អត្ថបទខាងក្រោមនេះ ខ្ញុំបានដកស្រង់ចេញពីសារព័ត៌មាន រស្មីកម្ពុជា ចេញផ្សាយថ្ងៃ អាទិត្យ – ចន្ទ ទី ០៨-០៩ ខែសីហា ឆ្នាំ២០១០ ។ អត្ថបទនេះសរសេរដោយលោក អ៊ុំ សារាវុធ និយាយរៀបរាប់ពីការរាប់ចំនួនក្នុងភាសាខ្មែរ ដែលយើងយកពាក្យសៀមមកប្រើ ដោយបំភ្លេច ឬ មិនដឹងតែម្ដងនូវពាក្យខ្មែរពិតប្រាកដ។ សូមអានខ្លឹមសារទាំងស្រុងដូចតទៅ៖
=x=x=x=x=x=
តើយើងអាចកែកំហុសយើងបានឬទេ?
តាំងពីពេលយូរណាស់មកហើយ ដែលខ្ញុំតែងមានចម្ងល់ថា ស្រុកខ្មែរយើងជាស្រុកចំណាស់មួយដែលមានអរិយធម៌ដ៏រុងរឿង និង វប្បធម៌សម្បូរបែប មិនគួរណានឹងខ្វះពាក្យសម្ដីសម្រាប់រាប់លេខដូចជាសព្វថ្ងៃនេះទេ ពីព្រោះនៅក្នុងចម្លាក់ក្ដី ផ្នែកសំណង់ប្រាសាទនានាក្ដី យើងពិតជាត្រូវការគិតគូរពីរង្វាស់រង្វាល់តាមក្បួនខ្នាតឲ្យបានត្រឹមត្រូវបំផុត។ ចុះហេតុអ្វីបានជាយើងត្រូវបាត់បង់ពាក្យសម្ដីសម្រាប់ប្រើហៅលេខទាំងអស់នោះ? តើពីជំនាន់ណាមក? នេះជាសំណួរដែលយើងត្រូវតែស្វែងរកចម្លើយឲ្យបាន។
ចំពោះចម្ងល់ខ្ញុំនោះគឺ ពេលដែលយើងរាប់លេខដល់ម្ភៃប្រាំបួន (២៩) យើងក៏លោតដល់ពាក្យ
សាមសិប (៣០) សែសិប (៤០) ហាសិប (៥០) ហុកសិប (៦០) ចិតសិប (៧០) ប៉ែតសិប (៨០) កៅសិប (៩០)។ តើពាក្យសៀមទាំងនេះ វាបានជ្រៀតចូលក្នុងវប្បធម៌ខ្មែរតាំងពីជំនាន់ណាមក? តើយើងអាចយកពាក្យខ្មែរមកប្រើជំនួសវាវិញបានឬទេ?
