ផលប៉ះពាល់នៃទឹកជំនន់ចំពោះសុខភាព
ដោយអៀង សុខម៉ិញ
RFI Khmer
ទឹកជាប្រភពនៃជីវិត ! គ្មានទឹក មនុស្ស សត្វ និងរុក្ខជាតិ មុនជាស្លាប់មិនខានឡើយ។ គ្រប់គ្នាសុទ្ធតែត្រូវការទឹក ដើម្បីរស់ ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់បរិភោគ។
ប៉ុន្តែទឹកក៏អាចសម្លាប់ជីវិតបាន ក្នុងករណីទឹកជំនន់ ឬទឹកមិនស្អាត ក្លាយជាភ្នាក់ងារចម្លងមេរោគ។ ចំពោះ ប្រទេសកម្ពុជា ចំពោះបណ្តាជនដែលរស់នៅតាមដងទន្លេ ទឹកទន្លេឡើង ជន់លិច នារដូវវស្សា ជាកត្តាល្អ សម្រាប់ដីស្រែចំការ និងសម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រោះទឹកជន់ទន្លេមេគង្គ បាននាំដីល្បប់ ដ៏មានជីជាតិ និងអាចសម្លាប់សត្វល្អិតចង្រៃបានខ្លះ ប៉ុន្តែជំនន់ជន់លិចព្រោះទឹកភ្លៀង បង្កឡើងដោយខ្យល់ព្យុះ និងជន់ជោរឡើងដោយគំហុក នៅតាមស្រុកខេត្តក្រុងមិនត្រឹមតែធ្វើឲ្យខូចខាតសម្ភារៈទេ វាអាចធ្វើឲ្យបាត់បង់ជីវិត និងបន្សល់ទុកនូវផលវិបាកជាច្រើនទៀត ទាំងផ្នែកសុខភាព ក៏ដូចជាផ្នែកបរិស្ថាន។
បើតាមអ្នកស្រាវជ្រាវបារាំង គ្រោះទឹកជំនន់ បានបង្កការប៉ះទង្គិចយ៉ាងខ្លាំងដល់បញ្ហាផ្លូវចិត្ត របស់ជនរងគ្រោះ ដោយផ្ទាល់ និងដោយប្រយោល។ ការសិក្សាមួយបានបង្ហាញថា ទឹកជំនន់ អាចនឹងបង្កឲ្យជនរងគ្រោះមាន ជំងឺstress ជំងឺកង្វល់ចិត្ត និងគេងមិនលក់ ច្រើនជាងធម្មតា ជិតពីរដង។ ក្រោយពេលទឹកជំនន់ផុតទៅ គេអាចងាយនឹងជួបនឹងជំងឺធ្លាក់ទឹកចិត្តទៀតផង។
នៅមានជំងឺឆ្លង និងជំងឺរាតត្បាតមួយចំនួនទៀត ដែលកើតឡើងព្រោះទឹកជំនន់។ ដូច្នេះនៅពេលទឹកចាប់ផ្តើមស្រកភ្លាម គួរតែប្រញាប់រួសរាន់ ជូតសម្អាតភូមិឋាន ផ្ទះសម្បែង បើកបង្អួចទ្វារ ឲ្យខ្យល់អាកាសចេញចូលស្រួល ដើម្បីកុំឲ្យមានក្លិនផ្តុស ឬពពួកផ្សិតអាចដុះលូតលាស់ ក្នុងគេហដ្ឋានបាន ប៉ះពាល់ដល់សុខភាព។
ទឹកជំនន់ ជាគ្រោះធម្មជាតិ មួយដែលពិភពលោកតែងជួបជាញឹកញាប់។ ផលវិបាក ក្រោយគ្រោះទឹកជំនន់ មិនដែលតិចតួចទេ។ កាកសំណល់ និងសំរាម ដែលហូរមកតាមទឹក ទើរនៅកៀនផ្ទះ សុទ្ធតែជាប្រភពបង្កជំងឺ និងភ្នាក់ងារចម្លងមេរោគ។ ម្យ៉ាងវិញទៀត ក្រោយទឹកជំនន់ បញ្ហាប្រឈមដ៏ចម្បង គឺកង្វះទឹកស្អាតប្រើប្រាស់។
វាគួរឲ្យអស់សំណើចណាស់ នៅពេលទឹកជំនន់រួច គេបែរជានាំគ្នានិយាយអំពីកង្វះទឹកប្រើនោះ ! ទឹកមិនខ្វះទេ ប៉ុន្តែទឹកជន់នោះអាចជាទឹកមិនស្អាត ទឹកដែលមានមេរោគ ទឹកដែលលាយឡំទៅដោយកាកសំណល់ សំរាម ឬវត្ថុមិនស្អាតដែលហូរដោយមកជាមួយ។ សម្រាប់អ្នកឯកទេស សូម្បីតែទឹកអណ្តូង ក៏ចាត់ទុកថាជាទឹកមិនស្អាតដែរ ក្រោយពេលបានទទួលរងទឹកជំនន់រួច។
ដូច្នេះសួរថា តើដូចម្តេចទៅ ដែលហៅថាទឹកស្អាត ?
