ទៅលេង២ប្រទេសចុងក្រោយនៅអាស៊ាន ខែសីហា 25, 2025
Posted by ភារម្យ in ទេសចរណ៍, អំពីភារម្យ.add a comment
តាមរយៈអត្ថបទដែលខ្ញុំបានសរសេរលើកមុន ទាក់ទងដល់បណ្តាប្រទេសអាស៊ានទាំង៨ដែលខ្ញុំបានទៅលេង នៅសល់តែពីរប្រទេសប៉ុណ្ណោះពោលគឺ ប្រ៊ុយណេ និង សិង្ហបុរី ពេលនេះខ្ញុំចង់ប្រាប់បងប្អូនអ្នកអានទាំងអស់គ្នាថា ខ្ញុំធ្វើបានហើយ គឺបានទៅលេងប្រទេសទាំងពីរនេះ អំឡុងពេលវិស្សមកាលប្រចាំឆ្នាំរបស់ខ្ញុំ។

ខ្ញុំធ្វើដំណើរទៅប្រ៊ុយណេកាត់តាមប្រទេសម៉ាឡេស៊ី ដោយការហោះហើរត្រង់ទៅកាន់ប្រ៊ុយណេមានតំលៃថ្លៃ ខ្ញុំត្រូវហោះទៅកាន់ម៉ាឡេស៊ីជាមុន ទើបចេញពីម៉ាឡេទៅប្រ៊ុយណេ នាថ្ងៃទី ១៧ សីហា ២០២៥ ម៉ោងប្រមាណ ៤ រសៀលខ្ញុំបានទៅដល់ប្រ៊ុយណេ នៅប្រ៊ុយណេដល់ថ្ងៃទី ២០ ខ្ញុំបានចាកចេញពីប្រទេសនេះ ធ្វើដំណើរមកម៉ាឡេស៊ីវិញ គេងនៅម៉ាឡេស៊ីមួយយប់ នាថ្ងៃទី២១ សីហា ២០២៥ ខ្ញុំធ្វើដំណើរពីម៉ាឡេមកសិង្ហបុរីដោយ យន្តហោះ AirAsia មកដល់សិង្ហបុរីម៉ោងប្រមាណ ១ រសៀល។

ជាចុងក្រោយនៅមានប្រទេសមួយទៀតនៅអាស៊ានដែលខ្ញុំចង់ទៅ ប្រទេសនោះគឺ ទីម័រ ប៉ុន្តែត្រូវរង់ចាំមើលថា ប្រទេសនេះនឹងក្លាយជាសមាជិកអាស៊ានឬអត់
ការធ្វើដំណើរ ជួយអោយខ្ញុំជួបបទពិសោធន៏ថ្មីៗ កន្លែងថ្មីៗ ខ្ញុំចង់បញ្ជាក់ថា ពេលខ្លះខ្ញុំក៏ចង់ចុះចាញ់ដែរ កន្លែងខ្លះមិនគួរអោយរីករាយ តែយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែដើរទៅខាងមុខ។
អាស៊ាន សល់តែពីរប្រទេសប៉ុណ្ណោះដែល … ខែមីនា 22, 2025
Posted by ភារម្យ in ទេសចរណ៍, ប្រវត្តិខ្ញុំ, អំពីភារម្យ.6 comments
ជីវិតដែលមានន័យសំរាប់ខ្ញុំ គឺជាជីវិតពោពេញទៅដោយដំណើរផ្សងព្រេង តែជីវិតពិតមិនមែនដូចអ្វីដែលយើងគិតនោះទេ មនុស្សត្រូវធ្វើការដើម្បីរកប្រាក់ចំណូល ដោយកើតក្នុងត្រកូលអ្នកក្រីក្រ ខ្ញុំរកប្រាក់ឯណាដើម្បីសំរេចក្តីស្រម៉ៃបាន មានតែធ្វើវាដោយសន្សឹមៗ ប្រទេសកម្ពុជាជាប្រទេសដែលទទួលបានវីសាពុំចាំបាច់បង់ថ្លៃពីសំណាក់ប្រទេសដទៃលើលោកតិចតួចបំផុតបើប្រៀបធៀបទៅនឹងប្រទេសជិតខាងខ្លួន ជាពិសេសអាស៊ានទាំង១០ប្រទេស និយាយដល់ប្រទេសទាំងដប់នេះ វាស្ថិតក្នុងបញ្ជីដំណើរផ្សងព្រេងរបស់ខ្ញុំផងដែរ គិតមកដល់ឆ្នាំ ២០២៤ ខ្ញុំដើរលេងប្រទេសអាស៊ានបាន៨ប្រទេសហើយ នៅសល់ពីរទៀតប៉ុណ្ណោះគឺប្រ៊ុយណេ និង សិង្ហបុរី ដែលខ្ញុំនឹងបិទបញ្ចប់នៅឆ្នាំ ២០២៥នេះ ពេលដែលខ្ញុំសរសេរប្រកាសនេះ ខ្ញុំបានកក់សំបុត្រយន្តហោះរួចរាល់ហើយ ចាំតែពេលវេលានាអនាគតមកដល់ និយាយដល់ប្រទេសទាំង៨ដែលខ្ញុំបានទៅលេងមានដូចខាងក្រោម:

- កម្ពុជា ប្រទេសកំណើត
- ឥណ្ឌូនេស៊ី ខ្ញុំបានទៅលេងនៅថ្ងៃទី ១៦ សីហា ២០២៤
- ឡាវ ខ្ញុំទៅលេងឡាវច្រើនដង ខែឧសភាឆ្នាំនេះ ក៏មានគំរោងទៅលេងដែរ លើកតំបូងទៅលេងគឺនៅថ្ងៃទី ១៣ តុលា ២០២២
- ម៉ាឡេស៊ី បានទៅលេងនាថ្ងៃ ៦ ឧសភា ២០២៣
- មីយ៉ាន់ម៉ា ទៅលេងខេត្តជិតប្រទេសថៃ នៅថ្ងៃ ២៦ កញ្ញា ២០២២
- ហ្វីលីពីន ទៅលេងនៅថ្ងៃទី១ សីហា ២០២៣
- ថៃ ប្រទេសដែលខ្ញុំមករៀន នៅបច្ចុបន្នកំពុងបំរើរការងារនៅទីនេះ
- វៀតណាម ទៅលេងក្រុងព្រៃនគរ ថ្ងៃ១ កញ្ញា ២០១៩
ប្រជាជនសិង្ហបុរីទាំងអស់គឺលីក្វាន់យូ ខែមករា 12, 2024
Posted by ភារម្យ in ចំណេះដឹងទូទៅ, វិចារណកថា, សម្តីអ្នកប្រាជ្ង, អប់រំ.13 comments
ប្រទេសសិង្ហបុរីជាប្រទេសប្រភេទកោះខ្នាតតូច ដែលសម័យមុនអង់គ្លេសបានវិភាគថា ថ្វីដ្បិតតែជាកោះតូច តែមានទឹកសមុទ្រជ្រៅ ហើយទឹកមានលំនឹង ប្រៀបដូចទៅនឹងហុងកុង ឬ ស៊ីដនី ដែលវាអំណោយផលដល់ការកសាងមូលដ្ឋានកងទ័ពជើងទឹក។ នៅពេលនោះអង់គ្លេសបានទាក់ទងស្តេចស៊ុលតង់នៃរដ្ឋចូហូ (Johor Bahru) ហើយបានព្រមព្រាងគ្នា ដើម្បីជួលដីកោះនេះ។ រឿងនេះបានកើតឡើងនាសម័យ ស្តេមហ្វដ រ៉ាហ្វល់ (Stamford Raffles)។ នាសម័យសង្រ្គាមលោកលើកទី២ នាឆ្នាំ១៩៤១ ជប៉ុនដែលពេលនោះក្រោយវាបានបើកឆាកវាយ ភើល ហាប៊ើ នារដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក មួយថ្ងៃក្រោយមកជប៉ុនក៏បានវាយយករាល់ប្រទេសទាំងឡាយណាដែលស្ថិតនៅក្រោមអាណានិគមបារាំងនិងអង់គ្លេស សិង្ហបុរីក៏ពុំអាចគេចផុតពីកណ្តាប់ដៃជប៉ុនបានដែរ។ ក្រោយមកនៅពេលសង្រ្គាមលោកលើកទី២បានបញ្ចប់ អង់គ្លេសដែលពេលនោះពុំមានប្រាក់ និង កងទ័ពគ្រប់គ្រាន់ ក៏បានចាប់ផ្តើមផ្តល់ឯករាជ្យដល់ប្រទេសដែលស្ថិតក្រោមអាណានិគមខ្លួនម្ដងបន្តិចៗ។ នាថ្ងៃទី៣១ សីហា ១៩៥៧ អង់គ្លេសផ្តល់ឯករាជ្យដល់ម៉ាឡេស៊ី ដែលគេហៅថា ម៉ឺដេកា (Merdeka) ដែលប្រែថាឯករាជ្យ ឬ សេរីភាព នោះឯង។
សិង្ហបុរីជាកោះតូច មានប្រជាជនប្រមាណពីរលាននាក់នៅពេលនោះ។ ក្រោយសិង្ហបុរីទទួលបានឯករាជ្យពីអង់គ្លេសនាឆ្នាំ ១៩៥៨ គណបក្សជាច្រើនត្រូវបានបង្កើតឡើង បក្សសំខាន់ៗមានដូចជា បក្សឆ្វេងនិយម បក្សកុម្មុយនីស្ដ និងបក្សសកម្មភាពប្រជាជន (People’s Action Party ហៅកាត់ថា PAP)។ បក្សសកម្មភាពប្រជាជនមានមេដឹកនាំសំខាន់បីរូប ទីមួយ អាប់ឌុល សាម៉ាត អ៊ីសម៉េល (Abdul Samad Ismail) កាន់សាសនាអ៊ីស្លាម ទី២ ស៊ីនណាថាំប៊ី រ៉ាចចារ៉ាត់តៈណាម (Sinnathamby Rajaratnam) ជនជាតិឥណ្ឌាតាមិល ទី៣ លី ក្វាន់យូ (Lee Kuan Yew) ធ្លាប់ជាមេធាវី។ បក្សនេះផ្តោតសំខាន់លើ សេរីនិយម។ ថ្លែងពី លីក្វាន់យូ គាត់មានសែស្រឡាយមកពីចិន រៀនចប់ផ្នែកច្បាប់ មហាវិទ្យាល័យហ្វីតវីលៀម ខេមប្រ៊ីដ ប្រទេសអង់គ្លេស។ ពេលនោះបក្សរបស់ លីក្វាន់យូ បានឈ្នះឆ្នោត ហើយបានចាត់តាំងរដ្ឋាភិបាល នាទឹកដីថ្មីមួយនេះ (ពេលនោះសិង្ហបុរីពុំទាន់ក្លាយជាប្រទេសនៅឡើយទេ)។ លី ក្វាន់យូបានក្លាយជានាយករដ្ឋមន្ត្រីសិង្ហបុរី នាឆ្នាំ១៩៥៩។ នាពេលនោះចំណូលសំខាន់របស់សិង្ហបុរី ២០% បានមកពីការជួលដីឱ្យអង់គ្លេស ដើម្បីសាងមូលដ្ឋានកងទ័ពជើងទឹក។ មួយទៀតបានមកពីកម្លាំងពលកម្មប្រជាជន ៧ម៉ឺននាក់ ក្រៅពីនោះពុំមានអ្វីសោះឡើយ ធនធានធម្មជាតិក៏គ្មាន ជាសហគមន៍ក្រីក្រ។
