ជីវិតលើភ្នំសំណល់គឺជាបទដែលមានអត្ថន័យជ្រាលជ្រៅ និងក៍ជាចំណងជើងសំរាប់ អាល់ប៊ុមដំបូង ក្រុមចម្រៀង អិន.អេស ផងដែរ។ ដើម្បីឲ្យដឹងថាតើបទនេះមានអត្ថន័យ ក៍ដូចជាដើម្បីឆ្លុះបញ្ចាំងអំពីគំនិតអប់រំរបស់អ្នកនិពន្ធបទយ៉ាងដូចម្តេចនោះ ខ្ញុំ, បណ្ឌិត សូមលើកយកបទសម្ភាន៍ដែលបានធ្វើឡើងជាមួយលោកចន្ថា ដែលជាម្ចាស់ផលិកម្ម និងជាអ្នកដឹកនាំក្រុម អិន.អេស មកជូនលោកអ្នកស្វែង យល់ទាំងអស់គ្នា។
បណ្ឌិត ៖ ជាដំបូងខ្ញុំសុំឲ្យលោកណែនាំខ្លួនបន្តិច និងនិយាយអំពីបទពិសោធន៍មួយចំនួនរបស់លោកជាមួយវិស័យតន្រ្តីនេះ។
ចន្ថា ៖ បាទ សូមអរគុណ ខ្មុំឈ្មោះចន្ថាជាប្រធានក្រុមនិងជាម្ចាស់ផលិតកម្ម ញូសង ប្រូដាកសិននេះដែរ។ ខ្ញុំក៍ជាតន្រ្តីករមួយរូបដែលបានប្រឡូកក្នុងវិស័យនេះប្រហែលជា ៦-៧ ឆ្នាំមកហើយ។ ជំនាញរបស់ខ្ញុំគឺហ្គីតាសូឡូ។ មុននឹងបានឈានដូចសព្វថ្ងៃខ្ញុំបានតស៊ូមក ជាច្រើន ដំណាក់កាលតាំងពីការលេងតាមរោងការ ពិធីជប់លៀងផ្សេងៗ។ ប្រវិត្តតស៊ូរបស់ខ្ញុំបើ និយាយទៅវែងឆ្ងាយណាស់ តែដោយពេលវេលាខ្លីខ្ញុំសូមបញ្ចាក់តែប៉ុណ្ណឹង។ ក្រោយពីមាន បទពិសោធន៍ ច្រើនជាពិសេសខាងការងារស្ទូឌីយ៉ូជាមួយផលិតកម្មមួយចំនួនទៀតនោះ ម្យ៉ាងដោយមានចិត្តស្រលាញ់ការនិពន្ធថ្មីផង ខ្ញុំក៍មានគំនិតផ្តួចផ្តើមជាផលិកម្មនេះតែម្តង។

Mr. Chantha(left) and Me (right)
បណ្ឌិត ៖ បាទអរគុណសំរាប់ការរៀបរាប់ដ៍ក្បោះក្បាយ ។ បន្តទៅនេះខ្ញុំសូមសួរសំនួរដែលទាក់ទងនឹងការនិពន្ធបទចម្រៀងក្នុងអាល់ប៊ុមលើកដំបូងនេះវិញម្តង។ បទណាមួយដែលលោករើសជាបទដំបូងគេសំរាប់ចេញនាំមុខក្នុងអាល់ប៊ុមនេះ?
ចន្ថា ៖ បាទគឺជាបទ “ជីវិតលើភ្នំណល់” ដែលជាបទនាំមុខក្នុងអាល់ប៊ុម ហើយក៍ជាចំណងជើងសំរាប់អាល់ប៊ុមថ្មីនេះផងដែរ។
បណ្ឌិត៖ បទនេះជាស្នាដៃរបស់អ្នកនិពន្ធណាដែរ?
ចន្ថា ៖ តាមពិតទៅបទនេះជាស្នាដៃនិពន្ធរបស់មិត្តខ្ញុំដែលគាត់មានឈ្មោះថាឡុង ស៊ីថា (និពន្ធទំនុកច្រៀង), រិន ធារិទ្ធ (និពន្ធសាច់ភ្លេង) និងកែសំរួលបទភ្លេងដោយ ខ្ញុំ, ចន្ថា។ បទនេះផងដែរខ្ញុំបានសុំសិទ្ធអនុញ្ញាតិត្រឹមត្រូវពីម្ចាស់បទ ដែលមានខ្ញុំជាអ្នកត្រួតពិនិត្យឡើងវិញនូវប៉ារូល ព្រមទាំងសាច់ភ្លេងជាពិសេសគឺត្រង់ការដាក់បន្ថែមសូឡូ ដែលជាជំនាញរបស់ខ្ញុំស្រាប់។ ក្រៅពីហ្នឹងក្នុងអាល់ប៊ុមថ្មីនេះនៅមានបទដែលជាស្នាដៃនិពន្ធ ទាំងសាច់ភ្លេងនិងប៉ារូលជាច្រើនទៀតរបស់ខ្ញុំ ក៍ដូចជារបស់អ្នកចម្រៀងវ័យក្មេងយើងដូចជា ណាម ជេមី និងវីន។
បណ្ឌិត៖ វាជាបទនិពន្ធថ្មីឬយ៉ាងណា?
