អាមេរិក និងគោលនយោបាយការបទេស

ស្ថានការណ៍ដែលកំពុងវិវត្តន៍ចុងក្រោយទាក់ទងនឹងទំនាក់ទំនងរបស់​សហរដ្ឋអាមេរិក និងប្រទេស​អ៊ុយក្រែន​​ បាន​ធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងសម័យសង្រ្គាមលោកលើកទី២ និងសង្រ្គាមផ្សេងទៀត ដែលមានលក្ខណៈស្រដៀងទៅនឹងអ្វីដែលកំពុងតែកើតឡើងនៅពេលនេះដែរ ហើយដែលខ្ញុំគិតថាយើងអាចទាញយកមកធ្វើជាមេរៀនបាន។ ដូច្នេះខ្ញុំសូមដកស្រង់យកមកចុះផ្សាយនៅទីនេះដើម្បីទុក​ឲ្យមិត្តអ្នកអានយក​អាចធ្វើជាគតិសម្រាប់ពិចារណាដូចតទៅ៖

រូបថត (រាប់ពីឆ្វេងទៅស្តាំ)៖ លោក Zelensky (ប្រធានាធិបតីអ៊ុយក្រែន) លោក Donald Trump (ប្រធានាធិបតីសហរដ្ឋអាមេរិក) លោក JD Vance (អនុប្រធានាធិបតីសហរដ្ឋអាមេរិក)
រូបថត (រាប់ពីឆ្វេងទៅស្តាំ)៖ លោក Zelensky (ប្រធានាធិបតីអ៊ុយក្រែន) លោក Donald Trump (ប្រធានាធិបតីសហរដ្ឋអាមេរិក) លោក JD Vance (អនុប្រធានាធិបតីសហរដ្ឋអាមេរិក)

[…….] នៅខែមិថុនា ឆ្នាំ ១៩៤០ បន្ទាប់យកឈ្នះលើប្រទេសបារាំងបានហើយ ហ៊ីត្លែរ ក៏បានងាកទៅរកចក្រភពអង់គ្លេសវិញម្តង។ ក៏ប៉ុន្តែអង់គ្លេសខុសពីបារាំង គឺខុស​នៅត្រង់ថាអង់គ្លេសគឺជាប្រជុំកោះដែលហ៊ុំព័ទ្ធទៅដោយសមុទ្រជាខែលការពារ ដូច្នេះប្រសិនបើហ៊ីត្លែរចង់​ឈ្លានពានអង់គ្លេស ហ៊ីត្លែរចាំបាច់​ត្រូវបញ្ជូនកងទ័ព​ឆ្លងកាត់​ច្រកសមុទ្រ English Channel ដែលវា​មិនមែនជារឿង​ងាយស្រួលនោះទេ ដោយសា​រអង់គ្លេសនៅពេលនោះគឺជាមហាអំណាចកងទ័ពជើងទឹកដ៏ធំមួយនៅក្នុងពិភពលោក ខណៈដែលកងទ័ពជើងទឹកអាល្លឺម៉ង់វិញកំពុងតែមានសភាពទន់ខ្សោយយ៉ាងខ្លាំងបន្ទាប់ពីរងការខូចខាតយ៉ាងដំណំក្រោយពីប្រតិបត្តិការណ៍ឈ្លានពានប្រទេសន័រវែសកាលពីខែមេសា ឆ្នាំ១៩៤០កន្លងទៅ។

តាមការពិត ហ៊ីត្លែរ ក៏មិនសូវជាចង់ធ្វើសង្រ្គាមជាមួយចក្រភពអង់គ្លេសដែរនៅពេលនោះ។ ប្រសិនបើអង់គ្លេសយល់ព្រម ហ៊ីត្លែរ សុខចិត្ត​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចែក​​អំណាច​ជាមួយ​​អង់គ្លេស ដោយ​អង់គ្លេសធ្វើជា​អំណាច​ជើង​ទឹក ហើយ​អាល្លឺម៉ង់ធ្វើជាមហាអំណាចជើងគោកនៅអឺរ៉ុប។

នៅពាក់កណ្តាលខែកក្កដាឆ្នាំ ១៩៤០ ហ៊ីត្លែរបានប្រកាសជាសាធារណៈស្នើឲ្យមានការចរចាជាមួយអង់គ្លេសដើម្បីបញ្ចប់សង្រ្គាម។ នៅពេលនោះ មានអ្នកនយោបាយ និងសមាជិករាជវង្សរបស់អង់គ្លេសមួយចំនួន​ចង់ឲ្យអង់គ្លេសធ្វើការចរចាជាមួយហ៊ីត្លែរ ដើម្បីបញ្ចៀសសង្គ្រាម ក៏ប៉ុន្តែ​លោក​ Winston Churchill ដែលទើបតែឡើងមក​កាន់​តំណែង​ធ្វើជានាយករដ្ឋមន្ត្រីរបស់អង់គ្លេស​បាន​ជាងពីរខែបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា​៖ «ក្នុងឋានៈជាមហាអំណាចដែលមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ អង់គ្លេសមិនអាចយកតែរួចខ្លួនឯង ហើយសុខចិត្តទុកបណ្តោយឲ្យហ៊ីត្លែរកាន់កាប់ប្រទេសនៅអឺរ៉ុបដែនគោកដែលជាសម្ព័ន្ធមិត្តរបស់អង់គ្លេស ហើយដែលអង់គ្លេសធ្លាប់ចុះកិច្ចព្រមព្រៀងសន្យាជួយការពារនោះទេ។ »

រូបថត៖ លោក Winston Churchill ក្នុងឯកសណ្ឋានយោធាដើម្បីបង្ហាញសាមគ្គីភាពជាមួយកងទ័ព
រូបថត៖ លោក Winston Churchill ក្នុងឯកសណ្ឋានយោធាដើម្បីបង្ហាញសាមគ្គីភាពជាមួយកងទ័ព

ដូចមិត្តអ្នកអានបានឃើញស្រាប់ គោលនយោបាយការបរទេសរបស់អាមេរិកគឺមានលក្ខណៈខុសប្លែកឆ្ងាយពីអង់គ្លេស អឺរ៉ុប និងប្រទេសផ្សេងៗទៀតដាច់ស្រឡះ។ អាមេរិកមិនដែលចាត់ទុកសម្ព័ន្ធភាព ឬមនោសញ្ចេតនាគឺជារឿងអាទិភាពនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួននោះទេ។ ជាក់ស្តែងការដែលអាមេរិកបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួននេះក៏មិនមែនជាលើកទីមួយនោះដែរ ឧទាហរណ៍៖ អាមេរិកធ្លាប់បោះបង់ចោលវៀតណាមខាងត្បូងនៅឆ្នាំ១៩៧៥ ដោយទុកបណ្តោយឲ្យវៀតណាមត្បូងប្រឈមមុខតែម្នាក់ឯងជាមួយវៀតណាមខាងជើងដែលគាំទ្រដោយចិន និងរុស្ស៊ី អាមេរិកធ្លាប់បោះបង់ចោលសាធារណៈរដ្ឋខ្មែររបស់សេនាប្រមុខលន់ ណុលដោយទុកបណ្តោយឲ្យសាធារណៈរដ្ឋខ្មែរ​ប្រឈមមុខតែម្នាក់ឯង​ជាមួយកងទ័ពរបស់កម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពតដែលគាំទ្រដោយចិន អាមេរិកធ្លាប់​បោះបង់ចោលអាហ្វហ្គានីស្ថានឲ្យប្រឈមមុខជាមួយពួកតាលីបង់តែម្នាក់ឯង និងក្នុងពេលថ្មីៗនេះអាមេរិកកំពុងតែព្យាយាមដោះដៃចោលអ៊ុយក្រែន ឬបើទោះអាមេរិកនៅបន្តគាំទ្រអ៊ុយក្រែនក៏ដោយ ក៏ត្រូវឈរលើផលប្រយោជន៍អាមេរិកពោលគឺអ៊ុយក្រែនត្រូវឲ្យអាមេរិកចូលទៅជីកយករ៉ែជាដើម។ល។ ដូចមានភាសាមួយឃ្លាបានពោលថា៖ នៅក្នុងទំនាក់ទំនងអន្តរជាតិ គ្មានទេមិត្ត គ្មានទេសត្រូវ គឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត តាមការសង្កេតរបស់ខ្ញុំ ប្រជាជនអាមេរិកទៀតសោតមិនសូវខ្វល់ខ្វាយរឿងជាតិនិយមប៉ុន្មាននោះទេ អាចដោយសារអាមេរិកជាប្រទេសដែលប្រម៉ូលផ្តុំទៅដោយអន្តោប្រវេសន៍មកពីច្រើនប្រទេសចម្រុះគ្នា ដូច្នេះអ្នកណាដែលមានសមត្ថភាពធ្វើឲ្យប្រទេសជាតិរីកចំរើន សេដ្ឋកិច្ចរីកចម្រើន។ល។ គឺគេជ្រើសរើសអ្នកនោះហើយ។

យ៉ាងណា នេះគឺគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។ ចុះមិត្តអ្នកអានវិញ យល់ឃើញយ៉ាងណាដែរ?

