិមានទាំងពីរ អាចមានលំនឹង
ឬក្រទាំងអស់ គ្មានសោះចិត្តខឹង ក្រមានបែបហ្នឹង
ម្ខាងអាចអន់ចិត្ត។
៣១.ញាតិម្ខាងប្រឹងជួយ ម្ខាងក្រខ្សត់ព្រួយ អាចខ្មាស់អៀនពិត
តែខ្លះមិនខ្វល់ មិនឆ្ងល់ជួយគិត ក្រឥតគំនិត
យ៉ាប់ប្រពន្ធប្តី។
៣២.ម្ខាងឆ្លាតម្ខាងល្ងង់ ដូចមូសនិងមុង ដូចទឹកនិងត្រី
បើចេះស្តាប់គ្នា ពិតជាមិនអី ប្រពន្ធនិងប្តី
ពិតអាចសុខសាន្ត។
៣៣.តែមានគូខ្លះ ល្ងង់ឆ្លាតជាក់ច្បាស់ រស់សុខមិនបាន
មិនចេះស្តាប់គ្នា ធ្វើមារចិត្តប្រាណ ឈ្លោះទាស់ឥតស្រាន្ត
ស្រាកស្បើយបញ្ហា។
៣៤.អាងក្មេងអាងចាស់ អាងច្រើនខុសច្បាស់ អាងឥតបានការ
អាងមានអាងក្រ បង្កបញ្ហា ឈ្លោះក្នុងគ្រួសារ
ឥតចំណេញឡើយ។
៣៥.បើព្រមយកគ្នា ត្រូវគិតគ្រប់គ្រា ខុសត្រូវមុខក្រោយ
កុំចាប់កំហុស ត្រូវខុសក៏ដោយ ណែនាំប្រាប់ហើិយ
ត្រូវចេះតាមគ្នា។
៣៦.កុំរឹងមានះ ចង់យកចាញ់ឈ្នះ មិត្តក្លាយជាមារ
លែងដឹងខុសត្រូវ សត្រូវឈ្លោះគ្នា ពិតមិនល្អជា
ធ្វើប្រពន្ធប្តី។
៣៧.នាមប្តីប្រពន្ធ ត្រូវចេះអត់ធន់ សណ្តោសប្រណី
យោគយល់ស្តាប់គ្នា ពិតជាប្រពៃ កើតលាភសិរី
សោយសុខមង្គល។
៣៨.បើទ្រាំមិនបាន ឈ្លោះទាស់រំខាន កុំងោះងងល់
ខឹងបានឆាប់បាត់ កំចាត់អំពល់ ចេះគិតយោគយល់
ស្នេហាគ្រាដើម។
៣៩.តស៊ូគ្រប់យ៉ាង ទើបមានសំណាង រៀបការចាប់ផ្តើម
រហូតសព្វថ្ងៃ អាល័យចុងដើម ប្រុសស្រីស្រស់ឆ្នើម
កុំងាយបែកគ្នា។
៤០.ពិតជានិស្ស័យ កាមទេពដឹកដៃ ស្វាមីភរិយា
ត្រូវប្រឹងរក្សា បង្ការឈ្លោះគ្នា ស្តាយពេលវេលា
អានុស្សាវរីយ៍។
៤១.ពិតណាស់ស្នេហា អំណាចអស្ចារ្យ នៅលើបឋវី
ភ្នែកអាចងងឹត ក្នុងចិត្តវក់វី គិតគ្រប់នាទី
រលឹករកគ្នា។
៤២.ទោះញាតិឃើញខុស ប្រឹងប្រាប់ស្រីប្រុស មិនខ្វល់នឹកនា
ច្រើនភ្លេចហេតុផល ព្រួយខ្វល់គ្រាំគ្រា មានះទាមទា
ចាប់យកឲ្យបាន។
៤៣.ស្នេហាប្រុសស្រី ឈឺចាប់ហួសស្តី ផ្អែមហួសការស្មាន
ដូចចានក្នុងរាវ ទុំទាវពីរប្រាណ ចិត្តទប់មិនបាន
ចុងក្រោយសោកា។
៤៤.ស្នេហាមិនខុស គឺចិត្តស្រីប្រុស ទាមទាប្រាថ្នា
គ្រាន់តែពុកផ្តាំ ត្រូវចាំផងណា មុនយកគ្រួសារ
គិតឲ្យបានឆ្ងាយ។
៤៥.កុំតាមចិត្តចង់ កេរ្តិ៍ខ្មាសបាត់បង់ ភ្លេចគិតអន្តរាយ
