ប្រពៃណីនៃការបង្ហោះខ្លែងត្រូវបានដូនតាយើងធ្វើឡើងតាំងពី ៤០០ ឆ្នាំមុនគ្រឹសសករាជមកម្លេះ។ ការបង្ហោះខ្លែងត្រូវបានដូនតាយើងធ្វើឡើងនៅចុងរដូវវស្សាឈានចូលរដូវប្រាំង គឺនៅពេលគេប្រារព្វពិធីបុណ្យអុំទូក។
លោក រឿន សារិត ប្រធានសារៈមន្ទីរខ្លែងខ្មែរបានអោយដឹងអំពីប្រវត្តិខ្លែងខ្មែរថាៈ
អ្នកស្រុកចូលចិត្តលេងបង្ហោះខ្លែងដើម្បីការសប្បាយបន្ទាប់ពីប្រមូលភោគផលរួច និងដើម្បីសំដែងការដឹងគុណដល់ព្រះពាយដែលបានផ្ដល់ភ្លៀងគ្រប់គ្រាន់សំរាប់ធ្វើស្រែចំការ។ នៅពេលបង្ហោះខ្លែងម្តងៗ ប្រជាកសិករតែងតែបួងសួងសុំធាតុអាកាសអំណោយផលនិងសុំទទួលបានទិន្នផលខ្ពស់។
ចាប់ពីខែកញ្ញាដល់ខែមិនា គឺជារយៈពេលដែលប្រជាជនបង្ហោះខ្លែង។ ព្រោះថាក្នុងរយៈពេលនេះ វាលស្រែនៅសល់តែគល់ជញ្រ្ជាំង ដែលងាយស្រួលក្នុងការរត់បង្ហោះ។
ខ្លែងខ្មែរមានជាង ២០ ប្រភេទឯណោះ។ “ខ្លែងឯក” ទទួលបានការនិយមចូលចិត្តជាងគេ។ វាមានឈ្មោះមួយទៀតគឺ “ខ្លែងភ្នង” ដោយសារខ្លែងនេះមានដើមកំណើតពីពួកជនជាតិភាគតិច។ ទ្រនុងរបស់ខ្លែងឯកមានទ្រុងទ្រាយដូចអង្រឹង វាអាចបញ្ចេញសំលេងយ៉ាងពិរោះរណ្តំនៅពេលវាហោះទៅប៉ះនឹងខ្យល់។ ជាពីសេស ខ្លែងឯកធ្វើឡើងពី “ឯក” ដែលជាឧបករណ៍តន្រ្តីខ្មែរមួយប្រភេទ អាចបញ្ចេញសំលេងបានច្រើនប្រភេទ។ ត្រង់នេះហើយ ដែលវាបញ្ជាក់អំ ពីអត្តសញ្ញាណរបស់ខ្មែរ ដោយគ្មាននរណាអាចបន្លំបាន។ ខ្លែងឯកគឺជានិមិត្តសញ្ញាមាតាជាតិ និងអ្នកដឹកនាំរបស់ប្រទេសនៅក្នុងបរិបទរបស់ប្រទេសកម្ពុជា។
ពិធីបង្ហោះខ្លែងនៅសម័យស្តេចអង្គឌួង
នៅសម័យស្តេចអង្គឌួង ពិធីបង្ហោះខ្លែងតំរូវអោយនិមន្តព្រះសង្ឃសូត្រជញ្យ័នន្តោ ដើម្បីជួយថែរក្សាការពារដល់រោងពិធីទាំងប្រាំ ដែលជាទីកន្លែងដាក់តាំងខ្លែង។ ពិធីនេះប្រារព្វឡើងនៅចន្លោះថ្ងៃពេញបរមី ពីថ្ងៃទី១២ ដល់ ១៥។ ពិធីនេះរៀបចំឡើងដើម្បីឧទ្ទិសដល់ព្រះចុល្លាមុន្នីចេតីយ៍ បួងសួងសុំអោយមានធាតុអាកាសល្អ និងប្រមូលផលបានច្រើន។ បន្ទាប់ពីការសោយទីវង្គត់របស់ស្តេចអង្គឌួង ពិធីនេះបានក្លាយទៅជាការបង្ហោះខ្លែងលេងសាមញ្ញរបស់អ្នកស្រុក។
ប្រភេទខ្លែងផ្សេងទៀតដែលក្មេងៗនិយមលេងមានដូចជាៈ ខ្លែងគោម ខ្លែងកាដុង ខ្លែងកាទោង ខ្លែងហោបៅ ខ្លែងហាឡូ ។ល។ ខ្លែងទាំងនេះងាយស្រួលធ្វើ ដែលក្មេងៗអាចធ្វើខ្លួនឯងបាន។ ប៉ុន្តែ ប្រភេទខ្លែងទាំងនេះត្រូវបានបាត់បង់នៅសម័យប៉ុលពត។
នាឆ្នាំ ១៩៩៤ ពិធីបង្ហោះខ្លែងត្រូវបានគេប្រារព្វធ្វើឡើងវិញនៅទីក្រុងភ្នំពេញ។ ចាប់តាំងពីពេលនោះមក គេក៏ប្រារព្វធ្វើជារាងរាល់ឆ្នាំ។
កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០០៣ សារៈមន្ទីរខ្លែងខ្មែរត្រូវបានបង្កើតឡើង ដោយមានដាក់តាំងពិពណ៌ខ្លែងខ្មែរគ្រប់ប្រភេទនៅឯមជ្ឈមណ្ឌវប្បធម៍ជាតិ ក្នុងគោលបំណងថែរក្សានូវប្រភេទខ្លែងដែលជាប្រពៃណីខ្មែរបានបន្សល់ទុកពីដូនតា អោយនៅគង់វង្ស និងដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ខ្លែងខ្មែរដែលជាអត្តសញា្ញណជាតិមួយផងដែរ។
នៅសារៈមន្ទីរនេះផងដែរ មានតំកល់ឯកសារអំពីប្រវត្តិខ្លែងខ្មែរ របៀបធ្វើខ្លែងជាដើម ដើម្បីទុកអោយនិស្សិតនិងជនបរទេសចុះសិក្សាស្រាវជ្រាវ។
ចាប់តាំងពីឆ្នាំ ១៩៩៤ មក ខ្លែងឯកខ្មែរបានចូលរួមប្រកួតនៅក្នុងពិធីបង្ហោះខ្លែងជាលក្ខណៈអន្តរជាតិចំនួន ១៨ ដង នៅបណ្តាប្រទេសដូចជាៈ បារាំង អីតាលី អង់គេ្លស ឥណ្ឌា ឥណ្ឌូនេស៊ី មាឡេស៊ី វៀតណាម និងចិន។
អត្ថបទដក់ស្រង់ពី Cambodia the Life ឆ្នាំទី១ លេខ៣