មុននឹងផ្តើមនិយាយអំពីទឹកស្អាត នាងខ្ញុំសូមអនុញ្ញាតជម្រាបជូនដោយត្រួសៗ អំពីទឹកអណ្តូង ដែលបណ្តាជនខ្មែរភាគច្រើនប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំ ថ្ងៃ។
ទឹកអណ្តូងជា ប្រភពទឹកម្យ៉ាងដែលប្រែប្រួល ពីអណ្តូងមួយទៅអណ្តូងមួយ ទាំងបរិមាណ និងទាំងគុណភាព។ ទឹកអណ្តូងសម្បូរទៅដោយសារធាតុរ៉ែ ជាងទឹកទន្លេ ទឹកស្ទឹង បឹងបួ អូរ ឬទឹកភ្លៀង។ សារធាតុរ៉ែខ្លះ អាចបង្កគ្រោះថ្នាក់ ដល់សុខភាព ព្រោះទឹកអណ្តូងអាចសម្បូរសារធាតុរ៉ែដែក រ៉ែម៉ង់ហ្កាណែស ច្រើនពេក។ ដើម្បីអាចទាញប្រយោជន៍បានពីទឹកអណ្តូងនេះ គេគួរគប្បីយកទឹកអណ្តូងមកធ្វើចម្រោះសិន សឹមយកទៅបរិភោគជាក្រោយ។
ក្នុងករណីមានទឹកជំនន់ ដូចដែលកម្ពុជាបានជួបប្រទះពេលនេះ សម្រាប់អ្នកបច្ចេកទេស ទឹកអណ្តូង ដែលស្ថិតនៅជិតមានស្ទឹង ទន្លេ ឬបានទទួលការលិចលង់ដែរនោះ គឺទឹកដែលមិនស្អាត និងជាទឹកដែលអាចមានចម្លងមេរោគផង។ នេះបើតាមភ្នាក់ងារសុខាភិបាលកាណាដា។
ដើម្បីចៀសវាងកុំឲ្យជួបគ្រោះកើតជំងឺដែលបណ្តាលមកពីទឹកមិនស្អាត គ្រប់អណ្តូងដែលជាប់កុនក្នុងទឹកជំនន់ គួរត្រូវតែសម្អាត ដោយត្រូវលាងអណ្តូង ជាមួយល្បាយក្លូរ 1%។ ប្រសិនបើទឹកអណ្តូងមានលក្ខណៈថ្លាល្អហើយ លោកអ្នកអាចបរិភោគទឹកនោះបានដោយដាំឲ្យពុះយូរ យ៉ាងហោចណាស់មួយនាទីលើភ្លើង។
ប៉ុន្តែក្នុងលក្ខណៈទូទៅ ទោះបីជាអណ្តូងមិនបានទទួលរងគ្រោះលិចទឹកក៏ដោយ ក៏ការសម្អាតអណ្តូង ជាការចាំបាច់ និងរក្សាបរិស្ថានជុំវិញអណ្តូងឲ្យបានស្អាតជានិច្ច។ ដើម្បីរក្សាអណ្តូង ឲ្យមានទឹកស្អាតជាប់ជាប្រចាំ គេគួរឲ្យកុំចោលសំរាម ដែលមានសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត ឬលាមកសត្វនៅជុំវិញ ឲ្យបានចម្ងាយប្រមាណយ៉ាងហោចណាស់ ៥ម៉ែត្រជុំវិញ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាទឹក និង ដី មានសារធាតុពុលបានកើនឡើងគួរឲ្យព្រួយបារម្ភ។ បរិស្ថានធ្លាក់ចុះនេះ គឺបណ្តាលមកពីសកម្មភាពរបស់មនុស្សយើងតែម្តង។ ទឹក និងដី បច្ចុប្បន្ននេះ បានទទួលរងសារធាតុពុលគីមី តាមរយៈការចោលកាកសំណល់ឧស្សាហកម្ម ដោយត្រង់ទៅក្នុងទន្លេបឹងបួ ដោយផ្ទាល់។ កាកសំណល់ចង្ក្រាន ផ្ទះបាយ ខ្លាញ់ សាប៊ូបោកខោអាវ ថង់ផ្លាស្ទិក ក្រដាស ថ្មពិល ។ល។ និង។ល។ ដែលចោលពាសវាលពាសកាល សុទ្ធតែជាការបំពុលបរិស្ថាន ទឹក របស់ខ្លួនទាំងអស់។ គេមិនត្រូវភ្លេចទេថា លាមកសត្វក្បែរប្រភពទឹក ជីរគីមី ថ្នាំសម្លាប់សត្វល្អិត និងសម្លាប់ស្មៅ គឺជាប្រភពបំពុលទឹកយ៉ាងខ្លាំង ចម្លងបាក់តេរីផ្សេងៗមកមនុស្សយើងវិញ។
វិលមកឆ្លើយនឹងសំណួរ ថាតើអ្វីទៅជាទឹកស្អាត ?!
បើតាមនិយមន័យ ទឹកស្អាត ដែលមនុស្សទូទៅអាចបរិភោគបានដោយគ្មានប៉ះពាល់ដល់សុខភាព ត្រូវឆ្លើយតបទៅតាមលក្ខណៈមួយចំនួន កំណត់ឡើងដោយច្បាប់ ពោលគឺត្រូវបានគេធ្វើវិភាគ កម្ចាត់មេរោគ បំបាត់សារធាតុរ៉ែ សារធាតុពុល សារធាតុគីមី ដែលអាចបំផ្លាញសុខភាពមនុស្សលោក។ ទឹកស្ទឹងទន្លេ បឹងបួ ទឹកភ្លៀង មិនត្រូវបានគេចាត់ទុកជាទឹកស្អាត អាចបរិភោគបានដោយគ្មានការចម្អិននោះទេ តែជាវត្ថុធាតុដើមនៃការផលិតទឹកស្អាត ការធ្វើទឹកឲ្យស្អាត អាចបរិភោគបាន មានច្រើនបែបយ៉ាងណាស់ ដោយត្រូវត្រងច្រោះយកវត្ថុរឹងចេញពីទឹក ធ្វើឲ្យថ្លា និងដាក់ថ្នាំសម្លាប់មេរោគទៀត មុននឹងបង្ហូរតាមបំពង់ ឬហៅថាទឹកម៉ាស៊ីន ជូនបណ្តាជនប្រើប្រាស់ នៅតាមផ្ទះរៀងៗខ្លួន៕
ជំងឺវង្វេងវង្វាន់ ៖ អានសៀវភៅអាចជួយរក្សាការចងចាំ
ដោយអៀង សុខម៉ិញ
RFI Khmer
ថ្ងៃទី ២១ កញ្ញា នេះ ជាទិវាពិភពលោក ប្រយុទ្ធប្រឆាំងនឹងជំងឺវង្វេងវង្វាន់ ឬជាភាសាបារាំង ជំងឺ Alzheimer។ ចំនួនមនុស្សកើតជំងឺនេះកើនឡើងជារៀងរាល់ថ្ងៃ នៅលើពិភពលោក ប៉ុន្តែគេច្រើនធ្វេសប្រហែស និងលាក់បំបាំង ដោយគិតថាជាជំងឺរបស់មនុស្សចាស់។ ជាទូទៅជំងឺនេះ ច្រើនកើតនៅលើមនុស្សចាប់ពី៦៥ ទៅ៧០ឆ្នាំ ឡើងទៅ ប៉ុន្តែតាមការពិត មនុស្សវ័យកណ្តាល ក្រោម៥០ឆ្នាំក៏អាចជួបគ្រោះកើតជំងឺវង្វេងនេះដែរ។ ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ មានការវិវឌ្ឍន៍យ៉ាងខ្លាំង ប៉ុន្តែនៅតែមិនទាន់រកឃើញថ្នាំព្យាបាលបានប្រកបដោយ ប្រសិទ្ធិភាព។
ភ្លេចវង្វេងវង្វាន់ ជាជំងឺមនុស្សចាស់ ដែលមានពាក់ព័ន្ធនឹងប្រាជ្ញា ការចេះដឹង និងការចងចាំ។ និយាយបែបនេះមិនមែនមានន័យថា ឲ្យតែយើងភ្លេចភ្លាំង រលត់ការចងចាំអ្វីបន្តិចបន្តួច គឺមានជំងឺវង្វេងវង្វាន់នោះទេ។ ជាធម្មតា មនុស្សយើងនៅពេលកើតមកតែរៀនចេះដឹង ចងចាំជារៀងរាល់ថ្ងៃ ប៉ុន្តែនៅពេលចូលដល់វ័យមួយ ចាប់ពីអាយុហាសិបឡើងទៅ មនុស្សយើងចាប់ផ្តើមចេះភ្លេច ខួរក្បាល លែងសូវចងចាំ។