ថ្ងៃមុខថ្ងៃក្រោយ នាំឲ្យនឹកស្តាយ មិនខុសពុកម្តាយ
បើយកចិត្តឯង។
៤៦.ទោះចាប់គូខុស កូនស្រីកូនប្រុស ត្រូវចេះកោតក្រែង
អាណិតចៅកូន ជិះក្បូនចម្បែង ស្នេហាខ្លួនឯង
ទើបមានពួកវា។
៤៧.ក្មេងឥតកំហុស កូនកើតស្រីប្រុស ពិតមិនមែនមារ
អ្នកខ្លះអត់កូន ចង់សូន្យជន្មា ប្រឹងស្វែងរកវា
មិនបានជួបផង។
៤៨.សប្បាយខ្លួនឯង ដល់ព្រួយចម្បែង សោកស្តាយសៅហ្មង
ដាក់កំហុសក្មេង វង្វេងកន្លង ខុសធម៌ច្បាប់ផង
ពិតមិនប្រពៃ។
៤៩.ត្រូវមានមេត្តា ចិត្តយល់ច្បាស់ការណ៍ អាណិតប្រណី
កូនចៅតូចធំ សូមកុំបំភ័យ បោះបង់គ្នាអី
ទទួលខុសត្រូវ។
៥០.នេះគឺចំណង អត់មានខ្សែចង នាមជាម៉ែឪ
ត្រូវចិញ្ចឹមកូន ធ្វើក្បូនឆ្លងទៅ ដល់ត្រើយកោះនៅ
មុខក្ស័យសង្ខារ។
៥១.ផលបុណ្យមានពិត រាល់រូបជីវិត រស់ក្នុងលោកា
កូនស្តាប់ម៉ែឪ ពិតត្រូវទេព្តា តាមគ្រងរក្សា
ឆ្ងាយសោកសៅហ្មង។
៥២.បាបបុណ្យតគ្នា នេះគឺកម្មពៀរ រង់ចាំតបស្នង
បើមិនជឿចិត្ត ពិនិត្យមើលផង ផលវាទ្វេដង
ម្ចាស់កម្មពិតបាន។
៥៣.មិនយ៉ាប់ជាតិនឹង បាបបុណ្យវាដឹង ពិតតាមរំខាន
ផលបានសោកព្រួយ រលួយចិត្តប្រាណ ជួនស្តែងសដាន
គេចមិនផុតឡើយ។
៥៤.ឪពុកខ្លួនចាស់ ក្តីស្លាប់ទៀងច្បាស់ គ្រាន់មុននឹងក្រោយ
សូមតែងទំនុក កាព្យទុកឲ្យហើយ ឃាត់មិនបានឡើយ
មជ្ចុមកដល់។
៥៥.ក្រែងបានប្រយោជន៍ មុនស្លាប់ជាខ្មោច កូនចៅបានផល
កូនណាអានគិត ជីវិតសុខសល់ ឆ្ងាយសោកកង្វល់
តិចច្រើនមិនខាន។
៥៦.ឪពុកអស់ចិត្ត ប្រាប់ផ្លូវគំនិត ដល់កូនគ្រប់ប្រាណ
ទុកដាក់កូនចៅ មើលផៅសន្តាន ក្រែងបានសុខសាន្ត
ក្នុងក្រុមគ្រួសារ។
៥៧.អត្ថបទខ្ញុំតែង គំនិតខ្លួនឯង សង្កេតសិក្សា
អប់រំផ្លូវចិត្ត ជីវិតអាត្មា ជៀសឆ្ងាយហិង្សា
ព្រួយអស់សង្ឃឹម។
៥៨.ខ្ញុំឃើញរាល់ថ្ងៃ បញ្ហាច្រើនក្រៃ ដូចភ្លៀងរលឹម
គ្រួសារតូចធំ សុខុមសង្ឃឹម ដូចខ្វះញញឺម
ដូចរូបខ្ញុំដែរ។
៥៩.តែងចង់ថ្ងៃសុក្រ ថ្ងៃសីលសុំសុខ បងប្អូនជាតិខ្មែរ
អ្នកមានអ្នកក្រ ខ្មៅសក្រុងស្រែ ក្រៅស្រុកផងដែរ
សុខសាន្តគ្រប់គ្នា។
៦០.ថ្ងៃបួនសីហា ដប់ប្រាំបីណា ពីរពាន់វេលា
នៅខេត្តស្ទឹងត្រែង កន្លែងកើតជា ចំរើននាមា
ត្រកូលខ្ញុំលីម៕