ការឧទ្ទិស ឬការសង​គុណ​មួយដែលត្រឹមត្រូវ

នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ 60 Minutes លោក Antony Blinken (អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកក្នុងអាណត្តិរបស់លោកប្រធានាធិបតី Joe Biden) ត្រូវបានពិធីករក្នុងកម្មវិធីនោះចោទសួរគាត់​​ទាក់​ទង​នឹងមូលហេតុ​ដែល​គាត់មិន​ព្រម​សុំច្បាប់​ឈប់សម្រាកពីការងារ​ ហើយ​​នៅតែ​បន្ត​ធ្វើការងារ​តាមកាលវិភាគរបស់គាត់ដដែល បើទោះបីជា​ឪពុក​របស់គាត់​​ទើប​តែ​ទទួល​មរណៈភាព​​បាន​មួយថ្ងៃ​ប៉ុណ្ណោះក៏​ដោយ​។ ចម្លើយ​របស់គាត់​គឺ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំមាន​ក្តី​រំភើប និង​មានការ​ស្ងប់ស្ងែង​​ជា​ខ្លាំងលើរូបគាត់​ ដូច្នេះ​ខ្ញុំសូមដក​ស្រង់​ខ្លឹម​សារ​នៃ​កិច្ច​សម្ភាសន៍​នោះ​​យក​មក​ចែករំលែក​ដល់​មិត្ត​អ្នក​អាន​គ្រប់​គ្នានៅ​ទី​នេះ​​ទុកជា​គតិ​សម្រាប់​ពិចារណា​ផង​ដែរ​​។

ខាងក្រោមនេះគឺជាខ្លឹមសារដើម​ដកស្រង់​ចេញ​ពី​កិច្ចសម្ភាសន៍នោះ ហើយ​ខ្ញុំសូមភ្ជាប់ផង​ដែរ​នូវ​លីងវីដេអូដើមនៃកិច្ចសម្ភាសន៍ទាំងស្រុងនៅខាងក្រោមនេះ​ (ដើម្បីទស្សនា​តែ​ចំនុចដែលទាក់ទងនឹងខ្លឹមសារដែលខ្ញុំបាន​លើក​ឡើង​ពី​ខាង​លើ​​ សូមមិត្តអ្នកអានចុចទស្សនា​លើវីដេអូខាងក្រោមនេះនៅនាទី 10:57)។

​ពិធីករ៖ ឪពុករបស់លោកគឺជាអតីតឯកអគ្គរដ្ឋទូត (សហរដ្ឋអាមេរិក) ប្រចាំនៅប្រទេសហុងគ្រី ហើយក្នុងខណៈពេលដែលពួកយើងកំពុងអង្គុយនៅទីនេះដែលត្រូវនឹងពេលល្ងាចថ្ងៃសុក្រ ឪពុករបស់លោកគឺបានទទួលមរណៈភាពកាលពីយប់ម៉ិញ។ ដូច្នេះខ្ញុំឆ្ងល់ថាហេតុអ្វីបានជា​លោកនៅតែបន្តធ្វើការងារតាមកាលវិភាគដ៏មមាញឹករបស់លោកដដែល​បន្ទាប់ពីថ្ងៃដ៏សោកសៅនៅក្នុងគ្រួសាររបស់លោក​ដូច្នេះ?

លោក Antony Blinken បានឆ្លើយតបវិញថា៖ ឪពុករបស់ខ្ញុំគាត់​មានអាយុ ៩៦ឆ្នាំ គាត់គឺជាបុគ្គល​គំរូរបស់ខ្ញុំក្នុងរឿងរ៉ាវ​ជាច្រើន។ គាត់បានបង្កើតអាជីវកម្មមួយ​ដែលគួរកត់សម្គាល់ (នោះគឺ) ធនាគារវិនិយោគក្នុងចំនោម​ធនាគារ​វិនិយោគផ្សេង​ទៀតជាច្រើន​​ដែលឈានមុខគេនៅទីនេះអស់រយៈពេលជាច្រើនឆ្នាំ។ គាត់រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសមរម្យ ដែល​គឺជាកត្តាជំរុញផ្លូវចិត្ត​របស់ខ្ញុំ (ឲ្យចង់ធ្វើដូច​គាត់​ដែរ)។ ដូច្នេះខ្ញុំគិតថា ដើម្បីជាការផ្តល់​នូវកិត្តិយស(ឧទ្ទិស​)ដល់គាត់ វិធីដ៏ល្អបំផុតគឺខ្ញុំត្រូវតែបន្តធ្វើការងាររបស់ខ្ញុំ។

លោក Antony Blinken នៅក្នុងកិច្ចសម្ភាសន៍ជាមួយប៉ុស្តិ៍ 60 Minutes
លោក Antony Blinken នៅក្នុងកិច្ចសម្ភាសន៍ជាមួយប៉ុស្តិ៍ 60 Minutes

គតិសម្រាប់ពិចារណា៖

ប្រសិន​បើមើល​តែ​ភ្នែក ឬស្តាប់​តែ​ត្រចៀក​ទទេដោយ​​មិន​បានស្តាប់ការបកស្រាយមួយ​នេះ​​ អ្នកខ្លះអាច​នឹងវាយ​តម្លៃថា​គាត់ (Antony) ​គឺ​ជាកូនអកត្តញ្ញូ​ ឬ​ជាមនុស្សដែល​គ្មាន​មនោសញ្ចេតនា​​ម្នាក់​ ព្រោះ​​គ្មាន​ពេលនៅ​ក្បែរ​គ្រួសារ​​របស់​ខ្លួន​សូម្បីតែ​ថ្ងៃដែលអ្នក​មាន​គុណ​របស់​ខ្លួន​ទទួលមរណៈភាពដូច្នេះ ប៉ុន្តែប្រសិន​បើអ្នកពិចារណា​ និង​ស្វែងយល់ឲ្យស៊ីជំរៅ​នោះ ការដែលគាត់ធ្វើដូច្នេះគឺជាការឧទ្ទិស ឬតបស្នង​ដ៏ត្រឹមត្រូវបំផុតដល់ឪពុក​របស់​គាត់​។ ខ្លឹម​សារ​នៃ​ចម្លើយ​​របស់​គាត់គឺ​គាត់​ចង់​មានន័យ​ថាកាល​ពី​ពេល​ឪពុក​របស់​គាត់​នៅ​រស់​ ​ឪពុក​របស់​គាត់គឺ​​ជា​មនុស្ស​ម្នាក់​ដែល​ប្រឹង​ប្រែង​ធ្វើការ​​ហើយ​រស់​នៅ​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ (មិន​កេងប្រវ័ញ​អ្នក​ដទៃ)​ ដូច្នេះ​ឪពុក​របស់​គាត់ក៏​​មុខ​ជា​ចង់​ឃើញ​កូន​ប្រុស​របស់​គាត់​យក​គំរូ​តាម​​ខ្លួន​ដែរ ដូច្នេះ​ការ​ដែល​លោក​នៅ​តែ​បន្ត​ធ្វើ​ការមិន​ឈប់​​ដូច្នេះ​គឺ​មិន​ខុស​អ្វី​​ពីគាត់​​ធ្វើ​ឲ្យ​ឪពុក​របស់​គាត់​សប្បាយ​ចិត្ត​នោះ​ទេ ហើយ​​ប្រសិន​បើវិញ្ញាណ្ណក្ខន្ធរបស់​ឪពុក​គាត់​​បានឃើញ​រឿងនេះ​នោះ ឪពុក​របស់​គាត់ក៏​ប្រាកដ​ជាមានមោទនៈភាពជាមួយកូនគាត់​ខ្លាំងណាស់។

ដូចគ្នានៅក្នុង​សង្គមយើង​​សព្វថ្ងៃនេះ​ដែរ ឪពុកម្តាយខ្លះគាត់មិនដែលរំពឹងការតបស្នងជាទ្រព្យសម្បត្តិអ្វីពីកូនរបស់ពួកគាត់ឡើយ ពោលគឺគាត់សុំឲ្យតែកូនរបស់គាត់ធ្វើជាមនុស្សល្អក្នុង​សង្គម​ រឹងមាំតស៊ូមិនបោះបង់ក្នុងជីវិត។ល។ គឺគាត់សប្បាយចិត្តណាស់ទៅហើយ។ បើទោះបីពេលខ្លះ​ពួក​គាត់​មិន​បាន​ជួប​មុខ​កូន​របស់ពួក​​គាត់ដោយ​​ផ្ទាល់​ហើយ​ពួកគាត់​គ្រាន់តែលឺដំណឹងល្អនោះ​ពីចម្ងាយក៏​ដោយ​ ក៏ពួកគាត់សប្បាយចិត្តណាស់ទៅហើយៗនោះគឺពិត​ជាការឧទ្ទិស ឬតបស្នងដ៏ត្រឹមត្រូវបំផុតចំពោះអ្នកមានគុណរបស់អ្នក​។

រដូវរំហើយនៅមណ្ឌលគិរី

មុនដាច់ឆ្នាំ២០២៤ប្រហែល​មួយ​សប្តាហ៍​ខ្ញុំបានដាក់ច្បាប់​ឈប់សម្រាកពីការងារ​ប្រហែល៥ថ្ងៃ​ ប៉ុន្តែ​ជាក់​ស្តែង​ក្នុងការដាក់​ច្បាប់នោះ​គឺខ្ញុំគ្មានគម្រោងថាទៅណា​ឆ្ងាយ​ឡើយ ពោលគឺខ្ញុំ​គ្រាន់តែចង់​ទៅ​​លេងស្រុកកំណើតសម្រាក២ ឬ៣ថ្ងៃឲ្យស្រឡះខួរ​តែប៉ុណ្ណោះ ព្រោះបញ្ហាគឺថា​មិនដឹងថាគួរ​​​ទៅ​ណា​?​ ទៅជាមួយអ្នកណា? ហើយបញ្ហាសំខាន់គឺអត់លុយ..ហាហា​។​ ដោយចៃដន្យ ខ្ញុំបានឃើញនូវ​វីដេអូ​មួយ​ដែលគេបង្ហោះលើ​ហ្វេសប៊ុកនិយាយអំពី​វាល​ស្មៅដ៏​ស្រស់​ស្អាត​មួយកន្លែង​ដែល​ស្ថិត​​​នៅក្នុង​​ខេត្ត​​មណ្ឌលគិរី ​​​ហើយនោះ​គឺ​​​ជា​អ្វី​ដែល​បណ្តាលឲ្យខ្ញុំជ្រើស​រើស​យក​ខេត្ត​​មណ្ឌលគិរីជា​គោលដៅ​ក្នុង​ការ​​ធ្វើ​ដំណើរ​កំសាន្ត​​របស់​ខ្ញុំ​នៅ​ពេលនោះ និង​ដោយ​គ្មាន​បាន​គ្រោង​ទុកមុនយូរ​ឡើយ​​។

តាម​ការ​ពិត​ទៅ​តាំងពីតូច​មក​​ ខ្ញុំមិនដែល​ធ្លាប់បាន​​ធ្វើដំណើរទៅខេត្តមណ្ឌលគិរី​ម្តង​ណា​ឡើយ ខ្ញុំ​ធ្លាប់​តែឃើញ​តាម​វីដេអូ​ ឬទូរទស្សន៍អំពី​ទេសភាពវាល​ស្មៅ​ខៀវខ្ចី ផ្លូវឡើងចុះទួល​ជាដើម​​ ហើយ​ខ្ញុំ​តែង​​តែចិញ្ចឹម​ចិត្ត​ និង​​មាន​ក្តី​ស្រម៉ៃ​មួយថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ភាគ​ភាគឦសាន​មួយ​នេះឲ្យ​បាន​​យ៉ាង​ហោច​ណាស់​​ម្តងក្នុង​មួយ​ជីវិត​​ ដូច្នេះ​សម្រាប់​ខ្ញុំ ការ​ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​​មណ្ឌល​គិរី​លើក​នេះ​គឺ​ជាការ​ធ្វើ​ឲ្យ​​ក្តី​ស្រម៉ៃ​ក្លាយ​ជាការ​ពិត។