ឥឡូវនេះ ខ្ញុំសូមលើកយកពាក្យខ្មែរមកបង្ហាញបងប្អូនសិន
ដប់ និង មួយដណ្ដប់
ដប់ពីរ និង ពីរដណ្ដប់
ដប់បី និង បីដណ្ដប់
ដប់បួន និង បួនដណ្ដប់
ដប់ប្រាំ និង ប្រាំដណ្ដប់
ដប់ប្រាំមួយ និង ប្រាំមួយដណ្ដប់
ដប់ប្រាំពីរ និង ប្រាំពីរដណ្ដប់
ដប់ប្រាំបី និង ប្រាំបីដណ្ដប់
ដប់ប្រាំបួន និង ប្រាំបួនដណ្ដប់។
ខ្ញុំសូមសួរថា តើពាក្យមួយគូៗ នេះ វាមានន័យខុសគ្នាយ៉ាងណាខ្លះ? ខ្ញុំជឿជាក់ថា បងប្អូនពិតឆ្លើយថា វាមានន័យដូចគ្នាទាំងអស់។ នេះហើយជាការភាន់ច្រឡំរបស់យើងតាំងពីច្រើនជំនាន់មកហើយ។ តាមពិត ដប់ប្រាំ (១៥) និងប្រាំដណ្ដប់ (៥០) វាមិនដូចគ្នាទេ ពីព្រោះដណ្ដប់ (១០) វាជាមេគុណនឹងប្រាំ (៥) ដូចគ្នានឹងពាក្យសៀមថា សិប ជាមេគុណនឹង ហា (៥) រួចសម្រេចរួមជា ហាសិប (៥០) ដែរ។
ដូចនេះ ខ្ញុំសូមសរសេរសម្រួលពាក្យខ្មែរជំនួសពាក្យសៀមវិញថា
មួយដណ្ដប់ = ១០
ពីរដណ្ដប់ = ២០
បីដណ្ដប់ = ៣០
បួនដណ្ដប់ = ៤០
ប្រាំដណ្ដប់ = ៥០
ប្រាំមួយដណ្ដប់ = ៦០
ប្រាំពីរដណ្ដប់ = ៧០
ប្រាំបីដណ្ដប់ = ៨០
ប្រាំបួនដណ្ដប់ = ៩០
ហេតុនេះ យើងឃើញថា ខ្មែរយើងមិនខ្វះពាក្យសម្រាប់ប្រើទេ តែហេតុអ្វីបានជាយើងមិនប្រើ? បុព្វហេតុ ប្រហែលមកពីការភាន់ច្រឡំថា ដប់ពីរ និង ពីរដណ្ដប់វាដូចគ្នា ហើយការភាន់ច្រឡំនេះវាមានមកជាច្រើនជំនាន់មកហើយ បណ្ដាលឲ្យផ្នត់គំនិតយើងរាល់គ្នា យល់ថាវាដូចគ្នា។ សំណាងល្អដែរ ដែលយើងបានថែរក្សាពាក្យដណ្ដប់នេះទុកតកូនចៅរៀងរហូតមក បើពុំនោះទេ វានឹងត្រូវបាត់បង់ហិនហោចមិនអាចនឹងរាវរកឃើញឡើយ។
ហេតុអ្វីបានជាខ្ញុំលើកយករឿងនេះមកនិយាយនៅពេលនេះ? ដើមរឿងកាលពីថ្ងៃអាទិត្យទី២៣ មីនា ២០០៨ កន្លងទៅនេះ នៅពេលខ្ញុំរៀបចំធ្វើ «បុណ្យផ្កាសាមគ្គី» មួយ សម្រាប់សាលារៀនខ្មែរសុរិន្ទនៅឯក្រុងលីយ៉ុង (Lyon) ។ ដោយចៃដន្យ ខ្ញុំបានជួបខ្មែរម្នាក់ដែលគាត់ធ្លាប់បានទៅលេងនៅស្រុកភូមា ហើយបានជួបប្រទះភូមិខ្មែរពីរ ភូមិមួយឈ្មោះភូមិកំបុត និង ភូមិមួយទៀតឈ្មោះភូមិឆក ប្រហែលជានៅក្នុងភូមិភាគអ៊ីរ៉ាវដ្ដី (IRRAWADDY)។
