រឿង លោហិតម្តាយ សង្គ្រោះជីវិតកូន
ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធនារី ៨ មីនា និងចូលរួមក្នុងប្រធានបទ «អ្នកម្តាយដ៏ឆ្នើមរបស់កូន» ផងនោះ ខ្ញុំ.បានបកប្រែកែសម្រួលរឿងមួយដែលទាក់ទងនឹងវីរភាពរបស់អ្នកម្តាយក្នុងការការពារជីវិតកូន មកចែកជូនអស់លោកអ្នកអានដូចមានរឿងតំណាលតទៅនេះ
សម័យមួយក្នុងកាលដែលផ្នែកគមនាគមន៍ផ្លូវគោកនិងផ្លូវអាកាសមិនទាន់ដំណើរការបានស្រួលបួលនៅឡើយ ពេលធ្វើដំណើរផ្លូវឆ្ងាយ មនុស្សភាគច្រើនតែងតែធ្វើដំណើរដោយសំពៅតាមផ្លូវសមុទ្រ។ មានរឿងដំណាលថា មានសំពៅផ្ទុកអ្នកដំណើរមួយគ្រឿង បាននាំអ្នកដំណើរជាច្រើនរយនាក់ឆ្ពោះសំដៅទៅកាន់មហាសមុទ្រ ។ ការធ្វើដំណើរក្នុងពេលនេះមានឧបទ្ទវហេតុមួយកើតឡើង គឺពេលសំពៅទៅដល់កណ្តាលសមុទ្រស្រាប់តែមានហេតុការណ៍គួរឲ្យរន្ធត់ស្មានមិនដល់បានកើតឡើង។ រំពេចនោះមានព្យុះកំណាចមួយបានបោកបក់គួចយ៉ាងខ្លាំងរហូតធ្វើឲ្យសំពៅភ្លូកលិច ក្នុងពេលដែលសំពៅកំពុងតែលិចនោះ ក៏មានការជន្លៀសអ្នកដំណើរពីក្នុងសំពៅ ចូលទៅក្នុងសំប៉ាន។
ដោយការភ័យខ្លាចពីសេចក្តីស្លាប់ ម្នាក់ៗក៏នាំគ្នារត់ឡើងសំប៉ានយកឲ្យតែរួចជីវិត ដោយមិនបាននាំយកស្បៀងអាហារឬទ្រព្យសម្បត្តិដែលបាននាំជាប់តាមខ្លួននោះផងទេ គឺស្រវាបានរបស់អីក៏យករបស់នោះ តាមតែអាចកាន់យកទៅបានតែប៉ុណ្ណោះ។ ទោះបីឆ្លងកាត់ហេតុការណ៍ដ៏អាក្រក់គួរឲ្យតក់ស្លុតដូច្នេះមកបានក៏ដោយ ប៉ុន្តែសំប៉ានតូចៗទាំងនោះ បានអណ្តែតតែលតោលក្នុងសមុទ្រដោយគ្មានទិសដៅអស់រយៈពេលជាច្រើនថ្ងៃ ធ្វើឲ្យអ្នកដំណើរជាច្រើននាក់ដែលនៅក្នុងសំប៉ាននោះ ត្រូវជួបប្រទះភាពហេវហត់អត់ឃ្លាន ព្រោះស្បៀងអាហារដែលនាំយកជាប់ខ្លួនបានបន្តិចបន្តួចក៏អស់ ទាំងទឹកដែលនៅជុំវិញខ្លួននោះក៏ជាទឹកប្រៃមិនអាចផឹកបំបាត់ស្រេកបាន ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវបាត់បង់ជីវិត យ៉ាងវេទនាគួរឲ្យអណោចអធម។
ក្នុងចំនួនសំប៉ានដែលអណ្តែតត្រសែតកណ្តាលមហាសមុទ្រនោះ មានសំប៉ានមួយដែលម្តាយម្នាក់និងកូនខ្ចីម្នាក់ជិះនៅជាមួយដែរ ទោះបីជាឆ្លងផុតភ័យពីព្យុះសង្ឃរាដោយសុវត្ថិភាពហើយក៏ដោយ ក៏ត្រូវមកប្រឈមមុខនឹងការស្រេកឃ្លានដដែល បើត្រឹមតែខ្លួនឯងម្នាក់មិនជាប៉ុន្មានទេ អ្នកម្តាយរូបនេះព្រួយបារម្ភតែរឿងទារកតូចដែលមកជួបប្រទះភយន្តរាយដ៏គួរឲ្យរន្ធត់ជាមួយខ្លួនដែរ ដែលពេលនេះទារកតូចកំពុងតែទ្រហោយំព្រោះសេចក្តីស្រេកឃ្លាន។ សម្លេងកូនតូចប្រៀបដូចជាកាំបិតដ៏មុតស្រួចចាក់ទម្លុះបេះដូងម្តាយ ដោយមិនដឹងធ្វើដូចម្តេចទើបអាចជួយកូនឲ្យផុតពីសេចក្តីស្រេកឃ្លានបាន អ្វីដែលម្តាយអាចឲ្យកូនបានក្នុងពេលនោះ មានត្រឹមតែទឹកដោះដែលច្រោះចេញពីទ្រូង ដែលល្មមនឹងអាចជួយសម្រាលសេចក្តីស្រេកឃ្លានរបស់កូនបានមួយគ្រា។
អាកាសធាតុក្តៅហែងកណ្តាលថ្ងៃត្រង់ បានជះចាំងដុតរោលស្បែកដ៏ស្តើងរបស់ទារកតូច ដោយក្តីស្រឡាញ់អាណិតនិងព្រួយបារម្ភខ្លាចកូនមានសេចក្តីក្តួលក្តៅរងទុក្ខវេទនា ម្តាយក៏ទាញជាយអាវរបស់ខ្លួនមកបាំង យកខ្នងពាំងជាដំបូលបាំងថ្ងៃឲ្យកូនដើម្បីឲ្យបាត់ក្តៅ ទោះបីជាក្នុងពេលនេះ ខ្នងរបស់ម្តាយចុកចាប់ក្តៅផ្សាព្រោះត្រូវកំដៅថ្ងៃដុតរោលរាលក៏ដោយ ក៏ម្តាយនៅតែទ្រាំបាន ម្តាយទ្រាំតទៅទៀត ទោះជាចម្ងាយផ្លូវតទៅមុខគ្មានគោលដៅឬកោះត្រើយយ៉ាងណាក៏ដោយ។ មនុស្សម្នានៅក្នុងសំប៉ាន បានបាត់បង់ជីវិតបន្តគ្នាម្តងម្នាក់ៗ ព្រោះតែការអត់ឃ្លាន ប៉ុន្តែអ្នកម្តាយរូបនេះបានប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចស្លាប់បានទេ ខ្ញុំត្រូវតែរក្សាជីវិតឲ្យរស់នៅតទៅទៀតដើម្បីកូនតូច។
ពេលឃើញកូនដង្ហក់រកកលនឹងអស់ជីវិតព្រោះតែគ្មានទឹកផឹក នាងសម្រេចចិត្តថា នឹងបណ្តោយឲ្យកូនស្លាប់នៅចំពោះមុខដូច្នេះមិនបានជាដាច់ខាត ត្រូវតែរកមធ្យោបាយដើម្បីជួយកូនឲ្យរួចផុតពីសេចក្តីស្លាប់ឲ្យទាល់តែបាន។ នាងគិតដូច្នោះហើយ ក៏ព្យាយាមស្រវារករបស់ជុំវិញខ្លួនម្តងទៀត ប៉ុន្តែមិនឃើញមានអ្វីដែលនឹងអាចនាំមកជួយជីវិតកូនបានទាល់តែសោះ នាងបានយកដៃលូកទៅក្នុងកាបូប ក៏បានប្រទះកូនកាំបិតដ៏មុតមួយ នាងក៏ចាប់យកកាំបិតនោះចេញមកដោយគិតថា នេះជាវិធីចុងក្រោយដែលនឹងអាចជួយជីវិតកូនឲ្យរស់តទៅទៀតបាន។ ខណៈពេលដែលកូនកំពុងតែយំនោះ ដៃរបស់ម្តាយក្តាប់កាំបិតយ៉ាងណែនហើយពោលតិចៗថា “កូនមាសម្តាយ! ទោះបីម៉ែរកទឹកឲ្យកូនផឹកមិនបាន តែម៉ែក៏រីករាយលះបង់ឈាមក្នុងកាយរបស់ម៉ែឲ្យកូនផឹកជំនួសទឹកដើម្បីបំបាត់ការស្រេក។” និយាយហើយនាងក៏លើកកំបិតចាក់វះត្រង់កដៃរបស់ខ្លួន។