ខុស​ពី​អ្នក​ដទៃ ជាទម្លាប់ និងជា​ចំណង់ចំណូល​ចិត្ត​របស់ខ្ញុំ ជំនួសឲ្យការធ្វើដំណើរទៅទីកាន់​ទី​​​កន្លែង​​ល្បីៗ ខ្ញុំចូលចិត្តការ​ធ្វើដំណើរទៅតាមតំបន់ដាច់ស្រយ៉ាលដែលមានផ្ទះអ្នកស្រុកអ្នកភូមិមូលដ្ឋាន នឹងចូល​ចិត្ត​ការ​ជួប​​ជជែកលេងជាមួយអ្នកស្រុកអ្នកភូមិមូលដ្ឋាន​អំពីជីវភាពរស់នៅរបស់​ពួក​គាត់​ជាដើម ដូច្នេះក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​មណ្ឌលគិរីជា​លើក​ដំបូង​នេះ​ ខ្ញុំមិនបានជ្រើសរើសយកការធ្វើដំណើរតាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍អ្វី​​នោះ​​ឡើយ ព្រោះខ្ញុំគិតថាការធ្វើដូច្នេះគឺខ្ញុំ​អាច​ទៅបាន​តែកន្លែងណា​ដែលគេកំណត់​ឲ្យ​ទៅតែប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​ខ្ញុំៗ​ចង់​ទៅ​កន្លែង​ណា​ដែល​ខ្ញុំ​ចង់​ទៅ ដូច្នេះអ្វីដែលមាន​ក្នុង​ខួរ​ក្បាល​របស់ខ្ញុំ​នៅ​ពេលនោះគឺ៖ ដាក់ម៉ូតូតាមតាក់ស៊ី ឬឡានក្រុង​ ជួលម៉ូតូនៅក្រុងសែនមនោរម្យ ឬជិះម៉ូតូពីភ្នំពេញទៅ? ដោយថ្ងៃ​ឈប់​សម្រាក​របស់ខ្ញុំមានរយៈពេលច្រើនថ្ងៃគួរសមដែរ ហើយខ្ញុំក៏មិនប្រញ៉ាប់ប្រញ៉ាល់ទៅណាដែរផងនោះ ខ្ញុំក៏សម្រេចចិត្តជ្រើសរើសយកជម្រើសទី៣គឺជិះម៉ូតូពីភ្នំពេញទៅតែម្តង។

ពីភ្នំពេញទៅមណ្ឌលគិរីមានចម្ងាយឆ្ងាយរហូតដល់ជាង៣៥០គីឡូម៉ែត្រ ដូច្នេះវាគឺជារឿងដ៏​ឆ្កួតលីលាមួយដែលអ្នក​សម្រេចចិត្តជ្រើសរើសយក​​ការ​ធ្វើដំណើរដោយម៉ូតូល្បើនធម្មតាមួយ ប៉ុន្តែ​ជំនួស​ឲ្យការដាក់សម្ពាធឲ្យខ្លួនឯង ផ្ទុយ​មក​វិញ ខ្ញុំបានបង្កើត​​ជម្រើស និងផ្តល់សេរីភាពឲ្យខ្លួន​ឯង​។ ដោយមិនបាន​​ធ្វើ​ដំណើរ​ប្រញ៉ាប់ប្រញ៉ាល់​ ថ្វីត្បិតថាគោលដៅរបស់ខ្ញុំគឺទៅមណ្ឌលគិរីមែន ប៉ុន្តែនៅ​​តាមផ្លូវមានផ្សារ មាន​ទីប្រជុំជនជាច្រើនហូរហែរ ហត់កន្លែងណាឈប់សម្រាកកន្លែងហ្នឹង ឃ្លានកន្លែងណាឈប់ហូបអីកន្លែងហ្នឹង ដោយហោចទៅសូម្បីតែផ្ទះសំណាក់ក៏ខ្ញុំមិនព្រមកក់ទុកមុន​ឡើយ។ សម្រាប់ខ្ញុំ​ គ្រប់ទីកន្លែងតាមផ្លូវដែលខ្ញុំ​ធ្វើដំណើរ​ឆ្លងកាត់​គឺសុទ្ធសឹង​តែ​ជាគោលដៅកំសាន្តរបស់ខ្ញុំទាំងអស់។​

ខ្ញុំបានចេញដំណើរ​ពីភ្នំពេញទៅនៅ​ថ្ងៃ​ទី​២៨ ម៉ោងប្រហែល៨ព្រឹក ដោយ​ធ្វើ​ដំណើរ​តាមផ្លូវជាតិ​លេខ​៦រួចឆ្លងតាមស្ពានព្រែកតាម៉ាក់តាម​ផ្លូវជាតិលេខ៨ឆ្ពោះទៅកាន់​ទីរួមស្រុកពញ្ញាក្រែកហើយបន្តដំណើរ​ឆ្ពោះទៅខេត្ត​មណ្ឌលគិរីតាមផ្លូវជាតិលេខ៧ លុះ​ពេល​​ទៅដល់ទីរួមស្រុកស្នួល(ខេត្តក្រចេះ​)​ រួចបន្ត​ធ្វើដំណើរបត់​តាម​ផ្លូវជាតិលេខ៧៦​​ទៅដល់ក្រុង​សែន​មនោរម្យ​នៅ​ម៉ោងប្រហែល៥ល្ងាច។ សរុបជារួម​ក្នុងការធ្វើដំណើរពី​ភ្នំពេញ​ទៅ ខ្ញុំបាន​ចំណាយពេលប្រហែល​៩ម៉ោង ​គិតទាំងពេល​ឈប់​សម្រាក​តាមផ្លូវផងដែរ។ ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​នោះ ពេល​ទៅ​ដល់​ផ្លូវ​បំបែក​(ក្រែក?) ខ្ញុំ​បាន​វង្វេងផ្លូវទៅ​តាម​ផ្លូវ​ជាតិ​លេខ​៧២​ (ផ្លូវទៅត្រពាំង​ថ្លុង) ទាល់​តែ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា​ខ្លួន​ឯង​វង្វេងផ្លូវហើយ​ត្រលប់​ក្រោយ​វិញ។  

កន្លែងដែលខ្ញុំឈប់ហូបបាយនៅហួសទីរួមស្រុកមេមត់បន្តិច

ពេល​ធ្វើ​ដំណើរ​តាមផ្លូវជាតិលេខ៧៦ (ចន្លោះពីស្រុកកែវសីមាទៅស្រុកអូរ​រាំង) មុនទៅដល់ក្រុង​សែន​មនោរម្យ យើងត្រូវឆ្លងកាត់ព្រៃដ៏ធំមួយ (ដែនជម្រកសត្វព្រៃកែវសីមា?) ពេល​នោះ​ម៉ូតូខ្ញុំជិតអស់សាំងទៅ​ហើយ​ ប៉ុន្តែ​ខ្ញុំមិនរំពឹង​ថា​ការធ្វើដំណើរឆ្លងកាត់ព្រៃនោះគឺនឹង​មានរយៈពេលយូរឡើយ ដូច្នេះខ្ញុំគិតថាចាំ​ចាក់សាំងនៅខាងមុខពេលមានកន្លែងលក់សាំង ប៉ុន្តែខុសពីការរំពឹងទុករបស់ខ្ញុំ ព្រោះក្នុង​ការ​ធ្វើ​ដំណើររបស់ខ្ញុំ​​ប្រហែល​ជិត​១ម៉ោង​ឆ្លង​កាត់​តាមផ្លូវក្នុង​ព្រៃ​នោះ​គឺគ្មានផ្ទះអ្នកភូមិសោះឡើយ​ ឃើញមានតែរថយន្តធ្វើដំណើរមួយៗ ហើយ​សម្រាប់​ម៉ូតូ​វិញ​ស្ទើរ​តែ​គ្មាន​ឃើញមាន​មួយ​គ្រឿង​​សោះ។ នាទី​បុក​ពោះ​ក៏បាន​ចូល​មក​ដល់ ចុងក្រោយម៉ូតូរបស់ខ្ញុំក៏ចាប់ផ្តើមបង្ហាញ​សញ្ញា​អស់​សាំង​រលីង​ គាប់​ជួនពេល​នោះ​​ទូរស័ព្ទ​របស់ខ្ញុំ​ទៀត​សោត​ក៏មិន​អាច​ប្រើ​អ៊ីនធើណេត​បានទៀត​​ ដូច្នេះ​ពេលនោះខ្ញុំដឹង​ត្រឹម​តែ​ថា​ខ្លួន​ឯង​គឺ​កំពុង​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រូវ​ហើយ ប៉ុន្តែ​មិនដឹង​ទេ​ថាតើ​ខ្លួនឯង​​ធ្វើ​ដំណើរ​មក​ដល់​ចំណុចណាហើយ​? នៅ​ចម្ងាយ​ប៉ុន្មាន​ទៀត​ទើប​ទៅដល់​កន្លែងមាន​​គេ​លក់​សាំង? តើ​ខ្ញុំ​ត្រូវធ្វើយ៉ាងណាបើអស់សាំងតាមផ្លូវ? សុំគេដាក់ម៉ូតូលើឡាន? សុំសាំងម៉ូតូគេបើជួបតាមផ្លូវ?។ល។ ដូច្នេះ​​គឺមាន​តែ​បណ្តោយតាមយថាកម្មទៅ​ចុះ។ ប៉ុន្តែ​ជាសំណាង​ល្អ​ នៅ​ពេល​ម៉ូតូ​របស់ខ្ញុំ​ហៀបនឹងរលត់​ទៅ​ហើយ (តាមខ្ញុំសន្និដ្ឋាននៅអាច​ជិះ​បាន​ប្រហែល​២​នាទី​អី​ទៀត​គឺ​រលត់ហើយ​) នៅ​ទី​បំផុត ខ្ញុំ​ក៏ចាប់​ផ្តើមបាន​​​ឃើញ​ផ្ទះ​អ្នក​ភូមិមួយពីរ ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍ត្រេក​អរ​យ៉ាង​ខ្លាំង ​​ហើយ​រឹត​តែ​គួរ​ឲ្យរំភើប​​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា​នៅ​ទីនោះ​​គឺគេ​មានលក់​សាំង។ ដោយ​មិន​បង្អង់​យូរ​ ខ្ញុំ​​ក៏បាន​ចូល​ទៅ​ចាក់​សាំង​នៅទីនោះ​ភ្លាម​។ ពេល​កំពុង​ចាក់​សាំង​បណ្តើរ ខ្ញុំ​ញញឹម​ម្នាក់​ឯង​បណ្តើរព្រោះនឹក​ឃើញ​គួរ​ឲ្យ​អស់​សំណើច​​ពេក ហើយសូម្បីតែ​​​អ្នក​លក់​សាំងក៏​ឆ្ងល់ដែរ​ថាតើ​​​ខ្ញុំញញឹម​រឿង​អីម្នាក់ៗឯងហ្នឹង? ដោយ​ឆ្លង​កាត់​បទពិសោធន៍មួយ​នេះ ដូច្នេះ​នៅពេលត្រលប់មកភ្នំ​ពេញ​វិញខ្ញុំ​មិនអាច​​ធ្វេស​ប្រហែសទៀត​ឡើយ ព្រោះ​សំណាង ឬភាព​ចៃដន្យ​​មិន​អាច​ចេះ​តែ​កើត​ឡើង​ម្តងហើយ​ម្តងទៀត​នោះ​ទេ ដូច្នេះ​ខ្ញុំបាន​ចាក់សាំងម៉ូតូ​ឡើងពេញ។