ប្រសិនបើជា ជំងឺវង្វេងវង្វាន់ នោះរោគសញ្ញា នឹងផ្តើមដោយការភ្លេចភ្លាំង រលត់ការចងចាំ ភេ្លចឈ្មោះ បន្ទាប់មក លែងចេះគិត ចេះគូរ លែងស្គាល់របស់របរ ឬមុខកូនចៅ យូរៗទៅភ្លេចទាំងអស់ ទាំងពេលវេលា ភ្លេចនិយាយស្តី ជាដើម វង្វេងរកទី ឬទិសដៅ ឬកន្លែងអ្វីលែងឃើញ។ នៅដំណាក់កាលធ្ងន់ធ្ងរ គឺគេលែងអាចស្តាប់ មិនអាចយល់ និងធ្វើអ្វីបាន ក្លាយជាមនុស្សដែលមិនអាចរស់ដោយពឹងលើខ្លួនឯងបាន។ នេះហើយជាជំងឺវង្វេងវង្វាន់។
កាលពីឆ្នាំ ២០០៥ មានមនុស្សប្រមាណ២៦លាននាក់កើតជំងឺវង្វេងនេះ តែវាអាចនឹងកើនឡើងជាបួនដងនៅឆ្នាំ២០៥០។ គិតត្រឹមតែឆ្នាំ២០១០នេះ នៅលើពិភពលោកយើងមានអ្នកកើតជំងឺនេះ ជាផ្លូវការដល់ទៅ ជិត៣៦លាននាក់ និងបានក្លាយជាជំងឺ ដែលគេចំណាយថវិកាច្រើនបំផុត នៅតាមបណ្តាប្រទេសជឿនលឿន។
ជំងឺភេ្លចវង្វេងវង្វាន់នេះ មានកើតឡើងច្រើននៅលើមនុស្សចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ និងមានការវិវឌ្ឍន៍លឿន ឬយឺត ទៅតាមបុគ្គលម្នាក់ៗខ្លាំងណាស់ ជាហេតុនាំឲ្យធ្វើការសិក្សាស្រាវជ្រាវ និងការវិភាគរោគសញ្ញាជួបការលំបាកខ្លាំង។ ជាទូទៅ ប្រសិនបើមនុស្សម្នាក់មានកើតជំងឺនេះ ជីវិតពួកគាត់អាចមានសង្ឃឹម រស់រាន បានពីបី ទៅ៨ឆ្នាំ។
ប៉ុន្តែពេលនេះ វិទ្យាសាស្ត្រមានការជឿនលឿនខ្លាំង ផ្នែកស្រាវជ្រាវរកជំងឺវង្វេងវង្វាន់នេះ ដោយក្រៅពីការធ្វើតេស្តស្ទាបស្ទង់បញ្ញាស្មារតី គេអាចថតឆ្លុះ ខួរក្បាល តាមប្រព័ន្ធ អ៊ីអ៊ែរអ៊ឹម IRM ដ៏ទំនើបបំផុត ឃើញភាពមិនប្រក្រតីនៅក្នុងខួរក្បាល គឺមានន័យថា គេអាចមើលឃើញថា មានជំងឺនៅខួរក្បាល។
ចំណែក ការស្រាវជ្រាវរកថ្នាំព្យាបាល និងថ្នាំការពារជំងឺវង្វេងវង្វាន់នេះ ក៏មានលក្ខណៈសកម្មខ្លាំងណាស់ ព្រោះគ្រប់គ្នាសុទ្ធតែយល់ច្បាស់ អំពីភាពប្រឈមនឹងជំងឺអនាគតមួយនេះ ដោយមនុស្សលោកមានអាយុកាន់តែវែង ប្រជាជនកាន់តែចាស់ទៅៗ។ ប៉ុន្តែលទ្ធផលនៅមានកំរិតនៅឡើយ។ ថ្នាំជំនាន់ទីបី ដែលធ្វើចរាចរណ៍លើទីផ្សារ ពុំមានប្រសិទ្ធិភាពដូចការគិតទេ នេះជាការទទួលស្គាល់របស់អ្នកឯកទេសបារាំង។
ផ្ទុយទៅវិញ ក្តីសង្ឃឹមមួយកំពុងផុសឡើង ព្រោះការសិក្សាមួយទៀតបានបង្ហាញថា ប្រសិនបើគេទទួលទានថ្នាំ (ពពួក Donépézil ) និងបានទទួលការតាមដានពិនិត្យ នៅដំណាក់កាលដំបូង មួយឆ្នាំមុនការចាប់ផ្តើមនៃជំងឺ នោះគេនឹងអាចកាត់បន្ថយ ការស្រុតចុះនៃទំហំខួរក្បាលចងចាំរបស់យើង បាន៤៥% ។
ថ្វីដ្បិតតែគេពុំទាន់អាចរកឃើញថ្នាំមកព្យាបាល ឬការពារជំងឺនេះឲ្យបានជា និងពុំទាន់រកឃើញអំពីមូលហេតុពិត ដែលបង្កឲ្យកើតជំងឺនេះក៏ពិតមែន ប៉ុន្តែគេអាចជួយទប់ស្កាត់ការវិវឌ្ឍន៍របស់ជំងឺកុំឲ្យទៅលឿនពេក និងបានសន្និដ្ឋានថា ជំងឺនេះមានពាក់ព័ន្ធនឹងកត្តាពូជ និងបរិស្ថានដែលនៅជុំវិញខ្លួន។
ក្រៅពីអាយុ និងប្រវត្តិគ្រួសារដែលយើងមិនអាចចៀសវាងបាន គឺនៅពេលនេះគេបានដឹងថា មានកត្តាមួយចំនួនដែលអាចនាំឲ្យងាយកើតជំងឺវង្វេងវង្វាន់នេះ ៖
– រស់នៅក្នុងប្រទេសជឿនលឿន តាមបែបទំនើបជ្រុលហួសហេតុ
– មានជំងឺលើសឈាម
– មានជំងឺសរសៃឈាមបេះដូង តាំងពីនៅវ័យកណ្តាល
– ធ្លាប់មានជំងឺបាក់ទឹកចិត្ត និងប៉ះទង្គិចក្បាល
– កង្វះសារជាតិខ្លាញ់មិនឆ្អែត ពពួក អូមេហ្កា៣ ក្នុងរបបអាហារប្រចាំថ្ងៃ
– ទទួលទានសុរាច្រើន
– ជក់បារី សុទ្ធសឹងជាកត្តាដែលអាចនាំឲ្យមានគ្រោះកើតជំងឺវង្វេងវង្វាន់ នេះ។
សូមបញ្ជាក់ថា ការជក់បារី បង្កើនគ្រោះកើតជំងឺនេះ យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកឯកទេសនៅប្រទេសហ្វាំងឡង់ មនុស្សដែលជក់បារីច្រើននៅក្នុងវ័យកណ្តាល អាចប្រឈមនឹង ការកើតជំងឺវង្វេងវង្វាន់ នៅក្នុងរយៈពេល២០ឆ្នាំក្រោយ។ បើជក់ជាងពីរបញ្ចប់ក្នុង មួយថ្ងៃមានអត្រាកើតជំងឺវង្វេងវង្វាន់ និងជំងឺបាត់បង់ការចងចាំខ្ពស់បំផុតបើប្រៀបធៀបទៅនឹងអ្នកដែល មិនជក់បារីសោះ។
ពេលនេះគេបានដឹងពីគ្រោះកើតជំងឺនេះខ្លះហើយ ដូច្នេះប្រសិនបើយើងអាចប្រតិបត្តិខ្លួនឲ្យត្រឹមត្រូវ នោះគេនឹងអាចកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់នេះបានខ្លះ។ ម្យ៉ាងវិញទៀត បើតាមលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ នៃការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររបស់ក្រុមគ្រូពេទ្យឯកទេសបារាំង របបអាហារប្រចាំថ្ងៃដែលសម្បូរដោយបន្លែ ផ្លែឈើចម្រុះច្រើនមុខ គ្រាប់ធញ្ញជាតិ មិនសូវប្រើជាតិសាច់ បញ្ចេញកម្លាំងថាមពលផ្លូវកាយច្រើន និងហាត់ពត់លត់ដំ ទម្លាប់ប្រើខួរក្បាល ដូចជាអានសៀវភៅ និងលេងល្បែងប្រើខួរក្បាល ប្រើប្រាជ្ញាគិត អាចជួយទ្រទ្រង់ខួរក្បាលកុំឲ្យឆាប់ស្ពឹក និងកុំឲ្យឆាប់ចាប់បាត់បង់សមត្ថភាពចងចាំរបស់ខ្លួនបាន។
គ្មានអ្វីប្រសើរជាងការអាន និងការនិយាយឡើងវិញអំពីសៀវភៅដែលបានអាននោះទេ !
