ថ្ងៃទី៣១ ខែធ្នូ
ម៉ោង ៥ ព្រឹក យើងមកដល់ ខេត្តឡៅកាយ ហើយនឹងមានគេមកទទួលយើងពីស្ថានីយរថភ្លើង ហើយជិះឡើងទៅលើតំបន់សាប៉ាដែលជាតំបន់ភ្នំ។ ផ្លូវឡើងទៅសាប៉ា ក្រវេចក្រវៀន ជាងផ្លូវភ្នំគូលេនទៅទៀត ហើយត្រូវចំណាយពេលដល់ទៅមួយម៉ោងទើបដល់។ មកដល់សាប៉ា ម្នាក់ៗនាំគ្នាលាន់មាត់នឹងទេសភាពដែលបានឃើញ ដំបូងខ្ញុំស្មានថាយើងមកតំបន់ដែលមិនទាន់អភិវឌ្ឍន៍ មានផ្ទះធ្វើពីស្លឹករបស់ប្រជាពលរដ្ឋនៅសាប៉ា អីជាដើម តែពេលមកដល់ យើងត្រូវស្រឡាំងកាំង ព្រោះទេសភាពដូចជានៅបរទេសដូច្នោះដែរ មានអាគារធ្វើពីថ្មជាច្រើន។ មានបឹងដ៏ធំមួយ នៅម្ខាងទៀតនៃបឹងគឺជាភ្នំ ដែលមានអាគារតូចធំ ចម្រុះពណ៌សាងសង់នៅប្របជើងភ្នំនោះ។ ពេលមកដល់ភ្លាម គេនាំយើងទៅសណ្ឋាគារដែលយើងមិនអាចចូលគេងបានទេ ព្រោះថាម៉ោងចូលគឺម៉ោង ២ រសៀល។ ទៅដល់សាប៉ា អាកាសធាតុត្រជាក់ខ្លាំងណាស់ ហើយយើងក៏ត្រូវបង្ខំចិត្តមិនងូតទឹក គ្រាន់តែដូរខោអាវរួចធ្វើដំណើរបន្តទៀត។ យើងបានកក់ធួរដើរលើផ្លូវភ្នំ ដែលនឹងមានអ្នកនាំភ្ញៀវម្នាក់ នាំយើងដើរមើលភូមិជនជាតិដើមភាគតិច និងមើលការរស់នៅរបស់ពួកគេ។ អ្នកនាំយើងដើរ គឺជាជនជាតិដើមភាគតិចតែម្ដង គាត់មានឈ្មោះថាស៊ូ ប៉ុន្តែភាសាអង់គ្លេសរបស់គាត់ ខ្ញុំសូមចាញ់តែម្ដង។ គាត់អនុញ្ញាតឲ្យយើងផ្លាស់សម្លៀកបំពាក់ រួចនាំយើងទៅទទួលទានអាហារពេលព្រឹក ហើយក្រោយមកក៏ចាប់ផ្ដើមធ្វើដំណើរ។
ដំបូងៗ យើងដើរលើផ្លូវរាប ហើយក៏ឃើញមានជនជាតិដើមភាគតិចពីរបីនាក់ទៀតដើរតាមយើង។ ខ្ញុំលួចគិតបារម្ភពីកាបូបខាងក្រោយ ខ្លាចពួកគាត់ចង់លួច ឬបន្លំអ្វី។ តែការពិតទៅ បានពួកគាត់នឹងហើយដែលជួយទប់ពួកយើងពេលដើរលើភ្នំ ព្រោះកន្លែងខ្លះរអិល និងកន្លែងខ្លះចោតជាខ្លាំង។ ពួកយើងនាំគ្នាឆ្ងល់ថាពួកគាត់ជួយយើងធ្វើអ្វី ធ្វើឲ្យយើងសម្រេចគ្នាថាចាំឲ្យលុយធីបពួកគាត់ខ្លះ។ ការដើរនេះពិតជាអស្ចារ្យហើយ ទាំងទេសភាពតាមផ្លូវ អាកាសធាតុដ៏ត្រជាក់ និងភាពឈឺចុកចាប់របស់ជើងទាំងពីរ ពេលខ្លះស្ទើតែដើរមិនរួច តែស៊ូ ក៏យល់ចិត្តព្រោះឲ្យយើងឈប់តាមផ្លូវ តាមចិត្ត ដោយមិនបង្ខំ តែទោះបីជាបែបនេះក៏ដោយ ក៏មិនអាចបង្អាក់សកម្មភាពថតរូបរបស់យើងនោះដែរ។ ការដែលឈប់ភាគច្រើនគឺឈប់ថតរូបនោះហើយ។ សំណាងដែរ ដែលពេលត្រលប់មកវិញ យើងមិនចាំបាច់ត្រូវដើរនោះទេ មានឡានចាំដឹកយើងមកវិញ។ អរគុណព្រះជាម្ចាស់!