លីម ចំរើន ថ្ងៃសុក្រចំសីល ទី៤ ខែសីហា ឆ្នាំ២០១៨

Sent from my iPad

IMG_20180629_065038

ម្លប់ស្វាយសាក្សី

(បទបថ្យាវត្ត)
១. ម្លប់ស្វាយសាក្សីស្នេហ៍ស្រីនិងបង ស្ពានចំកោងខ្នងចម្លងស្នេហ៍យើង
ក្តៅពុះកញ្រ្ជោលបីដូចភ្នំភ្លើង ស្ទើហោះហើបជើងស្នេហ៍បងនិងអូន។
២. បងថើបថ្នមស្រីរាត្រីស្ងាត់សូន្យ នាំគ្នាជិះក្បូនឆ្លងផ្ទៃជលសា
សមុទ្រល្វឹងល្វើយសមុទ្រស្នេហា ចាំជាប់ចិន្តាបំភ្លេចមិនបាន។
៣. អណ្តាតវីវក់លិឍភ្លក់សព្វប្រាណ កែវស្រស់កល្យាណឱបជាប់ខ្ញាំសង
វាចាស្រាវស្រើបស្តីហៅបងៗ អែនចំកោងខ្នងឲ្យបងថ្នមស្រី។
៤. រាត្រីយប់ស្ងាត់បងឱបថ្នមបី ពិតសែនមានន័យពិបាកបំភ្លេច
ទោះបីរូបបងខំប្រឹងរត់គេច ភ្នែកប្រឹងបិទធ្មេចចាំលុះអវសាន្ត។
លីម ចំរើន

១. ស្លឹកមៀនចាស់ងាប់ តោងផ្លែពីរគ្រាប់
ហាក់ចិត្តអាល័យ មិនចង់ព្រាត់ឃ្លាត
ក្រុមញាតិរាល់ថ្ងៃ ហាក់អង្វរក្រៃ
ខ្យល់កុំផាត់ឆ្ងាយ។
២. បីដូចជីវិត រាល់ថ្ងៃនេះពិត
គឺឪពុកម្តាយ ទោះបីលោកចាស់
យ៉ាប់ណាស់រូបកាយ មិនចង់ឃ្លាឆ្ងាយ
រស់ជុំកូនចៅ។
៣. ព្រោះពេលវេលា តម្រូវព្រាត់គ្នា
មិនអាចឃាត់ហៅ សុំឈប់ថយក្រោយ
ផ្តល់ឲ្យលុយក្រៅ រឿងហេតុសោកសៅ
គង់ជៀសមិនផុត។
៤. ស្តីពីស្លឹកមៀន ទោះគ្មានវិញាណ
ហាក់ចេះតក់ស្លុត យំឱបគ្រាប់ផ្លែ
ស្និទ្ធស្នេហ៍មុនផុត ចិត្តខ្ញុំស្រយុត
គិតពីសង្ខារ៕