ទឹកក្នុងអាងទន្លេមេគង្គចាប់ផ្តើម ស្រក
ដោយ លាង ឌឺលុច
RFI Khmer
មន្ត្រីក្រសួងធនធានទឹកបានអះអាងថា ទឹកទន្លេមេគង្គបានចាប់ផ្តើមស្រកហើយ បើទោះជាមានភ្លៀងដោយកន្លែងនៅតាមបណ្តាខេត្តដែលជាប់ទន្លេមេគង្គ ក៏ដោយ។ ទឹកទន្លេមេគង្គស្រកជាដំណឹងល្អ ប៉ុន្តែក្រសួងធនធានទឹកនិងឧតុនិយមកំពុងតាមដានព័ត៌មានអំពីដំណើរ របស់ព្យុះមួយឈ្មោះនេសាទដែលកំពុងស្ថិតនៅលើប្រទេសហ្វីលីពីន។ តាមដានថាតើព្យុះនេះនឹងមានឥទ្ធិពលមកដល់កម្ពុជាដែរឬទេ?
កម្រិតទឹកនៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាមបានស្រកចុះហើយ។ កម្ពស់ទឹកនៅចំណុចចតុមុខរាជធានីភ្នំពេញនៅទ្រឹងពេញមួយថ្ងៃនេះ ក្នុងកម្រិត១០ម៉ែត្រ៨១ ហើយវាបានចាប់ផ្តើមស្រកនៅល្ងាចថ្ងៃអង្គារទី២៧នេះ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយម។
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះបានប្រាប់វិទ្យុបារាំង អន្តរជាតិនៅថ្ងៃនេះថា យោងតាមនិន្នាការនៃកម្រិតទឹកទន្លេមេគង្គនេះ វានឹងមិនធ្វើអោយកម្ពុជាព្រួយបារម្ភខ្លាំងចំពោះថ្ងៃខាងមុខទៀត ឡើយ ខណៈពេលដែលទឹកជំនន់បានបង្កផលប៉ះពាល់យ៉ាងច្រើនរួចហើយនោះ។ លោក ចាន់ យុត្ថា បានបញ្ជាក់ថា មានផលដំណាំទំហំជាង១៨ម៉ឺនហិចតារដែលត្រូវជន់លិច ក្នុងនោះ ៥ម៉ឺនហិចតារបានខូចខាតតែម្តង។ ចំណែកឯចំនួនជនរងគ្រោះ ត្រូវបានអះអាងថានៅត្រឹម៦១នាក់ដែលបានស្លាប់ ដោយសារទឹកជំនន់នេះ ហើយប្រជាពលរដ្ឋច្រើនពាន់គ្រួសារបានជម្លៀសទៅរកទីទួល។
បើទោះជាទឹកបានចាប់ផ្តើមស្រកក៏ដោយ មន្ត្រីក្រសួងធនធានទឹកនៅតែអំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ជាយថាហេតុទៅលើកូនចៅរបស់ពួកគេ។
ទឹកទន្លេមេគង្គស្រកមែន ប៉ុន្តែក្តីបារម្ភក៏នៅមិនទាន់ស្រកនៅឡើយ។ ក្រសួងធនធានទឹកនិងឧតុនិយមកំពុងតាមដានព្យុះមួយឈ្មោះនេសាទដែលនៅ ថ្ងៃអង្គារទី២៧កញ្ញានេះកំពុងស្ថិតនៅលើប្រទេសហ្វីលីពីន។ ក្រសួងធនធានទឹកត្រូវតាមដានអំពីទំហំនិងឥទ្ធិពលនៃព្យុះនេះ ព្រមទាំងទិសនៃការបោកបក់របស់វា ដើម្បីដឹងថាតើវានឹងមានឥទ្ធិពលប៉ុណ្ណាមកលើកម្ពុជានៅ ពេលខាងមុខ៕
ទោះជាមានទឹកជំនន់ តែអ្នកស្រុកវិហារសួគ៌ នៅតែចូលរួមបំបោលក្របី និងសេះ នៅថ្ងៃភ្ជុំបិណ្ឌ
ដោយលី ម៉េងហ៊ួ
RFI Khmer
ការប្រណាំង ឬបំបោលក្របី និងសេះ នៅវត្តព្រះវិហារសួគ៌ ក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ទី២៧កញ្ញា ចំថ្ងៃបុណ្យភ្ជុំបិណ្ឌ បានធ្វើឡើងដូចរៀងរាល់ឆ្នាំ បើទោះបីជាសន្ទូងស្រូវរបស់អ្នកស្រុក ត្រូវទឹកជន់លិចក៏ដោយ។ នៅ ព្រឹកមិញ មានក្របីចំនួន ១៦ គូ និងសេះចំនួន ១៧ គូ ត្រូវបានអ្នកស្រុក នាំមកចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីសាទរថ្ងៃបុណ្យភ្ជុំបិណ្ឌ និងបួងសួងសុំសេចក្តីសុខ។
ក្របីដែលគេតុបតែងក្បាល និងស្នែងចំនួន ១៦ គូ និងសេះចំនួន ១៧ គូ ត្រូវយុវជនជិះបំបោល ក្នុងពិធីប្រណាំង ឬបំបោល នៅវត្តវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីព្រឹកព្រលឹមថ្ងៃបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃអង្គារ ទី២៧កញ្ញានេះ។ ចំនួនក្របី និងសេះ នៅឆ្នាំនេះ ច្រើនលើសឆ្នាំទៅ ប្រហែលជា ៥ គូ។ នេះបើតាមការបញ្ជាក់របស់លោក ឆាយ សុភា សមាជិកគណៈកម្មការរៀបចំការបំបោលក្របី និងសេះ នៅវត្តវិហារសួគ៌។
ចំនួនក្របី និងសេះ ច្រើនជាងឆ្នាំទៅ ដែលបានចូលរួមពិធីនៅព្រឹកមិញ ត្រូវបានសមាជិកគណៈកម្មការបញ្ជាក់ថា ដោយសារតែនៅឆ្នាំនេះ មិនមានជំងឺតម្កាត់ មកបៀតបៀនលើសត្វពាហនៈ គោក្របី និងសេះរបស់អ្នកភូមិឡើយ។
ពិធីបំបោលក្របី និងសេះជារៀងរាល់ឆ្នាំ នៅព្រឹកថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅវត្តវិហារសួគ៌ គឺជាទំនៀមទម្លាប់ពីបុរាណ តៗគ្នា ដើម្បីសុំសេចក្តីសុខពីលោកតាម្ចាស់ស្រុក និងបារមីរបស់ព្រះអង្គវត្តវិហារសួគ៌ ឲ្យថែរក្សាអ្នកស្រុក និងសត្វពាហនៈ កុំឲ្យមានជំងឺអ្វីកើតឡើង។