ដើរឡើងភ្នំ ចុះភ្នំ ដើរលើផ្លូវរាប ដើរលើផ្លូវរអិល ដើរលើផ្លូវស្រួល ដើរលើផ្លូវពិបាក ដើរលើផ្លូវស៊ីម៉ង់ ទីបំផុតយើងក៏មកដល់ភូមិរបស់ស៊ូ ដែលជាកន្លែងឈប់សម្រាកអាហារថ្ងៃត្រង់។ អូ! សូមប្រាប់បន្តិចថាស៊ូមានអាយុ ២៦ ឆ្នាំ និងកូនពីរនាក់រួចទៅហើយ។ ជនជាតិពួកគាត់រៀបការនៅក្មេងៗណាស់ ហើយយើងក៏ឃើញមានអ្នកខ្លះស្ពាយកូនដើរតាមផ្លូវដែលយើងដើរនោះដែរ គេដើរទៅលក់ឥវ៉ាន់នៅក្នុងក្រុង និងដើរត្រលប់មកភូមិវិញ។ ពេលមកដល់ទីនេះ អ្នកដែលដើរតាមពួកយើង និងជួយកាន់ដៃពួកយើង ក៏លាពួកយើងព្រោះគេមកដល់ភូមិរួចហើយ យើងនាំគ្នាហុចលុយធីប តែពួកគាត់ទទូចសុំលក់ឥវ៉ាន់ឲ្យយើងជំនួសវិញ យើងក៏នាំគ្នាជួយទិញគាត់ម្នាក់មួយ។ គ្នាគាត់មាន ៣ នាក់ ជួយកាន់ដៃយើងម្នាក់មួយ ដូច្នេះយើងក៏ទិញឥវ៉ាន់ពីអ្នកដែលជួយកាន់ដៃយើងនោះ។
ពេលញាំបាយរួច យើងក៏ត្រូវដើរមួយសន្ទុះទៀតដើម្បីឆ្លងទៅកន្លែងដែលឡានចាំ។ ពេលនោះស៊ូ បង្ហាញពីផ្ទះអ្នកភូមិទូទៅ ដែលមានឧបករណ៍ត្បាញម្នាក់មួយនៅតាមផ្ទះ។ ស៊ូ និយាយថាកំណាត់ទាំងនេះ គឺបានមកពីដើមហេម (Hem) ដែលគេដាំលើភ្នំ និងមានរដូវដាំដុះផ្សេងៗពីដំណាំស្រូវ។ គេច្រៀកដើមហេមរួចយកមកចងភ្ជាប់គ្នាជាសរសៃវែង រួចហើយទើបយកមកត្បាញចេញជាកំណាត់ គាត់ក៏បង្ហាញពីការជ្រលក់ថ្នាំខ្មៅ ការធ្វើឲ្យកំណាត់រលោង និងការធ្វើឲ្យកំណាត់មានក្បាច់រចនានោះដែរ ស្ដាយណាស់ដែលមិនបានថតរូបយកមក តែបើចង់ដឹងទៅលេងសាប៉ាម្ដងទៅ។ យើងដើរមកដល់កន្លែងឡានហើយ អស់កម្លាំងសឹងនឹងស្លាប់ សំណាងហើយដែលមានឡានជិះទៅវិញ កុំអីនោះ។
ពេលមកដល់សណ្ឋាគារ យើងក៏នាំគ្នាចូលទៅបន្ទប់ ហើយបន្ទប់នោះទៀតសោតត្រជាក់ដូចការដែលយើងនៅក្រៅដែរ។ គ្រាន់តែខ្ញុំច្រលំដាក់ជើងទទេលើអិដ្ឋការ៉ូ ខ្ញុំស្រែកលាន់ពេញបន្ទប់ ហើយការងូតទឹកក៏យើងត្រូវពាក់ស្បែកជើងដែរ។ សំណាងអាក្រក់បន្ទប់គ្មានអ៊ីនធឺណិតទៀតហើយ បើចង់លេងត្រូវទៅលេងនៅឡប់ប៊ី ឬភោជនីយដ្ឋានរបស់សណ្ឋាគារ។ យើងនាំគ្នាចេញទៅលេង អ៊ីនធឺណិត មួយសន្ទុះ ត្រលប់មកវិញ ងូតទឹក រួច ក៏នាំគ្នាដើរទៅរកកន្លែងម៉ាស្សាបាតជើង ព្រោះថាឈឺចុកចាប់លើជើងទាំងពីរ។ បន្ទាប់ពីម៉ាស្សា យើងដើរទៅរកកន្លែងញាំអីពេលល្ងាច ហើយក៏ទៅញាំស៊ុប និងសាច់អាំងចង្កាក់ ដែលរសជាតិគឺល្អម្យ៉ាងដែរ ខុសតែសាច់ស៊ុបព្រោះយើងមិនដែលញាំស៊ុបសាច់មាន់នោះទេ ពេលហៅរួច ក្រលេកឃើញតុផ្សេងឃើញមានសាច់គោ ពេលចង់ដូរក៏ហួសពេលទៅហើយ ក៏ទ្រាំញាំបន្តទាល់តែអស់។ ថ្ងៃនោះគឺជាថ្ងៃចុងឆ្នាំ យើងគិតថានឹងរកភោជនីយដ្ឋានមួយសម្រាប់រាប់ថយក្រោយឆ្លងឆ្នាំក្នុងថ្ងៃនេះ ឆ្នាំមុននៅឡាវពួកយើងបានឆ្លងឆ្នាំនៅមុខភ្នក់ភ្លើងមានតន្រ្តីកំដរ និងមានពួកបរទេសមួយក្រុមផឹកស្រា ឡូឡា នៅមាត់ស្ទឹង តែនៅសាប៉ា ដូចជាមិនមានការរៀបចំកន្លែងអ្វីសម្រាប់ឆ្លងឆ្នាំនោះទេ។ ពេលប្រទះឃើញភោជនីយដ្ឋានបារំាងមួយនោះហើយ គិតថាតោះទៅគេងយកកម្លាំងសិន ព្រោះដើរហត់ណាស់ទៅហើយ ចាំពេលម៉ោង ១០ ឬ ១១ ចាំត្រលប់មករាប់ថយក្រោយវិញ ប្រាកដថាខ្ញុំភ្ញាក់ម្ដងទៀតគឺម៉ោង ១២ កន្លះ ទៅហើយ ហើយក៏មិនមានកម្លាំងនឹងក្រោកទៅណាដែរ ក៏គេងបន្តរហូតដល់ម៉ោង ៧ ព្រឹកនៅថ្ងៃបន្ទាប់។ ពួកយើងបានឆ្លងឆ្នាំនៅក្នុងក្ដីសុបិន ហាហាហា ជារឿងមួយដែលយើងអាចអួតគេបានដែរតើ
ថ្ងៃទី១ ខែមករា
ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ គឺជាព្រឹកថ្ងៃទីមួយនៃឆ្នាំ (និយាយធ្វើអីនឹង?) ពួកយើងងើបឡើង ក៏នាំគ្នានិយាយរឿងកាលពីយប់ថាហេតុអ្វីបានជាមិនព្រមដាស់គ្នាអញ្ចឹង ហើយសរុបចុងក្រោយគឺថា ដោយសារតែការហត់នឿយ និងភាពត្រជាក់ទើបធ្វើឲ្យយើងសម្រេចចិត្តមិនចេញទៅក្រៅនាយប់នោះ។
ខ្ញុំដូចជាចាំថា ក្រៅពីខ្ញុំហើយ ពីរនាក់ទៀត គាត់មិនបានងូតទឹកនោះទេ ព្រោះវាត្រជាក់ពេក។ យើងចុះទៅញាំអាហារពេលព្រឹករួច ក៏ទៅលើកឥវ៉ាន់ចុះមកក្រោម ដើម្បីចាកចេញពីសណ្ឋាគារព្រោះយើងត្រូវតែចាកចេញមុនម៉ោង ១២ ហើយដោយសារតែថ្ងៃនោះ យើងក៏មានកម្មវិធីដើរតាមផ្លូវភ្នំដែរ ទើបយើងចេញមុនឲ្យហើយ។
ស៊ូមកដល់ ក្រោយមកបន្តិច រួចក៏នាំយើងដើរបន្តទៅទៀត ការដើរលើកនេះ គឺត្រូវដើរទៅតែភូមិពីរនោះទេ កាលពីថ្ងៃម្សិលនោះ គឺត្រូវដើរកាត់ភូមិចំនួនបី។ ទេសភាពតាមដងផ្លូវនៅតែធ្វើឲ្យយើងចាប់អារម្មណ៍ និងទាញទូរសព្ទដៃ និងកាម៉េរ៉ាយកមកថតដដែល ព្រោះផ្លូវកាច់ឆ្វេង កាច់ស្ដាំ អមជាមួយនឹងវាលស្រែលើភ្នំដែលកាត់ជាថ្នាក់ៗ នៅតែស្រស់ស្អាត ទោះបីជាទេសភាពថ្ងៃនេះប្រហាក់ប្រហែលនឹងទេសភាពកាលពីម្សិលមិញក៏ដោយចុះ។
