មាន់មានពូជច្រើនប្រភេទ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងគេសង្កេតឃើញមានតែពូជមាន់ក្នុងស្រុក មាន់កណ្តូង ដែលមានរូបរាងធំជាងមាន់ធម្មតា មាន់សំឡី (សាច់ខ្មៅ) មាន់ស ពូជនាំចូលសម្រាប់ការចិញ្ចឹមបែបឧស្សាហកម្ម ពូជមាន់ក្រហម ជាពូជនាំចូលចិញ្ចឹមយកពង និងជាប្រភេទពូជមាន់នាំចូលដែរ ។
យើងអាចបែបចែកការចិញ្ចឹមចេញជាពីរយ៉ាង :
១- ចិញ្ចឹមតែមាន់ក្នុងស្រុក
២- ចិញ្ចឹមមាន់ឧស្សាហកម្មពូជនាំចូល (ពីប្រទេសថៃ)
បើយើងចង់ចិញ្ចឹមត្រឹមតែពូជមាន់ក្នុងស្រុកទេនោះ យើងនឹងមិនជួបបញ្ហាចំណីច្រើនឡើយ ពីព្រោះវាអាចរកស៊ីដោយខ្លួនឯងបាន យើងគ្រាន់តែផ្តល់ចំណីបន្ថែមខ្លះជាបន្ថែមឲ្យវានៅពេលល្ងាចបានហើយ ។
ប៉ុន្តែបើសិនយើងជ្រើសរើសចិញ្ចឹមមាន់ពូជនាំចូលវិញ យើងចាំបាច់ត្រូវមានប្រាក់សម្រាប់ធ្វើកន្លែងឲ្យវានៅ និងរៀបចំកន្លែងចិញ្ចឹមវាតាមបែបឧស្សាហកម្ម នេះអាចជាបញ្ហាចំពោះអ្នកដែលមានធនធានតិច ។ តាមការសាកសួរទៅកាន់ក្រុមហ៊ុន CP ដែលមានទីតាំងភ្ញាស់កូនមាន់លក់នៅក្នុងប្រទេសកម្ពុជា (នៅតាខ្មៅ) បានឲ្យដឹងថា ក្រុមហ៊ុនមានពូជមាន់ចំនួន ៤ប្រភេទសម្រាប់លក់ :
ទី១ មាន់ស
ទី២ មាន់ក្រហម
ទី៣ មាន់កូនកាត់បីសាសន៍
ទី៤ មាន់ខ្មៅ (រោមខ្មៅទាំងអស់)
អ្នកទិញពូជមួយណាក៏បាន តែត្រូវទិញយ៉ាងតិចបំផុតចំនួន ៥០០ កូនមាន់ ក្នុង ១លើក, ដើម្បីទិញបានអ្នកទិញត្រូវកក់ប្រាក់ចំនួន 10% ជាមុនសិនទើបគេភ្ញាស់កូនមាន់នោះឲ្យយើងបាន ។
ការចិញ្ចឹមមាន់ក្នុងស្រុក (ពូជចំរុះ) អាចធ្វើទៅបានដោយការជ្រើសរើសពូជសម្រាំង ។ កន្លែងដែលយើងអាចទាក់ទងរកទិញពូជមាន់ស្រុកបានគឺ តាមរយៈអង្គការ ‘សេដាក ‘ យើងអាចសាកសួររកប្រភពអ្នកចិញ្ចឹមពីអង្គការនេះបាន ពីព្រោះអង្គការនេះមានប្រភពបណ្តាញអ្នកចិញ្ចឹមនៅច្រើនខេត្ត ។
អាសយដ្ឋានរបស់អង្គការនេះគឺ:
ផ្ទះលេខ ១១៩ ផ្លូវ ២៥៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក
ទូរស័ព្ទលេខ: 023 880 916
ទូរសារលេខ: 023 885 146
emailL CEDAC_publication@online.com.kh
មាន់ដែលយើងទិញបានមក គួរជាមេមាន់ធំស្រាប់ប្រសើរជាងទិញកូនមាន់យកមកចិញ្ចឹម ពីព្រោះយើងមិនប្រថុយពេកទៅលើករណីកូនមាន់ងាប់ ឬពិបាកក្នុងការថែទាំវាពេលនៅតូចៗ ។