ពេលដែលឈាមហូរចេញមក នាងក៏ប្រញាប់យកដៃដែលមុតដោយកាំបិតនោះទៅដាក់ត្រង់មាត់កូនតូច។ ដោយការមិនដឹងក្តី និងដោយសេចក្តីស្រេកឃ្លាន ទារកតូចក៏បឺតក្រេបផឹក ដោយមិនដឹងថាដំណក់ទឹកដែលមកចូលក្នុងមាត់របស់ខ្លួននោះ គឺជាដំណក់ឈាមដែលស្រក់ចេញពីក្នុងរាងកាយរបស់ម្តាយឡើយ។ ដោយសារម្តាយបានបាត់បង់ឈាមអស់ច្រើនពីខ្លួន ធ្វើឲ្យរាងកាយមានសភាពទន់ខ្សោយទៅៗជាលំដាប់ រហូតដល់ទីបំផុត នាងក៏សន្លប់បាត់ស្មារតី។ លុះដឹងខ្លួនវិញ ឃើញកូនតូចនៅរស់រានមានជិវិតនៅឡើយក៏មានចិត្តសប្បាយរីករាយ ហើយពោលថា ទោះបីជាឈាមក្នុងរាងកាយរបស់ម៉ែរីងស្ងួតហួតហែងទៅក៏ដោយ តែសុំកុំឲ្យជីវិតកូនដែលម៉ែស្រឡាញ់ថ្នាក់ថ្នមនេះត្រូវបាត់បង់ទៅឡើយ ម៉ែពេញចិត្តសូម្បីលះបង់ជីវិតសាច់ឈាម ដើម្បីឲ្យកូនបានចៀសផុតពីគ្រោះមហន្តរាយនេះ។
ទីបំផុត សំប៉ានមួយនោះក៏ត្រូវរលកបោកផាត់រសាត់ចូលកាន់ច្រាំង។ លុះដល់ច្រាំងហើយ គ្រប់គ្នាក៏ប្រឹងត្រដាបត្រដួសចុះចេញពីសំប៉ាន នៅសល់តែម្តាយពីរនាក់នឹងកូនតូច គ្មាននរណាម្នាក់អើពើយកភ្នែកមើលសោះ នាងនិងកូនតូចត្រូវបានគេចាកចោលទៅ ទុកឲ្យនៅកណ្តោចកណ្តែងតែពីរនាក់ គួរឲ្យអណោចខ្លោចចិត្ត។ អ្នកជាម្តាយខំព្យាយាមបីត្រកងកូនតូចចុះចេញពីសំប៉ានទាំងត្រដាបត្រដួស សម្លឹងទៅទីណាក៏មិនមានមនុស្សសូម្បីម្នាក់ដែលនឹងអាចមកជួយសង្គ្រោះបាន។ ដោយអស់កម្លាំងខ្លាំងពេកព្រោះបាត់បង់ឈាមអស់ច្រើន ហើយអត់អាហារមកជាច្រើនថ្ងៃផង ទើបគ្មានកម្លាំងនឹងជួយទប់ជ្រែងខ្លួនឲ្យក្រោកឡើងបាន។
ចំណែកទារកតូចនោះក៏វារចេញទៅឆ្ងាយពីម្តាយ ទោះបីជាម្តាយខំប្រឹងរារាំងទាញទុកយ៉ាងណាក៏ដោយ ក៏រារាំងមិនឈ្នះ ព្រោះនៅពេលនេះភ្នែករបស់ម្តាយចាប់ផ្តើមស្រវាំង ត្រចៀកចាប់ផ្តើមហឹងហៀបនឹងដាច់ខ្យល់ទៅហើយ។ មុនពេលដែលម្តាយអស់ជិវិតរលត់សង្ខារទៅ ម្តាយបាននិយាយខ្សាវៗផ្ញើកូននឹងព្រះម៉ែធរណីថា “បពិត្រព្រះម៉ែធរណី! ខ្ញុំម្ចាស់មិនអាចមានជិវិតរស់នៅដើម្បីចិញ្ចឹមកូនតទៅទៀតបានទេ ជិវិតរបស់ខ្ញុំម្ចាស់នឹងត្រូវចប់ក្នុងពេលនេះហើយ សូមព្រះម៉ែមេត្តាជួយគ្រប់គ្រងថែរក្សាទារកតូចនេះជំនួសខ្ញុំម្ចាស់ផង” និយាយចប់នាងក៏ដាច់ខ្យល់ក្នុងគ្រានោះទៅ។
នាវេលាល្ងាចនោះ មានអ្នកនេសាទម្នាក់បានអុំទូកឡើងច្រាំង ក៏ឃើញក្មេងតូចនោះកំពុងតែវារវិលវល់ស្រែកទ្រហោយំតែម្នាក់ឯង ទើបចូលទៅលើកពរ ហើយបានឃើញឈាមជាប់នៅនឹងមាត់របស់ទារកតូច ក៏នឹកឆ្ងល់ក្នុងចិត្តថា ប្រហែលជាមានរឿងអ្វីកើតឡើងនៅម្តុំនេះជាក់ជាមិនខាន។ អ្នកនេសាទគិតហើយក៏ដើរមើលតាមបរិវេណដែលទារកនោះវារចុះឡើង មួយសន្ទុះក៏បានឃើញសាកសពស្ត្រីម្នាក់ដេកផ្កាប់មុខស្តូកស្តឹងនៅក្បែរសំប៉ាន ទើបលើកប្រែសាកសពស្ត្រីនោះឲ្យផ្ងារឡើង ។ អ្នកនេសាទស្រឡាំងកាំងពេលដែលឃើញកដៃរបស់នាងមានស្នាមកាំបិត ហើយមានឈាមកកជាប់នឹងស្នាមមុតនោះ ឯឈាមដែលនៅនឹងកដៃនោះ ក៏ជាឈាមពណ៌តែមួយជាមួយនឹងឈាមដែលដិតជាប់នឹងមាត់ទារក ធ្វើឲ្យអ្នកនេសាទសន្និដ្ឋានបានថា ស្ត្រីម្នាក់នេះប្រាកដជាម្តាយរបស់ក្មេងនេះ។ នាងប្រហែលជាពនេចរវង្វេងផ្លូវកណ្តាលសមុទ្រ រហូតដល់អស់ទឹកអស់អាហារ ហើយដោយការអាណិតកូន នាងច្បាស់លះបង់ឈាមក្នុងខ្លួនដើម្បីឲ្យកូនរួចផុតពីការស្រេកឃ្លានដោយពិត។
លុះគិតដូច្នោះហើយ អ្នកនេសាទក៏ឧទានឡើងថា “ឱ! អ្នកនាងជាម្តាយដែលមានទឹកចិត្តប្រសើរខ្ពង់ខ្ពស់ក្រៃលែង ម្តាយក្នុងលោកនេះ អាចមានស្ត្រីជាច្រើនដែលស្រឡាញ់កូនជាងជីវិតរបស់ខ្លួន ប៉ុន្តែអ្នកម្តាយម្នាក់នេះ បានធ្វើការលះបង់ដ៏ធំធេងមហិមាដើម្បីរក្សាជីវិតកូនឲ្យបានផុតពីមហាភយន្តរាយ នាងជាម្តាយដែលមានទឹកចិត្តដ៏សែនប្រសើររកអ្វីប្រៀបផ្ទឹមគ្មាន សូមឲ្យនាងបានទៅកាន់សុគតិភពចុះ ខ្ញុំនឹងធ្វើជាអ្នកចិញ្ចឹមថែរក្សាកូនរបស់នាង ផ្តល់សេចក្តីស្រឡាញ់ថ្នាក់ថ្នមយកចិត្តទុកដាក់ ឲ្យដូចកាលដែលនាងមានជីវិតរស់នៅ ធ្លាប់បានព្យាយាមចិញ្ចឹមបីបាច់ថែរក្សាកូនរបស់នាងដោយការថ្នាក់ថ្នមស្រឡាញ់ពេញបេះដូង ខ្ញុំនឹងចិញ្ចឹមកូនរបស់នាងឲ្យល្អជាទីបំផុត”។
ពោលរួចហើយ អ្នកនេសាទចិត្តសប្បុរសនោះក៏នាំទារកតូចត្រឡប់ទៅចិញ្ចឹមបីបាច់ថែរក្សា ។ លុះកុមារនោះមានវ័យវឌ្ឍនាការចម្រើនឡើង ក៏បានដេញដោលសួរទៅអ្នកនេសាទនោះថា “លោកអ៊ំ! ក្មួយនឹកម្តាយរបស់ក្មួយណាស់ លោកអ៊ំអាចប្រាប់ក្មួយបានទេថា ម្តាយរបស់ក្មួយនៅទីណា? ក្មួយចង់ជួបចង់រស់នៅជិតម៉ែ ក្មួយចង់ហៅម៉ែ សូមលោកអ៊ំមេត្តានាំក្មួយទៅជួបអ្នកម្តាយក្មួយផង”។
អ្នកនេសាទយល់ថា កុមារនេះចម្រើនធំឡើងល្មមនឹងអាចឲ្យដឹងរឿងរ៉ាវរបស់ខ្លួនបានហើយ ក៏ដំណាលរឿងរ៉ាវទាំងអស់ឲ្យស្តាប់ហើយនាំកុមារនោះទៅកាន់ផ្នូរបញ្ចុះសពរបស់មាតា លុះទៅដល់ កុមារកំសត់ក៏ស្ទុះចូលទៅឱបផ្នូរម្តាយព្រមទាំងយំយែកទឹកភ្នែកជោកផែនថ្ពាល់ត្អូញត្អែថា “អ្នកម្តាយជាទីគោរពរបស់កូន! ហេតុអ្វីអ្នកម្តាយចាកចោលកូនទៅយ៉ាងឆាប់រហ័សដូច្នេះ! ហេតុអ្វីមិនផ្តល់ឱកាសឲ្យកូនបានបំពេញតួនាទីតបស្នងសងគុណអ្នកម៉ែដែលជាអ្នកលះបង់ដើម្បីកូនតែម៉្យាង! តើពេលណាកូននឹងមានឱកាសបានតបស្នងសងព្រះគុណអ្នកម្តាយជាទីគោរពរបស់កូនទៅ!