រូបភាពពេលខ្ញុំចូលចាក់សាំងម៉ូតូ (ក្រោយពេលអស់សាំងរលីង)

ពេលធ្វើដំណើរមក​ជិត​ដល់​ក្រុង​សែន​មនោរម្យ​ហើយ ខ្ញុំក៏​បានឆែកមើលទូរស័ព្ទរបស់ខ្ញុំម្តង​ទៀត​ប៉ុន្តែនៅ​តែ​មិនអាច​ប្រើ​អ៊ីនធើណេតបានដដែល​ ហើយ​​ជាក់​ស្តែង​ទឹក​ប្រាក់​ក្នុងគណនី​​របស់ខ្ញុំ​គឺ​នៅមាន​នៅឡើយ​ទេ ហើយ​សេវា​ទូរស័ព្ទ​ទៀត​សោត​ក៏​នៅ​មាន​ច្រើន​គួរ​សម​ដែរ ប៉ុន្តែពេល​នោះ​​ខ្ញុំ​ក៏​មិន​បាន​ចាប់​អារម្មណ៍តេសួរ​ក្រុមហ៊ុនទូរស័ព្ទ​​នោះ​ដែរ ម្យ៉ាង​ដោយ​​សារ​ខ្ញុំមាន​​ WiFi នៅផ្ទះសំណាក់​ និងនៅ​​ទីតាំង​ហាង​មួយចំនួន​ទៀត​ដែល​ខ្ញុំបាន​ទៅដែល​អាច​ប្រើបាន និង​ម្យ៉ាង​ទៀតដោយ​សារ​​​ខ្ញុំគិតថា​ប្រហែលដោយសារខ្ញុំ​ធ្លាប់​តែ​ប្រើ​ក្នុង​ក្រុង​ភ្នំពេញ ហើយ​ពេល​មកដល់​មណ្ឌលគិរីជាតំបន់ដាច់ស្រយ៉ាល(ជិត​វៀតណាមផង​នោះ) ​ហើយទើបប្រព័ន្ធទូរស័ព្ទដែលខ្ញុំប្រើនោះមិន​អាច​ប្រើ​អ៊ីន​ធើណេត​បាន​ដូច្នេះ​? ប៉ុន្តែ​ពេលខ្ញុំត្រលប់មកដល់ភ្នំពេញវិញ ទើប​ខ្ញុំសាក​តេសួរក្រុមហ៊ុនថាហេតុអ្វីទូរស័ព្ទរបស់ខ្ញុំអាច​តេចេញបាន ប៉ុន្តែមិនអាចប្រើអ៊ីនធើណេតបានដូច្នេះ​? ចម្លើយ​គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​​ស្រង៉ាក​ចិត្ត​ជា​ខ្លាំង​ ព្រោះ​ជាក់​ស្តែង​​វា​មិន​មែន​ដោយ​សារ​តែ​នៅ​មណ្ឌល​គិរី​ជា​តំបន់​ដាច់​ស្រយ៉ាល​​គ្មាន​អ៊ីន​ធើណេត​ដូចអ្វី​ដែល​​ខ្ញុំ​គិត​នោះ​ឡើយ តាម​ការ​ពិតគឺ​វា​ពាក់​ព័ន្ធ​នឹង​គម្រោង​អ៊ីនធើណេត​ដែល​ខ្ញុំ​ភ្ជាប់ទៅ​វិញ​ទេ។ បញ្ហា​គឺ​ថា​ដោយ​សារ​លុយ​ក្នុង​គណនី​ដែល​ខ្ញុំ​មាន​ជាក់​ស្តែង​វា​មិន​គ្រប់គ្រាន់​​ក្នុង​ការ​បន្ត​ភ្ជាប់​គម្រោង​អ៊ីន​ធើណេត​ដែល​ខ្ញុំ​ធ្លាប់​ភ្ជាប់តែ​ប៉ុណ្ណោះ បើ​ពេល​នោះ​ខ្ញុំ​បញ្ចូល​លុយ​តែ​បន្តិច​ទៀត​នោះ​ខ្ញុំ​មាន​អ៊ីនធើណេត​ប្រើ​ធម្មតា​ហើយ។

វាលស្មៅដែលខ្ញុំឈប់ថតមុនគេតាមផ្លូវមុនទៅដល់ក្រុងសែនមនោរម្យ

ពេលមក​ដល់ជាយ​ក្រុងសែនមនោរម្យ ពី​លើ​ទី​ទួល​ខ្ពស់​មួយ ខ្ញុំបាន​ឃើញមេឃខ្មៅងងឹតនៅ​ទីរួម​ក្រុង(មើល​ពីចម្ងាយ) ពេល​នោះ​ខ្ញុំគិតថានោះគឺជាភ្លៀងធ្លាក់​ដ៏​ខ្លាំង​មួយ​ ប៉ុន្តែជាក់​ស្តែងនៅ​ពេល​ខ្ញុំ​ធ្វើដំណើរ​ទៅ​ដល់​កណ្តាល​ក្រុង​ តាម​ការ​ពិត​​វា​គឺជាទឹកសន្សើម (ដោយសារខ្យល់រងារខ្លាំងពេក?) តែប៉ុណ្ណោះ។​

ខ្ញុំមើលពីទួលនេះទៅទីរួមក្រុងសែនមនោរម្យស្មានថាជាភ្លៀង

ដោយ​សារ​មក​ដល់​ក្រុង​សែន​មនោរម្យគឺ​​ម៉ោង​ជាង​៥ល្ងាច​​ទៅ​ហើយ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដំបូង​គេនៅ​ពេល​នោះ​គឺ​ត្រូវ​រក​កន្លែង​សម្រាកសិន​។ ​ខ្ញុំ​បាន​ជិះ​ម៉ូតូ​ក្រវែល​ទៅ​មក​ក្នុង​ក្រុង​ដើម្បីទស្សនា​ទិដ្ឋ​ភាព​​ទូទៅ​ក្នុង​ក្រុង​ផង ​និង​ជាពិសេស​គឺដើម្បី​​រកផ្ទះ​សំណាក់ផងព្រោះ​មេឃ​ចាប់​ផ្តើម​ងងឹត​ណាស់​ទៅហើយ។ នៅ​ទីបំផុត​ខ្ញុំក៏បាន​ជួលបន្ទប់​ក្នុង​​ផ្ទះសំណាក់​មួយ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រង្វង់​មូល​​ក្របីព្រៃ។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត​ក្នុង​ការ​ស្នាក់​នៅ​ផ្ទះ​សំណាក់​នោះខ្លាំង​ជាង​គេ​គឺដោយសារ​​នៅទីនោះ​មានបន្ទប់​នៅ​ជាន់​ក្រោម​ដី និង​មាន​ទឹកក្តៅងូត ព្រោះ​នៅ​ពេល​នោះ​ ខ្ញុំ​មិន​ដឹង​ថា​តើ​អ្នក​នៅ​ក្រុង​សែន​មនោរម្យ​ផ្ទាល់​មាន​អារម្មណ៍បែប​ណា​ចំពោះ​អាកាសធាតុ​បែបនោះទេ​ ប៉ុន្តែ​សម្រាប់​​ខ្ញុំ​ៗ​មិនដែល​ធ្លាប់​ជួប​អាកាស​ធាតុ​ត្រជាក់​បែបនោះពី​មុន​មក​​ឡើយ។ ជាក់​ស្តែង​នៅ​ក្នុង​ការស្នាក់នៅរបស់​ខ្ញុំ​រយៈ​ពេល​២យប់២ថ្ងៃ​នៅទី​នោះ ខ្ញុំ​មិន​បាន​សូម្បីតែ​ងូត​ទឹក​ត្រជាក់ ម្តង (មិនថាពេលយប់ ឬពេលថ្ងៃឡើយ) ហើយ​ក៏មិនបានប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់សោះឡើយ។

បន្ទាប់​ពី​រក​បាន​ផ្ទះសំណាក់​ និង​​ងូត​ទឹក​រួចស្រេច​ហើយ​ ខ្ញុំ​ក៏បាន​ឆ្លៀត​ជិះ​ម៉ូតូ​ទស្សនា​ទិដ្ឋភាព​ក្រុង​សែន​មនោរម្យ​នៅពេល​រាត្រីនិង​ផ្តិត​យក​រូប​ភាព​មួយ​ចំនួន ហើយ​ក៏ត្រលប់​មក​សម្រាក​វិញ​ព្រោះ​ជិះម៉ូតូ​ពេញ​មួយ​ថ្ងៃ​អស់កម្លាំង​ផង និង​ដើម្បី​សម្រាក​យកកម្លាំង​ធ្វើដំណើរ​ទៅ​កាន់ទីកន្លែង​​ដែល​ត្រូវ​ទៅ​នៅថ្ងៃបន្ទាប់​ផង។  