លីក្វាន់យូ ពេលនោះផ្តើមគិតពីអនាគតប្រទេស ដោយគាត់មានសំណួរសួរថា តើប្រទេសគាត់នឹងរស់នៅបានដោយរបៀបណា? និយាយដល់ម៉ាឡេស៊ីពេលនោះជាសហភាពម៉ាឡាយ៉ា មានរដ្ឋចំណុះ ១៣រដ្ឋ។ ពេលនោះលីក្វាន់យូគាត់គិតថាមានតែទៅរួបរួមជាមួយសហភាពម៉ាឡាយ៉ា យកសហភាពម៉ាឡាយ៉ា ជាខ្នងបង្អែកប៉ុណ្ណោះ ទើបអាចធ្វើឱ្យសិង្ហបុរីរស់រានមានជីវិតបាន។ សិង្ហបុរីក៏បានស្នើសុំម៉ាឡាយូដើម្បីរួបរួមជាមួយ ហើយបានក្លាយជារដ្ឋទី១៤នៃសហភាពម៉ាឡាយ៉ា។ នៅឆ្នាំ១៩៦៣ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាពេលនោះមានឈ្មោះថា ទុនគូ អាប់ឌុល រ៉ាម៉ាន (Tunku Abdul Rahman) ក៏បានអនុម័តយល់ព្រម។ សូមបញ្ជាក់ថា លីក្វាន់យូ ជាមនុស្សពូកែម្នាក់ គាត់រៀនភាសាម៉ាឡាយូ ទោះបីជាគាត់មាន សែស្រឡាយ មកពីជាតិចិន តែគាត់និយាយបានតែភាសាអង់គ្លេស។ នៅពេលគាត់ដើរឃោសនារកសំឡេងឆ្នោត ជាពេលដែលគាត់ចាប់ផ្តើមរៀនភាសាចិន។ នេះជាមូលហេតុដែលជនជាតិសិង្ហបុរីអាចនិយាយបានច្រើនភាសា ព្រោះប្រជាជនយកគំរូតាមលីក្វាន់យូ។ លីក្វាន់យូ គិតថាការនិយាយបានច្រើនភាសាជាចំណុចពិសេសរបស់ជនសិង្ហបុរី។
ពេលលីក្វាន់យូ ចេះនិយាយភាសាម៉ាឡាយូ គាត់បានធ្វើដំណើរទៅកាន់ម៉ាឡេដើម្បីរកសំឡេងឆ្នោត ជាហេតុធ្វើឱ្យប្រជាជនម៉ាឡាយូចាប់ផ្តើមមិនទុកចិត្តគាត់ ឧបមាចិនមកដើរឃោសនាធ្វើនយោបាយនៅខ្មែរ ប្រជាជនខ្មែរប្រាកដជាមិនទុកចិត្តចិន រឿងនេះដូចគ្នាទៅនឹងករណី លីក្វាន់យូ ។ មួយទៀតនាសម័យនោះមានហេតុការណ៍សង្រ្គាមត្រជាក់បានកើតឡើង ប្រទេសនិមួយៗ ភាគីនិមួយៗមិនទុកចិត្តគ្នា ជាតួយ៉ាង ដោយសារឥទ្ធិពលសង្រ្គាមត្រជាក់សិង្ហបុរីជួបហេតុការណ៍ការបំផ្ទុះគ្រាប់បែកនៅអគារម៉េកដូណល។ ពេលនោះឥណ្ឌូណេស៊ីមិនទុកចិត្តសិង្ហបុរី ដោយឥណ្ឌូណេស៊ីគិតថាសិង្ហបុរីមានការលាក់ទុកចំហាយកុម្មុយនីស្ដ។ គឺដោយសារហេតុការណ៍ទាំងពីរនេះហើយ ដែលបណ្តាលឱ្យម៉ាឡាយូសម្រេចចិត្តដកសិង្ហបុរីចេញពីសហភាពនាថ្ងៃទី៩ សីហា ១៩៦៥។ នៅថ្ងៃដែលសិង្ហបុរីបានរួបរួមជាមួយម៉ាឡេ វាត្រូវនឹងថ្ងៃកំណើតរបស់លីក្វាន់យូ ដោយពេលនោះលីក្វាន់យូបានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏រីករាយបំផុតនៃជីវិតខ្ញុំព្រោះសិង្ហបុរីមានខ្នងបង្អែកហើយ តែពីរឆ្នាំក្រោយមក សិង្ហបុរីត្រូវបានគេបណ្តេញចេញពីសហភាពវិញ។ ថ្ងៃដែលសិង្ហបុរីត្រូវបានគេដកចេញ លីក្វាន់យូ បានពោលថា វាជាថ្ងៃដែលគាត់ឈឺចាប់បំផុត អ្នកមិនប្រកាន់ទេឬ បើខ្ញុំសូមឈប់បន្តិច (Would you mind if I stop for a while?) រួចគាត់យកក្រណាត់មកជូតទឹកភ្នែក។ ក្នុងក្តីស្រម៉ៃគាត់ៗគិតថាប្រជាជនសិង្ហបុរីពីរលាននាក់ ប្រាកដជាលែងលំបាកហើយ ពួកគេនឹងមានផ្ទះសំបែងផ្ទាល់ខ្លួន តែសុបិននោះត្រូវបានរលំរលាយ។ បីថ្ងៃក្រោយមក នាថ្ងៃទី១២ សីហា លីក្វាន់យូ បានប្រកាសជាសាធារណៈថា សិង្ហបុរីទីនេះគឺជាវេលទំនាបដីភក់ទឹកលិច តែ១០ឆ្នាំខាងមុខ ទីនេះនឹងក្លាយជាមហានគរ។ នេះគឺជាចក្ខុវិស័យរបស់លីក្វាន់យូ។
ក្រោយប្រកាស លីក្វាន់យូ ពេលនោះមាននយោបាយសំខាន់ៗជាច្រើន។ សិង្ហបុរីមានជាតិសាសន៍ជាច្រើនរស់នៅរួមគ្នា ជាតួយ៉ាង ចិន ឥស្លាមម៉ាឡេ និងឥណ្ឌាតាមិលជាដើម ដូច្នេះហើយលីក្វាន់យូត្រូវធ្វើយ៉ាងណាដើម្បីបណ្តុះគំនិតឱ្យប្រជាជនទាំងអស់រួមគ្នាជាធ្លុងមួយ ពោលគឺជាជនជាតិសិង្ហបុរី (Singaporeans) នេះគឺជានយោបាយទី១។ នយោបាយទី២ ប្រជាជនសិង្ហបុរីត្រូវមានផ្ទះសំបែងផ្ទាល់ខ្លួន សម័យមុនប្រជាជនសិង្ហបុរីរស់នៅក្នុងផ្ទះដំបូលស័ង្កសីតូចៗជាប់ប្រឡាយទឹកស្អុយ ជាប្រភេទផ្ទះបណ្តោះអាសន្ន។ ការធ្វើបែបនេះមានទស្សនវិទ្យានៅពីក្រោយ ពោលគឺដើម្បីធ្វើឱ្យកោះដ៏តូចនេះក្លាយជាប្រទេសមួយបាន គេត្រូវធ្វើឱ្យប្រជាជនទាំងអស់គិតថា ពួកគេមានផ្ទះជារបស់ខ្លួន តាំងនៅលើកោះនេះ។ និយាយដោយសង្ខេបទីមួយគឺកែប្រែផ្នត់គំនិត កុំឱ្យប្រជាជនគិតថាគេជាជនជាតិឥណ្ឌា ចិន ។ល។ តែត្រូវគិតថាគេជាជនជាតិសិង្ហបុរី ទី២រូបនាម គឺមានផ្ទះជារបស់ខ្លួននេះឯង។
បើទោះបីជានៅពេលនោះសិង្ហបុរីគ្មានអ្វីក្នុងដៃទាល់តែសោះ ជាប្រទេសក្រីក្រ តែ លីក្វាន់យូ មានចក្ខុវិស័យថា ថ្ងៃណាមួយពេលយើងក្លាយជាប្រទេសអ្នកមាន អ្នកខាងក្រៅនិងអ្នកជិតខាងប្រាកដជាមកប្លន់វាយយើង ដូច្នេះហើយ លីក្វាន់យូមានគំនិតបង្កើតឱ្យមានកងទ័ពសិង្ហបុរី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរីនាពេលនោះ គឺ កុះកេងស្វី (Goh Keng Swee) គាត់ជាអ្នកផ្តើមរៀបគំរោងបង្កើតកងទ័ព ពោលគឺតាំងពីឆ្នាំដំបូងនៃការកសាងរដ្ឋសិង្ហបុរី។ ការបង្កើតកងទ័ព នេះគឺជានយោបាយទី៣។ សិង្ហបុរីប្រៀបប្រដូចទៅនឹងនុយបង្កងដែលតូចល្អិត តែនុយនេះមានពិស កាលបើត្រីធំណាស៊ីនុយនេះ វាប្រាកដជានៅមិនសុខនោះទេ។ ខណៈនោះសិង្ហបុរីស្ថិតនៅក្នុងភាពលំបាកលំបិនជាខ្លាំង បើសិនទៅសុំជំនួយពីប្រទេសជិតខាងដូចជាម៉ាឡេ ប្រាកដជាត្រូវបានបដិសេធ លីក្វាន់យូ និង កុះកេងស្វី ក៏គិតថា មានតែទៅសូមជំនួយពីប្រទេសដែលមានលក្ខណៈស្រដៀងខ្លួន ពោលគឺជាប្រទេសតូច ហើយឡោមព័ទ្ធទៅដោយបណ្តាប្រទេសដែលពុំទុកចិត្តខ្លួន ប្រទេសនោះគឺ អ៊ីស្រាអែល។ ពេលនោះមេបញ្ជាការអ៊ីស្រាអែលមានឈ្មោះថា យីតហ្សាក់ រ៉ាប៊ីន (Yitzhak Rabin) បានទទួលសំបុត្រសុំជំនួយពីសិង្ហបុរី គាត់បានយល់ព្រម រួចបានចាត់គ្រូបង្វឹកទាហានឱ្យទៅជួយបង្វឹកកងទ័ពសិង្ហបុរី ព្រមជាមួយប្លង់គំរូនៃការរៀបចំកងទ័ពឱ្យសិង្ហបុរី តាមរយៈសៀវភៅមួយក្បាលមានចំណងជើងថា សៀវភៅពណ៌ត្នោត (Brown Book)។ យីតហ្សាក់ រ៉ាប៊ីន បានណែនាំទាហានដែលត្រូវទៅជួយសិង្ហបុរីថា ពួកយើងទៅនេះគឺដើម្បីហ្វឹកហ្វឺនពួកគេ ត្រូវចាំថាពួកយើងមិនមែនជា ឈ្មួញជួញដូរអាវុធនោះទេ ដូច្នេះហើយចូរកុំបង្ខំគេឱ្យទិញអាវុធពីយើងឱ្យសោះ។ រឿងមួយទៀតដែលបញ្ជាក់ពីការរៀបគម្រោងដ៏ល្អិតល្អន់របស់លីក្វាន់យូនិងយីតហ្សាក់ រ៉ាប៊ីននោះគឺ បើសិនជាអ៊ីស្រាអែលបញ្ចូនគ្រូបង្វឹកដែលមានមុខមាត់ជាជាតិជ្វីសមក ប្រទេសជិតខាងសិង្ហបុរី ដែលមានម៉ាឡេ ឥណ្ឌូណេស៊ីជាដើមប្រាកដជាមិនពេញចិត្ត ព្រោះប្រទេសទាំងនេះសម្បូរអ្នកកាន់សាសនាអ៊ីស្លាមដែលពុំចូលចិត្តជ្វីស ដូច្នេះហើយ យីតហ្សាក់ រ៉ាប៊ីន បានបញ្ជាឱ្យគេរើសគ្រូបង្វឹកដែលមានមុខមាត់មិនដូចជាជនជាតិជ្វីស ជាពិសេសសម្បុរខ្មៅស្រអែម សក់ខ្មៅ បញ្ជូនមកសិង្ហបុរី។