តែថ្ងៃនេះ យើងដើរកាត់ភូមិមួយចុះជម្រាលភ្នំ នៅតាមផ្លូវគេរៀបចំជាជណ្ដើរងាយស្រួលដើរ មនុស្សម្នាលក់ឥវ៉ាន់តាមដងផ្លូវ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍អ្នកលក់ខ្លះចេះភាសាថៃតិចតួច ដោយសារតែមានជនជាតិថៃមកលេងនៅតំបន់នេះជាច្រើននាក់ ទៅណាក៏ឮតែជនជាតិថៃដែរ។ ដើរបានបន្តិចក៏ឃើញមានការរៀបអាពាហ៍ពិពាហ៍ យើងព្យាយាមចូលទៅមើលដែរ តែមិនបានសម្រេចដោយសារតែមនុស្សម្នាច្រើនពេក។ ដើរបន្តមកទៀតក៏ឃើញទឹកជ្រោះដ៏ស្រស់ស្អាត នៅកន្លែងនោះមានលក់សាច់អាំងច្រើនប្រភេទ មានទាំងដំឡូងអាំង ពោតអាំងទៀត ដោយសារតែអាកាសធាតុត្រជាក់អាហារអាំងមានប្រជាប្រិយភាព (គិតតែខ្លួនឯងទេ)។ នៅក្បែរជ្រោះម្ខាងនោះ មានកន្លែងសម្ដែងរបាំជនជាតិ ដោយអាចឲ្យភ្ញៀវទេសចរណ៍ចូលមើលដោយឥតគិតប្រាក់ ភ្ញៀវខ្លះអាចស្លៀកសម្លៀកបំពាក់របស់ជនជាតិ រួចថតរូបលេងក៏បានដែរ។
យើងសម្រាកញាំអាហារសម្រន់បន្តិចក៏ត្រូវដើរបន្តទៀត យើងចំណាយពេលប្រហែលជាជិតមួយម៉ោងទៀតដើម្បីដើរទៅខាងមុខ ទៅកាន់កន្លែងដែលមានម៉ូតូឌុបចាំដឹកអ្នកដែលមិនអាចដើរត្រលប់ទៅវិញបានដោយថ្មើរជើង ច្បាស់ហើយថាពួកយើងនៅក្នុងក្រុមដែលមិនអាចដើរត្រលប់ទៅវិញបាន ឈឺជើងពីម្សិលមិនបាត់ មកដល់ថ្ងៃនេះត្រូវឈឺជើងបន្ថែមទៀត ប៉ុន្តែទេសភាពនៅតាមផ្លូវ គឺពិតជាស័ក្តិសមនឹងការឈឺជើងនេះណាស់។
ពេលជិះម៉ូតូមកវិញ យើងចូលកក់សក់បន្តិច អូ សូមប្រាប់ថាស៊ូ មានសក់វែងអន្លាយ ស្រឡូនគួរឲ្យស្រលាញ់។ គេកក់សក់ដោយប្រើទឹកក្ដៅអ៊ុនៗ ស្រួលខ្លួន តែអ្នកកក់នោះមិនសូវជាជំនាញដូចជាម៉ូយកក់សក់របស់ខ្ញុំនោះទេ ហើយម្យ៉ាងទៀត ខ្ញុំថាការកក់សក់នេះថ្លៃណាស់ អស់ប្រហែល ៧ ដុល្លារគ្រាន់តែកក់សក់ ព្រះ! បន្ទាប់ពីកក់សក់គឺជាការបែកគ្នា ស៊ូ បានលាពួកយើងត្រលប់ទៅវិញ ហើយខ្ញុំក៏បានឱបអរគុណស៊ូ ដែលធ្វើជាអ្នកនាំផ្លូវដ៏ល្អសម្រាប់រយៈពេល ១ ថ្ងៃកន្លះកន្លងមក។