លីម ចំរើន
២១. ០៦. ២០១៨
IMG20180629065742.jpg

១. ជាតិជាមនុស្សចង់មិនបង់ត្រូវការ
ក្រមានដល់ណាប្រាថ្នាឥតឈប់
ក្មេងចាស់ប្រុសស្រីគ្រប់វ័យថ្ងៃយប់
ចិត្តចង់ងល់ងប់មិនទប់ចិន្តា។
២. រីឯមនុស្សជាគ្រប់គ្រារក្សា
អប់រំអាត្មាមិនតាមចិត្តចង់
ចង់ត្រូវរបៀបឫករៀបតម្រង់
មិនឲ្យខូចបង់ស្រោចស្រង់តម្លៃ។
៣. ចង់មានច្រើនយ៉ាងអួតអាងលុះក្ស័យ
ដូចឆ្កួតគ្មានថ្ងៃឃើញកំហុសខ្លួន
ចង់អួតចង់អាងកាងលើសច្បាប់ក្បួន
ចង់មិនសមសួននាំខ្លួនអាប់យស។
៤. បីដូចរូបខ្ញុំចិត្តធំត្រង់ហួស
ស្តីភ្លេចទាបខ្ពស់បង់យសអសារ
ខ្វះអ្នករាប់រកទៅមកចចារ
រស់សែនឯកាព្រោះចង់ស្តីពិត។

លីម ចំរើន

១៧. ០៦. ២០១៨

ចានក្រឡូម (បទព្រហ្មគីតិ)

១. ចានក្រឡូមប្រេះបែក
ចង់បោកហែកតែចិត្តស្តាយ
មិនខ្វះលុយចំណាយ
ស្រណោះកាយធ្លាប់កាន់ប្រើ។
២. ទិញថ្មីពិតជាបាន
សម្បត្តិចានក្រឡូមតើ
ម្តេចចិត្តមិនប្រសើរ
ទុកគ្រាន់ប្រើគ្រាត្រូវការ។
៣. ព្រោះចិត្តស្រណោះវា
ធ្លាប់ជុំគ្នាហូបអាហារ
ស្លាបព្រាចានកែវកា
ពេលត្រូវការប្រយោជន៍ក្រៃ។
៤. មិនចង់ដល់ថ្ងៃក្រោយ
ចិត្តសោកសោយគិតអាល័យ
មិនគួរបោកចានថ្លៃ
ដោយសារដៃឯងអាត្មា។
៥. ស៊ូទ្រាំគ្រាំដួងចិត្ត
ត្រឹមអាណិតចិត្តសោកា
មើលចានបែកកាយា
តាមយថាកម្មទៅចុះ៕

លីម ចំរើន
១៩. ០៦. ២០១៨

អនិច្ចាសត្វរៃ

ល្បើកកាយនិងក្រពះ

(បទព្រហ្មគីតិ)