បន្តនិយាយដល់ផែនការអភិវឌ្ឍន៍ប្រទេសជាតិវិញ ដោយសារសិង្ហបុរីជាប្រទេសថ្មីទើបកកើត ដូច្នេះហើយ លីក្វាន់យូ បានធ្វើដំណើរទៅក្រៅប្រទេសជាញឹកញាប់ ដោយប្រើពេលវេលាពីរខែ ដើម្បីប្រកាសឱ្យលោកបានស្គាល់ពីរដ្ឋសិង្ហបុរី ពោលគឺបើកចំហឱ្យពិភពលោកទទួលស្គាល់រដ្ឋដែលទើបបង្កើតថ្មីនេះ។ នេះគឺជានយោបាយទី៤។ ការចូលរួមជាមួយអាស៊ាន ក៏ជាផ្នែកមួយនៃនយោបាយនេះដែរ។ រីឯការសិក្សាក៏ជារឿងមួយដែល លីក្វាន់យូ គិតថាវាជារឿងមួយដ៏សំខាន់ខ្លាំងបំផុត។ ថ្ងៃដែលលីក្វាន់យូ ប្រកាសថាសិង្ហបុរីនឹងក្លាយជាមហានគរ គាត់បានពោលបន្ថែមទៀតថា ការរីកចម្រើននេះគឺកើតឡើងពីប្រជាជន ពីការគ្រប់គ្រងរបស់ពួកយើង។ ចំណុចនេះហើយដែលបញ្ជាក់ថា ចលករដ៏សំខាន់ជំរុញឱ្យសិង្ហបុរីរីកចម្រើនខ្លាំងបែបនេះ នោះគឺដោយសារធនធានមនុស្សនេះឯង គេត្រូវចាំថាសិង្ហបុរីពុំមានធនធានធម្មជាតិនោះទេ។ សំណួរសួរថា តើសិង្ហបុរីនាំចេញផលិតផលអ្វី? សិង្ហបុរីពុំនាំចេញអ្វីដែលសំខាន់ៗគួរឱ្យកត់សម្គាល់នោះទេ តែសិង្ហបុរីគឺជាពាណិជករ។ សិង្ហបុរីមានរោងចក្រចម្រាញ់ប្រេង ។ល។ សូមបញ្ជាក់ថា រដ្ឋសិង្ហបុរីបានគិតគូរជាយូរយាណាស់មកហើយ គេមានមហិច្ឆតាថាគេនឹងកាន់កាប់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ (Supply Chain) ឱ្យបាន។ បច្ចុប្បន្នរឿងនេះវាលែងជាទស្សនៈវិស័យទៀតហើយ ព្រោះសិង្ហបុរីធ្វើបាន។ ជាទូទៅមនុស្សជាច្រើនតែងចោទសួរថា តើអ្វីគឺជាប្រធានបទនៃទំនោរសង្គម (Trend) បច្ចុប្បន្ននេះ? តែ លីក្វាន់យូ ពុំគិតដូច្នោះទេ លីក្វាន់យូគិតថាកុំធ្វើជាអ្នករត់តាម ចូរធ្វើជាអ្នកសាងទំនោរសង្គមវិញ។ ជាតួយ៉ាង លីក្វាន់យូ ដឹងថាអនាគតប្រេងនឹងឡើងថ្លៃ ដូច្នេះហើយលីក្វាន់យូ មាននយោបាយបង្កើតរោងច្រកចម្រាញ់ប្រេងនៅកោះសិង្ហបុរី។
គ្រប់យ៉ាងបានដំណើរការមកយ៉ាងរលូន តែនាឆ្នាំ ១៩៦៨ បីឆ្នាំក្រោយទទួលបានឯករាជ្យ មួយឆ្នាំក្រោយចូលរួមជាមួយអាស៊ានមកអង់គ្លេសបានប្រាប់សិង្ហបុរីថា អង់គ្លេសនឹងឈប់ជួលដីសិង្ហបុរីទៀតហើយ ដោយមានហេតុផលថាអង់គ្លេសជួបប្រទះបញ្ហាកង្វះថវិកា ក៏ដូចជាកងទ័ព អង់គ្លេសនឹងដកកងទ័ពចេញពីសិង្ហបុរីជាបន្ទាន់។ ទទួលបានដំណឹងនេះសិង្ហបុរីតក់ស្លុតជាខ្លាំង ខណៈនោះលីក្វាន់យូបានទាក់ទងទៅអង់គ្លេសភ្លាមៗ ដោយស្នើសូមឱ្យអង់គ្លេសរង់ចាំបន្តិច ព្រោះរឿងនេះវាជះឥទ្ធិពលជាខ្លាំងដល់ប្រជាជនសិង្ហបុរី ពួកគេនឹងបាត់បង់ការងារធ្វើយ៉ាងតន់ហន់ រីឯសេដ្ឋកិច្ចជាតិ ២០% នឹងរលាយបាត់ក្នុងមួយពព្រិចភ្នែក។ អង់គ្លេសបានយល់ព្រម ដោយបន្តកិច្ចសន្យាជួលដីបន្តក្នុងរយៈពេលបីឆ្នាំ ចូលដល់ឆ្នាំ ១៩៧១ រួចអង់គ្លេសនឹងដកកងទ័ពចេញទាំងអស់ ហើយបង់ប្រាក់លើកទឹកចិត្តឱ្យសិង្ហបុរី ៥០លានផោន។ លីក្វាន់យូក៏បានដឹងដែរថា ថ្ងៃណាមួយហេតុការណ៍នេះនឹងកើតឡើង ដូច្នេះហើយលីក្វាន់យូនិងក្រុមការងារក៏បាន រិះគិតដល់ប្រភេទឧស្សាហកម្មដែលសិង្ហបុរីអាចបង្កើតបាន។ នេះគឺជាទស្សនវិស័យរបស់ពួកគាត់។ ឧស្សាហកម្មផ្សេងៗបង្កើតឡើងដោយលំបាក ព្រោះធនធានធម្មជាតិសិង្ហបុរីពុំមានទាល់តែសោះ។ ជាចុងក្រោយសិង្ហបុរីគិតថា មានឧស្សាហកម្មមួយដែលសិង្ហបុរីអាចធ្វើបាន ហើយឧស្សាហកម្មនោះគឺ ឧស្សាហកម្មទាក់ទងនឹងហិរញ្ញវត្ថុ និង ឧស្សាហកម្មផ្តល់សេវា។ លីក្វាន់យូគិតថាសិង្ហបុរីមានសក្តានុពលធនធានមនុស្សដ៏សំខាន់ មនុស្សម្នាក់អាចនិយាយភាសាបានយ៉ាងតិចពីរ ពោលគឺចិននិងអង់គ្លេស។ លីក្វាន់យូក៏បានធ្វើការកែប្រែប្រព័ន្ធតួអក្សរសិង្ហបុរីជាថ្មី ដោយពុំយកគំរូតាមតួអក្សរចិនដើមដូចហុងកុងឬតៃវ៉ាន់ឡើយ។ ពេលខ្លះនៅពេលជនជាតិសិង្ហបុរីនិយាយភាសាអង់គ្លេសមានមនុស្សសើចចំអកដល់ការបញ្ចេញសំនៀង តែជនជាតិសិង្ហបុរីមិនដែលខ្វល់ខ្វាយពីរឿងនោះទេ អ្វីដែលសំខាន់គឺពេលជនជាតិសិង្ហបុរីឡើងនិយាយ មនុសុ្សទាំងឡាយត្រូវតែយកចិត្តទុកដាក់ស្តាប់។
រឿងមួយទៀតទាក់ទងនឹងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ។ ៧ឆ្នាំក្រោយបង្កើតប្រទេស សិង្ហបុរីមានព្រលានយន្តហោះអន្តរជាតិផ្ទាល់ខ្លួន បង្កើតឡើងនាឆ្នាំ ១៩៧២ ជាក្រុមហ៊ុនអាកាសចរណ៍ដែលពុំមានជើងហោះហើរក្នុងស្រុក។ ដំបូងៗមានត្រឹមជើងហោះហើរ ក្រុងសិង្ហបុរីហោះត្រង់ទៅឡុងដ៏ អង់គ្លេស ដោយសិង្ហបុរីមានទំនាក់ទំនងល្អជាមួយអង់គ្លេសតាំងពីអតីតកាល។ នេះជាការដាក់ឱ្យប្រើប្រាស់ដំបូងនូវក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដែលការដាក់ឱ្យប្រើនេះ ពោពេញទៅដោយភាពវ័យឆ្លាត។ គឺដោយសារអង់គ្លេសខ្លួនឯង ក៏ជាមជ្ឈមណ្ឌលកណ្តាលនៃជើងហោះហើរទាំងអស់នៅអឺរ៉ុប។ ចាប់ពីពេលនោះមកក៏មានជើងហោះហើរជាច្រើនទៅចុះចត និងហោះទៅហោះមកនៅសិង្ហបុរី។ បច្ចុប្បន្នសិង្ហបុរីជាមជ្ឈមណ្ឌលកណ្តាលនៃជើងហោះហើរនៅតំបន់។ យុទ្ធសាស្ត្រមួយទៀតដែលធ្វើឱ្យសិង្ហបុរីក្លាយជាប្រទេសអ្នកមាន នោះគឺការបណ្តាក់ទុន។ ជនជាតិសិង្ហបុរីពូកែគ្រប់គ្រងហិរញ្ញវត្ថុ ដែលនេះគឺជាយីហៅដ៏ល្បីរបស់សិង្ហបុរី។ ពិភពលោកទទួលស្គាល់យីហោម៉ាកនេះ ពោលគឺយីហោធនធានមនុស្សសិង្ហបុរីនេះឯង។ និយាយដោយសង្ខេបដើម្បីបង្កើនសេដ្ឋកិច្ច អ្វីដែលសិង្ហបុរីបានធ្វើគឺ ទីមួយគឺការកសាងភាពទុកចិត្តឱ្យជនបរទេសមានទំនុកចិត្តជឿជាក់លើជនជាតិសិង្ហបុរី ទីពីរគឺធ្វើយ៉ាងណាស្រូបយករាល់រូបិយបណ្ណពីបរទេស ដោយសិង្ហបុរីបានដាក់គោលដៅដូច្នេះ រាល់ប្រព័ន្ធហិរញ្ញវត្ថុនៅលើពិភពលោក ត្រូវមករួមតួ នៅសិង្ហបុរី (System Integrator)។ សំណួរសួរថាប្រសិនបើលោកខាងលិចយកលុយរបស់គេមកបណ្តាក់ទុន តើប្រទេសណាដែលគេទុកចិត្តបំផុតដើម្បីហានិភ័យលុយរបស់គេ?