ចន្ថា ៖ បាទប្រាកដណាស់ ខ្ញុំសូមបញ្ចាក់ថាផលិតកម្មយើង មានទិសដៅតែមួយគត់គឺធ្វើបទដែលនិពន្ធថ្មីសុទ្ធសាធ មិនចំលងពីបរទេសណាឡើយ។
បណ្ឌិត៖ លោកយល់ឃើញដូចម្តចក្នុងការយកបទនេះជាបទចម្បងសំរាប់ការចេញអាល់ប៊ុមនេះ?
ចន្ថា ៖ ដោយហេតុថាបទនេះមានអត្ថន័យ ជ្រាលជ្រៅខ្លាំងណាស់ ទើបបានជាខ្ញុំយកបទនេះមកដាក់ក្នុងអាល់ប៊ុមដំបូងនេះ។ មូលហេតុទាំងនោះគឺ ៖
– ទីមួយខ្ញុំចង់ឲ្យខ្មែរយើងជួយឲ្យតម្លៃដល់ជនក្រីក្រជាពិសេសអ្នកបោសសំរាម និងអ្នកដែលរកស៊ីចិញ្ចឹមជីវិតដោយសំរាមនេះតែម្តង។ ព្រោះ ប្រជាជនយើងមួយចំនួនតូច មានទំលាប់ឲ្យតំលៃគ្នាតាមរយៈការមើលតែសំបកក្រៅ ពុំបានផ្តោតជ្រៅលើតំលៃខាងក្នុងទេ។
– ទីពីរខ្ញុំចង់នាំឲ្យមិត្តអ្នកស្តាប់ទាំងអស់បានស្តាប់និងស្គាល់នូវទុក្ខលំបាករបស់ពូកគេជាពិសេសក្មេងៗរើសសំរាម។ គ្នាជាក្មេងដែលមានអាយុ សមនឹងត្រូវទទួលនូវការបីបាច់ ការសិក្សាដូចក្មេងឯទៀត តែជីវិតពួកគេបែរជាមកប្រឡាក់ប្រឡូសជាមួយសំរាមស្អុយរលួយ ប្រកបដោយមេរោគទៅវិញ។តាមពិតទៅអ្នកទាំងនោះចង់បានសិទ្ធសេរីភាព ការរៀនសូត្រ ថែរក្សា មិនមានការរើសអើង ពេបជ្រាយពីសំណាក់អ្នកដ៍ទៃដោយព្រោះតែមានមុខរបរថ្នាក់ទាបបែបនេះ ខ្លាំងណាស់។ ខ្ញុំធ្លាប់ឃើញជាច្រើនមកហើយមានពេលខ្លះត្រូវគេប្រមាថខ្លះរហូតដល់មានការវាយដំគ្នាទៀតផង។ ពួកគាត់ចង់សារស័ព្ទប្រាប់ទៅមនុស្សផងទាំងពួងអំពីទុក្ខលំបាកទាំងនេះ ប៉ុន្តែមិនដឹងជាធ្វើតាមរយៈណា។ដូច្នេះសូមឲ្យតាមរយៈបទរបស់ អិន.អេស ធ្វើឲ្យប្រជាជនទាំងអស់យល់ច្បាស់អំពីទុក្ខលំបាករបស់ពួកគាត់។
– ហើយចុងក្រោយមួយទៀតខ្ញុំចង់ឲ្យពួកយើងដែលជាជនជាតិខ្មែរគ្រប់រូប ផ្តល់ក្តីស្រលាញ់ មិនរើសអើង ដល់ពួកគេទាំងនោះ ស្រលាញ់រាប់អានឲ្យស្មើភាពគ្នាក្នុងសង្គម។
បណ្ឌិត៖ អ្នកចម្រៀងណាខ្លះដែលបានច្រៀងបទក្នុងនេះ?