ក្របី ត្រូវបានអ្នកស្រុកវិហារសួគ៌ ប្រើប្រាស់ ដើម្បីភ្ជួររាស់ ធ្វើស្រែស្រូវ។ រីឯសេះ ក៏ត្រូវបានប្រើប្រាស់ ដើម្បីដឹកទំនិញ សម្រាប់រកចំណូលចិញ្ចឹមជីវិត។
យ៉ាងណាក៏ដោយ មិនខុសពីប្រជាកសិករខ្មែរនៅតំបន់ផ្សេងទៀតទេ អ្នកស្រុកវិហារសួគ៌ ក្នុងខេត្តកណ្តាល នៅឆ្នាំនេះ ស្រូវត្រូវលិចលង់ រលួយខូចទាំងស្រុង ដោយសារតែទឹកជំនន់ពីរលើកផ្ទួនៗគ្នា។ មកដល់ថ្ងៃទី២៧កញ្ញា ឆ្នាំ២០១១ នៅវិហារសួគ៌ ទឹកជំនន់នៅតែឡើង។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមយុវជនពេញកម្លាំងជាច្រើននាក់ ដែលជាអ្នកស្រុកវិហារសួគ៌ នៅតែនាំយកក្របី និងសេះ ចូលរួមពិធីបំបោល នៅវត្តព្រះវិហារសួគ៌ តាមទម្លាប់ពីដូនតា។ ពិធីបំបោលក្របី និងសេះ ដែលបានចាប់គូ និងធ្វើឡើងបន្តកន្ទុយ ដោយមិនកំណត់ចំនួនជុំនោះ គឺមិនបានប្រកួតយកអ្នកឈ្នះចាញ់ ដើម្បីដណ្តើមពានរង្វាន់អ្វីទេ។ ក្រៅពីការបំបោលក្របី និងសេះ នៅវត្តវិហារសួគ៌ នៅថ្ងៃភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំ គឺមានការប្រកួតបោកចំបាប់ និងគុនដំបង ដែលបង្ហាញដោយក្រុមយុវជនក្នុងភូមិ៕ការប្រណាំង ឬបំបោលក្របី និងសេះ នៅវត្តព្រះវិហារសួគ៌ ក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ទី២៧កញ្ញា ចំថ្ងៃបុណ្យភ្ជុំបិណ្ឌ បានធ្វើឡើងដូចរៀងរាល់ឆ្នាំ បើទោះបីជាសន្ទូងស្រូវរបស់អ្នកស្រុក ត្រូវទឹកជន់លិចក៏ដោយ។ នៅ ព្រឹកមិញ មានក្របីចំនួន ១៦ គូ និងសេះចំនួន ១៧ គូ ត្រូវបានអ្នកស្រុក នាំមកចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីសាទរថ្ងៃបុណ្យភ្ជុំបិណ្ឌ និងបួងសួងសុំសេចក្តីសុខ។
ផលប្រយោជន៍នៃការពិនិត្យគភ៌ ពេលកំពុងពពោះ
ដោយ អៀង សុខម៉ិញ
RFI Khmer
អញ្ជើញមកពិនិត្យផ្ទៃពោះ តាំងពីដំបូងភ្លាម គឺជាការចាំបាច់ ក្នុងការរក្សាសុខភាព ទាំងអ្នកជាម្តាយ និងទារក ក្នុងពេលកំពុងពពោះ ពេលសម្រាល និងពេលក្រោយសម្រាល។ ការពិនិត្យផ្ទៃពោះ ឲ្យបានបួនដងយ៉ាងតិច អនុញ្ញាតឲ្យក្រុមគ្រូពេទ្យ តាមដានសុខភាព និងរកឃើញជំងឺគ្រោះថ្នាក់ដល់ជីវិតមួយចំនួន ដែលអាចកើតនៅលើម្តាយ និងទារក ក្នុងពេលឆ្លងទន្លេ និងក៏ជាឱកាសមួយដែលស្ត្រីបានទទួលការអប់រំទូន្មានពីគ្រូពេទ្យ អំពីចំណីអាហារ និងការបំបៅដោះកូនផង។
សូមអញ្ជើញស្តាប់ការពន្យល់បំភ្លឺបន្ថែមរបស់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ិច សុធី អនុប្រធានផ្នែកសម្ភពនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងនៅមន្ទីរសម្ភពសោភា។
សារ រំលែកទុក្ខលោក វ៉ាន់ ណាត
ដោយ លាង ឌឺលុច
RFI Khmer
ក្រោយមរណភាពរបស់លោកវ៉ាន់ ណាត មិត្តភក្តិញាតិមិត្ត និងស្ថាប័នពាក់ព័ន្ធសំណុំរឿងខ្មែរក្រហមនានាបានធ្វើសាររំលែក ទុក្ខជាមួយគ្រួសារលោក វ៉ាន់ ណាត។ វ៉ាន់ ណាត គឺជាតួអង្គប្រវត្តិសាស្ត្រដ៏សំខាន់មួយរូបនៅក្នុងដំណើរការ សាលាក្តីខ្មែរក្រហមសម្រាប់ការកសាងយុត្តិធម៌នៅកម្ពុជា។ ទាំងនេះ គឺជាពាក្យពេចន៍រួមរបស់ប្រទេសអ្នកផ្តល់ជំនួយចំពោះសាលាក្តី ខ្មែរក្រហម របស់អង្គភាពសហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី និងមជ្ឈមណ្ឌលឯកសារកម្ពុជា។
ស្ថានទូតជប៉ុននិងស្ថានទូតបារាំងក្នុងនាមជាអ្នកតំណាងអោយប្រទេស អ្នកគាំទ្រសាលាក្តីខ្មែរក្រហមទាំងអស់ ដែលបានថ្លែងសារសោកស្តាយ និងសោកសៅបន្ទាប់ពីបានទទួលដំណឹងថា លោក វ៉ាន់ ណាត បានទទួលមរណភាព។ ក្រុមប្រទេសអ្នកផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមបានសរសេរថា ពួកគេសូមឧទ្ទិសដល់ព្រលឹងលោក វ៉ាន់ ណាត ដែលជាអ្នកការពារសេរីភាពមួយរូប និងបានផ្ទេរការចងចាំនៃសោកនាដកម្មរបស់លោកសម្រាប់មនុស្សជំនាន់ ក្រោយតាមរយៈគំនូរនិងការរៀបរាប់របស់លោក។
លោក អ៊ុក គឹមលេខ៖« លក្ខណៈពិសេសរបស់ទឹកអាស៊ីតជាអាវុធកំបំាងមុខ ដែលគ្មានស្នូរ »
ដោយ គួច គន្ធារ៉ា
RFI Khmer