ចំពោះមាន់បាវិញគួររើសរកពូជមាន់កណ្តូង ឬពូជមាន់ដែលធំ (តម្លៃអាចថ្លៃ) ។ សូមចាប់ផ្តើមត្រឹមមេមាន់ចំនួន ១០-២០ ក្បាលសិន ជាមួយបា ៤ ទៅប្រាំក្បាល ។
ឯការជ្រើសរើសយកពូជវិញវាមានការលំបាកណាស់ ពីព្រោះអ្នកមានមាន់លក់គាត់នឹងមិនសប្បាយឲ្យយើងពិនិត្យមាន់គាត់ ឬចាប់មាន់ឲ្យយើងពិនិត្យឡើយ ហេតុនេះអ្វីដែលយើងអាចធ្វើបានគឺត្រឹមជ្រើសយកមាន់ដែលធំៗ (ពូជធំ) គ្មានអ្វីផ្សេងពីនេះអាចឲ្យយើងធ្វើបានឡើយ តែត្រូវឲ្យប្រាកដថា មាន់ដែលយើងបានទិញនោះគឺជាមាន់ដែលគ្មានជម្ងឺ រហ័សរហួនស្វាហាប់ ។
យើងអាចរកទិញមាន់ពូជឧស្សាហកម្មមកបង្កាត់ជាមួយ បើយើចង់បានពូជមាន់ធំល្អ ឬឲ្យមាន់ពងច្រើន ។
តើយើងគួរបង្កាត់បែបណា ?
- មេមាន់ស្រុកបង្កាត់ជាមួយមាន់ឈ្មោលពូជឧស្សាហកម្ម (មាន់ក្រហម)
- កូនដែលបង្កាត់បានយកមកបង្កាត់មួយលើកទៀត
ជាមួយមាន់ពូជខ្មៅ ឬកូនកាត់បីសាសន៍របស់ក្រុមហ៊ុន CP
* ការធ្វើបែបខាងលើនេះអាចឲ្យយើងទទួលបានមាន់ដែលធំជាងធម្មតា (ធំជាងមាន់ស្រុក) និងចេះដើររកស៊ីចំណីដូចមាន់ធម្មតាដែរ ។
បើសិនយើងមានបំណងយកការចិញ្ចឹមមាន់ធ្វើជាមុខរបរ ហើយមានធនធានល្មមអាចធ្វើបាន គួរទិញមាន់កូនកាត់បីសាសន៍មកចិញ្ចឹមរួចបង្កាត់វាជាមួយមាន់ពូជធំក្នុងស្រុក ។
សម្រាំងរើសយកពូជល្អ ទុកចំពោះពូជមិនល្អត្រូវលក់ចេញ ត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះ យើងនឹងទទួលបានពូជមាន់ ដែលយើងត្រូវការតាមចំនួនដែលយើងចង់បានហើយ ។
ការចិញ្ចឹមមាន់ពូជក្នុងស្រុកសុទ្ធ មិនអាចឲ្យយើងទទួលបានផលលឿនតាមបំណងឡើយ ចំណាយពេលចិញ្ចឹមយូរ រហូត ៥-៦ ខែ ទើបអាចលក់បាន ឯចំណែកមាន់ឧស្សាហកម្មវិញគេចំណាយត្រឹមតែ ១ខែ ឬច្រើនជាង១ខែ ប៉ុណ្ណោះ គេអាចបានមាន់ទម្ងន់ជិត ១គីឡូ ឬច្រើនជាងសម្រាប់លក់ ដូច្នេះឃើញថាយើងមានការខាតបង់ពេលវេលាច្រើន បើចិញ្ចឹមពូជក្នុងស្រុកមិនបានបង្កាត់ ។
ហេតុនេះយើងត្រូវគិតពីបញ្ហានេះឲ្យបានច្រើន ថាតើមួយណាអាចឲ្យផលយើងបានច្រើនជាង ប្រើពេលខ្លីជាង តែការនេះវាអាចអាស្រ័យផងដែរ ទៅលើកត្តានៃការផ្តល់ចំណីឲ្យវា និងការថែទាំកុំឲ្យវាមានជម្ងឺមករាតត្បាត ។
មាន់ឧស្សាហកម្មគឺជាមាន់ដែលគេចិញ្ចឹមដោយឲ្យចំណីមានពេលមានវេលាមួយច្បាស់លាស់ ត្រូវបានគេចិញ្ចឹមក្រោមដំបូលមិនឲ្យត្រូវទឹក និងពន្លឺថ្ងៃចំ ដូច្នេះពូជមាន់ឧស្សាហកម្មត្រូវការថែទាំច្រើន ទើបអាចលូតលាស់បានត្រឹមត្រូវតាមពេលវេលាគេបានកំណត់ ។