ពេលដែលអ្នកនេសាទ បានឃើញកុមារតូចយំសោកកន្ទក់កន្ទេញអស់រយៈពេលយូរហើយ ទើបចូលទៅចាប់លើកកុមារ ហើយអង្អែលខ្នង ព្រមទាំងនិយាយលួងលោមថា ” ណ្ហើយចុះក្មួយ! ទោះបីជាអ្នកម្តាយរបស់ឯងបានបាត់បង់ជិវិតទៅហើយក្តី បើក្មួយគិតចង់តបស្នងសងគុណម្តាយ ក្មួយត្រូវតាំងចិត្តឲ្យរឹងមាំខ្ជាប់ខ្ជួនក្នុងអំពើល្អ កសាងអំពើល្អដើម្បីអំពើល្អ ធ្វើល្អគ្រប់យ៉ាងក្នុងជីវិតរបស់ក្មួយ។ ពេលដែលក្មួយចូលសិក្សារៀនសូត្រ ត្រូវរៀនឲ្យបានពូកែជាទីបំផុត ពេលដែលក្មួយធំឡើងបានកាន់កិច្ចការងារណាក៏ដោយ សុំឲ្យក្មួយបំពេញការងារក្នុងតួនាទីរបស់ក្មួយឲ្យបានប្រសើរបំផុត ហើយពេលដែលក្មួយបួសរៀន ក៏សុំឲ្យក្មួយបំពេញតួនាទីជាអ្នកបួសឲ្យបានហ្មត់ចត់ ។ បើក្មួយធ្វើបានប៉ុណ្ណេះ ពេលដែលម្តាយរបស់ក្មួយបានជ្រាបបានដឹងដោយញាណវិធីណាមួយ គាត់នឹងសប្បាយចិត្តឥតឧបមាក្នុងការផ្តល់កំណើត ការគ្រប់គ្រងថែរក្សា សុខចិត្តលះបង់ជីវិតដើម្បីក្មួយរហូតដល់ក្មួយអាចរស់រានមានជីវិតដល់សព្វថ្ងៃនេះ។ ម្តាយរបស់ក្មួយប្រាកដជាមានបិតិសោមនស្សរីករាយក្នុងឋានសួគ៌ទេវលោកដោយពិត ទោះបីជានាងគ្មានជីវិតរស់នៅដល់សព្វថ្ងៃនេះក្តី ប៉ុន្តែក្មួយក៏នៅតែអាចធ្វើអំពើល្អឲ្យម្តាយរបស់ក្មួយដឹងឮបាន៕ ចប់
ជូនពរទិវាសិទ្ធិនារី! សូមឲ្យនារីគ្រប់រូបមានកម្លាំងកាយកម្លាំងចិត្តរឹងមាំ រស់ផុតពីគំនាបអយុត្តិធម៌គ្រប់យ៉ាង!
ព្រះជានរណា?
តាមការនិយម និងជំនឿរបស់ខ្មែរយើងភាគច្រើន ពេលដែលឮពាក្យថា «ព្រះ» នេះភ្លាម តែងតែបញ្ជូនចិត្ត បញ្ជូនអារម្មណ៍ទៅកាន់ពិភពមួយដែលហួសពីចក្ខុវិស័យ មានឋានសួគ៌ ជាដើម ដោយយល់ថា «ព្រះ» គឺជាអាទិទេព (God) ឬ វត្ថុស័ក្តិសិទ្ធ និងអ្នកមានឥទ្ធិរឹទ្ធណាម្នាក់។ តាមការពិត បើយើងវែកញែកលំអិតពីឫសគល់នៃពាក្យថា «ព្រះ» យើងនឹងឃើញថា ពាក្យនេះនៅជាកណ្តាលនៅឡើយទេ មិនទាន់សំដៅទៅលើបុគ្គលណា អាទិទេពណា ឬវត្ថុស័ក្តិសិទ្ធណាមួយឡើយ។ នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា «ព្រះ» បា. សំ. ( ន. ) (វរ ប្រើជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន”; ប្រើជា ន. ក៏បាន “ពរ; ស្វាមី; កូនប្រសាប្រុស; សេចក្ដីប្រាថ្នា…”) ពាក្យនេះខ្មែរប្រើក្លាយមកដោយ វ > ព + រ + ះ > ព្រះ; សម្រាប់ហៅឋានន្តរមន្ត្រីស័ក្តិ ៦ ហ៊ូពាន់ចុះបន្ទាប់ពីទីឧកញ៉ាមក : មន្ត្រីទីព្រះ ។ សម្រាប់ប្រើនាំមុខនាមនាមឯទៀត បានច្រើនយ៉ាងជាអនេក : ព្រះសម្មាសម្ពុទ្ធ; ព្រះឥន្ទ្រ, ព្រះព្រហ្ម; ព្រះមហាក្សត្រ, ព្រះរាជា, ព្រះករុណាជាម្ចាស់ជីវិត; ព្រះរាជបុត្រ; ព្រះធម៌; ព្រះសង្ឃ; ព្រះអាទិត្យ; ព្រះចន្ទ្រ; ព្រះពាយ; ព្រះបាទ; ព្រះកេសា; ព្រះអរហន្ត ។ល។
ឯពាក្យមួយទៀតដែលមានឫសគល់ដូចគ្នានឹងពាក្យថា «ព្រះ» គឺ «ពរ» ដែលយើងតែងតែយល់ថាជាអំណោយនៃភាពជោគជ័យ សេចក្តីសុខ និងភាពចម្រើនរុងរឿង ។ល។ ឫសគល់នៃពាក្យថា «ពរ» នោះគឺ “ពរ សំ. បា. ( ន. ) (វរ) គុណជាតដ៏ប្រសើរ; គុណជាតឬអ្វីៗ ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត : សូមពរ, ឲ្យពរ, ទទួលពរ ។ ឲ្យពរសព្ទសាធុការ បញ្ចេញសូរសព្ទថា សាធុ សូមឲ្យ… បានប្រកបតាមបំណង!… ។ ស្រែកឲ្យពរឲ្យជ័យ ស្រែកឲ្យពរថា សូមឲ្យ… មានជ័យជម្នះ ! ដូចយ៉ាងស្រែកថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម (ម. ព. នោះផង) ។ ពាក្យនេះ សំ. បា. ប្រើជា គុ. ក៏បាន ប្រែថា “ប្រសើរ; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត”; ខ្មែរប្រើក្លាយមកជា ព្រះ ក៏មាន, នៅជា វរ ឬ វរៈ តាមរូបដើមក៏មាន” ។
ដូច្នេះ ត្រឹមតែពាក្យថា «ព្រះ» មួយម៉ាត់ មិនទាន់សំដៅថាជានរណា ឬវត្ថុណាឡើយ ព្រោះពាក្យនេះសម្រាប់ដាក់នាំមុខមនុស្ស សត្វ ឬវត្ថុ ដែលគេយល់ថាមានគុណឧត្តុងឧត្តមខ្ពង់ខ្ពស់គួរគោរពបូជា ដូចជា
-ព្រះពុទ្ធ ព្រះអង្គមិនមែនជាព្រះអាទិទេពទេ គឺជាមនុស្សពិត ជាអច្ឆរិយបុគ្គលដ៏ចម្បងលើលោក ប្រសើរលើសលប់។
-ព្រះធម៌ មិនមែនជាព្រះអាទិទេពទេ តែជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ និងជាសភាវៈធម្មជាតិដែលស្ថិតនៅជានិច្ចក្នុងលោក។ ដែលហៅថា ព្រះធម៌ ព្រោះសំដៅយកសភាវៈដែលមានគុណឧត្តុងឧត្តមខ្ពស់ខ្ពស់ នាំអ្នកប្រតិបត្តិតាមឲ្យរួចចាកទុក្ខ។
-ព្រះសង្ឃ មិនមែនជាព្រះអាទិទេពទេ គឺជាក្រុមមនុស្សសុទ្ធសាធ ដែលចេញបួសនិងបដិបត្តិតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ។ ដែលហៅថាព្រះសង្ឃ ព្រោះជាអ្នកមានគុណខ្ពង់ខ្ពស់ដោយការបដិបត្តិវៀរចាកនូវអំពើអាក្រក់គ្រប់យ៉ាង។
-ព្រះរតនត្រ័យ មិនមែនជាព្រះអាទិទេពទេ គឺជាឈ្មោះនៃរតនៈទាំងបី បានដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ជារតនៈឬកែវដ៏មានគុណឧត្តុងឧត្តមខ្ពស់ខ្ពស់។ល។
-ព្រះអរហន្ត មិនមែនជាព្រះអាទិទេពទេ គឺជាបុគ្គលដែលបានបដិបត្តិតាមអរិយដ្ឋង្គិកមគ្គលះបង់នូវកិលេសតណ្ហា កំចាត់បង់អស់នូវអវិជ្ជា និងសង្ខារទាំងពួង បានដល់ត្រើយគឺព្រះនិព្វាន។ ព្រះអរហន្តគឺរាប់បញ្ចូលទាំងព្រះសម្មាសម្ពុទ្ធ និងពុទ្ធសាវ័ក។
-ព្រះខីណាស្រព មិនមែនជាព្រះអាទិទេពទេ គឺជាអ្នកដែលក្ស័យអស់នូវអាសវក្កិលេស ជាវេវចនស័ព្ទនឹងព្រះអរហន្ត។
-ព្រះកន្លោង មិនមែនជាព្រះអាទិទេពទេ គឺជាមនុស្សពិត ជាមាតាបិតា ឪពុកម្តាយ ដែលខ្មែរយើងហៅថា ព្រះកន្លោង។ ដោយមាតាបិតាមានគុណដ៏ធំធេងចំពោះកូនប្រុសស្រី ដូច្នេះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រៀបធៀបលោកទាំងពីរទៅនឹងព្រះអរហន្តរបស់កូនផង ជាព្រះព្រហ្ម ជាព្រះអាទិទេពរបស់កូនផង។ ព្រះអង្គប្រៀបធៀបមាតាបិតាទៅនឹងព្រះអរហន្ត ថាជាអាហុនេយ្យបុគ្គលរបស់កូន គឺមាតាបិតា ជាមនុស្សដែលកូនប្រុសស្រី គួរគោរពបូជាប្រណិបត្តន៍ ជាព្រះព្រហ្មរបស់កូន ព្រោះមាតាបិតាមានព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា និងឧបេក្ខាចំពោះកូន ជាព្រះអាទិទេពរបស់កូន ព្រះអង្គហៅមាតាបិតាថាជា បុព្វទេវា គឺទេវតាដើម បុព្វ មានន័យថាខាងដើម ឬដំបូង មុន, ទេវា គឺទេវតា ឬទេព្តា ស្មើនឹងពាក្យ ថា អាទិទេព ព្រោះ អាទិ មានន័យថា ដំបូង មុន, ទេព មកពីពាក្យថា ទេវ ឬទេវតាហ្នឹងឯង ព្រោះមាតាបិតាជាអ្នកផ្តល់កំណើតដល់បុត្រធីតា និងថ្នាក់ថ្នមថែរក្សាកូនប្រុសស្រីមុននរណាៗទាំងអស់។