១. ល្បើកកាយនិងក្រពះ ឈ្លោះចាញ់ឈ្នះល្បីសើចយំ

សាយសុសគ្រប់និគម ញាតិមកជុំវិភាគន័យ។

២. បញ្ហានៃជម្លោះ កើតក៏ព្រោះកាយអប្រិយ

ប្រព្រឹត្តមិនគប្បី ជួននាំក្តីក្តៅក្រហាយ។

៣. កាយដណ្តើមយកត្រូវ ក្រពះនៅមិនសប្បាយ

រងពាក្យដៀលនៃកាយ រឿងទាំងឡាយខុសក្រពះ។

៤. កាយខុសខូចទាំងអស់ ធ្វើមិនស្មោះក្បត់ធម៌ព្រះ

ទុច្ចរិតធ្វើយកឈ្នះ ចោទក្រពះព្រោះវាឃ្លាន។

៥. ក្រពះមិនអស់ចិត្ត មិនប្រព្រឹត្តកាយបំពាន

ចោទខុសថាខ្លួនឃ្លាន ទើបកាយហ៊ានបំពេញអោយ។

៦. ក្រពះមិនដឹងអី កាយអ្នកឆីញាត់មុនក្រោយ

ខុសត្រូវមិនដឹងឡើយ ដាក់មកហើយចេះតែកិន។

៧. ទោះទន់.រឹង.ក្តៅ.ផ្សា ល្វិញបែបណាមិនទុកសិន

ឈឺចាប់ត្រូវតែកិន ឆៅឬឆ្អិនបែងជីវជាតិ។

៨. ផ្តល់កំលាំងដល់កាយ សើចសប្បាយជុំមិត្តញាតិ

ការងារមិនឃ្លៀងឃ្លាត កាយជួជាតិខុសក្រពះ។

៩. ឈ្លោះគ្នាខ្លាំងអស្ចារ្យ ផ្អើលទេព្តាដឹងដល់ព្រះ

មិនចាញ់និងមិនឈ្នះ មិនប្រឹងលះខឹងទោសា។

១០. គាប់ជួននៅគ្រានោះ ឃើញចិត្តមនុស្សមកពីណា

ហៅមកកាត់ក្តីថា ឈ្លោះតវ៉ារកខុសត្រូវ។

១១. ចិត្តគេចភ្លេចមិនបាន ក្រពះច្រានកាយឃាត់នៅ

អោយចិត្តជួយផងទៅ រកខុសត្រូវដឹង.ស.ខ្មៅ។

១២. កាយ.ខុសខូចរាល់ដង ក្រពះចងនាំកាយខ្លៅ

ឬនរណានាំក្តៅ? ទើបញាតិផៅដៀលរូបកាយ។

១៣. ចិត្តដឹងយល់រឿងស្តែង ប្រឹងបង្វែងក្លែងបកស្រាយ

ថាក្រពះនិងកាយ នាំអន្តរាយអ្នកខុសពិត។

១៤. ប្រឹងបាំងគ្រប់ទង្វើ ចិត្តនាំធ្វើរឿងទុច្ចរិត

អាក្រក់ល្អច្រើនពិត ធំលើចិត្តនាំទាំងអស់។

១៥. ឯកាយនិងក្រពះ ពិតមិនឈ្នះចិត្តឡើយសោះ

ទេព្តា.ព្រះយល់អស់ ចិត្តមិនស្មោះមិនដោះស្រាយ។

១៦. ក៏បានអោយឥសី មានបារមីបង្ហាញកាយ

ជួយកាត់ក្តីបកស្រាយ មិនអោយឆ្ងាយឈ្លោះគ្នាយល់។

១៧. លើកគ្រប់ហេតុផលអាង ជាតឹកតាងឫសដើមគល់

ការពិតចិត្តអ្នកយល់ នាំអំពុលចិត្តអ្នកខុស។

១៨. ម្យ៉ាងបើចិត្តប្រពៃ បាបបុណ្យភ័យទាំងស្រីប្រុស

ក្រពះ.កាយមិនខុស មិនល្បីសុសខូចយសឡើយ។

១៩. ជម្លោះគ្រប់បញ្ហា គ្មានឡើយណាដែលនាំអោយ

ក្រពះ.កាយស្តាយក្រោយ មិនគួរឡើយប្រឹងឈ្លោះគ្នា។

២០. រឿងគ្រប់សព្វបែបយ៉ាង ចិត្តនាំសាងចងកម្មពៀរ

ទុច្ចរិតធ្វើបំពារ បំពានគ្នាគ្មានថ្ងៃចប់។