ដោយប្រទេសសិង្ហបុរីទើបកើតថ្មី ដូច្នេះវាប្រៀបប្រដូចទៅនឹងក្រដាសសមួយសន្លឹក ដែលងាយស្រួលក្នុងការគូសវាស។ ហេតុនេះហើយលីក្វាន់យូ បានបង្កើតបទបញ្ញត្តិទាក់ទងនឹងហិរញ្ចវត្ថុជាថ្មី ដោយគាត់បានកាត់បន្ថយភាពស្មុគស្មាញ។ សូមកុំភ្លេចថា លីក្វាន់យូ រៀនចប់ច្បាប់មកពីអង់គ្លេស លីក្វាន់យូ ដឹងថាច្បាប់គឺជាឧបសគ្គនៃធ្វើជំនួញ។ ទោះយ៉ាងណាក្តី បទបញ្ញត្តិនិងច្បាប់នៅសិង្ហបុរីដោយរួម មានភាពតានតឹង នេះក៏ដើម្បីធ្វើឱ្យប្រទេសមានរបៀប។ មនុស្សដែលទៅរៀននៅសាលា ទីមួយសួរខ្លួនឯងថាទៅរួចឬទេ? ទីពីរសួរខ្លួនឯងថា ធ្វើយ៉ាងណាទើបបានលេខ១? នេះគឺជាលោកគតិដែលខុសគ្នាដាច់។ សិង្ហបុរីជាប្រទេសពូកែខាងផាកពិន័យ (Singapore is the fine city) ជក់បារីនៅតាមទីសាធារណៈ ត្រូវផាកពិន័យ ទំពារស្ករកៅស៊ូត្រូវផាកពិន័យ ទុកសក់វែងក៏ត្រូវផាកពិន័យ ។ល។ សង្កេតឃើញថាបុរសសិង្ហបុរីពុំសូវមានអ្នកទុកសក់វែង។ គីថារ៉ូ (Kitaro) សិល្បៈករជប៉ុន ត្រូវបានហាមឃាត់មិនឱ្យចូលសិង្ហបុរីក៏ព្រោះសក់វែងនេះឯង។ តែបច្ចុប្បន្នច្បាប់ស្ដីអំពីការទុកសក់វែងលែងមានទៀតហើយ យ៉ាងណាក៏ដោយបុរសសិង្ហបុរីក៏នៅតែមិននិយមទុកសក់វែងដដែល នេះក៏ព្រោះវាប្រែក្លាយជាវប្បធម៌របស់ប្រទេសនេះទៅហើយ។ ប្រទេសយើងផ្តល់សេរីភាពនៃការធ្វើអ្វីមួយ តែសិង្ហបុរីប្រើកណ្តាប់ដៃដែក (Iron Fist)។
មានករណីមួយតុលាការសិង្ហបុរីបានកាត់ទោសប្រហារជីវិតជនជាតិម៉ាឡេម្នាក់ពីបទនាំ ហេរ៉ូអ៊ីន ៤៩ក្រាម ចូលសិង្ហបុរីដោយខុសច្បាប់។ ខណៈនោះមានបុរសម្នាក់ក្រោកឡើងតវ៉ា នោះគឺ រីឆាត ប្រេនសុន (Sir Richard Branson) ដោយគាត់ពោលថាទង្វើបែបនេះ ពិភពលោកមិនអាចទទួលយកបាននោះទេ ហេរ៉ូអ៊ីនត្រឹម ៤៩ក្រាម កាត់ទោសប្រហារជីវិត។ ពេលនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក កាស៊ីវីសស្វាណាថាន ឆានមុកាំ (Kasiviswanathan Shanmugam) បានប្រកាសតាមសារព័ត៌មាន អញ្ជើញ រីឆាត ប្រេនសុន មកពិភាក្សាតទល់ (Debate) ដោយផ្ទាល់នៅសិង្ហបុរី ដោយសិង្ហបុរីនឹងចេញថ្លៃសំបុត្រយន្តហោះ និង សណ្ឋាគារឱ្យ។ តែ រីឆាត ប្រេនសុន ពុំបានមកនោះទេ ។ កាស៊ីវីសស្វាណាថាន ឆានមុកាំ បានពោលថា អ្នកឯងមកពីប្រទេសដែលលក់គ្រឿងញៀនទៅក្រៅប្រទេសហើយធ្វើសង្រ្គាមជាមួយគេពីរដង អ្នកឯងកំពុងតែមកថាឱ្យសិង្ហបុរី រឿងដាក់ទោសប្រហារជីវិតអ្នកនាំគ្រឿងញៀនខុសច្បាប់ចូលប្រទេសយើង។ នេះហើយគឺជាចិត្តវិញ្ញាណភាពជាសិង្ហបុរី ដែលបានត្រៀមទុកតាំងពីសម័យលីក្វាន់យូដឹកនាំដំបូងៗ។ ក្រៅពីច្បាប់ដ៏តឹងរ៉ឹង សារព័ត៌មាននៅសិង្ហបុរីក៏ពុំសូវទទួលបានសិទ្ធិសេរីភាពក្នុងការវិភាគ វាយតម្លៃ ជាពិសេសទៅលើស្ថាប័នរដ្ឋ។
ថ្លែងពីរឿងនយោបាយនៅសិង្ហបុរី លីក្វាន់យូដែលជាស្ថាបនិកសិង្ហបុរី ធ្លាប់បានថ្លែងថា បើអ្នកមិនបោះឆ្នោតឱ្យបក្សសកម្មភាពប្រជាជនទេ ខ្ញុំនឹងមិនជះលុយមកអភិវឌ្ឍតំបន់របស់អ្នកដែរ។ លីក្វាន់យូនិយាយត្រង់ទៅត្រង់មកបែបនោះ។ បច្ចុប្បន្នក្នុងសភាសិង្ហបុរីបក្សប្រឆាំងមានគ្នាប្រមាណ ១០ នាក់ប៉ុណ្ណោះ ដោយមានសមាជិកសភាសរុប ៩៦នាក់។ ជារឿយៗសិង្ហបុរីត្រូវបានលោកខាងលិចចោទប្រកាន់ថា មិនមែនជាប្រទេសប្រជាធិបតេយ្យ។ សិង្ហបុរីបាន តបទៅវិញថា សូមកុំយកការឱ្យតម្លៃទៅលើអ្វីមួយរបស់ប្រទេសអ្នក មកកំណត់ហើយជ្រៀតជ្រែកប្រទេសយើង។ សូមបញ្ជាក់ថា ខ្ញុំពុំបានទទួលស្គាល់ថាប្រជាធិបតេយ្យបែបសិង្ហបុរីល្អ ១០០% នោះទេ តែដោយសារអ្នកដឹកនាំសិង្ហបុរីពិតជាមានសមត្ថភាពពិតមែន។ គ្រប់ពេលដែលនិយាយដល់លីក្វាន់យូ ខ្ញុំតែងនឹកទៅដល់ប្លាតូ ប្លាតូបាននិពន្ធសៀវភៅមួយដែលមានចំណងជើងថា សាធារណរដ្ឋ (The Republic) ក្នុងសៀវភៅនេះប្លាតូនិយាយដល់ការគ្រប់គ្រងរដ្ឋពីសំណាក់ក្រុមមនុស្ស និង បុគ្គលតែម្នាក់។ របបគ្រប់គ្រងដែលល្អបំផុតគឺរបបផ្តាច់ការ តែចាំបាច់ត្រូវតែមានមេដឹកនាំដែលឆ្លាតវាងវៃ (Philosopher King)។ សិង្ហបុរីរីកចម្រើនមកទល់សព្វថ្ងៃនេះ ក៏ដោយសារតែប្រជាជនសិង្ហបុរីទាំងអស់មានជំនឿថា អ្វីដែលលីក្វាន់យូធ្វើសុតតែត្រឹមត្រូវ។ ផ្ទុយមកវិញប្រសិនបើប្រជាជនសិង្ហបុរីទាំងអស់គិតថាទង្វើដែលលីក្វាន់យូធ្វើពុំត្រឹមត្រូវនោះ ម៉្លេះរដ្ឋសិង្ហបុរីពុំបានដូចថ្ងៃនេះទេមើលទៅ។
ថ្លែងពីរឿងកណ្តាប់ដៃដែក នាឆ្នាំ ១៩៨០ នៅពេលក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីឈរជើងរឹងមាំ សមាគមអ្នកបើកយន្តហោះអាកាសចរណ៍សិង្ហបុរីរួបរួមគ្នាតវ៉ាដំឡើងប្រាក់ឈ្នួល។ ពេលនោះ លីក្វាន់យូ បានថ្លែងថាយើងនឹងជជែកចរចាគ្នា ពុំមែនតាមកញ្ចក់ទូទស្សន៍ តែយើងនឹងជជែកទល់មុខគ្នា (Face to face) រយៈចម្ងាយ ១៥០សង់ទីម៉ែត្រពីគ្នា។ អ្នកដឹងទេប្រទេសនេះចាយលុយដ៏មហាសាលដើម្បីផ្សព្វផ្សាយឃោសនាអាកាសចរណ៍សិង្ហបុរី។ ដោយសារទង្វើរបស់ពួកអ្នក ធ្វើការតវ៉ាត្រឹមពីអាទិត្យ មកបំផ្លិចបំផ្លាញអ្វីដែលពួកយើងបានសាងស្ទើរពេញមួយជីវិត។ លីក្វាន់យូបន្តថា ខ្ញុំបានប្រើពេលវេលាពេញមួយជីវិតខ្ញុំដើម្បីស្ថាបនាវា ដរាបណាខ្ញុំនៅតែជាអ្នកទទួលខុសត្រូវ ខ្ញុំនឹងមិនបណ្តោយឱ្យនរណាម្នាក់មកកម្ទេចវាចោលនោះទេ។ លីក្វាន់យូបានប្រើកណ្តាប់ដៃដែក មានវិធីមួយដើម្បីដោះស្រាយបញ្ហានេះ គឺអ្នកទាំងគ្នាសម្រេចចិត្តលាលែងពីតំណែង ហើយដើរចេញទៅចុះ តែអ្នកទាំងអស់គ្នានឹងស្ដាយក្រោយអស់មួយជីវិតចំពោះទង្វើដែលអ្នកបានធ្វើមកលើអាកាសចរណ៍សិង្ហបុរី។ បន្ទាប់មកខ្ញុំ និង ប្រជាជនសិង្ហបុរីទាំងអស់នឹងផ្តល់មេរៀនឱ្យពួកអ្នក។ ជាចុងក្រោយក្រុមអ្នកបើកយន្តហោះទាំងអស់នោះ ក៏យល់ព្រមតាមលីក្វាន់យូ។