ចន្ថា៖ បទនេះអ្នកចម្រៀប្រចាំ អិន.អេសទាំងអស់ច្រៀងរួមគ្នា មានដូចជា ណាម ជេមី សុភ័ក្ត្រ វីន និងកញ្ញាភក្តី។
បណ្ឌិត៖ តើលោកយល់យ៉ាងណាចំពោះទឹកដមសំលេងរបស់តារាវ័យក្មេងទាំង ៥ដួងនេះ ដែលច្រៀងរួមគ្នាក្នុងបទ ជីវិតលើភ្នំសំណល់?
ចន្ថា៖ ពួកគេរួមសាមគ្គីគ្នាបានល្អណាស់ក្នុងបទនេះ។ សំលេងរបស់ពួកគេលើកដាក់ ទៅតាមអារម្មណ៍ និងអត្ថន័យរបស់បទបានល្អ។ ពិតមែនតែពួកគេជាតារាចម្រៀងដ៍ថ្មីថ្មោងបំផុត តែទឹកដមសម្លេងរបស់ពួកគេអាចដុសខាត់បាន។
បណ្ឌិត៖ នេះជាសំនួរចុងក្រោយសំរាប់ការសម្ភាសន៍យើងក្នុងថ្ងៃនេះ ពេលដែលចេញ វ៉ុលថ្មីនេះរួច ហើយបទជីវិតលើភ្នំសំណល់នេះបានល្បី បើសិនជាមានគេហៅក្រុម អិន.អេស ថាក្រុមសំរាមនោះ តើលោកនឹងគិតបែបណាវិញ??
ចន្ថា៖ (សើចទាំងហួសចិត្តជាមួយសំនួរបែបឡប់ៗរបស់លោកបណ្ឌិត) ប្រហែលជាខ្ញុំត្រេកអរទៅវិញ ព្រោះអាចមកពីបទនេះទទួលការពេញនិយមខ្លាំងហើយ អ្នកស្តាប់ទាំងអស់នាំគ្នាផ្តល់ រហស្សនាមឲ្យបែបចម្លែកនេះ តែបើហៅក្នុងន័យអវិជ្ជមានវិញ ប្រហែលជាអាចមានមូលហេតុដែលធ្វើឲ្យពួកគាត់ហៅយើងរបៀបនេះ។ បើសិនជាយើងបានធ្វើនូវចំនុចអវិជ្ជមានអ្វីមួយ យើងខ្ញុំសូមអភ័យទោស ហើយយើងខ្ញុំរងចាំទទួលដោយក្តីរីករាយនូវការរិះគន់ដើម្បីស្ថាបនា នឹងព្យាយាមកែប្រែចំនុចទាំងនោះយ៉ាងណាក៍ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថាខ្មែរគ្នាឯងគង់តែទឹកចិត្តចេះ ស្រលាញ់គ្នា ស្រលាញ់ជាតិសាសន៍ឯង ព្រមទាំងចេះជួយលើកដំកើងវប្បធម៌ជាតិខ្មែរបានឲ្យបានរុងរឿង។

Mr. Chantha and Me (in the right hand)
បណ្ឌិត៖ បានសូមអរគុណ ខ្ញុំក៍មានជំនឿដូចលោកអញ្ចឹងដែរ តើលោកមានអ្វីផ្តែផ្តាំបន្ថែមដែរឬទេ?
ច័ន្ទថា៖ សូមអរគុណនូវការធ្វើបទសម្ភាសន៍នេះ ជាចុងក្រោយខ្ញុំសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គាំទ្រនូវអាល់ប៊ុមថ្មីរបស់យើងនេះ។ ហើយខ្ញុំក៍សំណូមពរដោយទទូច សូមឲ្យអ្នកទាំងអស់គ្នាជួយគាំទ្រសិល្ប ៈ ខ្មែរយើងឲ្យកាន់តែខ្លាំងក្លាជាងនេះ ហើយសូមជួយគាំទ្រយើងខ្ញុំតាមរយៈ ការជាវស៊ីឌីដើម (អូរីជីណល) សូមកុំជាវស៊ីឌីលួចចំលងទាំងនោះ ព្រោះក្រៅពីការបន្ទាបតំលៃសិល្បៈ ខ្មែរ ការជាវស៊ីឌីថតចំលងខុសច្បាប់ នឹងធ្វើឲ្យសិល្បករយើងអស់ទឹកចិត្តក្នុងការប្រឹងប្រែងដើម្បី ការបំរើដល់អារម្មណ៍របស់អ្នកស្តាប់ទាំងអស់ទៀតផង។
មតិថ្មីៗ