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោក អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់អាស៊ីត បានពន្យល់ពីសារៈសំខាន់នៃការបង្កើតឲ្យមានច្បាប់ទឹកអាស៊ីត។ គោលការណ៍រួមនៃច្បាប់អាស៊ីត គឺមានចរិកបង្ការ និងបង្ក្រាបដើម្បីឈានទៅកាត់បន្ថយបទឧក្រិដ្ឋដោយប្រើទឹកអាស៊ីតជា អាវុធ។ ជនដែលប្រព្រឹត្តបទល្មើសជះទឹកអាស៊ីត នឹងអាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅមួយជីវិត។
សូមបើកស្តាប់៖ http://www.khmer.rfi.fr/cambodia/20100327-
ទឹកអាស៊ីតបានសម្លាប់ជនរងគ្រោះម្នាក់ ទៀត
ដោយ លី ម៉េងហួរ
RFI Khmer
អ្នកស្រី យ៉ា សុខនីម ម្ដាយមីងកញ្ញា អ៊ិន សូលីដា តារាសម្ដែង នៅកម្ពុជា បានស្លាប់ កាលពីព្រឹកថ្ងៃទី២២មិថុនាម្សិលមិញ ដោយសារសភាពរបួស ដែលបណ្ដាលមកពីការវាយប្រហារដោយទឹកអាស៊ីតមានលក្ខណៈធ្ងន់ធ្ងរពេក ។ អ្នកស្រី យ៉ា សុខនីម អាយុ ៣៩ ឆ្នាំ បានទទួលការវាយប្រហារដោយទឹកអាស៊ីត ពីក្រុមមនុស្សរបស់លោកស្រី ជា រដ្ឋា កាលពីឆ្នាំ២០០៨។ ចំពោះមុខគ្រោះថ្នាក់ទឹកអាស៊ីតដ៏មហន្តរាយនេះ ក្រសួងមហាផ្ទៃបានតាក់តែងសេចក្តីព្រាងច្បាប់គ្រប់គ្រងទឹកអាស៊ីត ដែលអាចនឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រី នាខែកក្កដាខាងមុខ។
ប្រភពពីក្រុមគ្រួសាររបស់អ្នកស្រី យ៉ា សុខនីម បានឲ្យដឹងថា ស្ត្រីអាយុ ៣៩ឆ្នាំ បានស្លាប់ នៅវេលាម៉ោង ៩ ព្រឹក នៅមន្ទីរពេទ្យ កាល់ម៉ែត ក្រោយពីសម្រាក នៅមន្ទីរពេទ្យនេះ អស់រយៈពេល ៧ ថ្ងៃមក។
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០០៨ អ្នកស្រី យ៉ា សុខនីម ត្រូវបុរសពីរនាក់ បានជះទឹកអាស៊ីតពេញទំហឹង។ អ្នកស្រី យ៉ា សុខនីម បានទទួលរងរបួសរលាកយ៉ាងធ្ងន់ធ្ងរ របួសដៃខាងស្ដាំ ខូចភ្នែកស្ដាំ និងដាច់ត្រចៀកខាងស្ដាំ។
យ៉ាងណាក៏ដោយ រឿងក្តីជះទឹកអាស៊ីតនោះ ត្រូវបានតុលាការសម្រេចក្តីជាស្ថាពរ ផ្តន្ទាទោសកំបាំងមុខលោកស្រី ជា រដ្ឋា អតីតនាយសេនាធិការរងប៉េអ៊ឹម និងបក្សពួក៦នាក់ផ្សេងទៀត ដាក់ពន្ធនាគារជាង ១០ ឆ្នាំ និងពិន័យជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក៏ប៉ុន្តែមកដល់ពេលនេះ ជនជាប់ចោទ មិនត្រូវបានចាប់ខ្លួននៅឡើយ។
ការជះទឹកអាស៊ីតលើស្ត្រីរងគ្រោះរូបនេះ បណ្តាលមកពីរឿងស្នេហាភេទដូចគ្នា រវាងអ្នកស្រី ជា រដ្ឋា និងបវរកញ្ញាទេសចរណ៍ អ៊ិន សូលីដា។
ចំពោះមុខគ្រោះថ្នាក់ដល់ជីវិត ដោយសារតែទឹកអាស៊ីតនេះ ក្រសួងមហាផ្ទៃ បានតាក់តែងសេចក្តីព្រាងច្បាប់គ្រប់គ្រងទឹកអាស៊ីត។ ច្បាប់អាស៊ីត ដែលមាន ៤ ជំពូក និង ២៥ មាត្រា ត្រូវបានគណៈកម្មការចម្រុះរបស់រដ្ឋាភិបាល តាក់តែងចាប់តាំងពីឆ្នាំ២០១០។
លោកឧត្តមសេនីយ៍ឯក អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលធ្វើកិច្ចការនេះ បានឲ្យដឹងថា ច្បាប់គ្រប់គ្រងទឹកអាស៊ីត សព្វថ្ងៃ ត្រូវក្រុមបច្ចេកទេសគណៈរដ្ឋមន្ត្រី កំពុងពិនិត្យ មុននឹងដាក់ទៅប្រជុំអន្តរក្រសួងជាថ្មីទៀត។
តាមលោកឧត្តមសេនីយ៍ ច្បាប់ទឹកអាស៊ីត ដែលបានកំណត់ផ្តន្ទាទោសជនល្មើសដាក់ពន្ធនាគារពី ៥ ឆ្នាំ រហូតដល់មួយជីវិត នឹងអាចឆ្លងផុតគណៈរដ្ឋមន្ត្រី នាខែកក្កដាខាងមុខ។ ច្បាប់នោះ បានកំណត់ ដោយម៉ត់ចត់លើការគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើការលក់ដូរទឹកអាស៊ីត។
ការវាយប្រហារដោយទឹកអាស៊ីត ជាអំពើហិង្សាដ៏ឃោរឃៅ និងជាបទឧក្រិដ្ឋ ដែលមិនអាចបរិយាយបាន។ ទឹកអាស៊ីត បានធ្វើឲ្យជនរងគ្រោះវេទនាពិបាកជាងស្លាប់ អស់មួយជីវិត។ ជនរងគ្រោះ ត្រូវពិការភ្នែក រលួយស្បែក ខូចមុខមាត់ និងរហូតដល់ស្លាប់។
ការវាយប្រហារដោយទឹកអាស៊ីត ភាគច្រើនកើតឡើងនៅភ្នំពេញ និងដោយសារតែរឿងគំនុំស្នេហាត្រីកោណ។ កំណើនជនរងគ្រោះដោយទឹកអាស៊ីត បានកើនឡើង ជាបន្តបន្ទាប់ នៅកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៩៩ មកដល់ដើមឆ្នាំ ២០១០ យ៉ាងហោចណាស់ មានជនរងគ្រោះដោយទឹកអាស៊ីតចំនួន ១១៤ នាក់។ ក្នុងនោះ មានមួយចំនួនបានស្លាប់៕
ច្បាប់គ្រប់គ្រងទឹកអាស៊ីដ
ច្បាប់គ្រប់គ្រងទឹកអាស៊ីដអាចនឹងបញ្ចប់សង្រ្គាមជះទឹកអាស៊ីដបាន ដែរឬទេ?