២១. កាយ.ក្រពះយល់ជាក់ ឈប់ល្ងង់ធ្លាក់ឈ្លោះគ្នាឡប់

បែកបាក់សាមគ្គីស្អប់ ប្រែត្រឡប់អប់រំចិត្ត។

២២. មិនអោយភ្លេចភ្លាំងភ្លាត់ ក្រពះឃាត់កាយមិនស្និទ្ធ

ធ្វើខុសតាមចិត្តគិត នាំជីវិតពិតឆ្ងាយព្រួយ។

២៣. ក្រពះ.ចិត្តនិងកាយ សាច់មិនឆ្ងាយពិតតែមួយ

ប្រឹងអប់រំចិត្តជួយ ជាក់អស់ព្រួយរស់សុខសាន្ត។

២៤. ពួកគេយល់ការពិត ឥសីឫទ្ធរលាយប្រាណ

យល់រឿងគ្មានសល់ដាន ខ្វល់រំខានមិនមានឡើយ។

២៥. អ្នកខុសគឺជាចិត្ត អ្នកប្រពឹត្តកាយនេះហើយ

ក្រពះមិនខុសឡើយ ចង់សុខសោយឈ្នះដួងចិត្ត។

លីម ចំរើន តែងថ្ងៃ ០៨/១១/២០១៧

គីង្គក់និងហ៊ីង

១. គីង្គក់លក់ថ្នាំស្រែង អួតឥតក្រែងថ្នាំឯងល្អ

ស្បែកខ្មៅដៅក្រម៉រ

លាបអោយសល្អដាច់គេ។

២. ពេលនោះមានហ៊ីងមួយ

ហាក់ដូចព្រួយប្រឹងលួចជេរ

គីង្គក់លក់ឈ្មោះកេរ្តិ៍

ឥតខ្វល់ទេព្រោះតែប្រាក់។

៣. ងងឹតពិតដូចបាំង

គីង្គក់ខ្លាំងអាងកាប់ចាក់

ហ៊ីងខ្វល់ឈ្លោះដល់ខ្វាក់

គីង្គក់បក្សចាប់ធ្វើបាប។

៤. ឥតខ្វល់សត្វដទៃ

លើផែនដីស្តីឆ្អេះឆ្អាប

មាត់ប្រៃប្រែមកសាប

គីង្គក់បាបស្លាប់មិនខ្វល់។

៥.លោភៈទាក់ជាប់ចិត្ត

គីង្គក់ស្និទ្ធស្អិតល្បិចកល

ប្រឆាំងពិតគ្មានផល

ខ្ទាតគ្មានសល់ផលចំណេញ។

៦.ស្រែកផ្តាំអស់សព្វសត្វ

ចង់សុខស្ងាត់កុំបញ្ចេញ

គំនិតគិតចំណេញ

គីង្គក់ដេញមិនចេញឡើយ។

៧.ផែនដីនៅទីហ្នឹង

គីង្គក់ដឹងស្គាល់អស់ហើយ

កុំខ្លាំងតឆ្លងឆ្លើយ

ប្រាប់អោយហើយប្រយ័ត្នក្ស័យ។

លីម ចំរើន

០៤.០៩.២០១៧

Sent from my Samsung Galaxy smartphone.

——– Original message ——–

ពាក្យពិតរែងស្លែង

ពាក្យពិតរែងស្លែង
បទពាក្យ៧

១ ពាក្យពិតរែងស្លែងតែងទ្រគោះ
ជួនមិនពិរោះដូចសសើរ
អ្នកតូចអ្នកធំខ្លះហៃអើ
គេបានសសើរថាយល់ការណ៍។
២ ឯខ្ញុំត្រង់ស្មោះអស់តម្លៃ
គេចោទចង្រៃអត់បានការ
ខុសគេតែឯងនាំបញ្ហា
រកល្បិចចាត់ការកម្ចាត់ចោល។
៣ នេះឬជីវិតជនគំរូ
ប្រឹងប្រែងតស៊ូរស់តែលតោល
ភិតភ័យគ្រប់គ្រាងារដូចចោរ
ឬដូចស្រមោលរំខានគេ។
៤ យុត្តិធម៌មានទេក្នុងសង្គម
គេសើចខ្ញុំយំខ្លះព្រួតជេរ
ខ្ញុំបង់គំនិតគិតជួយគេ
អ្នកខ្លះចិត្តរេរបំផ្លាញវិញ៕

លីម ចំរើន
១៨ ០២ ២០១៧

Design a site like this with WordPress.com
Get started