
ប្រធានាធិបតីអាមេរិកផ្ញើលិខិតមួយច្បាប់ឱ្យមន្ត្រីជាន់ខ្ពស់ខ្លួនយកមកជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយផ្ទាល់។ នេះបើតាមការឱ្យដឹងពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានសរសេរនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោក។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផ្លូវការរបស់លោកថានារសៀលថ្ងៃទី១ ខែមិថុនានេះថា លោកបានទទួលជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy R. Sherman។ លោកបានបន្ថែមថាក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកម្ពុជានាពេលនេះគឺដើម្បីពាំនាំនូវលិខិតរបស់ប្រធានាធិបតីលោក Joe Biden គោរពជូននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកសរសេរថា៖ « លោកជំទាវក៏បានបន្ថែមថា នេះគឺជាបំណងរបស់ ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ » ។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានបង្ហាញពីអត្ថន័យនៃលិខិតនោះជាសាធារណឡើយ។
ងាកទៅអ្នកនាំសំបុត្រនេះមកកាន់នាយករដ្ឋមន្ត្រីវិញគឺលោកស្រី Wendy R. Sherman បានសរសេរនៅលើគណនីTwitter ផ្ទាល់របស់លោកស្រីនៅថ្ងៃនេះផងដែរថា លោកស្រីបានជួបប្រជុំប្រកបដោយភាពស្មោះត្រង់ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយបញ្ហាដែលជជែកគ្នានោះគឺទៅលើចំណងទាក់ទងទ្វេរភាគីរបស់កម្ពុជាអាមេរិក ដែលធ្វើយ៉ាងណាដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងតម្រូវការសម្រាប់ប្រទេសកម្ពុជាក្នុងការរក្សាគោលនយោបាយការបរទេសឯករាជ្យ និងមានតុល្យភាព។