ដោយ គី សុខលីម
RFI Khmer
រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់គ្រប់គ្រងទឹក អាស៊ីដខ្លាំងកាលពីចុងសប្តាហ៍កន្លងមក។ ការអនុម័តសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះត្រូវ បានសាទរពីគ្រប់មជ្ឍដ្ឋានប៉ុន្តែក្តីកង្វល់បានកើតឡើង ទាក់ទងទៅនឹងការអនុវត្តន៍ច្បាប់អោយមានប្រសិទ្ធិភាព។
ក្រោយពីរបបប៉ុលពត បានបញ្ចប់ទៅនៅឆ្នាំ១៩៧៩ ប្រទេសកម្ពុជាមិនទាន់ទទួលបានសុខសន្តិភាពពេលលេញនៅឡើយទេ។ សង្រ្គាមស៊ីវិលបានអូសបន្លាយរហូតដល់ចុងទសវត្សឆ្នាំ៩០។ ក្នុងដំណាក់កាលនៃសង្គ្រាមស៊ីវិលនេះ ជនខិលខួចមួយចំនួន ពេលមានជម្លោះ បានប្រើប្រាស់អាវុធដើម្បីគំរាមកំហែងជនស្លូតត្រង់ដោយគ្មានត្រា ប្រណី។
ក្រោយមកទៀត នៅពេលដែលប្រទេសជាតិចាប់ផ្តើមកែទម្រង់និងរឹតបន្តឹងការប្រើប្រាស់ អាវុធ ជនខិលខូចងាកមកប្រើប្រាស់ទឹកអាស៊ីដដើម្បីសងសឹកដៃគូជម្លោះទៅវិញ។
អាវុធទឹកអាស៊ីដវាខុសគ្នានឹងអាវុធគ្រាប់រំសេវបន្តិច។ វាខុសគ្នានៅត្រង់ថា ទឹកអាស៊ីដត្រូវបានគេប្រើប្រាស់ភាគច្រើនសម្រាប់សងសឹករឿងស្នេហា ត្រីកោណរីឯកាំភ្លើងត្រូវបានគេប្រើប្រាស់ក្នុងរឿងផ្សេងៗ។
ស្រ្តីដែលមានសម្រស់ស្អាត ហើយមានស្នេហាត្រីកោណតែងតែទទួលរងគ្រោះដោយសារការវាយប្រហារដោយទឹក អាស៊ីដ។ លោក អំ សំអាត មន្រ្តីស៊ើបអង្កេតនៃអង្គការ លីកាដូ បានបញ្ជាក់ប្រាប់ថា ការវាយប្រហារដោយទឹកអាស៊ីដនៅមិនទាន់មានការថយចុះនៅឡើយទេ រហូតមកដល់ពេលនេះ។ តួលេខជារួមបានបង្ហាញថា ក្នុង១ឆ្នាំៗ ការវាយប្រហារដោយសារទឹកអាស៊ីដកើតឡើង៣០ករណី ក្នុងនោះអ្នករងរបួសអាចមានចំនួនពី៣០ទៅ៤០នាក់។
នាពេលកន្លងមក ការប្រើប្រាស់ទឹកអាស៊ីដខ្លាំងដើម្បីជះឬស្រោច ទៅលើមនុស្សបានកើតមានឡើងជាបន្តបន្ទាប់។ បទល្មើសនេះអាចចាត់ទុកថាជាបទល្មើសមួយក្នុងចំណោមបទល្មើសផ្សេង ទៀត ដែលមានចរិតសាហាវ ឃោរឃៅ យង់ឃ្នង អមនុស្សធម៌ ហើយបន្សល់នូវសោកនាដកម្ម។
ជនរងគ្រោះមានរបួសស្នាម ខូចសម្ផស្សពីធម្មជាតិ ពិការទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ពេលខ្លះ ពួកគេក្លាយទៅជាជនពិការមួយរយៈឬពិការអស់មួយជីវិត ហើយមានករណីខ្លះទៀត ជនរងគ្រោះបាត់បង់ជីវិតតែម្តងក៏មានដែរ។
ផលវិបាកនានា ដែលកើតឡើងចំពោះជនរងគ្រោះដោយបទល្មើសអាស៊ីដខ្លាំងបានបង្កអោយ មានការព្រួយបារម្ភនិងជាក្តីកង្វល់សម្រាប់សង្គមជាតិ។
ដោយមើលឃើញពីទំហំនៃគ្រោះថ្នាក់នេះ រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដ ខ្លាំងកាលពីចុងសប្តាហ៍មុននេះ។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំងមាន ៦ ជំពូកនិង២៧មាត្រា។
សេចក្តីព្រាងច្បាប់នេះនឹងមានវិសាលភាពគ្របដណ្តប់លើការផលិត ការកែច្នៃ ការនាំចូល ការនាំចេញ ការវេចខ្ចប់ការដឹកជញ្ជូន ការយកតាមខ្លួន ការចែកចាយ ការលក់ ការទិញ ការរក្សាទុកនិងការប្រើប្រាស់អាស៊ីដខ្លាំងគ្រប់ប្រភេទដែល បណ្តាលអោយមានគ្រោះថ្នាក់ដល់សុខភាពនិងអាយុជីវិតមនុស្សនៅក្នុង ប្រទេសកម្ពុជា។
សេចក្តីព្រាងច្បាប់ទើបត្រូវបានអនុម័តដោយរដ្ឋាភិបាលនិងរង់ការ អនុម័តពីរដ្ឋសភាជាតិនៅពេលខាងមុខនេះទទួលបានការគាំទ្រពីជន រងគ្រោះដោយសារទឹកអាស៊ីដនិងអង្គការសង្គមស៊ីវិល។
មន្ត្រីអង្គការ លីកាដូ សម្តែងក្តីសង្ឃឹមទុកជាមុនថា ច្បាប់គ្រប់គ្រងទឹកអាស៊ីដនេះនឹងរួមចំណែកកាត់បន្ថយបទល្មើសវាយ ប្រហារដោយទឹកអាស៊ីដនាពេលអនាគត។ ការសាទរបានធ្វើឡើងផងដែរនៅក្នុង ចំណោមជនរងគ្រោះដោយសារការវាយប្រហារទឹកអាស៊ីដនិងសមាគម ជនរងគ្រោះ ដោយសារទឹកអាស៊ីដ។ ពួកគេសង្ឃឹមថា ច្បាប់នេះនឹងជាអន្ទាក់ទាក់ កជនល្មើស វាយប្រហារដោយការប្រើប្រាស់ ទឹកអាស៊ីដ។
អ្នកវិភាគការវិវឌ្ឍន៍សង្គមកម្ពុជាមួយចំនួបានអបអរសាទរសេចក្តី ព្រាងច្បាប់នេះប៉ុន្តែពួកគេដាក់ក្តីមន្ទិលសង្ស័យទៅលើការ អនុវត្តន៍ច្បាប់។ ប្រទេសកម្ពុជានាពេលកន្លងមកមិនសូវមានបញ្ហារឿងបង្កើតច្បាប់ទេ ប៉ុន្តែក្តីកង្វល់របស់ប្រទេសក្រីក្រមួយនេះគឺការអនុវត្តន៍ច្បាប់ អោយមានប្រសិទ្ធិភាព៕