-ព្រះមហាក្សត្រ មិនមែនជាព្រះអាទិទេព គឺជាមនុស្សពិតដែលគ្រប់គ្រងផែនដី នគរ ប្រទេស ហើយពាក្យ ព្រះ នេះត្រូវបានប្រើនាំមុខមនុស្សដែលកើតក្នុងរាជវង្ស ដូចជា ព្រះមាតា ព្រះបិតា ព្រះរាម ព្រះអនុជ ។ល។
-ព្រះវិស្ណុ ព្រះព្រហ្ម ។ល។ ត្រូវបានបរិស័ទខាងព្រហ្មញ្ញសាសនាជឿថា ជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតទឹកដី មនុស្ស សត្វ និងពិភពលោក។
-ព្រះគ្រិស្ត ឬព្រះយេហូវ៉ា ត្រូវបានគ្រិស្តបរិស័ទជឿថា ជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតទឹក ដី ព្រៃព្រឹក្សា មនុស្ស សត្វ និងពិភពលោក។
-ព្រះអាឡា ត្រូវបានអ៊ីស្លាមសាសនិក ជឿថាជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតអ្វីៗគ្រប់យ៉ាង ។ល។
ហើយនិងមានព្រះអាទិទេពជាច្រើនអង្គទៀតដែលបរិស័ទក្នុងសាសនាផ្សេងៗលើលោកនេះជឿថាកំពុងតែស្ថិតនៅលើឋានសួគ៌។
ក្នុងការរៀបរាប់ត្រួសៗអំពី «ព្រះ» មកខាងលើនេះ ចង់បញ្ជាក់ឲ្យឃើញថា ពាក្យ «ព្រះ» មួយម៉ាត់នេះ មិនមែនសំដៅលើតែព្រះអាទិទេពមួយមុខដូចដែលមនុស្សមួយចំនួនបានគិត និងសំគាល់ទុកមកនោះទេ។ ពាក្យថា ព្រះ នេះនៅជាសាធារណៈនៅឡើយទេ ទាល់តែដាក់នៅមុខឈ្មោះបុគ្គលណា ក្រុមណា វត្ថុណា ទើបយើងអាចសំគាល់បានថា ជាព្រះអង្គនេះ ព្រះអង្គនោះ ព្រះអាទិទេព ឬព្រះមិនមែនអាទិទេព។ បើអញ្ចឹង តើសំណួរខាងលើនោះឆ្លើយដូចម្តេចទើបត្រូវ? អ្នកណាឆ្លើយដូចម្តេចក៏ឆ្លើយទៅ ប៉ុន្តែចំពោះខ្ញុំ.សូមឆ្លើយថា «នរណាក៏ជាព្រះ» ហេតុអ្វី? ព្រោះថា សាធុជនដែលកំពុងអានអត្ថបទនេះក៏ជាព្រះដែរ អាចជាព្រះភិក្ខុសង្ឃ ព្រះមហា បើលោកអ្នកដែលមានភរិយា-ស្វាមី មានកូនប្រុសស្រី គឹជាព្រះព្រហ្ម ព្រះកន្លោង ព្រះអាទិទេព របស់កូនប្រុសស្រី បើលោកអ្នកដែលមិនទាន់មានគូស្រករទេ ក៏គង់តែនឹងក្លាយទៅជាព្រះមួយអង្គនឹងគេដែរក្រោយពេលរៀបអាពាហ៍ពិពាហ៍ មានបុត្រធីតា នាពេលអនាគត ហើយបច្ចុប្បន្នបើជាអ្នកប្រព្រឹត្តប្រតិបត្តិធម៌ដ៏ប្រសើរក្នុងជីវភាពប្រចាំថ្ងៃ បើទុកជាគេមិនបានហៅពាក្យថាព្រះនៅពីខាងមុខក៏ដោយ ក៏បានឈ្មោះថាជាព្រះតាមគុណធម៌ដែលខ្លួនសាង ព្រោះពាក្យថាព្រះ គឺ វរ ប្រើជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់។ ដូច្នេះមនុស្សដែលសាងល្អ មានគុណធម៌ខ្ពង់ខ្ពស់ គឺសក្តិសមជា «ព្រះ» ពិត។
ទេវទូតពីឋានតាវត្តិង្ស
សភាវៈទាំងឡាយក្នុងលោកនេះ ដែលសង្ខារតាក់តែងហើយ រមែងកើតឡើង តាំងនៅ ហើយក៏រលត់ទៅវិញជាធម្មតា មិនបានស្ថិតស្ថេរទៀងទាត់ឡើយ យ៉ាងណាមិញ មនុស្សគ្រប់រូបដែលកើតមកហើយ រមែងចម្រើនវ័យវឌ្ឍនាការជាកម្លោះ ក្រមុំ មានរូបសម្រស់ស្រស់ល្អ លុះតាំងនៅមិនយូរប៉ុន្មានរូបសម្រស់ដ៏ស្រស់ឆើតឆាយនោះ នឹងចាប់ផ្តើមរោយស្រពោន ស្រកស្រុតទៅតាមកាលវេលា ទៅតាមលំនាំនៃច្បាប់ធម្មជាតិ ទុកជាចង់ឬមិនចង់ក៏មិនអាចប្រកែកបានឡើយ។ ចំណែកឯគុណធម៌ ពោលគឺសេចក្តីល្អដែលមនុស្សបានធ្វើហើយជារឿយៗ រមែងចម្រើនកើនឡើងជារឿយៗទៅតាមកាលវេលា ដោយមិនចេះស្រកស្រុតអាប់អន់។ វេលាកាន់តែយូរឆ្ងាយ ការកសាងគុណធម៌កាន់តែបានច្រើន សេចក្តីចម្រើនក្នុងផ្លូវសុខក៏នឹងមានច្រើនឡើងជាភិយ្យោភាព ចម្រើនតាំងតែពីលោកនេះរហូតដល់បរលោកនាយ។ ក្នុងករណីនេះហើយទើបមានរឿងក្នុងគម្ពីរព្រះពុទ្ធសាសនាបានចារទុកជាគតិឲ្យយើងបានរិះគិតពិចារណា ហើយប្រារព្ធសេចក្តីមិនប្រមាទ បែរមករកសេចក្តីព្យាយាមធ្វើអំពើល្អ កសាងគុណធម៌ដើម្បីសេចក្តីចម្រើនសមដូចនិទានមានចំណងជើងថា ទេវទូតពីឋានតាវត្តិង្ស។
កល្យាណមិត្តតា
[1] ឯកៈ ពួកមួយ Group of One (including related group)
កល្យាណមិត្តតា (ការមានកល្យាណមិត្ត គឺមានអ្នកណែនាំចង្អុលបង្ហាញ ទីប្រឹក្សា មិត្តភក្តិដែលសេពគប់ និងបុគ្គលដែលនៅជុំវិញខ្លួនជាមនុស្សល្អ។ ការចេះជ្រើសរើសសេពគប់បុគ្គល ឬចូលរួមពួក ក្រុម សង្គម ជាមួយលោកអ្នកដែលមានគុណធម៌ មានបញ្ញានិងសមត្ថភាព អាចជួយផ្ចុងផ្តើម គាំទ្រ ណែនាំចង្អុលបង្ហាញផ្លូវប្រាប់របៀបរបប រហូតដល់បានជាគ្រឿងពឹងពំនាក់អាស្រ័យដល់គ្នានឹងគ្នា ដើម្បីឲ្យជីវិតដំណើរការទៅប្រកបដោយវឌ្ឍនភាពដ៏ឧត្តុង្គឧត្តម ក្នុងការសិក្សាអប់រំ ការគ្រប់គ្រងជីវិត ការប្រកបកិច្ចការ និងបដិបត្តិ និងមានបរិយាកាសក្នុងសង្គមដ៏ប្រសើរ Kalyanamittata: having good friends; good company; friendship with the lovely; favourable social envirenment) ខនេះជាអង្គប្រកបខាងក្រៅ (external factor; evnirenmental factor)។
“ម្នាលភិក្ខុទាំងឡាយ! ពេលដួងអាទិត្យកំពុងរះឡើង រមែងមានពន្លឺអរុណចែងចាំងមកមុន ជាបុព្វនិមិត្ត យ៉ាងណាមិញ ការមានកល្យាណមិត្តក៏ជាលំនាំ ជាបុព្វនិមិត្តនៃការកើតឡើងរបស់អរិយដ្ឋង្គិកមគ្គដល់ភិក្ខុ ក៏យ៉ាងនោះដែរ”។
“ការមានកល្យាណមិត្តស្មើនឹងព្រហ្មចរិយៈ(ការគ្រប់គ្រងជីវិតដ៏ប្រសើរ)ទាំងអស់តែម្តង ព្រោះថា អ្នកមានកល្យាណមិត្តគប្បីរំពឹងវត្ថុទាំងនេះបានគឺ នឹងចម្រើន នឹងចម្រើនឲ្យរឹងរឹតតែច្រើននូវអរិយដ្ឋង្គិកមគ្គ”។
“អាស្រ័យតថាគតធ្វើជាកល្យាណមិត្ត ពួកសត្វអ្នកមានជាតិជាធម្មតា រមែងរួចផុតចាកជាតិ អ្នកមានជរាជាធម្មតារមែងរួចផុតចាកជរា អ្នកមានមរណៈជាធម្មតា រមែងរួចផុតចាកមរណៈ អ្នកមានសេចក្តីសោកសៅ បរិទេវៈ សេចក្តីទុក្ខ ទោមនស្ស និងឧបាយាសជាធម្មតា រមែងរួចចាកសេចក្តីសោកសៅ បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាស”។