ក្នុង​រយៈ​ពេល​២យប់២ថ្ងៃនៅ​មណ្ឌលគិរី​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​មួយចំនួន​ដែល​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំហាក់​​មាន​អារម្មណ៍ថា​ការ​ធ្វើ​ដំណើរ​មួយ​នេះ​គឺ​ដូច​ជា​ការ​ផ្តល់​​ឲ្យ​ខ្លួន​ឯង​នូវ​កាដូរចុង​ឆ្នាំមួយ​​ដែលខ្លួន​ឯង​សាក​សមនឹង​​ទទួល​បានបំផុត​​​បន្ទាប់​ពី​​ការខិត​ខំ​​ប្រឹងប្រែង​ក្នុង​ជីវិតរយៈ​ពេល​​​ពេញ​មួយ​ឆ្នាំ​កន្លង​ផុតទៅ (បើ​ទោះ​បី​ពេល​ខ្លះ​លទ្ធ​ផលដែល​បាន​មក​វា​​មិន​បាន​សមប្រកប​ដូចអ្វី​ដែល​បាន​គ្រោង​ទុក​​ទាំង​អស់​ក៏ដោយ​)។ អាកាសធាតុត្រជាក់ខ្លាំង​ ដេកដណ្តប់ភួយ និង​ពាក់​អាវក្រាស់ៗ ងូតទឹកក្តៅ។ល។ ទាំងអស់​​នេះ​សុទ្ធ​សឹង​តែ​ជា​ក្តី​សុខ​ផ្លូវ​ចិត្តខណៈ​ពេល​ដែល​ខ្ញុំស្នាក់​នៅ​​មណ្ឌលគិរី​ហើយ​​សូម្បី​រហូត​មក​ទល់​នឹង​ពេល​នេះ​ សូម្បី​តែ​នឹក​ឃើញ​ក៏​មាន​ក្តីសុខ​ដែរ​។ ​ពេលធ្វើដំណើរតែ​ម្នាក់ឯងកាត់តាមវាលស្មៅដ៏ធំល្វឹងល្វើយដូច​ក្នុង​ផ្ទាំង​គំនូរ​ ឡើងទួលចុះទួល ខ្ញុំមានអារម្មណ៍ថាខ្ញុំបានព្រលែងខ្លួនឯងឲ្យហោះហើរ។​

មុននឹងមិត្តអ្នកអានបន្តការអានតទៅមុខទៀត ខ្ញុំសូមគោរព​អញ្ជើញ​លោកអ្នករីករាយ​ស្តាប់​កំសាន្ត​នូវបទ​ចម្រៀង​មួយបទសិនទុកជាការកំសាន្តអារម្មណ៍។

បទ៖ ដល់វេលាត្រូវបែកទើបថាបងមិនសាកសម (ច្រៀងដោយ៖ ឆន សុវណ្ណរាជ)

នៅជាយ​​ក្រុង​សែន​មនោរម្យ​នោះ មាន​ហាង​កាហ្វេ​មួយ​ឈ្មោះ​ថា​កាហ្វេ​ដងអូរ ទីនោះ​ក៏គឺជា​កន្លែង​​មួយដែលបាន​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ខ្លាំង​ក្នុង​ចំណោម​កន្លែងផ្សេងៗទៀត​នៅ​មណ្ឌលគិរីដែល​ខ្ញុំ​បាន​ទៅ​ដែរ​​។ តាម​ការ​ពិត​ទៅ​ ខ្ញុំ​មិនបាន​​ជាប់​សាច់ញាតិអ្វី​ជាមួយម្ចាស់​ហាងកាហ្វេ​នោះ​ទេ​ ហើយ​ខ្ញុំក៏មិនទទួល​បាន​ផលប្រយោជន៍​អ្វីមួយ​កាក់​មួយ​សេន​ពីការ​សរសេរ​ក្នុង​អត្ថបទ​នេះ​ដែរ ប៉ុន្តែ​សម្រាប់​ខ្ញុំ​នៅ​ទីនោះ​គឺលើស​ពីហាងកាហ្វេ ហើយ​រយៈពេល​មួយម៉ោង​នៅទីនោះ​គឺ​ប្រៀបដូច​ជា​១នាទីតែប៉ុណ្ណោះ។ ផឹកកាហ្វេក្តៅអ៊ុនៗ​ក្រោម​អាកាសធាតុ​ត្រជាក់ពេល​ព្រលឹម​ ស្តាប់​សម្លេងទឹកហូរ​តិចៗ​អមទៅដោយ​សម្លេង​សត្វ​បក្សី​យំឆ្លងឆ្លើយ​គ្នា​ តើ​វា​មិនមែន​ជា​ក្តីសុខទេឬ? ដូច្នេះហើយ​​​វាមិន​មែន​ជា​រឿងដែល​​ចម្លែក​នោះ​ទេ​ដែល​ខ្ញុំ​ទៅ​មណ្ឌល​គិរីក្នុងរយៈពេលខ្លី​ត្រឹម​​តែ​២ថ្ងៃប៉ុណ្ណោះ​ ហើយ​ខ្ញុំបាន​ទៅទីនោះ​រហូត​ដល់២លើក។​

ពេល​​វេលា​ពិត​ជា​ដើរ​លឿន​មែន​ ថ្ងៃ​ដែល​ត្រូវ​ត្រលប់​មក​ភ្នំពេញ​វិញ​ក៏​បាន​មក​ដល់​។ នៅ​ព្រឹក​ថ្ងៃ​ត្រលប់​​មកវិញ​ ខ្ញុំ​ឆ្លៀត​ទៅ​លេង​ភ្នំដោះ​ក្រមុំ​ដែល​គឺ​ជា​និមិត្ត​រូប​មួយ​របស់​ខេត្ត​មណ្ឌល​គិរី ហើយ​នោះ​គឺ​ជាកន្លែង​ល្បីតែ​មួយ​គត់របស់​ខេត្ត​មណ្ឌល​គិរី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ទៅ។

ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រុង​សែន​មនោរម្យ​នៅ​ម៉ោង​ប្រហែល​១២ថ្ងៃត្រង់ (ថ្ងៃទី៣០) ហើយ​បាន​ធ្វើ​ដំណើរ​​តាម​ផ្លូវ​តែ​មួយ​ដូច​កាល​ពី​ពេល​ធ្វើ​ដំណើរ​ពីភ្នំពេញ​ទៅ​ដែរ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​រង្វង់​មូល​ទីរួមស្រុកស្នួល (ខេត្តក្រចេះ) ដោយ​មិន​បាន​ចាប់​អារម្មណ៍ពេល​​មក​ដល់​ផ្លូវ​បំបែក​ ខ្ញុំ​បែរ​ជា​ជិះ​ច្រឡំផ្លូវ​ទៅ​ទីរួមខេត្ត​ក្រចេះទៅ​វិញ​ ទាល់​តែ​ជិះ​បាន​ចម្ងាយ​ប្រហែល​៨គីឡូម៉ែត្រ​ជាង​ពី​ទីរួម​ស្រុក​ស្នួល​ ទើប​ខ្ញុំ​មាន​អារម្មណ៍ថាខ្លួន​ឯងហាក់​ដូច​ជា​​​ជិះ​ខុស​ផ្លូវហើយ​​ ពេល​នោះខ្ញុំ​បាន​​បើកទូរស័ព្ទ​មើល​ផែន​ទីដែរ​ប៉ុន្តែដោយ​សារ​​អ៊ីនធើណេត​ទូរស័ព្ទរបស់​ខ្ញុំ​​នៅ​តែមិនដំណើរការ​ដដែល​ បន្ទាប់​​មក​ខ្ញុំក៏បានដាច់​ចិត្ត​​សួរ​អ្នកលក់ភេសជ្ជៈតាម​ផ្លូវថា​ផ្លូវ​ហ្នឹង​ទៅ​ណា​ ហើយ​ដូច​ការសង្ស័យ​មែន ​គាត់​ប្រាប់​ថា​ខ្ញុំគឺ​​ជិះ​ច្រលំផ្លូវ​ហើយ ដូច្នេះ​ខ្ញុំត្រូវ​ត្រលប់​ក្រោយ​​ទៅ​ទី​រួម​ស្រុក​ស្នួល​វិញ។

តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៧ ពីទីរួមស្រុកស្នួលទៅទីរួមខេត្តក្រចេះ (កន្លែងដែលខ្ញុំឈប់ទិញភេសជ្ជៈ ទើបអ្នកលក់ប្រាប់ខ្ញុំថាខ្ញុំជិះខុសផ្លូវហើយ)

ខុស​ពី​ពេល​ធ្វើដំណើរ​ពីភ្នំពេញទៅ​ដែល​ខ្ញុំ​ចេញដំណើរ​នៅពេលព្រឹក ផ្ទុយមក​វិញ​ពេល​ចេញដំណើរ​​ពី​មណ្ឌលគិរី​មកវិញ​គឺ​ខ្ញុំចេញដំណើរ​នៅ​ពេល​រសៀល​ (ម៉ោងជិត​​១រសៀល​) ហើយក្នុង​ការ​ធ្វើ​ដំណើរ​ត្រលប់​​មក​វិញ ​គ្រាន់​តែគិត​​មក​ដល់​រង្វង់​មូលទីរួម​​ស្រុកស្នួល​គឺម៉ោង​ជិត​៥ល្ងាចទៅ​ហើយ។ ព្រះ​អាទិត្យ​​រៀបនឹង​​អស្តង្គត​​ទៅ​ហើយ ចំណែក​ឯគោល​ដៅ​​ដែល​ត្រូវ​ទៅ​គឺ​នៅ​សែន​ឆ្ងាយនៅឡើយ (ប្រហែល​២០០គីឡូម៉ែត្រជាង​​ទៀតឯណោះទើប​ដល់​ភ្នំពេញ​) ដូច្នេះ​ចង់​ ឬមិន​ចង់​ខ្ញុំនឹង​​ត្រូវ​ធ្វើ​ដំណើរ​ពេល​យប់​ដោយ​ជៀស​មិន​ផុតឡើយ​។   