ក្រោយមកពួកយើងសម្រេចចិត្តប្ដូររសជាតិអាហារពីអាហារក្នុងស្រុក ទៅជាអាហារបរទេសវិញ ដោយកុម្ម៉ង់ភីស្សា និងស្ប៉ាហ្គេទីមកញាំវិញ ហើយរសជាតិអាចប្រើការបាន។ អង្គុយបានបន្តិចក៏ឃើញភ្ញៀវជនជាតិថៃមកទៀតហើយ គឺថាឃើញគ្រប់កន្លែងតែម្ដង។ ដោយសារយើងនឹងជិះរថភ្លើងពេលយប់ត្រលប់ទៅហាណូយវិញ ដែលរថភ្លើងនោះនឹងត្រូវចេញនៅម៉ោង ១៩.៣៥ នាទី ទើបពួកយើងគិតថា ចាំប្រហែលជាម៉ោង ១៦.៣០ នាទី ចាំជិះឡានចុះទៅវិញ។ ដោយសារតែមិនទាន់ដល់ម៉ោង យើងសម្លាប់ពេលវេលាដោយអង្គុយញាំនំខេក និងលេងទូរសព្ទ អង្គុយជាងកន្លះម៉ោង ចម្រៀងកូរ៉េមួយបទបានចាក់សារចុះសារឡើង ដដែល រហូតពួកយើងស្ទើតែអាចច្រៀងតាមបាន។ អង្គុយបានមួយសន្ទុះទៀតប្រហែលម៉ោង ១៥.៣០ នាទី ឬ ម៉ោង ១៦.០០ នាទី ពួកយើងទៅអង្គុយចាំនៅសណ្ឋាគារវិញ ចាំឡានមកយក។
លើកនេះយើងជិះឡានធំ ប្រហែលជា ២៥ កៅអី កាលមកយើងជិះឡាន Fortuner ៥ កៅអី។ យើងមិនបានដាក់វ៉ាលីសខាងក្រោមឡាននោះទេ ដោយសារតែតៃកុងឡានរវល់ដើរប្រមូលភ្ញៀវ ដែលនេះជាការសំណាងមួយរបស់យើងដែរ។ យើងជិះបានប្រហែលជា កន្លះម៉ោងចេញពីតំបន់សាប៉ា យើងក៏ឃើញមានឡានឈប់មួយជួរខាងមុខ ហើយយើងក៏ត្រូវបានប៉ូលីសហៅឲ្យអែបផ្លូវដែរ មិនអាចទៅមុខបាន។ យើងស្មានតែចំណាយពេលតិចតួច ស្រាប់តែកន្លះម៉ោងផុតទៅ យើងចាប់ផ្ដើមបារម្ភ ព្រោះថាយើងសឹងតែមិនបំលាស់ទីពីកន្លែងដែលយើងនៅ។ ក្នុងឡានមួយក្រុមគ្រួសារថៃមួយក្រុម មានភ្ញៀវបរទេសអឺរ៉ុបស្រីប្រុសពីរនាក់ មានដូចជាជនជាតិជប៉ុន ឬកូរ៉េពីរនាក់ និងមានជនជាតិវៀតណាម ៣ នាក់ ដែលឡើងមកតាមផ្លូវ មិនមែនជាភ្ញៀវរបស់ក្រុមហ៊ុននោះទេ។
ពួកយើងមានការបារម្ភ យើងតេទាក់ទងអ្នកធ្វើការជាមួយបងដា ដែលជាជនជាតិវៀតណាមឲ្យមើលថាតើយើងអាចដូររថភ្លើងទៅពេលយប់បន្តិចបានទេ តែខាងនោះគេប្រាប់ថាមិនអីទេ។ រចនា ជាអ្នកដុកដាន់បងដាជាងគេ ហើយបងដា ក៏ព្យាយាមប្រាប់ថាខាងណុះគេក៏ព្យាយាមហើយដែរ តែវាមិនមាន អញ្ចឹងមានតែចាំឲ្យចរាចរណ៍ដើរទៅតាមសម្រួល ប៉ុន្តែឡានមិនទៅមុខសោះ ម៉ោង ១៨.