“តថាគត ពិចារណារកមិនឃើញអង្គប្រកបខាងក្រៅដទៃសូម្បីតែម៉្យាង ដែលមានប្រយោជន៍ដ៏ច្រើនសម្រាប់ភិក្ខុដែលជាសេក្ខៈ ដូចការមានកល្យាណមិត្ត, ភិក្ខុអ្នកមានកល្យាណមិត្តរមែងកំចាត់អកុសលបាន និងរមែងញ៉ាំងកុសលឲ្យកើតឡើង”។
”ការមានកល្យាណមិត្ត រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ដ៏ធំធេង, ដើម្បីភាពគង់វង្សមិនសាបសូន្យ មិនអន្តរធាននៃព្រះសទ្ធម្ម ។ល។
[សំយុត្តិនិកាយ មហាវារវគ្គ, អង្គុត្តរនិកាយ ឯកនិបាត, ខុទ្ទកនិកាយ ឥតិវុត្តកៈ, S.V.2-30; A.I.14-18; It.10]
យុវជននិងការថែទាំសុខភាពផ្លូវចិត្ត (៦)
៣-លំហាត់ពោពាក្យផ្ទួនៗ
លំហាត់ពោលពាក្យផ្ទួនៗជាវិធីសាស្ត្រសមាធិបែបបុរាណមួយបែបក្នុងចំណោមវិធីសាស្ត្រសមាធិផ្សេងៗទៀត ដែលអាចបង្កើតឲ្យមានភាពសុខសាន្តផ្នែកអារម្មណ៍រួមនឹងការកាត់បន្ថយការតានតឹងចិត្តបានយ៉ាងល្អ។ អ្នកធ្វើលំហាត់សមាធិដោយពោលពាក្យផ្ទួនៗនេះ ត្រូវសម្រួលឥរិយាបទឲ្យបានធូរស្រួលតាមតែចិត្តដែលយើងចង់ធ្វើ បន្ទាប់មកក៏ព្យាយាមបំភ្លេចចោលនូវរឿងរ៉ាវអវិជ្ជមានទាំងឡាយ ហើយចាប់ផ្តើមបិទភ្នែកសមាធិដោយពោលក្នុងអារម្មណ៍ ឬពោលខ្សឹបៗនូវពាក្យដដែលៗ ឧទាហរណ៍ដូចជាពោលពាក្យថា “ពុទ្ធោ” ជាដើម ឬក៏គាថាខ្លីៗណាមួយនៃព្រះធម៌របស់ព្រះពុទ្ធដែលយើងចេះក៏បាន ដូចជា៖
-ចិត្តំ ទន្តំ សុខាវហំ (មានន័យថា ចិត្តដែលគេទូន្មានបានហើយ នាំមកនូវសេចក្តីសុខ។)
-ចិត្តំ គុត្តំ សុខាវហំ (មានន័យថា ចិត្តដែលគេគ្រប់គ្រងបានហើយ នាំមកនូវសេចក្តីសុខ។)
-ន ហិ សាធុ កោធោ (មានន័យថា សេចក្តីក្រោធ មិនល្អសោះឡើយ។)
-អនត្ថជននោ កោធោ (មានន័យថា សេចក្តីក្រោធ បង្កនូវសេចក្តីវិនាស។)
-នត្ថិ សន្តិ បរំ សុខំ (មានន័យថា មិនមានសេចក្តីសុខណា ក្រៅពីសេចក្តីស្ងប់ឡើយ។)
ការពោលពាក្យផ្ទួនៗដដែលៗនេះ គឺអាចអនុវត្តទៅតាមចង្វាក់នៃខ្យល់ដកដង្ហើមចេញ និងចូល ដោយពោលពាក្យ “ពុទ្ធ” នៅពេលដកដង្ហើមចូល និងពាក្យ “ទ្ធោ” នៅពេលដកដង្ហើមចេញ។ លំហាត់ពោលពាក្យផ្ទួនៗនេះ ក៏អាចអនុវត្តផងដែរតាមរយៈការទន្ទេញក្នុងអារម្មណ៍(ភាវនា) នូវពាក្យដដែលៗ ឬគាថាខ្លីណាមួយដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាបរមគ្រូដែលយើងចេះតាមរយៈឧទាហរណ៍ដូចបានលើកឡើងខាងដើម។ ការផ្ទង់អារម្មណ៍ពោលពាក្យដដែលៗនេះ អាចអនុវត្តក្នុងរយៈពេលប្រមាណជា១០នាទី ឬលើសពីនេះតាមតែលទ្ធភាពដែលអាចធ្វើបាន។
សមាធិ គឺជាការហ្វឹកហាត់ចិត្ត ប្រមូលផ្តុំអារម្មណ៍ឲ្យមូលតាមរយៈការគ្រប់គ្រងអារម្មណ៍ប្រកបដោយភាពស្ងប់ស្ងាត់និងវិន័យខ្ពស់បំផុត។ សមាធិ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការតានតឹងចិត្តដែលមានចំណាស់ជាយូរយាណាស់មកហើយក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសមួយចំនួនទៀតនៃទ្វីបអាស៊ី។
នៅក្នុងការអនុវត្តលំហាត់សមាធិបែបបុរាណ យើងអាចប្រើប្រាស់ឥរិយាបទអង្គុយពែនភ្នែនឲ្យត្រង់ខ្លួន ដោយដាក់ជើងស្តាំត្រួតលើជើងឆ្វេង ដោយបាតដៃស្តាំត្រូតលើបាតដៃឆ្វេង ហើយមេដៃទាំងពីរដាក់ទល់គ្នា (ស្ទើរប៉ះ ស្ទើរមិនប៉ះ) ។ ចំពោះការអង្គុយបែបនេះ ត្រូវមានឥរិយាបទដែលសម្រាកយ៉ាងស្រួលបំផុតដោយមិនមានការខំប្រឹងឡើយ។ ចំពោះអ្នកដែលពុំស្ទាត់ជំនាញក្នុងការអង្គុយបែបនេះ អាចអង្គុយសំយុងជើងលើកៅអី ដោយដាក់ដៃទាំងពីរលើភ្លៅដូចអធិប្បាយខាងដើម ឬប្រើប្រាស់ឥរិយាបទផ្សេងៗទៀតដែលយើងយល់ថា ធ្វើឲ្យរាងការយរបស់យើងឋិតក្នុងស្ថានភាពសម្រួលឥរិយាបទណាមួយ ឲ្យបានសម្រាកយ៉ាងស្រួលបំផុតហើយពុំតឹងតែងចំពោះខ្លួនយើង។
បន្ទាប់ពីអង្គុយសម្រួលឥរិយាបទបានស្រួលហើយយើងអាចបិទភ្នែកប្រមូលផ្តុំអារម្មណ៍សមាធិទៅលើខ្យល់ដកដង្ហើមចេញ និងចូល តាមដំណើរខ្យល់ដង្ហើមជាធម្មតា ក្នុងនោះត្រូវតាំងអារម្មណ៍ឲ្យដឹងថា ខ្លួនយើងដកដង្ហើមចូល(ដឹង) និងដកដង្ហើមចេញ(ដឹង) ដោយរក្សាអារម្មណ៍កុំឲ្យឃ្លាតឆ្ងាយពីការដកដង្ហើមចេញចូលនោះ ឬក៏អនុវត្តដូចគ្នានេះដែរ ក៏ប៉ុន្តែបើកភ្នែកព្រឹមៗសម្លឹងចុះស្របតាមចុងច្រមុះគួបផ្សំនឹងការដកដង្ហើម។
បច្វុប្បន្ននេះ អ្នកជំនាញការផ្នែកសុខភាពផ្លូវចិត្តបានអភិវឌ្ឍរបៀបសមាធិ ដោយផ្ចង់អារម្មណ៍លើខ្យល់ដកដង្ហើមចេញ-ចូល មួយបែបទៀតដេលមានបីតំណាក់កាលគឺ៖
១-ដកដង្ហើមចូល
២-ទប់ដង្ហើម (រក្សាខ្យល់ដកដង្ហើមក្នុងសួតប្រហែលបីវិនាទី)
៣-ដកដង្ហើមចេញ។
វិធីសាស្ត្រនេះមានគុណប្រយោជន៍មួយចំនួនបន្ថែមគឺ ធ្វើឲ្យអ្នកសមាធីផ្ចង់អារម្មណ៍លើការដកដង្ហើមបានល្អជាងវិធីសាស្ត្របុរាណ។ ម៉្យាងទៀតអាចរក្សាខ្យល់ដកដង្ហើមដែលស្រូបចូលក្នុងសួតបានរយៈពេលយូរធ្វើឲ្យឈាមអាចស្រួបយកអុកស៊ីសែនបានយ៉ាងល្អប្រើសើរលើសពីការដកដង្ហើមធម្មតា។
ក្រៅពីរបៀបសមាធីដោយផ្ទង់អារម្មណ៍លើខ្យល់ដង្ហើមចេញ-ចូល យើងអាចជ្រើរើសវត្ថុផ្សេងៗទៀតនៅជុំវិញខ្លួនយើងដើម្បីធ្វើជាគោលក្នុងការផ្តោអារម្មណ៍ទៅរកវត្ថុនោះដូចជា ផ្កាឈូក ផ្កាផ្សេងៗ អណ្តាតភ្លើងទៀន ឬពណ៌ផ្សេងៗជាដើម។ បន្ទាប់មកយើងក៏ចាប់ផ្តើមចម្រើនសមាធិប្រមូលផ្តុំអារម្មណ៍ បើកភ្នែកសម្លឹងមើលទៅវត្ថុដែលយើងបានកំណត់នោះ ដោយព្យាយាមធ្វើចិត្តឲ្យជ្រះថ្លា រីករាយ បំភ្លេចទុក្ខកង្វល់ និងរឿងរ៉ាវអវិជ្ជមានទាំងឡាយ ហើយក៏ចាប់ផ្តើមគ្រប់គ្រងអារម្មណ៍សមាធិ កុំឲ្យបែកចេញពីវត្ថុដែលយើងសម្លឹងនោះ។ បើអារម្មណ៍របស់យើងបែកទៅគិតអំពីអ្វីផ្សេងទៀត យើងត្រូវព្យាយាមទាញអារម្មណ៍របស់យើងមកកាន់វត្ថុដែលយើងកំពុងផ្តោតនោះវិញដោយសន្សឹមៗ តាមរយៈការដកដង្ហើមចេញនិងចូលមួយដងយ៉ាងវែង ជាការរំលឹកចិត្តឲ្យងាកមករកវត្ថុដែលយើងកំពុងផ្តោតអារម្មណ៍ទៅរកនោះ។
ការធ្វើសមាធិបែបនេះ ត្រូវធ្វើនៅពេលដូចគ្នាជាប្រចាំ និងនៅទីកន្លែងស្ងៀមស្ងាត់គ្មានការរំខាន។ យើងអាចប្រើប្រាស់ពេលវេលាវែង ឬខ្លីក្នុងការធ្វើសមាធិតាមតែយើងអាចធ្វើបាន (៥នាទី ១០នាទី ២០នាទី ឬវែងជាងនេះ)។
ផ្នែកទី២
ការកសាងកម្លាំងចិត្តរឹងមាំ
តើការកសាងកម្លាំងចិត្តរឹងមាំគឺជាអ្វី?