គាត់ថា អ្នកភូមិទាំងនោះនៅនិយាយខ្មែរ តែជាខ្មែរបែបបុរាណណាស់ (តាមពិតពួកគាត់មិនដែលបានទទួលឥទ្ធិពលពីសៀមទេ)។ គាត់ថា ពួកគេនិយាយថា ប្រាំដណ្ដប់ ស្មើនឹងពាក្យដែលយើងប្រើសព្វថ្ងៃនេះថា (៥០) ដែរ។ សម្ដីគាត់ប៉ុន្មានម៉ាត់នេះ បានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រើតតែម្ដង ហើយគិតគូរមើលទៅឃើញថា ពួកគេ ពិតជាបាននិយាយត្រឹមត្រូវមែន។ ខ្ញុំសប្បាយចិត្តណាស់ចំពោះដំណឹងដ៏ល្អនេះ បើពុំនោះទេ ខ្ញុំពិតជាស្លាប់ទៅនាំយកទាំងការភាន់ច្រឡំដ៏ធំនេះទៅជាមួយផងពុំខាន។
តើយើងគួរប្រើពាក្យខ្មែរឡើងវិញឬទេ? តើត្រូវរបៀបណា ដើម្បីឲ្យពាក្យទាំងនេះអាចជ្រាបចូលក្នុងសន្ដានចិត្តខ្មែរគ្រប់ស្រទាប់? ខ្ញុំយល់ថា វាពុំងាយស្រួលសម្រាប់រយៈពេលខ្លីទេ តែរយៈពេលយូរ យើងអាចធ្វើទៅបាន តាមរយៈក្រសួងអប់រំ បើពុំនោះវាពុំអាចទេ ពីព្រោះ ពាក្យសៀមដែលយើងប្រើមកនេះ វាដុះស្លែជាយូរមកហើយ រួចមកនៅមានពាក្យសៀមសេសសល់ខ្លះទៀតដែលយើងត្រូវតែបោសសម្អាតចោល ពីព្រោះវាជារបស់មិនចាំបាច់ដូចជាពាក្យថា ចៅហ្វាយ ចៅហ្វា ចាងហ្វាង ភូឈួយ(អ្នកជួយ) ប៉ាឆា (ប៉ា៖ព្រៃ, ឆា៖ដុត ព្រៃដុតខ្មោច) ខុនណាង (ឃុននាង) ហ្លួង(ស្ដេច ឬ លោក) បាយខុនចងដៃ (បាយ៖ថ្ងៃរសៀល, ខុនមកពីឃុន ៖ មនុស្ស បទបាយខុនចងដៃ មានន័យថា ចងដៃកូនប្រុស កូនស្រី ក្នុងពេលថ្ងៃរសៀលពេលរៀបមង្គលការ) ជាដើម។
ខ្ញុំសង្ឃឹមថា យោបល់បន្តិចបន្តួចនេះ អាចធ្វើឲ្យបងប្អូនត្រិះរិះគិតសម្ដីសំដៅខ្មែរយើងដែលមានលក្ខណៈសម្បូរបែប តែត្រូវគេបោះបង់ចោលហើយបែរជាស្រវាយកនូវអ្វើដែលជារបស់គេថាថ្លៃថ្នូរ ថារុងរឿងទៅវិញ។
សព្វថ្ងៃ ខ្មែរយើងគ្រាន់តែសម្ដីថា អាច់ ក៏គ្មានដែរ ទាល់តែ អាចម៍ បែបបាលីទើបត្រឹមត្រូវ។ សភាពជ្រុលនិយមនេះ ត្រូវតែយើងប្រមូលផ្ដុំគ្នាកែតម្រូវទើបបាន បើពុំនោះទេយើងនឹងស្វែងរកការរុងរឿងម្ដេចឃើញ បើយើងបន្ថោកខ្លួនឯងម្ល៉ឹងៗ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ការយកសម្ដីគេមកជំនួសសម្ដីខ្មែរ បានក្លាយជារបាំងងងឹតមួយសម្រាប់មនុស្សភាគច្រើនដែលគ្នាពុំយល់ខ្លឹមសាររបស់ពាក្យនីមួយៗឲ្យបានច្បាស់លាស់៕
– សូមកុំច្រឡំសំដីថា ដណ្ដប់ និង សណ្ដប់ (?)