៣០ អីទើបយើងអាចធ្វើដំណើរសន្សឹមៗចេញពីកន្លែងដើមបាន។ ដោយសារការជជែកគ្នាមានសភាពតានតឹងបន្តិច ធ្វើឲ្យយើងម្នាក់ៗនៅស្ងៀម លែងហ៊ាននិយាយព្រោះអាចនឹងទៅជាឈ្លោះគ្នាបាន ខ្ញុំដែលមិនមាត់អីសោះ ប៉ុន្តែដកដង្ហើមធំជាច្រើនលើកច្រើនសារ។ ឡានបើកបរបានបន្តិចឈប់ទៀត បើកបានបន្តិចឈប់ទៀត ព្រោះឡានមានរាប់រយទាំងទៅទាំងមក ផ្លូវលើភ្នំនោះ គឺអាចត្រឹមឡានពីរចៀសគ្នាបាន តែដោយសារមានគ្រោះថ្នាក់ចរាចរណ៍ឡានដឹកឥវ៉ាន់កង់ដប់ ក្រឡាប់ដួលកណ្ដាលផ្លូវទើបធ្វើឲ្យចរាចរណ៍ទៅមកបានមួយចំហៀងៗតែប៉ុណ្ណោះ។ ខ្ញុំតឹងចិត្តខ្លាំងណាស់ តែត្រៀមចិត្តជាស្រេចថាច្បាស់ជាមិនទាន់រថភ្លើងនោះទេ ព្រោះម៉ោង ១៩.០០ ទៅហើយ ឡាននៅប្រហែលជា ២០ គីឡូ ទៀតពីខេត្តឡៅកាយ នៅជិះទៅស្ថានីយរថភ្លើងទៀតនោះ? ខ្ញុំមើលម៉ោងបណ្ដើរ ធៀបនឹងបង្គោលចង្អុលគីឡូបណ្ដើរ ក្នុងចិត្តភាវនាថាសូមឲ្យរថភ្លើងពន្យារពេលចេញដំណើរ សូមឲ្យម៉ោងឈប់ដើរ ប៉ុន្តែវាគ្មានប្រយោជន៍ទេ។ ម៉ោង ១៩.២៨ នាទី ឡានទើបចុះមកពីលើភ្នំ ហើយចាំជនជាតិវៀតណាម ៣ នាក់នោះទេ? ពួកគេនិយាយជាភាសាវៀតណាមជាមួយតៃកុងឡាន ដែលយើងកាត់យល់ថាពួកគេសុំចុះតាមផ្លូវ ពួកយើងចង់ឆ្កួតស្លាប់។ ចៃដន្យឡានបើកមកដល់ស្ដុបភ្លើងក្រហម ហើយបីនាក់នោះក៏រត់ចុះទៅតែម្ដង ដោយមិនខាតពេលរបស់យើង។ ចំណែក រចនា គិតថាប្រហែលមកមិនទាន់រថភ្លើងដូចគ្នាតែគាត់ត្រៀមយកវិក័យប័ត្រដែលទុកដូរសំបុត្ររថភ្លើងនោះ ចេញមកដាក់ហោប៉ៅអាវរងាររួចទៅហើយ។
ម៉ោង ១៩.៣១ នាទី ហើយ ឡានចតប៉ាប់ ពួកយើង ឃើញមនុស្សម្នារត់ព្រូ រចនា ស្រែកថាបងរត់ ខ្ញុំក៏ស្រវ៉ាកាបូបខ្លួនឯងមួយ កាបូបបងដាពីររត់តម្រង់ទៅរថភ្លើងដែលមានចម្ងាយប្រហែល…. (មិនដឹងទេ ១០០ ម៉ែត្រ ឬ ២០០ ម៉ែត្រ សូមទោសមិនសូវជាចេះប៉ាន់ចម្ងាយប៉ុន្មានទេ) គ្រាន់តែដឹងថា រចនា រត់ទៅមុនហើយ រចនា ស្រែកប្រាប់ថា បងរ៉ាមណា វ៉ាលីសបងឯង? ខ្ញុំងាកក្រោយស្រែកបន្ត បងដា កុំភ្លេច វ៉ាលីស ខ្ញុំ ពួកយើងស្រែកដោយមិនខ្វល់ពីនរណាទាំងអស់ មិនមើលថាតើអ្នកដទៃគេធ្វើបែបណា មិនដឹងថាតៃកុនឡាន មានសកម្មភាពបែបណាទៀត អ្វីដែលសំខាន់គឺរត់ទៅតម្រង់រថភ្លើងដែលរៀបនឹងចេញទៅនោះ!