ការកសាងកម្លាំងចិត្តរឹងមាំ គឺជាវិធីអប់រំ និងទូន្មានចិត្តជាប្រចាំឲ្យមានសុទិដ្ឋិនិយម និងការគិតដេលមានប្រយោជន៍ដល់ចិត្ត ធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់យើងមានភាពរឹងមាំ អាចប្រឈមមុខនឹងបញ្ហាក្នុងជីវិតរស់នៅប្រកបដោយទស្សនវិជ្ជមាន។ ការកសាងកម្លាំងចិត្តរឹងមាំគឺជាចំណែកមួយយ៉ាងសំខាន់នៃការថែទាំសុខភាពផ្លូវចិត្តរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ។
ការគិតប្រកបដោយទស្សនវិជ្ជមាន
ការគិតអាចបង្កើតឡើងនូវសេចក្តីស្រឡាញ់ ទឹកចិត្តសប្បាយរីករាយ ការគុំំគួន ការខូចចិត្ត ។ល។ នៅពេលដែលយើងគ្រប់គ្រងអារម្មណ៍របស់យើងបានល្អហើយ ចិត្តយើងមានភាពស្ងប់ស្ងាត់ ស្រស់ស្រាយ ភ្លឺថ្លា និងសុទិដ្ឋិនិយម។ មានពុទ្ធភាសិតមួយល្បះពោលថា «ចិត្តដែលគេទូន្មាន ឬគ្រប់គ្រងបានល្អហើយ រមែងនាំមកនូវសេចក្តីសុខ»។
ក្នុងមួយថ្ងៃៗ គេអាចប៉ាន់ប្រមាណឃើញថា មនុស្សម្នាក់បានប្រើប្រាស់ការគិតប្រមាណពី ៣០.០០០ ទៅ ៥០.០០០ គំនិតផ្សេងៗគ្នា។ យើងអាចចែកការគិតទាំងអស់ជាបួនប្រភេទសំខាន់ៗគឺ៖
១-ការគិតឥតប្រយោជន៍ៈ គឺជាការប្រើគំនិតដែលមានលក្ខណៈខ្ជះខ្ជាយឥតប្រយោជន៍ពីរឿងអតីតកាល ឬអនាគតដែលពុំជាក់លាក់ រួមទាំងគំនិតមន្ទិលសង្ស័យផ្សេងៗ ដោយបង្កើតអារម្មណ៍រវើរវាយដែលមិនពិត រួមនឹងការព្រួយបារម្ភអំពីអ្វីដែលមិនចាំបាច់។
២-ការគិតប្រកបដោយទស្សនអវិជ្ជមានៈ គឺជាគំនិតអវិជ្ជមានទាំងឡាយដែលគិតឡើងហើយ ធ្វើឲ្យអន្តរាយដល់ខ្លួនឯង ឬអ្នកដទៃ។ ការក្រោធខឹង ការគុំគួន ការស្អប់ខ្ពើម ការថ្នាំងថ្នាក់ចិត្ត គំនិតប្រកាន់ ឬរើសអើង (ជាតិសាសន៍ ក្រុម ពួក) ការច្រណែននិន្ទា រួមនឹងគំនិតអវិជ្ជមានផ្សេងទៀត គឺសុទ្ធតែធ្វើឲ្យចិត្តរបស់យើងកក្រើករញ្ជួយ ល្អក់កករគ្មានភាពសុខសាន្តក្នុងអារម្មណ៍។
៣-ការគិតដែលមានប្រយោជន៍ៈ ជាគំនិតទាំងឡាយណាដែលមានភាពជាក់លាក់ ពុំស្រមើស្រមៃ ដែលបង្កើតបានជាផែនការសម្រាប់ខ្លួនក្នុងដំណើរជីវិត ដូចជាការសិក្សា ការប្រកបមុខរបរចិញ្ចឹមជិវិត ការផ្តួចផ្តើមគំនិតជួយដល់អ្នកដទៃ ។ល។
៤-ការគិតប្រកបដោយទស្សនវិជ្ជមានៈ គឺជាគំនិតដែលនាំមកនូវផលប្រយោជន៍ចំពោះខ្លួនឯង និងអ្នកដទៃ ហើយបង្កើតបាននូវភាពស្ងប់ស្ងាត់ក្នុងអារម្មណ៍ សុទិដ្ឋិនិយម ការអធ្យាស្រ័យ និងសេចក្តីសង្ឃឹម។ ការគិតប្រកបដោយទស្សនវិជ្ជមាន គឺជាថាមពលដ៏មហិមាបង្កើតឲ្យមានកម្លាំងចិត្តអាចឲ្យយើងគ្រប់គ្រងអារម្មណ៍ បង្កើតបាននូវភាពសប្បាយរីករាយក្នុងក្នុងចិត្ត ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ។
ផលមិនល្អនៃការគិតប្រកបដោយទស្សនៈអវិជ្ជមាន
នៅពេលដែលយើងមានគំនិតអវិជ្ជមាននៅក្នុងអារម្មណ៍ វាអាចបង្កឲ្យមានផលអាក្រក់ជាច្រើនដល់សុខភាពរបស់យើងទាំងផ្លូវកាយនិងផ្លូវចិត្ត។ ឧទាហរណ៍ ពេលដែលយើងព្រួយបារម្ភ ក្រោធខឹង ច្រណែន ស្អប់ខ្ពើម គុំគួន ជាដើម អារម្មណ៍អវិជ្ជមានទាំងនេះ បង្កើតឲ្យយើងមានការតានតឹងចិត្ត ធ្វើឲ្យសាច់ដុំរបស់យើងឡើងតឹង បេះដូងដើរញាប់ បណ្តាលឲ្យដំណើរឈាមមានចលនាប្រែប្រួលខុសធម្មតា ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ បង្កឲ្យមានការឈឺចាប់លើរាងកាយដូចជា ការឈឺក្បាល ឈឺក អស់កម្លាំងកាយ ថប់ក្នុងអារម្មណ៍ពិបាកដកដង្ហើម ។ល។
ផលនៃការគិតប្រកបដោយទស្សនវិជ្ជមាន
នៅពេលដែលយើងមានអារម្មណ៍វិជ្ជមាន ចិត្តរបស់យើងក៏ស្ងប់ស្ងាត់ សាច់ដុំរបស់យើងសម្រាកចុះ ហើយទទួលបាននូវអុកស៊ីសែនគ្រប់គ្រាន់ សម្ពាធឈាមទាប ហើយប្រការសំខាន់នោះ គឺអត្រាចង្វាក់បេះដូងបានថយចុះ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ឲ្យរាងកាយយើងមានសុខភាពល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ ការគិតដោយវិជ្ជមាន គឺជាមធ្យោបាយមួយកាត់បន្ថយការតានតឹងចិត្តដ៏មានប្រសិទ្ធិភាពបំផុត។
នៅក្នុងជីវិតប្រចាំថ្ងៃ ការគិតប្រកបដោយទស្សនវិជ្ជមាន ធ្វើឲ្យយើងងាយបង្កើតនូវភាពយោគយល់ និងចុះសម្រុងជាមួយអ្នកដទៃនៅជុំវិញខ្លួនយើង ព្រមទាំងបានបង្កើតទស្សនសុទិដ្ឋិនិយម ហើយមិនអស់សង្ឃឹមក្នុងការរស់នៅ។
តើត្រូវកសាងកម្លាំងចិត្តរឹងមាំ និងបណ្តុះទស្សនវិជ្ជមានតាមរបៀបណា?
