ភ្នំពេញៈ រដ្ឋមន្រី្ដ ក្រសួងពាណិជ្ជកម្ម កម្ពុជា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ថា ប្រទេសកម្ពុជា នឹងអាចសម្រេចបាន គោលដៅ នាំអង្ករចេញ ១លានតោន នៅឆ្នាំ២០១៥ ខាងមុខ ។
ការសម្ដែងនូវក្ដី សុទិដ្ឋិនិយមនេះ នៅគ្រាដែលលោករដ្ឋមន្ដី្រ បានឃើញតួរលេខ នៃការនាំចេញអង្ករ របស់កម្ពុជា មានកំណើនគួឲ្យ កត់សម្គាល់ កាលពីឆ្នាំ២០១៣ កន្លងទៅ និងម្យ៉ាងទៀត ដោយសាតែកេរិ៍្ដអង្ករ របស់កម្ពុជា ត្រូវបានពិភពលោក ទទួលស្គាល់ថា មានឱជារសឆ្ងាញ់ដាច់គេ ។
ថ្លែងនៅក្នុងពិធីចុះអនុសារណៈ យោគយល់គ្នារវាង ក្រុមហ៊ុនកូរ៉េ ដែលមានឈ្មោះថា Hanwha និងក្រុមហ៊ុន Amru rice លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ឥឡូវនេះយើងនាំអង្ករ ចេញបានជាង ៤រយពាន់តោន ហើយយើងនៅសល់ ពេលឆ្នាំ២០១៤ និងឆ្នាំ២០១៥ទៀត យើងសង្ឃឹមថា អាចនឹងឈានដល់ ១លានតោន»។
លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា អង្កររបស់កម្ពុជា ត្រូវបានអន្ដរជាតិទទួលស្គាល់ថា មានរសជាតិឆ្ងាញលើសគេ ក៏ព្រោះតែអង្ករក្រអូប របស់កម្ពុជា ទើបតែទទួលបាន ចំណាត់ថ្នាក់លេខ១ ពីរឆ្នាំជាប់គ្នាក្នុងពិព័ណ៌អង្ករ ពិភពលោក ដែលធ្វើឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ នៅទីក្រុងហុងកុង និងកាលពីឆ្នាំ ២០១២ នៅកោះប៉ាលី ប្រទេសឥណ្ឌូនេស៊ី។
លោក ស៊ុន ចាន់ថុល បន្ថែមទៀតថា ក្នុងមួយឆ្នាំៗ ប្រទេសកម្ពុជាអាចផលិតអង្ករ បានរហូតដល់ ៩លានតោន ក្នុងនោះ ៤លានតោន សម្រាប់ផ្គត់ផ្គងក្នុងស្រុក និងនៅសល់ ៥លានតោនទៀត សម្រាប់នាំចេញ តែដោយសាកម្ពុជា មិនទាន់មានលទ្ធភាពនាំចេញ បានទាំងស្រុង ទើបប្រជាពលរដ្ឋលក់ស្រូវទៅវិញ។
យោងតាមតួលេខពី លេខាធិការដ្ឋានច្រកចេញ ចូលតែមួយ សម្រាប់បំពេញបែបបទនៃការនាំចេញអង្ករ បានបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ នៃឆ្នាំ២០១៣ ប្រទេសកម្ពុជា បាននាំចេញអង្ករ ចំនួន ៣៧៨.៨៥៦តោន ពោលគឺកើនឡើង ៨៤ភាគរយ បើប្រៀបធៀប ទៅនឹងឆ្នាំ២០១២ ដែលមានចំនួនត្រឹមតែ ២០៥.៧១៧តោន ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បាននាំចេញអង្ករទៅកាន់ ប្រទេសចំនួន ៦៦ជុំវិញពិភពលោក ខណៈដែលក្រុមហ៊ុន នាំចេញអង្ករ ដែលកំពុងប្រតិបត្ដិការ រកស៊ីនៅកម្ពុជា មានសរុបចំនួន ៨៤ក្រុមហ៊ុន ។ រាជរដ្ឋាភិបាលកម្ពុជា មានផែនការនាំចេញអង្ករ ឲ្យបាន ១លានតោនក្នុងឆ្នាំ២០១៥ ៕