​ពេល​ធ្វើ​ដំណើរ​មក​ដល់​ទី​រួម​ស្រុក​ពញ្ញាក្រែក​ (ត្រង់​ចំនុច​ផ្លូវបំបែកមកត្បូង​ឃ្មុំ​) ដោយនឹក​ឃើញថាកាល​ពីពេលដែល​ខ្ញុំ​ធ្វើដំណើរតាមផ្លូវជាតិលេខ៨មកពីភ្នំពេញនោះ ថ្វី​ត្បិត​ថា​ផ្លូវ​ជាតិ​លេខ​៨​មិន​ជា​​​ពិបាក​ជិះណាស់​ណា​ក៏ដោយ ប៉ុន្តែ​ដោយ​សារ​ផ្លូវ​ជាតិ​លេខ​៨ត្រង់​តំបន់​ខ្លះ​គឺ​កំពុង​ស្ថិត​ក្រោម​ការ​ជួស​ជុល​ជាកំណាត់ៗ ហើយ​តាម​ផ្លូវ​ជាតិ​លេខ៨​នោះ​​ទៀត​សោត​ក៏មិន​សូវ​មាន​ទី​ប្រជុំ​ជនច្រើន​​ដូចនៅ​តាម​ផ្លូវ​ជាតិ​លេខ​៧មក​ត្បូង​ឃ្មុំ និង​កំពង់ចាម​ដែរ ហើយខ្ញុំ​គិត​ថា​​ការ​ធ្វើ​ដំណើរ​ពេល​យប់​ដូច្នេះ​ ការ​ជិះ​កាត់​តាមផ្លូវ​​ដែល​មាន​​ទីប្រជុំ​ជន​ច្រើន​គឺ​ជម្រើស​ដ៏​ល្អ​បំផុត​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​នៅ​ពេល​នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ខុស​​មួយ ហើយ​រឿង​រ៉ាវ Drama ក៏​បាន​ចាប់​ផ្តើម​។  

នៅត្រង់ចំនុចផ្លូវបំបែកមកផ្លូវជាតិលេខ៨នេះ (ទីរួមស្រុកពញ្ញាក្រែក) ខ្ញុំបានសម្រេចចិត្តធ្វើដំណើរតាមផ្លូវជាតិលេខ៧ឆ្ពោះទៅក្រុងសួង និងក្រុងកំពង់ចាម

ចាប់​ផ្តើម​ដំបូង​មក​ដល់​ផ្លូវ​បំបែក​ចំនុច​រង្វង់​មូល​ព្រះធាតុ​ (តាមផ្លូវ​ជាតិលេខ៧) ខ្ញុំ​បានជិះ​ច្រឡំ​ផ្លូវ​សារ​ជាថ្មីម្តងទៀត​ដោយ​ច្រឡំ​ជិះ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ​៧៣ (ឆ្ពោះ​ទៅស្រុកឆ្លូវ​ខេត្ត​ក្រចេះ) ឯណោះ​​វិញ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ម្តង​នេះ​ខ្ញុំ​មិន​បាន​ជិះ​ច្រឡំ​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​ក៏ត្រលប់​មក​តាម​ផ្លូវ​ជាតិ​លេខ​៧ឆ្ពោះ​មក​កាន់​ក្រុង​សួងវិញ​រួច​​ហើយ​បន្ត​ឆ្ពោះ​មក​កាន់​ក្រុង​កំពង់​ចាម​។

រង្វង់មូលស្តេចកន (កន្លែងមួយដែលខ្ញុំស្ទើរតែវង្វេងផ្លូវមួយលើកទៀតហើយ)

ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ស្ពាន​គីហ្សូណា​មក​ដល់​ក្រុង​​កំពង់​ចាម​នៅ​ម៉ោង​ប្រហែល​ ៧កន្លះ​យប់ នៅ​ពេល​នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរបន្ត​​តាម​ផ្លូវជាតិ​លេខ​៧ពីទីរួមក្រុង​​កំពង់ចាម​មក​ស្គន់ ហើយ​នោះ​គឺជាការ​សម្រេច​ចិត្ត​ដ៏​ខុស​ឆ្គង​មួយទៀត​។

ដោយមិនទទួល​បាន​​ពត៌មានពី​មុន​ ខ្ញុំពុំបាន​ដឹងឡើយ​ថាកំណាត់​ផ្លូវជាតិលេខ៧ចាប់​ពី​ទីរួម​ខេត្ត​កំពង់ចាមមក​ស្គន់​​នោះ​គឺ​កំពុង​ស្ថិត​ក្រោម​ការ​ជួសជុលឈូស​ឆាយ​​ទ្រង់​ទ្រាយ​ធំ (ពង្រីកផ្លូវ​ពី​២​គន្លង​​មកជា​៤គន្លង)។ នៅ​ពេល​ចាប់​ផ្តើមចេញ​ដំណើរ​​​ដំបូង​​ ខ្ញុំ​គិត​ថា​ប្រហែល​ទៅ​ខាង​មុខ​បន្តិច​ទៀត​ ផុត​កន្លែង​ជួស​ជុល​ហ្នឹង​ហើយ ខ្ញុំ​មិនបាន​​រំពឹងទេ​​ថាជាក់​ស្តែង​​​ផ្លូវដែល​មាន​ចម្ងាយ​​ជាង​៤៥គីឡូ​ម៉ែត្រនោះ​គឺ​បាន​ឈូស​ឆាយ​ហើយ​ទាំង​ស្រុង​ប៉ុន្តែ​ទើប​តែ​ធ្វើ​ឡើង​វិញ​បាន​តិច​តួច​បំផុត​ (​ក្រោយ​មក​ទើប​ខ្ញុំទទួល​បាន​ពត៌មាន​​ថា​ផ្លូវ​នោះ​គឺ​គេ​ធ្វើ​មិន​ទាន់​ទាំង​បាន​៣០ភាគរយ​ផង)​​​។ ចម្ងាយក៏​ឆ្ងាយ​គួរ​សម​ និងមានឡានដឹក​ទំនិញ​ធំៗបើកទៅ​មក​ផង ព្រម​ជាមួយ​ឡានតូចៗ​និងម៉ូតូ​បើក​ទៅបើក​មក​យ៉ាង​អនាធិបតេយ្យ​គ្មាន​ទិស​ដៅចរាចរ​ច្បាស់​លាស់​​ផង (ព្រោះ​គ្មាន​ខ្សែបន្ទាត់​បែងចែកផ្លូវទេ) ​ធ្វើឲ្យមានដីហុយយ៉ាងខ្លាំងដែល​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំងងឹត​សូន្យ​ឈឹង​​មើល​អ្វីនៅ​ខាង​មុខ​ស្ទើរ​តែ​​មិន​ឃើញសោះ​​ឡើយ​ ហើយ​ស្ថានភាព​ផ្លូវ​ដែល​គេ​ឈូស​ឆាយ​ហើយ​នោះ​ទៀត​សោត​គឺ​មាន​លក្ខណៈ​គ្រលុកតូចៗ​​ច្រើនផង និង​មាន​​ដុំថ្ម​ស្រួច​តូចៗក្នុង​ដី​​​​ មាន​ខ្សែ និង​បង្គោល​សំគាល់​កន្លែង​ការដ្ឋាន​ដោយ​តំបន់ៗផង រឹតតែ​​ញ៉ាំង​​ឲ្យ​ការធ្វើ​ដំណើរ​​​របស់​ខ្ញុំ​ពិបាក​នឹ​ង​ទៅមុខ​​លឿន​បាន​។ ​បើ​ពេល​ថ្ងៃ​វា​គឺ​ជា​រឿង​ផ្សេង ប៉ុន្តែនោះ​គឺ​ពេល​យប់ ហើយ​គួប​ផ្សំ​ជាមួយ​អារម្មណ៍​ហេវ​ហត់​មិន​ទាន់​បាន​ញ៉ាំបាយ​ល្ងាច​ផង​ ខ្ញុំ​មិន​ហ៊ាន​សូម្បី​តែ​​ស្រម៉ៃ​យប់​នោះ​ខ្ញុំ​នឹង​មក​ដល់​ភ្នំ​ពេញ​វិញ​បាន​។ លើស​ពី​អាណិត​ខ្លួន​ឯង​ ខ្ញុំពិត​ជា​អាណិត​ម៉ូតូ​របស់​ខ្ញុំ​ខ្លាំង​ណាស់ ហើយនេះ​គឺ​ជា​​អនុស្សាវរីយ៍ដ៏ជូរចត់មួយដែលមិនអាចបំភ្លេចបាននៃ​ការ​ធ្វើ​ដំណើរ​កំសាន្ត​រយៈពេល​២យប់​២ថ្ងៃទៅ​មណ្ឌលគិរីនិយាយជារួម និង​ធ្វើដំណើរត្រលប់មកភ្នំពេញវិញនិយាយ​ដោយ​ឡែក​។ ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល​៤៥​គីឡូម៉ែត្រ​ ខ្ញុំ​បាន​ចំណាយ​ពេល​ធ្វើដំណើរ​រហូត​ដល់​២ម៉ោង​ជាងទើប​ផុត​។

រូបភាពតាមផ្លូវជាតិលេខ៧ (ពីក្រុងកំពង់ចាមទៅស្គន់) ពេលខ្ញុំទើបចេញពីក្រុងកំពង់ចាម

បើ​ទោះ​បី​ឆ្លងកាត់​ឧបសគ្គ​លំបាក​យ៉ាង​ណា នៅ​ទី​បំផុត​ខ្ញុំ​នៅ​តែ​អាច​ជំនះ​បានហើយ​បាន​ធ្វើ​ដំណើរ​​មក​ដល់​ភ្នំពេញ​នៅ​ម៉ោង​ប្រហែល​១០កន្លះ​យប់ដោយ​ជោគជ័យក្នុង​​ខណៈពេល​ដែល​សម្លៀក​បំពាក់​ ​កាតាប​ ​ម៉ូតូ​ និង​មុខរបស់​ខ្ញុំ​ប្រឡាក់ពោរ​ពេញ​​ទៅ​ដោយ​ធូលី​ពណ៌ក្រហមឆ្អៅ​​ដែលធ្វើ​ឲ្យ​​គេឯង​តាម​ផ្លូវជា​ពិសេស​ក្នុង​ក្រុង​ភ្នំពេញ​​​មើល​ស្ទើរ​គ្រប់​គ្នា។ មក​ដល់​ភ្នំពេញ​ភ្លាម អ្វី​ដែល​ខ្ញុំជ្រើស​ធ្វើ​មុនគេនៅពេលនោះគឺរកកន្លែងញ៉ាំបាយសិន​ ព្រោះ​ហេវ​បាយ​ខ្លាំង​ណាស់​ព្រះ​អើយ​។ មក​ដល់​បន្ទប់​ជួល​មុន​ពេល​ងូតទឹក ខ្ញុំ​បាន​ឆ្លុះកញ្ចក់​មើល​មុខ​ខ្លួនឯង ម្តាយអើយ!!! ចង់​យ៉ាប់​ជាង​មុខ​ខ្មោច​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​តាម​ទូរទស្សន៍ទៅ​ទៀត…ហាហា។ ​បន្ទាប់មកខ្ញុំក៏​​បាន​ទៅ​​​ងូតទឹកដុះសាប៊ូ​លាង​ខ្លួន​ ព្រម​ទាំង​​កក់​សក់​ឲ្យ​អស់​ធូលី​ពី​ខ្លួន​ហើយ​ចូល​ដេក។ ខ្ញុំមិន​ដឹង​ថាយប់​នោះ​ខ្លួនឯងដេកលក់តាំងពីថ្មើរ​ណាឡើយ ព្រោះ​អស់​កម្លាំង​ខ្លាំង​ពេក​ ប៉ុន្តែ​គ្រាន់​តែដឹង​ថានៅ​ថ្ងៃបន្ទាប់​ទាល់តែម៉ោងប្រហែល១១ព្រឹក​ទើប​ខ្ញុំភ្ញាក់​ដឹង​ខ្លួនជាមួយ​អារម្មណ៍ដូច​បាន​កើត​ម្តងទៀតអញ្ចឹង។