ការកសាងកម្លាំងចិត្តរឹងមាំ និងការបណ្តុះបណ្តាលទស្សនវិជ្ជមានឲ្យកើតមានឡើងក្នុងអារម្មណ៍របស់យុវជនយើង មានសារៈសំខាន់យ៉ាងខ្លាំងក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត ពីព្រោះថា យើងអាចកាត់បន្ថយការតានតឹងក្នុងអារម្មណ៍ និងបង្កើតនូវសេចក្តីសុខក្នុងចិត្ត ដែលជាកត្តាធ្វើឲ្យយើងមានសុខភាពផ្លូវចិត្តរឹងមាំ និងល្អប្រសើរជាប្រចាំ។ “មានសុខភាពផ្លូវចិត្តល្អ គ្មានភាពតានតឹងចិត្ត គ្មានអំពើហិង្សា គ្មានជម្លោះគ្រប់យ៉ាង។
ដើម្បីកសាងកម្លាំងចិត្តរឹងមាំ និងបណ្តុះនូវទស្សនវិជ្ជមាន យុវវ័យយើងគួរខំហ្វឹកហាត់ជាប្រចាំ និងគ្រប់គ្រងអារម្មណ៍អវិជ្ជមានរបស់យើងឲ្យបានប្រសើរតាមវិធីសាស្ត្រមូលដ្ឋានមួយចំនួនដូចខាងក្រោមនេះ
+ព្យាយាមកាត់បន្ថយការគិតដែលពុំចាំបាច់ និងគំនិតអវិជ្ជមានទាំងឡាយ ដែលតែងតែផុសឡើងជាប្រចាំនៅក្នុងអារម្មណ៍របស់យើង។
+ហ្វឹកហាត់អប់រំចិត្តឲ្យស្ងប់ និងកសាងទស្សនសុទិដ្ឋិនិយមតាមរយៈការសិក្សាកម្រងទស្សនៈរបស់ព្រះពុទ្ធដែលជាទស្សនវិជ្ជាដ៏ល្អប្រសើរបំផុតមានចំណាស់ និងជាប្រពៃណីដ៏យូរលង់ណាស់មកហើយនៅប្រទេសកម្ពុជាយើងក្នុងវិស័យអប់រំសីលធម៌ ចរិយាធម៌ និងការអប់រំចិត្តឲ្យមានអារម្មណ៍សន្តិភាព។
+ការបណ្តុះភាពរឹងមាំក្នុងចិត្ត ដើម្បីបង្កើនការជឿទុកចិត្តចំពោះខ្លួនឯង និងឲ្យតម្លៃខ្ពស់ ក៏ដូចជាការគោរពខ្លួនឯងផ្ទាល់ (គឺមិនធ្វើការវាយតម្លៃទាបចំពោះខ្លួនឯង)។
+ហ្វឹកហាត់ជាប្រចាំនូវវិធីសាស្ត្រសម្រាកកាយ-ចិត្ត និងរបៀបធ្វើសមាធិ គួបផ្សំនឹងការហាត់ប្រាណ ការលេងកីឡាផ្សេងៗ ដែលជាមូលដ្ឋាននៃការកាត់បន្ថយការតានតឹងចិត្ត។ ត្រូវព្យាយាមធ្វើយ៉ាងណាឲ្យសកម្មភាពទាំងនេះ ក្លាយជាទម្លាប់ធម្មតាក្នុងជិវិតប្រចាំថ្ងៃរបស់យើង។ ហេតុផលសំខាន់គឺ បើយើងពុំចេះវិធីសាស្ត្រក្នុងការកាត់បន្ថយការតានតឹងចិត្តដែលកើតឡើងជាប្រចាំចំពោះខ្លួនយើងទេនោះ យើងក៏ពុំអាចបណ្តុះគំនិតសុទិដ្ឋិនិយម ឬអារម្មណ៍វិជ្ជមានបានឡើយ។
ចប់
———————————
ឯកសារពិគ្រោះ
១.សុខភាពផ្លូវចិត្តសហគមន៍កម្ពុជា: Transcultural Psychosocial Organization (TPO) បោះពុម្ពដោយអង្គការចិត្តសង្គមអន្តរវប្បធម៌ ឆ្នាំ១៩៩៧។
២.គ្រឿងញៀននៅប្រទេសកម្ពុជា: បោះពុម្ពដោយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រប់គ្រងគ្រឿងញៀននិងបង្ក្រាបបទឧក្រិដ្ឋមជ្ឈមណ្ឌលប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីភិច ការិយាល័យទំនាក់ទំនងនៅកម្ពុជា ឆ្នាំ២០០១ រួមនឹងឯកសារពាក់ព័ន្ធផ្សេងៗ។
៣. POSITIVE OF THINKING: រៀបរៀងដោយលោកស្រី Trish Summerfield បុគ្គលិកអង្គការ Living VAlue Education. http://www.livingvalues.net
៤. សាសនសុភាសិត : បោះពុម្ពឡើងវិញដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ ១៩៩៤។
គណៈកម្មការអភិវឌ្ឍសៀវភៅអប់រំយុវជនក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត
១-លោកស្រីវេជ្ជបណ្ឌិត ឱក វណ្ណកា តំណាងអនុគណៈកម្មការសុខភាពផ្លូវចិត្ត ក្រសួងសុខាភិបាល
២-លោកវេជ្ជបណ្ឌិត ជី វុទ្ធី ប្រធានក្រុមការងារគ្លីនិចសុខភាពផ្លូវចិត្ត អង្គការចិត្តសង្គមអន្តរវប្បធម៌/TPO
៣-លោកស្រី ទេព ឆព័ណ្ណ មន្ត្រីនាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ
៤-កញ្ញា ភោគ សុធារ៉ា មន្ត្រីនាយកដ្ឋានសុខមាលភាពកុមារ ក្រសួងសង្គមកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងនីតិសម្បទា
៥-លោកស្រី ធឹម លន់ មន្ត្រីនាយកដ្ឋានសុខភាពសិក្សា ក្រសួងអប់រំយុវជន និងកីឡា
៦-លោក ហួន សារឿន មន្ត្រីនាយកដ្ឋានស្រាវជ្រាវគរុកោសល្យ ក្រសួងអប់រំ យុវជន និងកីឡា
៧-លោក នូ មុនីសេដ្ឋា មន្ត្រីនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ក្រសួងអប់រំយុវជន និងកីឡា
៨-លោក ឆែ លឹមសឿន មន្ត្រីនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា
៩-លោក ថី ចន្ទោ អ្នកសម្របសម្រួលកម្មវិធី ថែទាំសុខភាពផ្លូវចិត្តកុមារក្នុងសហគមន៍
១០-លោក ឡុង បូរ៉ុម ជំនួយការកម្មវិធី ថែទាំងសុខភាពផ្លូវចិត្តកុមារក្នុងសហគមន៍, សមាគមរញ្ជនពុទ្ធិពោធនមិត្ត/CamboKids
១១-លោក វ៉ែន សុន អ្នកសម្របសម្រួលផ្នែកអភិវឌ្ឍន៍សៀវភៅសម្រាប់បណ្ណាល័យកុមារក្នុងសហគមន៍, សមាគមរញ្ជនពុទ្ធិពោធនមិត្ត/CamboKids
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត
បោះពុម្ពផ្សាយដោយនាកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ រួមសហការជាមួយនឹងៈ
សមាគមរញ្ជនពុទ្ធិបពោធនមិត្ត/CamboKids
អាសយដ្ឋានៈ # ៤៥ . ផ្លូវលេខ ២០៦ . សង្កាត់ផ្សារដើមគរ . ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (៨៥៥) ២៣ ៨៨២ ៥៧៥
Email: cambokids@online.com.kh
Web Page: http://www.bigpond.com.kh/Cambokids
អត្ថន័យលើក្របសៀវភៅៈ
១-ពណ៌បៃតង ជាតំណាងទឹកចិត្តស្រស់ថ្លា
២-រូបព្រះបាទជ័យវរ្ម័នទី៧ គង់ធ្វើសមាធិក្នុងឥរិយាបថអង្គុយពែនភ្នែនបែបវិរាសនៈ ជានិមិត្តរូបនៃទឹកចិត្តស្ងប់ស្ងាត់ ប្រកបដោយអារម្មណ៍ជ្រះថ្លា និងទស្សនសុទិដ្ឋិនិយម ជាគោលការណ៍នៃការថែទាំសុខភាពផ្លូវចិត្ត ដែលមានចំណាស់យូរលង់មកហើយក្នុងសង្គមនិងវប្បធម៌ខ្មែរ។
យុវជននិងការថែទាំសុខភាពផ្លូវចិត្ត (៥)
ជំពូកទី III
ការសម្រាកចិត្ត-កាយ និង ការកសាងកម្លាំងចិត្តរឹងមាំ
ដើម្បីចៀសវាងកុំឲ្យធ្លាក់ចូលក្នុងបញ្ហា និងជំងឺផ្លូវចិត្តផ្សេងៗ យុវជនត្រូវយល់ដឹងនិងចេះថែទាំសុខភាពផ្លូវចិត្តរបស់ខ្លួន ទៅតាមវិធីសាស្ត្រទាំងឡាយដេលបានអធិប្បាយក្នុងផ្នែកខាងដើម។ ការចៀសវាងដោយនៅឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ការកំណត់ព្រំដែនចិត្ត ការគ្រប់គ្រងអារម្មណ៍ស្នេហា និងអារម្មណ៍ផ្លូវភេទឲ្យបានល្អនោះ គឺជាការរួមចំណែកក្នុងការថែទាំសុខភាពផ្លូវចិត្តរបស់យុវជន។
នៅពេលដែលយុវជនយើងប្រឈមមុខនឹងស្ថានភាពតានតឹងផ្លូវចិត្តនិងបញ្ហាផ្លូវចិត្តកម្រិតស្រាលផ្សេងៗ បច្ចេកទេសសម្រាកចិត្ត-កាយ និងការហ្វឹកហាត់កសាងកម្លាំងចិត្តឲ្យរឹងមាំ គឺជាចំណែកមួយយ៉ាងសំខាន់បំផុតក្នុងការថែទាំសុខភាពផ្លូវចិត្ត។
នៅក្នុងផ្នែកទី១ នឹងទី២ នៃជំពូកទី III នេះ គឺជាសេចក្តីណែនាំជាមូលដ្ឋានមួយចំនួនដែលទាក់ទងនឹងបច្ចេកទេសសម្រាកចិត្ត-កាយ រួមនឹងការកសាងកម្លាំងចិត្តរឹងមាំដែលយុវជនយើងគួរហ្វឹកហាត់ជាប្រចាំ សម្រាប់ការថែសុខភាពផ្លូវចិត្តរបស់ខ្លួន។
ផ្នែកទី១
លំហាត់សម្រាកចិត្ត-កាយ
តើលំហាត់សម្រាកចិត្ត-កាយគឺជាអ្វី?