ថ្លែងពី តេង ស៊ាវភីង មេដឹកនាំបក្សកុម្មុយនីស្ដចិន បានប្រមើលមើលដល់ប្រទេសទើបកើតថ្មីពោលគឺសិង្ហបុរីនេះឯង ដែលខណៈនោះមានអាយុត្រឹម ២៣ ឆ្នាំប៉ុណ្ណោះ តែ តេង ស៊ាវភីង ឆ្ងល់ថាហេតុអ្វីបានជាប្រទេសនេះ រីកចម្រើនលឿនខ្លាំងម៉្លេះក្នុងរយៈពេលដ៏ខ្លី? លីក្វាន់យូក៏បានធ្វើដំណើរទៅជួប តេង ស៊ាវភីង នៅប៉េកាំងដើម្បីចងមេត្រីរវាងប្រទេស។ អ្វីដែលលីក្វាន់យូរធ្វើឱ្យតេង ស៊ាវភីង ភ្ញាក់ផ្អើលបំផុតនោះគឺ គាត់និយាយភាសាចិនដាក់តេង ស៊ាវភីង។ ពេលនោះតេង ស៊ាវភីង បាននិយាយសរសើរដល់សិង្ហបុរីថារីកចម្រើនយ៉ាងលឿន តេង ស៊ាវភីងពេលនោះបានស្នើលីក្វាន់យូ ថាតើគាត់អាចបញ្ចូនមនុស្សទៅសង្កេតការប្រទេសសិង្ហបុរី មួយឆ្នាំបីពាន់នាក់បានដែរឬទេ? លីក្វាន់យូ តបថា បាន ដោយក្តីសោមនស្ស តែក្រោមលក្ខខណ្ឌមួយគឺសូម តេង ស៊ាវភីង ជួយបញ្ឈប់ឱ្យមានផ្សាយរលកវិទ្យុចិនទៅសិង្ហបុរី ដើម្បីដាក់មនោគមវិជ្ជាកុម្មុយនីស្ដបានដែរឬទេ? តេង ស៊ាវភីង ឮហើយពុំបានតបអ្វីទាំងអស់ រួចដើរចេញទៅ ចាប់ពីថ្ងៃនោះមកពុំមានការផ្សាយ រលកវិទ្យុចិនទាក់ទងនឹងមនោគមវិជ្ជាកុម្មុយនីស្ដទៅសិង្ហបុរីទៀតឡើយ។ នាឆ្នាំ ១៩៩០ លីក្វាន់យូ បានសំរេចចិត្តចូលនិវត្តន៍ គាត់កាន់អំណាចសរុបមានរយៈពេល ៣១ ឆ្នាំ។ អ្នកបន្តវេនពី លីក្វាន់យូ គឺ កុចុកតុង (Goh Chok Tong)។ នៅឆ្នាំ ១៩៩៤ មានហេតុការណ៍មួយបានកើតឡើង គឺបុរសអាម៉េរិកកាំងម្នាក់ អាចមានអាការៈរោគចិត្តតិចតួច គាត់បានយកថ្នាំបាញ់ពណ៌ និងមែកឈើទៅបាញ់និងកោសឡានដែលចតចោលអស់១៨គ្រឿង។ តាមច្បាប់សិង្ហបុរីដែលមានលក្ខណៈបុរាណបន្តិច គឺតម្រូវឱ្យវាយ៦រំពាត់។ ការដែលជនជាតិអាម៉េរិកកាំងត្រូវសិង្ហបុរីវាយបែបនេះ គឺជារឿងមួយដែលអាម៉េរិកមិនអាចទទួលយកបាន។ ពេលនោះប៊ីលក្លីនតុន បានផ្ញើលិខិតទាក់ទងមក កុចុកតុងដោយផ្ទាល់ ដោយប៊ីលក្លីនតុនបញ្ជាក់ថា ការដាក់ទោសប្រជាជនអាម៉េរិកកាំងដោយវាយនឹងរំពាត់ គឺជាការដែលមិនអាចទទួលយកបាន ហើយស្នើឱ្យលុបច្បាប់នេះចោល។ តែកុចុកតុងតបទៅប៊ីលក្លីនតុន វិញថា នេះជាច្បាប់ប្រទេសខ្ញុំ ដូចប្រយោគដែលមេដឹកនាំសិង្ហបុរីបានថ្លែងពីខាងលើ សូមកុំយកការឱ្យតម្លៃទៅលើអ្វីមួយរបស់ប្រទេសអ្នក មកកំណត់ហើយជ្រៀតជ្រែកប្រទេសយើង។ ប៊ីលក្លីនតុន បានសន្ទនាជាមួយកុចុកតុងយ៉ាងយូរ ហើយដោយសារសិង្ហបុរីយោគយល់ដល់ទំនាក់ទំនងរវាងអាម៉េរិក ជាចុងក្រោយ កុចុកតុង យល់ព្រមទោសបន្ថយពី៦រំពាត់ មក៤រំពាត់វិញ។ ចុះឱ្យពីរ រំពាត់ កុំភ្លេចថាអ្នកដែលសិង្ហបុរី ចរចាជាមួយគឺប្រធានាធិបតីអាម៉េរិក។ អ្នកបន្តវេនពីកុចុកតុង គឺ លីសៀនឡុង (Lee Hsien Loong) ដែលជាកូនប្រុសច្បងរបស់លីក្វាន់យូ។
និយាយដល់ប្រព័ន្ធអប់រំនៅសិង្ហបុរី វាមានលក្ខណៈស្រដៀងទៅនឹងអង់គ្លេស សូមរំលឹកថា លីក្វាន់យូ ក៏រៀនចប់មកពីអង់គ្លេសផងដែរ។ សម្រាប់សិង្ហបុរី រឿងគ្រូគឺជារឿងមួយដ៏សំខាន់។ គ្រូអនុញ្ញតឱ្យសិស្សមានសេរីភាពនៃការគិត ប្រើការការគិតមានហេតុមានផល មានការស្រមើស្រម៉ៃ និងមានការច្នៃប្រឌិត។ គ្រូមានតួនាទីណែនាំសិស្ស តម្រង់ទិសសិស្ស បំពេញចន្លោះខ្វះខាត។ ការប្រលងនៅសិង្ហបុរីទៀតសោត មានលក្ខណៈតឹងរឹងយ៉ាងខ្លាំង នៅសិង្ហបុរីពុំមានទេក្រោមមាត្រដ្ឋាន។ ការកេណ្ឌទ័ព (Conscription) ក៏ជារឿងសំខាន់មួយទៀត នៅសិង្ហបុរីមានច្បាប់កេណ្ឌទ័ពដូចកូរ៉េខាងត្បូងដែរ ដោយយុវជនសិង្ហបុរីត្រូវបម្រើកងទ័ពរយៈពេលពីរឆ្នាំ។ នៅសិង្ហបុរីមានសិទ្ធិស្មើគ្នា មិនថាកូនសេដ្ឋីឬកូនអ្នកក្រគឺត្រូវជាប់កាតព្វកិច្ចកេណ្ឌទាហានដូចៗគ្នា។ នៅពេលយុវជនម្នាក់ក្លាយជាទាហាន គេនឹងក្លាយទៅជាកូនប្រុសរបស់ប្រជាជនសិង្ហបុរីទូទាំងប្រទេស ព្រោះពួកគេនឹងបំពេញតួនាទីដើម្បីប្រជាជនទាំងអស់។ ការហ្វឹកទាហានក៏មានលក្ខណៈតឹងរឹង ធ្វើខុសវិន័យ គ្រូបង្វឹកជេរ មានការអាវ៉ង់ យុវជនជាច្រើនយំ នឹកផ្ទះ។ តាមរយៈទស្សនៈគ្រូបង្វឹក គឺគេធ្វើបែបនេះដើម្បីឱ្យយុវជនទាំងនោះ ទទួលយកសម្ពាធការគាបសង្កត់ឱ្យបានគឺត្រូវបំរុងទុកប្រសិនបើថ្ងៃណាមួយយុវជនទាំងនេះត្រូវចាប់ជាឈ្លើយសឹកសង្រ្គាម ព្រោះសត្រូវគ្មានទេមានចិត្តល្អលើពួកយុវជនទាំងនេះ។ ការហាត់ទាហានក៏បានបង្រៀនយុវជនឱ្យចេះរស់នៅជាក្រុម ស្គាល់របៀបវិន័យក្នុងការរស់នៅជាមួយគ្នា។ ដូច្នេះហើយទើបប្រជាជនសិង្ហបុរីមិនដែលគិតថាការកេណ្ឌទ័ពគឺទៅបម្រើជាតិនោះទេ តែគេគិតថាវាការអប់រំមួយបែប។
សូមបញ្ជាក់ថា យុគដំបូងសិង្ហបុរីប្រៀបប្រដូចទៅហ្នឹងបង្កងពិស តមកសិង្ហបុរីរឹងមាំឡើងប្រៀបប្រដូចទៅនឹងទុរេន បច្ចុប្បន្ននេះសិង្ហបុរីប្រៀបបានទៅនឹងកាំប្រមា ពុំមាននរណាអាចមកប៉ះពាល់គេបាន ព្រោះគេមានព្រួញស្រួចៗជាច្រើនដើម្បីការពារខ្លួន។សិង្ហបុរីមានទាហានប្រចាំការដែលដឹងពីវិធីប្រើប្រាស់អាវុធគ្រប់បែប អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ សិង្ហបុរីមានឧស្សាហកម្មផលិតប្រព័ន្ធការពារផ្ទាល់ខ្លួន ដោយមានក្រុមហ៊ុនមួយឈ្មោះថា អេសធី អេនជៀណឺរីង (ST Engineering) ចុះបញ្ជីក្នុងទីផ្សារហ៊ុនសិង្ហបុរី។ ក្រុមហ៊ុននេះផលិតតាំងពីកាំភ្លើងយន្ត រហូតដល់ប្រព័ន្ធរ៉ាដា។ បច្ចុប្បន្នពិភពលោកបានផ្លាស់ប្ដូរ ពិភពលោកត្រូវការភាពច្នៃប្រឌិតថ្មី តួយ៉ាង ភាពច្នៃប្រឌិតនៃសេដ្ឋកិច្ច (Creative Economy) ដើម្បីដើរឱ្យទាន់លោក សិង្ហបុរីព្យាយាមបង្កើតភាពច្នៃប្រឌិតដែលធ្វើឱ្យលោករំជើបរំជួលជាច្រើន មិនថារចនាសម្ព័ន្ធថ្មីៗ សិល្បៈ ។ល។ ជាតួយ៉ាងហ្កាដេនបាយដឺបេ (Gardens by the Bay)។