ជាធម្មតាការផ្ញើរសំបុត្រការទូតគឺគេអាចធ្វើឡើងតាមសារអេឡិចត្រូវនិកបញ្ជូនមកកាន់ស្ថានតំណាងទូតរបស់ប្រទេសខ្លួនយកទៅជូនប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលបានលុះណាតែរឿងនេះជារឿងចាំបាច់ និងសំខាន់បំផុតទើបតម្រូវឱ្យមនុស្សបញ្ជូនមកប្រគល់ជូនដោយផ្ទាល់បែបនេះ។
ការបញ្ជូនសំបុត្រតាមរយៈមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមកកម្ពុជានៅពេលនេះគឺស្របពេលដែលស្ថានភាពនៅសមុទ្ទចិនខាងត្បូងរវាងអាមេរិក និងចិន ត្រូវបានគេមើលឃើញថាកំពុងកើនកម្ដៅឡើង ស្របពេលដែលប្រទេសចិនកំពុងបង្កើនឥទ្ធិពលកាន់តែខ្លាំងក្នុងតំបន់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យសហរដ្ឋអាមេរិកបានសរសេរថាក្នុងជំនួបរវាងលោកស្រី Wendy R. Sherman និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកស្រី Wendy R. Sherman បានលើកយកពីក្ដីបារម្ភពីវត្តមានរបស់កងទ័ពចិន និងការកសាងមូលដ្ឋានកងទ័ពជើងទឹកនៅឈូងសមុទ្ទថៃ ក្រៅពីបញ្ហាទាំងនោះលោកស្រីក៏បាននិយាយពីការបញ្ហាសិទ្ធិមនុស្ស នយោបាយ រួមទាំងការចាប់ខ្លួនប្រធានបក្សប្រឆាំង និងមនុស្សមួយចំនួនទៀតផងដែរ។
ក្នុងសេចក្តីប្រកាសនោះលើកឡើងថា៖ « លោកស្រីបានស្នើសុំការបំភ្លឺអំពីការវាយកម្ទេចអគារចំនួនពីរដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកនៅរាមដោយគ្មានការជូនដំណឹងឬការពន្យល់ហើយបានសង្កេតឃើញថាមូលដ្ឋានយោធាចិននៅកម្ពុជានឹងធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពរបស់ខ្លួនគំរាមកំហែងដល់សន្តិសុខក្នុងតំបន់និងប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងកម្ពុជា – អាមេរិក » ។
ពុំទាន់មានការឆ្លើយតបយ៉ាងណាពីកម្ពុជានៅឡើយទេនៅពេលនេះ។ តែកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅកម្ពុជាបានឆ្លើយតបម្ដងរួចមកហើយ។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ក្នុងពេលដែលនាំអ្នកកាសែតជាង៧០នាក់ ទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានបដិសេធពីព័ត៌មានទាំងនេះ ដោយថាកម្ពុជាមិនមានការចាំបាច់ណាមួយត្រូវយកទ័ពចិនមកឈរជើងនោះទេ។
កាលពីថ្ងៃទី២១ ខែកក្កដា ការសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា កម្ពុជា-ចិន បានចុះហត្ថលេខាសម្ងាត់ជាមួយគ្នា អំឡុងត្រីមាសទី២ នៃឆ្នាំ២០១៩នេះ ដើម្បីផ្ដល់សិទ្ធិឱ្យប្រទេសចិនប្រើប្រាស់មូលដ្ឋានជើងទឹកមួយកន្លែងក្នុងឈូងសមុទ្រកម្ពុជា រយៈពេល ៣០ឆ្នាំ។
ក្នុងការចុះផ្សាយនោះ ការសែតនេះក៏បានលើកឡើងអំពីព្រលានយន្តហោះតារាសាគរក្នុងខេត្តកោះកុងដែលកំពុងសាងសង់ផងដែរ ដោយថា ព្រលានយន្តហោះនេះអាចមានលទ្ធភាពផ្ទុកយន្តហោះចម្បាំងធុនធ្ងន់ ដែលអាចអនុញ្ញាតឱ្យយោធាចិនអាចធ្វើប្រតិបត្តិការបានលឿនក្នុងតំបន់អាស៊ាន។ ប៉ុន្តែ ត្រូវបានភាគីកម្ពុជា និងចិន ចេញមុខបានបដិសេធចោលជាបន្តបន្ទាប់។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៥៣ កថាខណ្ឌទី៤បានចែងថា ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។

អញ្ចឹងងាកទៅកាន់សំណួរដែលសួរថា តើលោក Joe Biden បានផ្ញើលិខិតអ្វីមកកាន់នាយករដ្ឋមន្ត្រីហ៊ុន សែន គឺមិនទាន់មាននរណាដឹងនោះទេ។ តែបើតាមសកម្មភាពរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនៅពេលនេះបានផ្ដោតខ្លាំងទៅលើបញ្ហាចិន និងកម្ពុជា ដែលវាហាក់បីដូចជាបង្ហាញនូវបំណងខ្លះៗរបស់អាមេរិករួចទៅហើយ ពីបញ្ហាឥទ្ធិពលចិននៅកម្ពុជានាពេលនេះ រួមទាំងមនោគមន៍វិជ្ជានយោបាយ សេដ្ឋកិច្ច និងយោធា ហើយចម្លើយនៃសំណួរ និងការឆ្លើយតបរបស់កម្ពុជាទៅអាមេរិកនឹងចេញជាបែបណា មានតែរង់ចាំមើលទាំងអស់គ្នាយ៉ាងយូរ៣ខែទៀត៕

ព្រះពុទ្ធ គឺជាបុគ្គលអ្នកត្រាស់ដឹងដែលដឹងគ្រប់ញាណទាំងអស់ មានន័យថាជាអ្នកដែលបានរកឃើញច្បាប់ធម្មជាតិ សច្ចធម៌ ដឹងពីអ្វីៗទាំងអស់នៅក្នុងចក្រវាឡនេះ។