លំហាត់សម្រាកចិត្ត-កាយគឺជាបច្ចេកទេសនៃការប្រើប្រាស់របៀបសមាធិ (ជាវិធីសាស្ត្រមួយក្នុងការគ្រប់គ្រងអារម្មណ៍ឲ្យស្ងប់ល្អ) គួបផ្សំនឹងលំហាត់ដកដង្ហើម ការសម្រួលសាច់ដុំ និងសម្រួលឥរិយាបថឲ្យបានសម្រាកព្រមជាមយយនឹងចិត្ត ដែលជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការតានតឹងចិត្ត។
នៅពេលដែលយើងមានការតានតឹងចិត្ត យើងគប្បីហ្វឹកហាត់និងអនុវត្តជាប្រចាំនូវលំហាត់សម្រាកចិត្ត-កាយមួយ ឬច្រើនប្រភេទទៅតាមលទ្ធភាពដែលអាចធ្វើបាន។
លំហាត់ទាំងនេះមាន ៤ប្រភេទគឺ៖
១-លំហាត់ដកដង្ហើម
២-លំហាត់សម្រាកសាច់ដុំជាដំណាក់ៗ
៣-លំហាត់ពោលពាក្យផ្ទួនៗ
៤-លំហាត់សមាធិតាមរបៀបផ្សេងៗ។
ដើម្បីធ្វើលំហាត់ចិត្ត-កាយនីមួយៗដូចខាងលើ យើងគួរមានសម្លៀកបំពាក់ធូររលុង រើសទីកន្លែងស្ងៀមស្ងាត់គ្មានការរំខាន។ គួរធ្វើលំហាត់ឲ្យបានពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក១ដង ពេលល្ងាច ១ដង នៅមុនពេលបរិភោគអាហារ។ យើងអាចជ្រើសរើសយកលំហាត់ណាមួយដេលងាយស្រួលសម្រាប់ខ្លួន ឬធ្វើលំហាត់ផ្សេងទៀតតាមតែយើងអាចធ្វើបាន។
វិធីធ្វើលំហាត់សម្រាកចិត្ត-កាយ
១-លំហាត់ដកដង្ហើម
ក្នុងពេលដែលផ្លូវចិត្តរបស់យើងមានការរំខាន ដំណើរដកដង្ហើមរបស់យើងមានលក្ខណៈខ្លីៗ និងមិនធម្មតា បើយើងអាចប្រឆាំងនឹងការប្រែប្រួលផ្នែកផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កើតឡើងនូវភាពសុខសាន្តផ្លូវចិត្ត និងផ្លូវកាយរបស់យើងបាន។
ដើម្បីធ្វើលំហាត់ដកដង្ហើម យើងអាចជ្រើសរើសយកឥរិយាបថ ដែលមានលក្ខណៈងាយស្រួលសម្រាប់យើងដូចជា ឈរ អង្គុយលើកៅអី ឬដេកត្រង់ខ្លួនលើគ្រែក្នុងលក្ខណៈសម្រាកយ៉ាងស្ងៀមស្ងាត់ ហើយដកដង្ហើមចេញចូលវែងៗរយៈពេលពី២ទៅ៣នាទី ឬអាចលើសពីនេះ។ តាមធម្មតាយើងសម្គាល់ឃើញថា ដើមទ្រូងរបស់យើងមានចលនាពេលណាយើងដកដង្ហើមចេញ-ចូល។ ចំពោះការធ្វើលំហាត់នេះ យើងត្រូវរៀនធ្វើចលនាពោះរបស់យើង រួមជាមួយនឹងការដកដង្ហើម ។ យើងនឹងសង្កេតឃើញថា ដើមទ្រូងនិងពោះរបស់យើង ក៏រីកឡើងនៅពេលដែលយើងដកដង្ហើមចូល។ យើងត្រូវរៀនដកដង្ហើមចូល និងចេញយឺតៗជាបន្តបន្ទាប់ឲ្យបានវែងៗ។ យើងអាចនឹងធ្វើលំហាត់នេះដោយងាយស្រួល ប្រសិនបើយើងប្រមូលអារម្មណ៍ឲ្យមូលទៅលើពោះ ដែលវានឹងរីកឡើងសន្សឹមៗនៅពេលយើងដកដង្ហើមចូលវែងៗ។ បន្ទាប់ពីនោះមក យើងដកដង្ហើមចេញដោយស្វ័យប្រវត្តិដើម្បីឲ្យសាច់ដុំទ្រូងនិងពោះបានសម្រាក។ យើងគួរព្យាយាមធ្វើបែបនេះយ៉ាងយឺតៗនិងជាបន្តបន្ទាប់ ដោយការដកដង្ហើមពុំឲ្យឮសូរសម្លេង។ ក្នុងការធ្វើលំហាត់ដកដង្ហើមនេះ យើងត្រូវព្យាយាមបំភ្លេចចោលរឿងរ៉ាវអវិជ្ជមានទាំងឡាយដែលបានកើតឡើងដោយខិតខំប្រមូលអារម្មណ៍របស់យើងសមាធិតែលើការដកដង្ហើមចេញ និងចូល តាមរយៈការរាប់លេខ ឬនឹកក្នុងអារម្មណ៍នូវពាក្យដូចជា “ពុទ្ធោ” គឺ “ពុទ្ធ” ពេលដកដង្ហើមចូល និង “ទ្ធោ” ពេលដកដង្ហើមចេញ។ តាមបែបនេះជាបណ្តើរៗ យើងត្រូវបង្កើនរយៈពេលនៃការពោលពាក្យ “ពុទ្ធោ”នេះ ឬបង្កើនចំនួននៃការរាប់តាមខ្យល់ដកដង្ហើម។ ការដកដង្ហើមនេះ មិនត្រូវប្រឹងធ្វើដោយលំបាកនោះឡើយ គឺត្រូវធ្វើដោយសម្រួលជានិច្ច ក៏ប៉ុន្តែត្រូវព្យាយាមគ្រប់គ្រងអារម្មណ៍សមាធិរបស់ខ្លួនលើខ្យល់ដកដង្ហើមឲ្យបានល្អ។
លំហាត់សម្រាកសាច់ដុំជាដំណាក់ៗ
ក្នុងខណៈដែលយើងមានការតានតឹងចិត្ត ពេលនោះសាច់ដុំទាំងឡាយ នឹងស្ថិតនៅក្នុងសភាពកន្ត្រាក់ និងតានតឹង។ ព្រមជាមួយគ្នានេះដែរ អាការៈមួយចំនួនក៏បានលេចចេញលើរាងកាយរបស់យើងដូចជា ឈឺក្បាល ឈឺខ្នង រោយក ឈឺសន្លាក់ដៃជើង ខ្សោយកម្លំាង និងនឿយហត់ ។ ក្រៅពីនេះអាការៈដែលកើតឡើងលើផ្លូវចិត្តមានដូចជា ការភ័យខ្លាច ការតានតឹងចិត្ត អារម្មណ៍មួម៉ៅ ឬងាយភ្ញាក់ផ្អើលក្នុងចិត្តជាដើម។ អាការៈផ្នែកផ្លូវចិត្តនេះ បានជម្រុញឲ្យមានការកន្ត្រាក់សាច់ដុំជាប្រចាំ ជាហេតុនាំឲ្យមានរោគសញ្ញាលើរាងកាយដូចខាងលើ។
ការអនុវត្តលំហាត់សម្រាកសាច់ដុំជាដំណាក់ៗដូចខាងក្រោមនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការតានតឹងចិត្តដ៏មានប្រសិទ្ធិភាពដូចជាលំហាត់ដង្ហើមខាងដើមដែរ។
ដើម្បីធ្វើលំហាត់សាច់ដុំជាដំណាក់ៗ យើងត្រូវផ្ចង់អារម្មណ៍លើផ្នែកនីមួយៗនៃរាងកាយក្នុងស្ថានភាពដេកត្រង់ខ្លួន បន្ទាប់មកចាប់ផ្តើមគិតពីម្រាមជើងជាដំណាក់ៗរហូតដល់ក្បាល គឺ ម្រាមជើង ប្រអប់ជើងទាំងសង្ខាង កជើង សាច់ដុំកំភួនជើង ក្បាលជង្គង់ សាច់ដុំភ្លៅ ត្រគាក ចង្កេះ គួទ ខ្នង ក្បាលពោះ ដើមទ្រូង ម្រាមដៃ និងប្រអប់ដៃទាំងសងខាង កំភួនដៃ កែងដៃ ដើមដៃ ស្មា ក កញ្ចឹងក ក្បាល មុខ និងច្រមុះ។ ពេលគិតត្រង់កន្លែងណាមួយរួចហើយ ត្រូវទុកសាច់ដុំកន្លែងនោះឲ្យស្ថិតក្នុងលក្ខណៈសម្រាកដូចជា
+គិតដល់ម្រាមជើង បន្ទាប់មកពោលក្នុងចិត្តថា “ម្រាមជើងខ្ញុំបានសម្រាកដោយសុខហើយ!”។
+គិតដល់ប្រអប់ជើង បន្ទាប់មកពោលក្នុងចិត្តថា “ប្រអប់ជើងរបស់ខ្ញុំបានសម្រាកដោយសុខហើយ!”។
+គិតដល់កជើង បន្ទាប់មកពោលក្នុងចិត្តថា “កជើងរបស់ខ្ញុំបានសម្រាកដោយសុខហើយ!”។
អនុវត្តនូវវិធីដូចខាងលើនេះត្រង់ផ្នែកនីមួយៗដូចបានរៀបរាប់ខាងដើមជាដំណាក់ៗ និងបន្តបន្ទាប់រហូតដល់ក្បាល មុខ និងច្រមុះ។ លំហាត់សម្រាកសាច់ដុំជាដំណាក់ៗនេះ នៅពេលដែលយើងអនុវត្តបានល្អប្រសើរហើយនោះ ចិត្តរបស់យើងបានស្ងប់ចុះយ៉ាងល្អ ចំណែកឯរាងកាយក៏បានស្ថិតនៅក្នុងស្ថានភាពសម្រាកមួយដ៏ស្ងៀមស្ងាត់ ប្រៀបបីដូចជាគល់ឈើមួយដែលនៅនឹងថ្កល់។





មតិថ្មីៗ