ជាវិនាទីដ៏រន្ធត់ តែយើងគ្មានពេលគិតច្រើន រចនា ធ្លាប់រអ៊ូថាឈឺឆ្អឹងខ្នងពេលនៅលើឡាន ធ្លាប់ចង់ចូលបន្ទប់ទឹកខ្ញុំក៏ចង់ចូលដែរ តែពេលនេះពួកយើងមិនគិតអ្វីក្រៅពី រត់ រត់ និងរត់។ រត់មកដល់ក្បែររថភ្លើង យើងកាន់តែភ័យទៀតព្រោះឃើញមនុស្សជ្រួលច្រាល បុគ្គលិកក្រុមហ៊ុនរថភ្លើងមួយចំនួនចេញមកតម្រៀបចាំភ្ញៀវដើម្បីឲ្យសំបុត្រដែលមានបញ្ជាក់លេខកាប៊ីន និងលេខគ្រែ បងដា ប្រាប់ថាគេតម្រង់ជួរ ប៉ុន្តែ ខ្ញុំមើលមិនឃើញអ្វី រចនា ក៏ដូចគ្នាពួកយើងរត់ទៅដូរយកសំបុត្រ រួចស្រែករកក្រុមហ៊ុនរថភ្លើងរបស់យើងគឺ Orient រចនា ស្រែកថា Orient! Orient! Orient! ខ្លាំងៗពីរបីដង ក្រោយមកគេក៏ឲ្យយើងឡើងទៅកាប៊ីនទី២ មុនពេលឡើងមកយើងបានឮសំឡេងអង្វរ ដូចជាចង់យំរបស់ស្រីម្នាក់ ថាឲ្យជួយគាត់ផង យើងកាន់តែភ័យទៀត។ ស្ថានការណ៍ពេលនោះប្រៀបដូចជាការរត់គេចពីសង្រ្គាម ប្រៀបដូចថាប្រសិនបើយើងមិនទាន់ជើងរថភ្លើងនេះទេយើងនឹងអាចមានគ្រោះថ្នាក់ដល់ជីវិតបាន រញ៉េរញ៉ៃវក់វី។ យើងនៅលើកាប៊ីន ប្រជ្រៀតគ្នាណែនណាន់ ផ្លូវដើរចង្អៀត ថែមនឹងមនុស្ស ថែមនឹងវ៉ាលីស របស់មនុស្ស ៥ ឬ ៦ នាក់ទៀត គឺណែនប៉ែស។ តែយើងសំណាងព្រោះ បីនាក់យើងបានឡើងលើកាប៊ីនទាំង ៣ នាក់ ខ្ញុំឮពីរចនាថា មានក្រុមខ្លះមិត្តភក្តិរត់មកមិនទាន់រថភ្លើង ព្រោះពេលដែលយើងឡើងរថភ្លើងបាន ២ នាទី រថភ្លើងក៏ធ្វើដំណើរចេញពីស្ថានីយ! យើងតែងតែគិតថាប្រហែលជារថភ្លើងអាចនឹងរង់ចាំព្រោះដោយសារតែឧបទ្ទវហេតុនៅលើភ្នំនោះ តែសុំទោសបាទ! គ្មានរឿងបែបនោះទេ!