សមត្ថភាពគេអាចហ្វឹកហ្វឺនបាន តែសម្រាប់ប្រជាជនសិង្ហបុរីតែងមានទស្សនគតិមួយគឺ ដើរតួជាអ្នកឈ្នះគ្រប់ពេល (Act Like a Winner) ពួកគេតស៊ូមិនចុះចាញ់ឧបសគ្គគ្រប់យ៉ាង គឺគេមានផ្នត់គំនិតនេះតាំងពីអតីតរហូតដល់បច្ចុប្បន្ន។ យើងអាចសង្កេតឃើញងាយៗបានតាមរយៈ កូនសិស្សសិង្ហបុរីរៀន។ សិស្សទាំងនោះមិនដែលមានទេផ្នត់គំនិតដែលគិតថា រៀនឱ្យតែជាប់ តែគេគិតថារៀនដូចម្តេចឱ្យពូកែ ក្រេបយកចំណេះដឹងមកឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន មិនយល់ក៏ត្រូវរកវិធីធ្វើឱ្យយល់។ ជាហេតុធ្វើឱ្យសិង្ហបុរីមានធនធានមនុស្សប្រកបដោយសក្តានុពល មេដឹកនាំសិង្ហបុរីដើរតួជាមេដឹកនាំក្នុងតំបន់តាំងពីអតីតប្រកបដោយជំនឿទុកចិត្ត។ មិនត្រឹមតែមេដឹកនាំ សូម្បីតែអ្នកធុរកិច្ចសិង្ហបុរីក៏ដូចគ្នាដែរ នៅពេលមានវេទិកាផ្សេងៗ អ្នកធុរកិច្ចសិង្ហបុរីងើបឈរដោយមានមោទកភាព មានជំហរច្បាស់លាស់ ពេលគេនិយាយ អ្នកត្រូវស្តាប់ ស្តាប់ដោយយកចិត្តទុកដាក់។ មានគេនិយាយលេងថា ចង់បង្គាប់ឱ្យជនអាម៉េរិកកាំងធ្វើអ្វីមួយ ត្រូវនិយាយថា ការងារនោះទាក់ទងទៅនឹងការផ្សងព្រេង ចង់បង្គាប់ឱ្យជនបារាំងធ្វើអ្វីមួយ ត្រូវនិយាយថា ការងារនោះទាក់ទងទៅនឹងភាពរ៉ូម៉ង់តិច ចង់បង្គាប់ឱ្យជនអាឡឺម៉ង់ធ្វើអ្វីមួយ ត្រូវនិយាយថាការងារនោះកំណត់ក្រោមច្បាប់ តែថាបើចង់បង្គាប់ឱ្យជនជាតិសិង្ហបុរីធ្វើអ្វីមួយ គេត្រូវនិយាយថា លីក្វាន់យូបង្រៀនមកបែបនេះ។
ដោយ: ពុទ្ធីរម្យ
ហេតុអ្វីកូរ៉េស្អប់ជប៉ុន? ខែមករា 8, 2024
Posted by ភារម្យ in ចំណេះដឹងទូទៅ, ប្រវត្តិសាស្រ្ត, វិចារណកថា, អប់រំ.add a comment

ឆ្នាំ ១៩៤៥ ជាឆ្នាំចុងក្រោយដែលប្រទេសកូរ៉េស្ថិតនៅក្រោមអាណានិគមជប៉ុន បន្ទាប់ពីប្រទេសនេះត្រូវបានកាន់កាប់ដោយជប៉ុនតាំងពីឆ្នាំ ១៩០៥។ នៅពេលនោះប្រទេសកូរ៉េត្រូវបានជប៉ុនហៅជាភាសាខ្លួនថា ឆូសេន អានតាមភាសាកូរ៉េ ឆូសន រីឯរដ្ឋធានីសូល ជប៉ុនហៅថា ខេចូ ឯភាសាកូរ៉េហៅថា ក្យងសង ដែលប្រែជាខ្មែរថា រដ្ឋធានី។ មែនទែនទៅជម្លោះរវាងកូរ៉េនិងជប៉ុន វាបានកើតមានតាំងពីយូរលង់ណាស់មកហើយ ពោលគឺតាំងតែពី ស.វទី ៧ ដែលនៅពេលនោះជប៉ុនព្យាយាមជាបន្តបន្ទាប់ដើម្បី បុកវាយយកដែនសមុទ្រកូរ៉េ។ តែចំណុចរបត់សំខាន់ដែលសាងដំបៅដល់កូរ៉េនោះគឺ ពេលដែលកូរ៉េធ្លាក់ក្នុងអាណានិគមជប៉ុននេះឯង។ មានអត្ថបទជាច្រើនសរសេរដល់ទង្វើដ៏កាចសាហាវដែលជប៉ុនបានធ្វើដាក់កូរ៉េនាយុគនោះ។ តួយ៉ាងអត្ថបទពី history.com និង BBC បានសរសេរថា សម័យនោះជប៉ុនបានព្យាយាមយ៉ាងខ្លាំង ដើម្បីលុបបំបាត់វប្បធម៌កូរ៉េយ៉ាងចាស់ដៃបំផុត រីឯ The New York Time Magazine ក៏មានអត្ថបទដែលសរសេរដោយ អាឡិចសាន់ឌឺ ឈី (Alexander Chee) និយាយដល់ផ្នត់គំនិតពីក្រោយខ្នង ក្នុងការបោសសំអាតប្រទេសកូរ៉េ ដោយជប៉ុនអះអាងថា ជាការរួបរួមវប្បធម៌រវាងគ្នានិងគ្នា ឬ Cultureal Assimilation។ ជាតួរយ៉ាង ណៃសេនអ៊ិតៃ (Naisen ittai) ដែលប្រែថា កូរ៉េជប៉ុនមានរាងកាយតែមួយ គឺជប៉ុនជឿថា កូរ៉េគឺជាប្អូនដែលបានប្រាស់ចាកគ្នា តែប្អូនដូចជាកូរ៉េត្រូវតែដាស់តឿនប្រៀនប្រដៅ ប្តូរទស្សនៈគតិសាជាថ្មី ពោលគឺដើម្បីឱ្យកូរ៉េវិលត្រលប់មករួបរួមជារាងកាយតែមួយ ជាមួយជប៉ុនជាបងវិញ។ ដូច្នេះហើយបានជាភាពជាកូរ៉េត្រូវបានជប៉ុនហាមប្រាម ដូចជាការការហាមមិនឱ្យប្រើភាសាកូរ៉េ។ សូម្បីតែនៅក្នុងសាលារៀន ឬ មហាវិទ្យាល័យក៏បានហាម មិនឱ្យបង្រៀនជាភាសាកូរ៉េដែរ។ ឯកាសែតជាភាសាកូរ៉េត្រូវបានបិទខ្ចប់ ឬចាប់ពិរុទ្ធជាខ្លាំង។ នៅឆ្នាំ ១៩៣៩ មានបទបញ្ជាបង្គាប់ឱ្យជនជាតិកូរ៉េប្តូរឈ្មោះជាភាសាជប៉ុន ការបង្គាប់ឱ្យប្តូរឈ្មោះត្រកូលដែលមានខ្សែលោហិតតមកតាំងពីដូនតារបស់ជនជាតិកូរ៉េ ធ្វើឱ្យជនជាតិកូរ៉េជាច្រើនសម្រេចធ្វើអត្ដឃាតខ្លួនឯង។ មានការបំផ្លាញឯកសារប្រវត្តិសាស្ត្រកូរ៉េ ប្រមាណ ២សែនច្បាប់ មានការបង្រៀនប្រវត្តិសាស្ត្រដែលសរសេរជាថ្មីដោយជប៉ុន។ ការក្លែងបែបនេះ ក៏ត្រូវបានគេចាត់ទុកថាជាបទឧក្រិដ្ឋផងដែរ។
អ្នកប្រវត្តិសាស្ត្រជាច្រើនបានពោលថា នេះជារាត្រីដ៏ខ្មៅងងឹតមុនថ្ងៃរះរបស់ប្រជាជនកូរ៉េ។ ក្រោយពីជប៉ុនវាយយកកូរ៉េបានសំរេច ជប៉ុនបានដំណើរការ ទាញយកផលប្រយោជន៏សេដ្ឋកិច្ចពីកូរ៉េយ៉ាងពេញទំហឹង។ ទាំងដែលពេលមុននេះ ជប៉ុនទទួលបានសិទ្ធិនៃការនេសាទ សម្បទានការកសាងផ្លូវថភ្លើងនិងព្រៃឈើក៏ដោយ ជប៉ុននៅតែបន្តចង់បានការត្រួតត្រាដីធ្លី និងកសិកម្មទៀត។ ជប៉ុនរឹបអូសដីធ្លីប្រជាជនកូរ៉េ តាមរយៈការសំរួត ត្រួតពិនិត្យដីធ្លី ពោលគឺឱ្យកសិករកូរ៉េមករាយការណ៍ដល់អាជ្ងាធរពីដីធ្លីរបស់ពួកគាត់ ប្រជាជនណាដែលមករាយការណ៍មិនទាន់ពេលកំណត់ គឺត្រូវរឹបអូសយកដីធ្លី យកទៅដេញថ្លៃលក់ឱ្យអ្នកជំនួញជប៉ុន។ ខណៈប្រជាជនណាដែលមិនបានបង់ពន្ធដីធ្លី ក៏ត្រូវបានរឹបអូសយកដីដូចគ្នា។ នៅពេលការសំរួតបានបញ្ចប់ ប្រជាជនកូរ៉េប្រមាណ ៤ម៉ឺនគ្រួសារបានបាត់បង់ដីធ្លីសម្រាប់បង្កបង្កើនផលចឹញ្ចឹមជីវិត។ ម្យ៉ាងទៀតនៅពេលដែលសង្រ្គាមចិនជប៉ុនកាន់តែតានតឹងទៅ ជប៉ុនបានបង្កើតប្រព័ន្ធស្ម័គចិត្តចូលបម្រើកងទ័ពជប៉ុនពីសំណាក់ជនជាតិកូរ៉េ នាឆ្នាំ១៩៣៨ មានតួលេខចេញមកថា មានជនជាតិកូរ៉េជាច្រើនប្រហែល ២លាន ៦សែន ១មឺន ៦ពាន់ ៩០០នាក់ត្រូវបានកេណ្ឌយកទៅច្បាំងនៅជប៉ុន ហើយប្រហែល ៧សែន ២ម៉ឺន ៣ពាន់ ៩០០នាក់ ត្រូវបានបញ្ជូនទៅប្រចាំការនៅក្រៅប្រទេស។ ក្រៅពីនេះក៏បានការបង្រ្កាបជនបះបោរកូរ៉េយ៉ាងព្រៃផ្សៃផងដែរ។ ជាចុងក្រោយប្រទេសកូរ៉េនៃយុគសម័យនោះ មិនមែនជាដែនដីសម្រាប់ប្រជាជនកូរ៉េនោះទេ តែជាដែនដីសម្រាប់ពួកជប៉ុនជញ្ជក់ឈាម។