ច្បាប់អង្គការ ៖ អង្គការអន្តរជាតិនាំគ្នាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា
ដោយ គី សុខលីម
RFI Khmer
អង្គការអន្តរជាតិរិះគន់សេចក្តីព្រាង ច្បាប់គ្រប់គ្រងអង្គការ និងជំរុញអោយដៃគូអភិវឌ្ឍន៍ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។ អង្គការ ទាំងនោះបានរិះគន់ថា ច្បាប់នេះនឹងបើកផ្លូវអោយរដ្ឋាភិបាលគំរាមកំហែង និងបិទចោលអង្គការណាដែលរិះគន់រដ្ឋាភិបាលនិងមន្រ្តីរដ្ឋាភិបាល។
អង្គការអន្តរជាតិល្បីៗចំនួន១០នៅក្រៅប្រទេសបានជំរុញអោយប្រទេស ផ្តល់ជំនួយពិចារណាលើជំនួយរបស់ខ្លួនមកលើប្រទេសកម្ពុជាឡើងវិញ ប្រសិនបើសេចក្តីព្រាងច្បាប់ ស្តីពីអង្គការមិនមែនរដ្ឋាភិបាលត្រូវបានអនុម័ត។ អង្គការទាំងនោះជារួមមាន៖ អង្គការ Freedom House អង្គការ Human Rights Watch និងអង្គការ Global Witness និងអង្គការដទៃមួយចំនួនផ្សេងទៀត។
នៅក្នុងលិខិតមួយច្បាប់ផ្ញើតាមសារអេឡិចត្រូនិចទៅកាន់ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក រដ្ឋមន្រ្តីក្រសួងការបរទេសនៃបណ្តាប្រទេសសហភាពអឺរ៉ុប និងរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសមួយចំនួនផ្សេងទៀត អង្គការទាំងនោះបានរិះគន់ថា សេចក្តីព្រាងច្បាប់ ស្តីពីអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងនៅក្នុងដៃទីស្តីការ គណៈរដ្ឋមន្រ្តីនឹងអនុញ្ញាតអោយរដ្ឋាភិបាលកម្ពុជាគំរាមកំហែង និងបិទសកម្មភាពអង្គការណាដែលរិះគន់រដ្ឋាភិបាលនិងមន្រ្តី រដ្ឋាភិបាល។
អង្គការអន្តរជាតិដដែលបានបន្តជំរុញក្នុងលិខិត អោយរដ្ឋ រដ្ឋាភិបាលដែលធ្លាប់ផ្តល់ជំនួយអោយរដ្ឋាភិបាលកម្ពុជាវាយតម្លៃពី ជំនួយរបស់ពួកគេឡើងវិញ ប្រសិនបើច្បាប់នេះនឹងត្រូវអនុម័តក្នុងទម្រង់ដូចសព្វថ្ងៃនេះ។ អ្នករិះគន់ដដែលបានពិពណ៌នាសេចក្តីព្រាងច្បាប់នេះថា គឺជាសេចក្តីព្រាងច្បាប់ដែលផ្តល់អំណាចអោយរដ្ឋាភិបាលបំពានសិទ្ធិជា មូលដ្ឋាន និងមិនអាចការពារផលប្រយោជន៍រដ្ឋបានទេ។
ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាត្រូវការជំនួយឥតសំណងនិងកម្ចីជាច្រើនរយលានដុល្លារ អាមេរិកពីប្រទេសផ្តល់ជំនួយ។
ប្រសិនបើប្រទេសកម្ពុជាមិនទទួលបានជំនួយទេនោះ ប្រទេសក្រីក្រកម្ពុជាអាចប្រឈមនឹងការលំបាកក្នុងការសម្រេចគម្រោង អភិវឌ្ឍន៍របស់ខ្លួនមួយចំនួន។ កាលពីពេលថ្មីៗកន្លងមកនេះ ធនាគារពិភពលោកបានព្រមានថា គេនឹងផ្តាច់ជំនួយដល់ប្រទេសកម្ពុជាសម្រាប់គម្រោងថ្មីៗបន្តទៀត ប្រសិនបើបញ្ហាដីធ្លី រឿងបឹងកក់មិនត្រូវបានដោះស្រាយត្រឹមត្រូវនោះទេ។
លោក កែវ រ៉េមី ប្រធានក្រុមអ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សនៃទីស្តីការ គណៈរដ្ឋមន្ត្រីបានប្រតិកម្មតបវិញថា ប្រទេសណាក៏ត្រូវការច្បាប់អង្គការដែរ។ ច្បាប់នេះនឹងធានាអោយអង្គការធ្វើការស្របច្បាប់ទៅវិញទេ។ លោក រ៉េមី បានចំអកទៅអង្គការអន្តរជាតិទាំងនោះថា ជាអង្គការចាំតែរិះគន់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលផ្តើមតាក់តែងច្បាប់ស្តីពីអង្គការមិនមែន រដ្ឋាភិបាលមក សង្គ្រាមពាក្យសម្តីរវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលតែងតែប៉ះគ្នាជារឿយៗ។ ភាគីនីមួយៗតែងតែការពារភាពត្រឹមត្រូវរៀងៗខ្លួន។ មន្ត្រីរដ្ឋាភិបាលនិយាយថា ការបង្កើតច្បាប់នេះ គឺក្នុងគោលដៅគ្រប់គ្រងអង្គការអោយដំណើរការទៅតាមមាគ៌ានៃច្បាប់។ ប៉ុន្តែ ភាគីខាងអង្គការក្រៅរដ្ឋាភិបាលវិញ ពួកគេចាត់ទុកថា ច្បាប់នេះគឺជាការរឹតត្បិតសកម្មភាពរបស់អង្គការទៅវិញ។
សេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលនេះនឹងតម្រូវអោយ អង្គការសមាគមចុះបញ្ជីនិងធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ បង្ហាញជូនស្ថាប័នរដ្ឋាភិបាល៕
You must be logged in to post a comment.