ពួកយើងត្រូវបានឲ្យប្ដូរទៅកាប៊ីនមួយទៀតជំនួសវិញ ព្រោះយើងឡើងខុសកាប៊ីន កាប៊ីនយើងលេខ ២ តែយើងឡើងកាប៊ីនលេខ ៣ តែមិនអីទេ យើងអាចដើរឆ្លងទៅបាន។ រចនា ចូលទៅដល់បន្ទប់មុនគេដូចរាល់ដង គាត់ស្រែកឡើងថា បងដា ខ្ញុំគេងខាងក្រោម! ហេតុអ្វី? ដោយសារថាយើងជួបបុរសឥណ្ឌាដែលជិះកាប៊ីនជាមួយយើងកាលពីយើងទៅសាប៉ា កាលពីថ្ងៃទី៣១ នោះ ពិតជាចៃដន្យខ្លាំងណាស់! ប៉ុន្តែ មុននឹងរាក់ទាក់គាត់ ពួកយើងម្នាក់ៗ នាំគ្នាស្រែកវ៉ាសដោយអារម្មណ៍ជាច្រើនលាយឡំ ទាំងធូរចិត្ត ទាំងនៅភ័យ ទាំងហត់នឿយ គ្រប់សព្វបែបយ៉ាង។ ហេតុការណ៍ដែលយើងជួបនេះ ជាហេតុការណ៍ដែលអាចលើកមកនិយាយបានមួយជីវិតមិនចប់មិនហើយ ព្រោះជារឿងដែលសំណាងបំផុត។ បើយើងមកមិនទាន់រថភ្លើង យើងក៏អាចចេញពីសាប៉ាមកបានដែរ គ្រាន់តែយើងអាចត្រូវប្ដូរមកជិះឡាន ឬជិះរថភ្លើងដែលមិនសូវជាមានផាសុកភាពដូចរថភ្លើងមួយនេះប៉ុណ្ណោះ។
បន្ទាប់ពីស្រែក និងរាក់ទាក់មិត្តរួមកាប៊ីនរបស់យើងមួយម៉ាត់ម្នាក់មក យើងនាំគ្នាទៅកាន់ភោជនីយដ្ឋាននៅលើរថភ្លើងនោះ។ ពេលនោះដែលយើងគិតថាមិនញាំអ្វីទេ តែចៃដន្យងាកទៅឃើញមីស្រុះរបស់តាប៉ិនោះគួរឲ្យឆ្ងាញ់ ស្រុះលាយពងទា ចំណែកបងដា គាត់ញាំមីកំប៉ុងរបស់គាត់ដែលយួរចុះឡើងៗ តាំងពីភ្នំពេញដល់សាប៉ា ត្រលប់ទៅហាណូយ វិញ គាត់ខ្លាចថាគ្មានអ្វីញាំ ហើយគាត់ក៏ញាំមីរបស់គាត់ពេលនោះទៅ។ រចនា ឈរឡើងដើរទៅជិតភ្ញៀវដែលកុម្ម៉ង់មីស្រុះ រួចចង្អុលទៅលើចានមីរបស់បុរសម្នាក់នោះ ចង់ប្រាប់ថាសូមមួយចានដែរ។ (និយាយដល់មីស្រុះស្រាប់តែឃ្លាន!) ពួកយើងញាំបណ្ដើរនិយាយគ្នាបណ្ដើរ ហើយសើចខ្លាំងៗ រហូតដល់តាប៉ិអ្នកបើកបរ ឬអ្នកធ្វើការលើរថភ្លើងងាកមក លើកម្រាមដៃដាក់ក្បែរមាត់ជាសញ្ញាឲ្យស្ងាត់ ព្រោះគាត់កំពុងនិយាយទូរសព្ទ ហាហាហា ចុះបើពួកយើងនៅភ័យរឿងរត់ឡើងរថភ្លើងមិនទាន់បាត់នោះ។ ញាំមីស្រុះរួចក៏ដើរត្រលប់ទៅកាប៊ីនវិញ រួចក៏នាំគ្នាគេងទៅ! គ្រែខ្ញុំលើកនេះសំណាងអាក្រក់មិនមានភ្លើងនៅចុងក្បាលដំណេកនោះទេ តែមិនអីទេ ទ្រាំគេងចុះ!