– កំណត់សម្គាល់សម្រាប់លេខសៀម
ហ្នឹង = ១ សង = ២ សាម = ៣ ស៊ី = ៤ ហា = ៥ ហុក = ៦ ចិត = ៧ ប៉ែត = ៨ កៅ = ៩ ស៊ិប = ១០
ដោយ អ៊ុំ សារាវុធ
=x=x=x=x=x=
យោបល់ខ្ញុំ៖
– ខ្ញុំយល់ស្របទាំងស្រុងចំពោះអត្ថបទខាងលើ។
– ខ្ញុំក៏ធ្លាប់មានចម្ងល់ដូចគាត់ដែរ តែចេះតែគិតថា សៀុមហៅចំនួនតាមខ្មែរទៅវិញ។ តាមពិតខ្មែរយើងយកពីសៀមសោះ។ គួរឲ្យខ្លោចចិត្តណាស់។ យករបស់គេមក ហើយបំបាត់ពាក្យខ្លួនឯងចោលសូន្យសុង។
– មិនគួរណា យើងមិននាំគ្នាប្រើពាក្យ «ដណ្ដប់» សោះតែម្ដង។ សូម្បីក្នុងវចនានុក្រមសម្ដេចសង្ឃជួន ណាត ក៏គ្មានពាក្យនេះដែរ (sic)។ សម្ដេចគួរតែគាស់កកាយពាក្យនេះយកមកប្រើ។ បើយើងពិនិត្យមើលវចនានុក្រមខ្មែរ សម្ដេចបានបញ្ចូលពាក្យខ្ចីពីបាលី សំស្ក្រឹត បារាំង សៀម ចិន យួនច្រើនក្រែល តែពាក្យខ្មែរសាមញ្ញភាគច្រើន (ប្រជាស័ព្ទ) ទ្រង់មិនបញ្ចូលសោះតែម្ដង។ អ៊ីចឹងហើយ បានធ្លាប់មានគេចោទថា ទ្រង់បាលីនិយម សំស្ក្រឹតនិយម មិនសូវ ខ្មែរនិយម សោះ។ ពាក្យខ្លះ ខ្មែរសោះ តែទ្រង់ប្រឹងធ្វើម៉េចភ្ជាប់សាច់ឈាមជាមួយឥណ្ឌាទាល់តែបាន (សូមអាន «ភាសាវិទ្យា» របស់លោកឡុង សៀម) ដូចពាក្យគេថា ខ្មែរ ជាអ្នក «ស៊ី» តែ ឥណ្ឌា ជាអ្នក «អាចម៍» ជាដើម។
– ខ្ញុំធ្លាប់យល់ពីដើមមកថា ដប់ពីរ = ពីរដណ្ដប់ អ៊ីចឹងដែរ។
– កាលពីមករៀននៅភ្នំពេញលើកដំបូង ខ្ញុំបាននិយាយតថ្លៃទៅកាន់អ្នកលក់ចិនថា ប្រាំមួយដណ្ដប់ដុល្លារ អ៊ីនោះគាត់បានសើចរបៀបឌឺៗ ប្រហែលយើងនិយាយភាសាអ្នកស្រែចូលក្រុងហើយ បានជាគេសើច តែនៅស្រុកខ្ញុំគេនិយាយថា ប្រាំមួយដណ្ដប់ចឹងែមន តែសំដៅដល់ ១៦ មិន ៦០ ទេ អ៊ីចឹងមានន័យថា ខាងស្រុកខ្ញុំក៏ច្រឡំរាប់ជំនាន់មកហើយដែរ។
– ខ្ញុំក៏បានភ្ញាក់ខ្លួនព្រើតដែរ ពេលបានអានអត្ថបទនេះ។ ខ្ញុំបានរកមើលពាក្យដែលទាក់ទងនឹងចំនួន នៅក្នុងវចនានុក្រម ឃើញថាមានបញ្ជាក់ពាក្យមេទាំងនោះមែន។ តែហេតុអ្វីមិនបញ្ចូលពាក្យដែលទាក់ទងនឹងគ្រប់ចំនួនផង? គួរតែមានទំព័រពិសេសណាមួយបង្ហាញពីចំនួនជាលេខ និង ជាអក្សរ។
– ពាក្យ «សណ្ដប់» ខាងលើ អត់ដឹងថាមានន័យយ៉ាងម៉េចទេ ប្រហែលជាកាែសតរស្មីកម្ពុជា វាយច្រឡំទេដឹង? ៕
$$$$$$
តើអ្នកយល់យ៉ាងណាដែរ?