សូម​អរគុណ​ចំពោះ​មិត្តអ្នក​អានគ្រប់​គ្នា​​ចំពោះ​ការ​ចំណាយ​ពេល​អានអត្ថបទ​នេះ​​តាំង​ពី​ដើមរហូត​​ដល់​ចប់​ ​ និង​សូម​អធ្យាស្រ័យ​ព្រោះ​អត្ថបទ​រាង​វែង​បន្តិច​ហើយ​ ប៉ុន្តែសម្រាប់​ខ្ញុំ​​រឿង​រ៉ាវ​ទាំង​ប៉ុន្មាន​ដែល​បាន​រៀប​រាប់​មក​ខាង​លើ​ គឺគ្រាន់​តែ​ជា​បទពិសោធន៍ ការ​ចងចាំ អារម្មណ៍ និងការ​យល់​ឃើញ​ផ្ទាល់​ខ្លួនបន្តិច​បន្តួចដែល​ខ្ញុំ​ចង់​ចែក​រំលែក​ផង និង​គ្រាន់​តែចង់សរសេរ​ទុកជា​កំណត់ហេតុ​ផ្ទាល់​ខ្លួន​ផងប៉ុណ្ណោះ​។

សរុប​ជា​រួម​មក​ ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេងរយៈពេល២យប់២ថ្ងៃ​ (ក្នុង​រយៈផ្លូវ​ចម្ងាយ​ឆ្ងាយគួរសម) ​​ដោយប្រើ​​មធ្យោបាយធ្វើ​ដំណើរ​ដោយ​​ម៉ូតូ​​មួយ​នេះ​បាន​បង្រៀន​ខ្ញុំ​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​ដូចតទៅ​​៖

១- ការទទួលបានពត៌មានពីស្ថានភាពផ្លូវដែលអ្នកត្រូវធ្វើដំណើរឆ្លង​កាត់​គឺជារឿងសំខាន់ និង​ចាំបាច់៖ ជា​ការ​ពិត​ណាស់​ថាបើ​ទោះ​បី​ជា​​អ្នកជ្រើស​រើស​យកដោយ​ចេតនា និងដោយ​ពេញ​ចិត្ត​​​​នូវ​ការ​​ធ្វើ​ដំណើរ​បែប​ផ្សង​ព្រេង ឬ​គ្មាន​ការ​គ្រោង​ទុក​ក៏​ដោយ​ ប៉ុន្តែប្រសិន​​​បើ​អ្នកអាច​​ដឹង​មុន​ថា​ផ្លូវ​ដែល​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​មាន​ស្ថាន​ភាព​បែបណានៅ​ខាង​មុខនោះវា​កាន់​តែ​ល្អ។ ជាក់ស្តែងវា​មិន​បាន​ប្រាសចាក​ពីគោលការណ៍​នៃ​ការ​ធ្វើ​ដំណើរ​បែប​ផ្សង​ព្រេង​នោះ​ទេ ផ្ទុយ​មក​វិញ​ វា​គឺ​ជា​ផ្នែក​មួយ​នៃ​គោលការណ៍​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ទៅ​វិញ​ទេ​​ ព្រោះ​ថា​អ្នក​អាច​កំណត់​ល្បឿន​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ថា​តើ​គួរ​បើក​បរ​ក្នុង​ល្បឿន​ប៉ុណ្ណា​ឲ្យ​សម​ល្មម ហើយ​អ្នក​ក៏​នឹង​អាច​សន្និដ្ឋាន​​បាន​ផង​ដែរ​ថា​អ្នក​នឹង​អាចប្រហែល​​ទៅ​ដល់​គោល​ដៅ​របស់​អ្នក​នៅពេល​ណា។

– យកមាត់ជាផ្លូវ៖ ដូច​អ្នក​ទាំង​អស់​គ្នា​បាន​អាន​ពី​ខាង​លើ​មក​ស្រាប់​ ជា​ច្រើន​លើក​ច្រើន​សារ​ខ្ញុំ​បាន​ជិះ​វង្វេង​ផ្លូវ​ ហើយ​ខ្ញុំ​រំពឹង​តែ​ម្យ៉ាង​លើ​ផែន​ទី​ក្នុង​ប្រព័ន្ធ​អ៊ីនធើណេត ដោយ​មិន​ព្រម​សួរ​គេ​ឯង​តាម​ផ្លូវ​ដោយ​ពេល​ខ្លះ​ខ្លាច​ខ្មាស់​គេ ឬ​ពេល​ខ្លះ​ទៀត​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ​ទាំង​ស្រពិច​ស្រពិល​ជាដើម។ ប្រសិន​បើ​ពេលទាំង​​នោះខ្ញុំ​ឆ្លៀត​សួរ​គេ​តែ​បន្តិច​ ម្ល៉េះ​ខ្ញុំមិន​ច្រឡំផ្លូវ​ច្រើន​ដូច្នេះ និង​​ចំណេញ​ពេល​ច្រើនទៀត​ផង​។

– បើ​ទោះ​បី​អ្នក​វង្វេង​ផ្លូវ​​​ខុស​ពី​ផ្លូវ​ដែល​អ្នក​បាន​គ្រោង​ទុកក៏ដោយ​ ចូរ​កុំ​អាក់​អន់​ចិត្ត​ ឬមួរម៉ៅ​អី ព្រោះ​អ្នក​នឹង​ជួប​អ្វីៗ​ដែល​ថ្មីផ្សេង​ទៀតដែល​អ្នក​មិន​បាន​គ្រោង​ទុក ឬមិន​ធ្លាប់​ឃើញ​ពី​មុន ដូច្នេះចូរទទួល​យក​ដោយ​រីករាយជាមួយអ្វីដែលអ្នកបានជួបហើយ​ចាត់​ទុក​ថា​វា​ជា​និស្ស័យ​ទៅ​វិញ​ទេ​ដែល​អ្នក​បាន​មក​ដល់​ទីនោះ។ ពេល​ខ្លះអ្នក​អាច​នឹង​ជួប​គូរ​ព្រេង​របស់​អ្នក​ដោយ​សារ​រឿង​វង្វេង​ផ្លូវក៏អាច​ថា​បាន​…ហាហាហា​។

– កុំបារម្ភថាអ្នកធ្វើដំណើរតែ​ម្នាក់ឯង​ទៅ​ទី​កន្លែង​ណា​មួយអី​​ ព្រោះនៅ​ពេលអ្នក​ធ្វើ​ដំណើរ​ទៅដល់ទីនោះអ្នកនឹងជួបអ្នកដទៃផ្សេងទៀតដែលអ្នក​មិន​ធ្លាប់​ស្គាល់ពី​មុន​​ប៉ុន្តែ​មានគោលដៅតែ​មួយ​ដូចអ្នក​ដែរ​។ ជាក់ស្តែងខ្ញុំធ្វើ​ដំណើរ​ទៅ​មណ្ឌលគិរី​តែ​ម្នាក់​ឯង គ្មាន​សូម្បី​តែ​អ្នក​ជួយ​ថត​រូប​ឲ្យ​ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ទីនោះ ខ្ញុំ​បាន​ជួប​មនុស្ស​ម្នា​ជា​ច្រើន​ទៀត​ ដូច្នេះ​ខ្ញុំបាន​​ពឹងពាក់​​ឲ្យ​អ្នក​ដែល​ខ្ញុំ​បាន​ជួប​ជួយ​ថត​រូប​ឲ្យ​ ហើយដូច​គ្នា​ដែរ ​ខ្ញុំបាន​​ជួយ​ថត​រូប​ឲ្យ​គេ​វិញ ដូច្នេះ​ក៏​អាច​រាប់​បាន​ថា​ជា​និស្ស័យ​មួយ​ដែរ​។ ​

– កុំ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង៖ ពិត​ណាស់​ការធ្វើដំណើរតែ​ម្នាក់ឯងជា​ពិសេស​ការ​ធ្វើ​ដំណើរ​ពេល​យប់​ព្រលប់​គឺ​ពិតជា​មានហានិភ័យខ្ពស់ ព្រោះថា​បើអ្នក​មានបញ្ហាអ្វី​តាមផ្លូវជាដើម គឺ​មិនដឹងត្រូវទៅពឹងអ្នកណាឲ្យ​ជួយ​ឡើយ ប៉ុន្តែជំនួស​ឲ្យ​ការ​គិត​បែប​អវិជ្ជមាន​ដូច្នោះ ខ្ញុំ​តែង​តែ​គិត​ថា​ការ​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​វាបានធ្វើឲ្យ​ខ្ញុំមាន​ភាព​រឹងម៉ាំ​ ម្ចាស់​ការ និងមាន​​ការប្រុងប្រយ័ត្នកាន់តែខ្ពស់ជាង​ពេល​ធ្វើ​ដំណើរ​មាន​គ្នាទៅ​វិញទេ​​​។ ម្យ៉ាង​វិញ​ទៀត​បើ​យើងក្រឡេក​​​មើល​មក​ក្នុងខ្សែ​​ជីវិត​យើង​ម្នាក់ៗ​ជាក់​ស្តែង​ បើ​ទោះ​បី​យើង​មាន​គ្រួសារ ប្តីប្រពន្ធ​ កូនចៅ​ មិត្តភក្តិ​នៅ​ជាមួយ​ក៏ដោយ​ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​ថ្ងៃ​ណាមួយ​អ្នក​ទាំង​នោះ​នឹង​ចាក​ចោល​យើង​ម្តងមួយៗមិន​អាច​ប្រកែក​បាន​ ហើយ​ចុងក្រោយ​គឺ​មាន​តែ​យើង​​ម្នាក់​គត់​ដែល​នៅ​ជាមួយ​ខ្លួនឯងរហូត​ដល់​ថ្ងៃ​ស្លាប់​​ ឬនៅ​តែ​ម្នាក់​ឯង ដូច្នេះ​ការ​ហ្វឹក​ហាត់​ឲ្យ​ខ្លួន​ឯង​រៀន​រស់​ក្នុង​​ការ​នៅ​តែ​ម្នាក់​ឯង​គឺ​ជា​រឿង​ដែល​ចាំ​បាច់។  