ថ្លែងពីកងពលលេខ 731 កតាំងឡើងនៅយុគកណ្តាលនាឆ្នាំ ១៩៣០ នាម៉ាន់ជូរី ក្រោយពេលផ្លាស់ប្ដូរទីតាំងទៅភូមិភីងហ្វាង ខេត្តហាពីន ភាគឥសាន្តប្រទេសចិន បានប្រតិបត្តិការអំឡុងពេលសង្រ្គាមចិនជប៉ុន និង សង្រ្គាមលោកលើកទី២។ កងពលលេខ ៧៣១ ចាប់ផ្តើមដំណើរការជាមន្ទីរសុខភាពសាធារណៈ ជាចុងក្រោយទីនេះបានប្រែក្លាយជាមន្ទីរពិសោធន៍អ្នកទោសប្រមាណ ៣ពាន់នាក់ ដោយមានវត្ថុបំណងធ្វើការពិសោធមនុស្ស អភិវឌ្ឍន៍អាវុធគីមីជីវសាស្ត្រ។ មន្ទីរនេះធ្វើការពិសោធន៍មនុស្សដោយផ្ទាល់ ដែលពោពេញទៅដោយភាពសាហាវព្រៃផ្សៃ អមនុស្សធម៌។ អ្នកទោសទាំងនោះដែលជាកណ្តុរធ្វើការពិសោធន៍ ជាជនជាតិចិននិងកូរ៉េ ព្រមទាំងឈ្លើយសឹករុស្សី។ ជាពិសេសអ្នកទោសជាស្ត្រី ស្ត្រីអ្នកទោសត្រូវបានការធ្វើពិសោធន៍ឱ្យឆ្លងមេរោគជាច្រើនយ៉ាង ជាពិសេសមេរោគឆ្លងតាមផ្លូវភេទ។ មានការចាក់មេរោគចូលស្ត្រីមានផ្ទៃពោះ ដើម្បីមើលការវិវឌ្ឍការឆ្លងមេរោគពីម្តាយទៅកូន។ ភាពសាហាវព្រៃផ្សៃនៅមានទៀត ពោលគឺការវះកាត់ដោយមិនចាក់ថ្នាំសន្លប់ឬស្ពឹក អ្នកទោសខ្លះត្រូវបានកាត់អវយវៈនៃរាងកាយ ដៃ ឬជើង ខណៈពេលដែលអ្នកទោសទាំងនោះនៅមានសតិ ដើម្បីសិក្សាពីដំណើរការធ្វើការនៃអវៈយវៈនោះ។ ទោះបីជាទារកដែលកើតមកដោយការបៀតបៀនរំលោភផ្លូវភេទនៅមន្ទីរនេះក្តី ក៏មិនអាចរួចផុតពីការពិសោធន៍ដែលបានពោលមកខាងលើនេះដែរ។ នៅរដូវក្ដៅនាឆ្នាំ ១៩៤៥ មុនជប៉ុនចាញ់សង្រ្គាមលោកលើកទី២ ឧត្តមសេនីយ៍ទោ ឈីរ៉ូ អ៊ីឈី (Shirō Ishii) ពេទ្យទាហានប្រចាំកងទ័ពជប៉ុនបានបញ្ជាហាមឱ្យអ្នកស្រាវជ្រាវទាំងអស់រំលឹកដល់ការស្រាវជ្រាវពួកគេ ហើយបញ្ជាឱ្យរុះរើបញ្ជាការរដ្ឋានធំ។ អ្វីដែលហួសចិត្តបំផុតនោះគឺ ពេលសង្រ្គាមចប់ សហរដ្ឋអាម៉េរិកដែលឈ្នះសង្រ្គាមបានស្នើរពុំប្តឹងផ្តល់សមាជិកអតីតកងពលលេខ ៧៣១ ជាថ្នូរជាមួយលទ្ធផលការស្រាវជ្រាវទាំងអស់របស់មន្ទីរនេះ ពោលគឺត្រូវប្រគល់ឱ្យអាម៉េរិកទាំងអស់ ជាហេតុធ្វើឱ្យបុគ្គលិកកងពលលេខ ៧៣១ មានជីវិតរស់នៅសុខស្រួល ខុសឆ្ងាយពីជនរង់គ្រោះដែលពុំមានទាំងឱកាសរស់នៅក្រៅមន្ទីរពិសោធន៍តទៅ។
រឿងរ៉ាវទាក់ទងនឹងស្ត្រីកំដរផ្លូវភេទកងទ័ពជប៉ុន (Confort Woman) ក៏ជាប្រធានបទដ៏សំខាន់ផងដែរ។ តាំងពីឆ្នាំ ១៩៣២ និងរវាងសង្រ្គាមលោកលើកទី២ មានការចាប់ពង្រត់ និង បោកប្រាស់ស្ត្រីរាប់ម៉ឺននាក់ដើម្បីទៅធ្វើស្ត្រីកំដរផ្លូវភេទកងទ័ពជប៉ុន។ តែមានអ្នកប្រវត្តិសាស្ត្រជាច្រើននាក់ប្រមាណថា ២សែននាក់ ភាគច្រើនជាស្ត្រីកូរ៉េ ទៅធ្វើជាទាសករផ្លូវភេទ នៅឯរោងពេស្យាចារកងទ័ព (Confort Station)។ ចំនួនស្ត្រីទាំងនោះបានបន្តរកើនឡើង ក្រោយពេលមានការសម្លាប់ដោយរង្គាលនៅណានជីង (Nanjing Massacre) ដែលគេប្រមាណថាទីនោះទាហានជប៉ុនបានរំលោភស្ត្រីចិន ពី២ម៉ឺន ទៅ៨ម៉ឺននាក់ ដែលរឿងនេះបានបំផ្លាញមុខមាត់កងទ័ពជប៉ុនជាខ្លាំង។ លោកយាយកូរ៉េម្នាក់មានឈ្មោះថា លីអ៊ុកសន់ (Lee Ok-Seon) ជាស្ត្រីដែលបានរួចជីវិតពីរោងពេស្យាចារកងទ័ព បានថ្លែងថាទាហានជប៉ុនបានចាប់ខ្លួនគាត់ទៅ នៅពេលគាត់មានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ ខណៈចេញមកធ្វើកិច្ចការឱ្យឪពុកម្តាយ។ គាត់ត្រូវបានជប៉ុនបង្គាប់ឱ្យធ្វើជាទាសករផ្លូវភេទឯប្រទេសចិន។ ស្ត្រីកំដរផ្លូវភេទទាំងនោះ ត្រូវបានបង្គាប់ឱ្យដេកជាមួយទាហានជប៉ុនយ៉ាងព្រៃផ្សៃ អមនុស្សធម៌ ម្នាក់ៗជួបហេតុការណ៍ខុសៗគ្នា តែអ្វីដែលស្រដៀងគ្នានោះគឺការមានជីវិតរស់នៅដ៏ទុក្ខសោកវេទនា ពោលគឺត្រូវបានទាហានជប៉ុនរំលោភម្ដងហើយម្ដងទៀត ឈឺចាប់ទាំងផ្លូវកាយផ្លូវចិត្ត ការមានផ្ទៃពោះ និងការឆ្លងរោគតាមផ្លូវភេទ។ស្ត្រីកំដរផ្លូវភេទជាច្រើនបានបាត់ខ្លួនអំឡុងសង្រ្គាម ខណៈស្ត្រីដែលបានរស់រានរួចជីវិតមក បែរជាត្រូវប្រឈមនិងការអគតិ ការបដិសេធពីសង្គម ឬសូម្បីតែក្រុមគ្រួសារខ្លួនឯង។ ក្រោយចប់សង្រ្គាមរឿងរ៉ាវទាក់ទងនឹងស្ត្រីកំដរផ្លូវភេទកងទ័ពជប៉ុនត្រូវបានស្ងប់ស្ងាត់បាត់អស់ជាច្រើនស.វ។ ឯរាល់កំណត់ត្រាទាំងឡាយ ត្រូវបានបំផ្លាញចោល គ្មាននរណារំលឹកនឹកដល់។ ខាងជប៉ុនក៏មិនទទួលស្គាល់រឿងនេះ ហើយធ្វើហាក់បីដូចជាពុំដែលមានរោងពេស្យាចារកងទ័ព និងស្ត្រីកំដរផ្លូវភេទនៅលើលោកនេះឡើយ។ រហូតមកដល់ឆ្នាំ ១៩៦៥ នាសម័យរដ្ឋាភិបាលកងទ័ព ក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍ប៉ាក់ចុងហ៊ី (Park Chung Hee) មានការចុះហត្តលេខាបញ្ចប់ជំលោះរវាងប្រទេសទាំងពីរ ហើយជប៉ុនបានបង់ប្រាក់សំណងដល់កូរ៉េចំនួន ៣០០លានដុល្លារអាម៉េរិក ក្រៅពីនេះក៏មានការអនុញ្ញតឱ្យកូរ៉េខ្ចីប្រាក់ក្នុងការប្រាក់ទាបរយៈពេលវែង រួមសរុបប្រមាណ ៨០០លានដុល្លារអាម៉េរិក។ ក្រៅពីនេះនៅមានការព្រមព្រៀងស្តីអំពីប្រាក់សំណងជំងឺចិត្តស្ត្រីកំដរផ្លូវភេទរវាងប្រទេសទាំងពីរនាឆ្នាំ ២០១៥។ នាសម័យប្រធានាធិបតីលោកស្រី ប៉ាក់ គុនហេ កូនស្រីច្បងឧត្តមសេនីយ៍ប៉ាក់ចុងហ៊ី បានធ្វើសេចក្តីព្រមព្រាងឱ្យរដ្ឋាភិបាលជប៉ុនយល់ព្រមសងប្រាក់ជំងឺចិត្ត ១ពាន់លានយ៉េនដល់ក្រុមស្ត្រីកំដរផ្លូវភេទកងទ័ពជប៉ុន និង ក្រុមគ្រួសារ។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានជនរងគ្រោះជាច្រើនសំដែងការមិនពេញចិត្តដល់សេចក្តីព្រមព្រាងនេះ ដែលសង្កត់ធ្ងន់លើតែប្រាក់សំណង ព្រោះអ្វីដែលពួកគេចង់បានពិតប្រាកដនោះគឺ ការសុំទោសដោយចេញពីចិត្តស្មោះសរពីជប៉ុន។ ហើយបើទោះជាមានការចេញមកសុំទោសពីរូបភាពរួមនៃសង្រ្គាមលោកពីអធិរាជអាគីហ៊ីតុដែលមានខ្សែស្រលាយពីអធិរាជហ៊ីរ៉ូហ៊ីតុដែលជាអធិរាជនាសម័យសង្រ្គាម ប៉ុន្តែពុំដែលមានសោះឡើយ ដែលអធិរាជរូបនេះថ្លែងដល់ស្ត្រីកំដរផ្លូវភេទកងទ័ពជប៉ុន។ ការដែលទាមទារឱ្យអធិរាជជប៉ុនចេញមុខមកសុំទោសដោយផ្ទាល់បែបនេះ ក៏ធ្វើឱ្យខាងជប៉ុនមិនសប្បាយចិត្តជាខ្លាំង។