មានវិធីតែមួយប៉ុណ្ណោះ ដែលអាចឲ្យយើងដោះស្រាយបញ្ហាចំណីសម្រាប់ចិញ្ចឹមវាបាន គឺចិញ្ចឹមមាន់កូនកាត់យ៉ាងហោចណាស់យើងអាចកាត់បន្ថយពេលវេលានៃការចិញ្ចឹមបានមួយចំនួនធំដែរ គឺយើងចិញ្ចឹមវាត្រឹម ២ខែប៉ុណ្ណោះ អាចលក់បានហើយមិនមែនត្រូវការពេលវេលារហូត ៥-៦ ខែទើបអាចលក់បាននោះឡើយ ។
ជាធម្មតាការចិញ្ចឹមមាន់អាស្រ័យលើកត្តាចំណីច្រើនជាងកត្តាផ្សេងៗទៀត ពីព្រោះចំណីមិនគ្រប់គ្រាន់ក៏អាចឲ្យមាន់ឈឺបាន ចំណីគ្មានជីវជាតិអាចឲ្យមាន់ក្រិនក្រធំ ចំណីមិនល្អអាចឲ្យមាន់ឆាប់ទទួលជម្ងឺ ម្ល៉ោះហើយគួរគិតគូរឲ្យបានច្រើនទៅលើកត្តាចំណីច្រើនជាងគិតទៅលើបញ្ហាផ្សេងទៀត ។
ក្រុមហ៊ុន CP ប្រហែលជាក្រុមហ៊ុនតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលលក់ពូជមាន់នាំចូល យើងគ្មានជម្រើសណាផ្សេងទៀតឡើយ ។
អាសយដ្ឋានរបស់ក្រុមហ៊ុនសម្រាប់ការទិញពូជមាន់ និងសាកសួរព័ត៌មានបន្ថែម
CP Cambodia.Co.,Ltd
ផ្លូវជាតិលេខ ៤ ឃុំបែកចាន អង្គស្នួល
email: C.P.Cambodia@mfone.com.kh
ទូរស័ព្ទលេខ: 012 93 62 77
* កូនមាន់បីសាសន៍មួយតម្លៃ ៦កាក់ ($0.6)
កូនមាន់ខ្មៅមួយតម្លៃ ៨កាក់ ($0.8)
* រូបមន្តផ្សំចំណីមាន់ ដោយខ្លួនឯង
– មាន់សាច់ (មាន់ឧស្សាហកម្ម)
គ្រឿងផ្សំ :
. ពោត 40 គ.ក
. កន្ទក់ 25 គ.ក
. សណ្តែកសៀង 20 គ.ក
. ម្សៅត្រី 15 គ.ក
. មេចំណី 2 គ.ក
. អំបិល 400 ក្រាម
. ព្រីមិច 400 ក្រាម
– មាន់យកពង
គ្រឿងផ្សំ :
. កន្ទក់ 35 គ.ក
. សណ្តែកសៀង 28 គ.ក
. ម្សៅត្រី 15 គ.ក
. មេចំណី 200 ក្រាម
. សំបកងាវ 15 គ.ក
. អំបិល 6 គ.ក
. ព្រីមិច 300 ក្រាម
– មាន់ស្រុក
គ្រឿងផ្សំ :
. កន្ទក់ 10 គ.ក
. ស្រូវកិន 50 គ.ក
. ម្សៅត្រី 20 គ.ក
. មេចំណី 200 ក្រាម
. សំបកងាវ 200 ក្រាម
. អំបិល 200 ក្រាម
. ព្រីមិច 300 ក្រាម
សរុប : 100 គ.ក
សំគាល់ :
– សណ្តែកសៀងអាចជំនួសដោយ មើមដំឡូងជ្វាហាលស្ងួត ឬមើមត្រាវហាលស្ងួត ។ ក្នុងករណីគ្មានទាំងពីរមុខនេះ យើងអាចជំនួសដោយមើមដំឡូងឈើហាលស្ងួតបាន ។
– ម្សៅត្រី អាចជំនួសដោយសាច់ខ្យង ខ្ចៅ កង្កែបបាន (ឬ កណ្តៀរ, ជន្លេន) ។