ក្រៅពីរឿងខាងលើកូរ៉េជប៉ុននៅមានរឿងរកាំរកូសបន្ថែមទៀតទាក់ទងទៅនឹងប្រជុំកោះដុកដូ (Dokdo) ឬដែលខាងជប៉ុនហៅថា តាកេស៊ីម៉ា (Takeshima)។ នេះគេពុំបាននិយាយដល់រឿងរ៉ាវបញ្ហាសេដ្ឋកិច្ច ដែលជប៉ុនសម្រេចដកកូរ៉េខាងត្បូងចេញពីបញ្ជីពាណិជ្ជកម្មនៃដៃគូនាំចេញ។
សន្ទនាតាមសារជាមួយនាងដូចម្តេច? ខែមករា 8, 2024
Posted by ភារម្យ in ចិត្តវិទ្យា, ចំណេះដឹងទូទៅ, ពីនេះពីនោះ, អប់រំ.add a comment
ពេលនេះអ្នកកំពុងចងចឹញ្ចើម ហើយឆ្ងល់ថា ផ្តើមការសន្ទនាតាមសារ គេអាចចង់និយាយពីអីក៏បាន វាមានន័យដូចម្តេច? ក្បួននៃការសរសេរសារនៃការសន្ទនាបានពោលថា និយាយអ្វីក៏បាន ឱ្យតែអ្នកចង់និយាយ បញ្ហានោះគឺ តើគួរនិយាយរបៀបណា? ស្រម៉ៃថាអ្នកកំពុងតែស្ថិតក្នុងវេទិកាជជែកវែកញែក ប្រសិនបើអ្នកជាមនុស្សពូកែវោហា មិនថាអ្នកស្ថិតក្នុងភាគីគាំទ្រ និង ប្រឆាំងនោះទេ អ្នកប្រាកដជាឈ្នះការជជែកវែកញែកនេះ។ គន្លិះនោះគឺត្រូវតែបញ្ចុះបញ្ចូលកម្មការ។ បើទោះជាអ្នកមានហេតុផលគាំទ្រដ៏មានហេតុមានផល តែបញ្ហានោះគឺវានៅដដែល តើអ្នកគួរនិយាយវាចេញមកដោយរបៀបណា? ពេលណា កន្លែងណា ដែលអ្នកត្រូវសង្កត់ និង អារម្មណ៍នៃសំឡេង រឿងនេះវាក៏សំខាន់ដូចគ្នា។
នេះជាគន្លឹះខ្លះៗក្នុងការជជែកគ្នាតាមសារ
១. ធ្វើខ្លួនតាមធម្មជាតិ
កុំធ្វើខ្លួនគួរឱ្យខ្លាច នៅសុខៗទៅសុំលេខទូរសព្ទនាង ធ្វើបែបនេះវាបង្ហាញថាអ្នកចិត្តក្ដៅ។ កុំឆេវឆាវ ធ្វើចិត្តឱ្យត្រជាក់ បង្ហាញនាងថា ធម្មតាអ្នកជាមនុស្សដែលតែងតែនិយាយជាមួយស្រីស្អាតៗគ្រប់ពេល វាមិនមានជារឿងធំដុំអីទេ។ សូមកុំប្រាប់នាងពីការជ្រើសរើសរបស់អ្នក ធ្វើបែបនេះ វាបង្ហាញឱ្យឃើញពីតម្រូវការរបស់អ្នក
២. ជៀសវាងសរសេរសារដដែលៗដូចអ្នកដទៃ
កុំផ្តើមការសន្ទនាដោយពាក្យ ហាយ! សួស្តី! សុខសប្បាយជាទេ? នេះជាសារផ្តើមសន្ទនាដ៏គួរឱ្យធុញទ្រាន់។ សូមប្រឹងប្រែងបន្ទិច ប្រើការគិតច្នៃប្រឌិតក្នុងការសរសេរសារផ្តើមបទសន្ទនាថ្មីៗ
ការរក្សាការសន្ទនា
នៅពេលអ្នកធ្វើឱ្យនាងចាប់អារម្មណ៍ហើយ ពេលនោះអ្វីដែលអ្នកត្រូវធ្វើបន្តគឺរក្សាលំហូរនៃការសន្ទនា។ ក្នុងដំណាក់កាលនេះ សូមកុំខ្លាចអ្វីទាំងអស់។ នាងតបសាររបស់អ្នក មានន័យថានាងក៏ចាប់អារម្មណ៍ក្នុងការជជែកជាមួយអ្នកដែរ។ ដូចដែលបានរៀបរាប់ខាងលើ ធ្វើខ្លួនធម្មជាតិៗ កុំឆ្គង ចូរសប្បាយរីករាយនឹងការសន្ទនា ហើយធ្វើតាមគន្លឹះដូចខាងក្រោមនេះ៖
១. កុំជាប់គាំងលើប្រធានបទតែមួយ
ថ្វីបើអ្នកជាប់គាំងក្នុងការសន្ទនាដែលទៅមុខមិនរួចថយក្រោយមិនរួច តើស្ត្រីនោះដឹងថាអ្នកកំពុងព្យាយាមញ៉ែនាងទេ? ឧទាហរណ៍៖ បុរសម្នាក់ដើរលេងតាមសួនច្បារ គាត់បានដើរចូលទៅជិតស្ត្រីម្នាក់ដែលកំពុងបណ្តើរឆ្កែ។ ឆ្កែនេះគួរឱ្យស្រលាញ់ណាស់! ពួចអ្វីដែរ? តើវាអាយុប៉ុន្មានហើយ? តើអ្នកបណ្តើរវាញឹកញាប់ទេ? នៅពេលអ្នកបណ្តើរវា អ្នកចូលចិត្តបណ្តើរតាមសួនច្បារ ឬឆ្នេរសមុទ្រ? បើវារត់អ្នករត់តាមវាទេ? អ្នកទិញអាហារឆ្កែយីហោអីដែរឱ្យវាបរិភោគ? ខ្ញុំអាចសុំលេខរបស់អ្នកបានទេ? ប្រសិនបើប្រធានបទកំពុងជាប់គាំង សូមប្តូរទៅប្រធានបទថ្មី។ នេះគឺជាឧទាហរណ៍នៃការប្តូរប្រធានបទ៖
អ្នក៖ តើអ្នកជាមនុស្សចូលចិត្តឆ្មា ឬឆ្កែ?
នាង៖ អឺម! តាមពិត! ខ្ញុំមិនមែនជាអ្នកស្រលាញ់សត្វអីទេ។
អ្នក៖ ម្យ៉ាងដែរ យ៉ាងហោចណាស់សាឡុងរបស់ខ្ញុំមិនជាប់ទៅដោយរោមឆ្មារបស់អ្នក។ ខ្ញុំកំពុងព្យាយាមបង្ហើយការងាររបស់ខ្ញុំនៅផ្ទះ ប៉ុន្តែកូនអ្នកជិតខាងវាកំពុងព្យាយាមរៀនផ្លុំត្រែ។ និយាយត្រង់ទៅ ហាក់ដូចជាក្មេងនោះកំពុងផ្លុំគូថរបស់គាត់អ៊ីចឹង គួរឱ្យរំខាន!
២. កុំអួតខ្លួនឯង
ការព្យាយាមខ្លាំងពេកដើម្បីធ្វើឱ្យនារីនោះចាប់អារម្មណ៍ ជាលទ្ធផលនាងនឹងបដិសេធដោយស្វ័យប្រវត្តិតែម្ដង។ ស្ត្រីអាចនឹងគិតថាអ្នកអួតពេក អ្នកល្អពេកលើលពីការពិត ឬអ្នកនៅឆ្ងាយលើសពីដៃនាងដើម្បីឈោងចាប់តោង។ ធ្វើឱ្យនាងចាប់អារម្មណ៍ថាអ្នកពិតជាចាប់អារម្មណ៍នឹងនាង ប៉ុន្តែក៏ត្រូវតែបង្ហាញពីខ្លួនអ្នកដែរ ថាអ្នកជាបុរសដ៏មានតម្លៃសម្រាប់គាត់។
៣. ធ្វើជាអ្នកនាំនៃការសន្ទនា
ការនាំនៃការសន្ទនាគឺជាវិធីដ៏ល្អមួយក្នុងការទទួលបានលេខទូរសព្ទរបស់នាង (ហើយក្រោយមកសូមនាងណាត់ជួប)។ ធ្វើជាអ្នកបើកប្រធានបទថ្មីៗ ទោះយ៉ាងណាក៏ដោយ ប្រសិនបើនាងចង់និយាយអំពីរឿងអ្វីមួយ កុំបញ្ចប់ប្រធានបទភ្លាមៗ។ ចូរបន្តសន្ទនាវាពីរបីនាទីទៀត ពេលអ្នករកឃើញចង្វាក់ល្អហើយ ចូរប្តូរប្រធានបទ ឬប្រាប់នាងនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងមុន។ អ្នកនៅតែអាចត្រលប់ទៅរកប្រធានបទសន្ទនាមុនក្នុងការជជែកនេះ។
៤. ធ្វើខ្លួនជាមនុស្សសម្បូរអាថ៌កម្បាំង
ត្រូវចង់ចាំថាស្ត្រីតែងតែរំជើបរំជួលនៅពេលបានសន្ទនា អ្នកត្រូវតែធ្វើឱ្យអារម្មណ៍នាងច្របូកច្របល់ម្ដងឡើងម្ដងចុះ ហាក់បីដូចជានាងកំពុងជិះកន្ត្រកហោះ។
ជំហានបន្ត សុំលេខរួចណាត់ជួបនាង
អ្នកជិតបានណាត់ជួបនារីក្នុងសុបិនរបស់អ្នកហើយ។ តើអ្នកមានអារម្មណ៍ថាមានសម្ពាធទេ? កុំ! ពីព្រោះនៅត្រង់ចំណុចនេះ អ្នកបានទាក់ទាញមនុស្សស្រីឱ្យចាប់អារម្មណ៍ខ្លួនអ្នករួចទៅហើយ ហើយនាងក៏បានបើកចំហចិត្ត ហើយចាប់អារម្មណ៍លើអ្នកដែរ។ អ្វីដែលអ្នកគួរធ្វើគឺរក្សាវាឱ្យរលូន តាមធម្មជាតិ។ ត្រូវចាំថាគោលបំណងរបស់អ្នកគឺបានលេខបន្ទាប់មកណាត់ជួបនាងដើរលេងជាមួយគ្នា។