ខាង​ក្រោម​នេះ​គឺ​ជា​ការ​កត់​សម្គាល់​មួយ​ចំនួន​របស់​ខ្ញុំផ្ទាល់​​ក្នុង​​ការ​ធ្វើ​ដំណើររបស់​ខ្ញុំ​​ទៅ​កាន់​ខេត្ត​មណ្ឌល​គិរី។ ប៉ុន្តែទោះ​យ៉ាង​ណា​វា​​​មិន​បាន​ឆ្លុះ​បញ្ចាំង​ពីភាព​ជាក់​ស្តែងនៅ​ក្នុង​ខេត្តមណ្ឌល​គិរីទាំង​ស្រុង​នោះ​ទេ​ ព្រោះ​ខ្ញុំ​​មាន​ភ្នែក​តែពីរ​ហើយការ​​ធ្វើ​ដំណើររបស់​ខ្ញុំ​​ទៅ​ទីនោះ​ទៀត​សោត​ក៏​មាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​ ដូច្នេះ​រាល់​ការ​កត់សម្គាល់​ទាំងឡាយ​ខាង​ក្រោម​នេះ​គឺ​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​ និង​ចេញ​ពី​បុគ្គល​ម្នាក់​ប៉ុណ្ណោះ​ ដូច្នេះ​បើ​មាន​ការ​ខុស​ឆ្គង​ត្រង់​ណា​សូម​មេត្តា​ជួយ​កែតម្រូវ។

– នៅសែនមនោរម្យពោរពេញដោយ Resort ដូចផ្សិត៖ មិន​ថា​ឆ្ពោះ​ទៅ​ខាងលិចកើតជើងត្បូងនៃ​​ក្រុង​សែន​មនោរម្យ​នោះ​ឡើយ អ្នក​នឹង​ឃើញមាន​​ Resort មាន​ច្រើន​ហូរហែរ​ ហើយ​ Resort ភាគច្រើន​មាន​ទី​ធ្លាធំៗ​នឹង​ហ៊ុម​ព័ទ្ធ​ដោយ​របង​ និង​ស្ថិត​​នៅតាម​ទីទួលៗ ចំនែក​ឯ​​ដីវាលស្មៅ​ធំៗដែល​ទំនេរ​ភាគច្រើន​ក៏​សុទ្ធ​តែ​មាន​ម្ចាស់​កម្មសិទ្ធិឯកជនកាន់​កាប់ដែរ​។

២- ផ្លូវទួល​ឡើង​ចុះខ្ពស់ៗ​៖ ខ្ញុំធ្លាប់ធ្វើដំណើរទៅកំពង់​សោមដែល​មានផ្លូវឡើងចុះ​ច្រើន​គួរ​សម​ដែរ​ ប៉ុន្តែផ្លូវ​នៅមណ្ឌល​គិរី​ជា​ពិសេស​ក្រុង​សែន​មនោរម្យផ្ទាល់​​គឺ​ផ្លូវ​គឺ​មាន​លក្ខណៈឡើង​ចុះ​ចោត​ខ្លាំង និង​​វែង​ៗជាង​ ប៉ុន្តែ​វា​​មើល​ទៅ​មិន​គួរ​ឲ្យ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ទេ ផ្ទុយ​មក​វិញ​វា​បាន​រំលេច​នូវ​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​ជា​ចំណី​ដល់​ចក្ខុ​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​វិញទេ​។  

៣- នៅក្រុង​សែនមនោរម្យមិនសូវអ៊ូរអរទេ៖ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ដំណើរ​កំសាន្ត​បែប​លំហែរខួរ​ក្បាល​​​គេច​ចេញ​ពីភាពអ៊ូរអរ​ មាន​មនុស្ស​ម្នា​ច្រើន​ ដូចនៅ​ទីក្រុងភ្នំ​ពេញ​​ ខ្ញុំសូម​ណែនាំ​ឲ្យអ្នក​ទៅ​មណ្ឌល​គិរីព្រោះ​វា​​គឺ​ជា​ជម្រើសដ៏​​ល្អបំផុត​ ​ ប៉ុន្តែប្រសិន​​បើ​អ្នក​ចង់ធ្វើ​ដំណើរ​​​កំសាន្តបែប​​សប្បាយ​មាន​​មនុស្ស​ម្នា​អ៊ូរ​អរ​ច្រើន​នោះ ខ្ញុំ​មិន​ណែនាំ​ឲ្យ​អ្នក​ទៅ​ទីនោះ​ឡើយ ព្រោះ​ជាក់​ស្តែង​​បើទោះបីជា​ថ្ងៃដែលខ្ញុំទៅនោះត្រូវជា​ថ្ងៃ​អាទិត្យផង និងត្រូវជាថ្ងៃបុណ្យជាតិផងក៏ដោយ ប៉ុន្តែ​នៅ​ទី​នោះ​គឺហាក់​មាន​សភាព​​ស្ងាត់ជ្រងំ​ (ជា​ពិសេស​ពេល​យប់)​ ស្ទើរ​តែដូច​ទី​រួម​ស្រុក​មួយ​ប៉ុណ្ណោះ​​ ប៉ុន្តែខ្ញុំ​ក៏​មិនបាន​​កត់​សម្គាល់​ឃើញ​ ឬ​មាន​អារម្មណ៍​ថា​មាន​បញ្ហា​អសន្តិសុខ​អ្វី​នោះ​ដែរ។ ​

៤- វាលស្មៅចាប់ផ្តើមងាប់ និងតំបន់​ខ្លះភ្លើងឆេះ៖ អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​តាម​វីដេអូលើ​អ៊ីន​ធើណេត​ ឬទូរទស្សន៍​អំពី​វាល​ស្មៅ​ពណ៌​ខៀវ​ខ្ចី​ស្រស់​បំព្រង​ធំៗដូច​នៅ​ប្រទេស​ស្វីស​ក្នុង​ខេត្ត​មណ្ឌល​គិរី ប៉ុន្តែ​ក្នុង​ភាព​ជាក់​ស្តែង​វាគឺ​មិន​​​ស្រស់​បំព្រង​​គ្រប់​រដូវ​កាល​នោះ​ទេ វាគឺ​​អាស្រ័យ​ទៅ​លើ​រដូវ​កាល​ដែល​អ្នក​ទៅ​។ ជាក់​ស្តែង​ក្នុង​ខែ​ដែល​ខ្ញុំ​ទៅ​គឺ​ចុង​ខែ​ធ្នូ ស្មៅ​ភាគច្រើន​ចាប់​ផ្តើម​ងាប់បណ្តើរៗ​ ហើយ​​មាន​តំបន់​ខ្លះ​មាន​ភ្លើង​ឆេះ​ទៀត​ផង​។ បើ​អ្នក​ចង់​ទៅ​ឃើញ​ស្មៅ​ខៀវ​ខ្ចី​ អ្នក​គួរ​ទៅ​លេង​នៅ​រដូវ​វស្សា (ជា​ពិសេស​ចន្លោះពី​ខែសីហា​ទៅខែតុលា) នេះ​បើ​តាម​អ្នក​ស្រុក​នៅ​ទី​នោះ​ប្រាប់​ខ្ញុំ។ ប៉ុន្តែ​ទោះ​​យ៉ាង​ណា​ក្នុង​ខែ​ដែល​ខ្ញុំ​ទៅនោះ​ គឺ​ជា​រដូវ​រំហើយ ​អាកាស​ធាតុគឺ​ចុះ​​ត្រជាក់​ និង​មាន​ខ្យល់បក់​​ខ្លាំង​ ដូច្នេះ​ចំពោះ​ខ្ញុំ​ មិន​ចំពោះ​ថា​អ្នក​ទៅ​មណ្ឌល​គិរី​នៅ​រដូវ​កាល​ណានោះ​ទេ​​ អ្នក​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់​ស្រាយ​ដូច​គ្នា។​

វាលស្មៅមួយកន្លែងនៅស្រុកអូររាំងត្រូវបានភ្លើងឆេះ

– ការរកស៊ីរបស់ប្រជាជនក្នុង​ក្រុង​សែន​មនោរម្យ​៖ ​ខ្ញុំពុំបានដឹងទេ​ថាតើ​តាម​ទិន្នន័យប្រជាជននៅទីនោះភាគ​ច្រើន​រកស៊ីអ្វីឡើយ ព្រោះជាក់​ស្តែង​​ខ្ញុំ​ពុំ​​ឃើញ​មាន​ស្រែ ហើយ​ឃើញ​មាន​ចម្ការ​តិច​តួច​បំផុត ប៉ុន្តែតាម​រយៈ​អ្វី​ដែល​ខ្ញុំបានសួរ​​បងប្រុសម្នាក់​ដែលគាត់​​ជា​មន្រ្តី​រាជ​ការ​នៅ​ទីនោះ​បាន​ប្រាប់​ភាគ​ច្រើន​អ្នក​នៅ​ទី​នោះ​ប្រកប​របរ​ជាមន្រ្តីរាជការ។

– តាមផ្លូវឆ្លង​កាត់​ព្រៃ​មានសត្វព្រៃ​ឆ្លងកាត់​៖ នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ដែន​ជម្រក​សត្វ​ព្រៃ​ស្រុក​កែវ​សីម៉ាមុន​ទៅ​ដល់​ក្រុង​សែន​មនោរម្យ អ្នក​អាច​នឹង​ជួប​សត្វព្រៃ​ដែល​ដើរ​ឆ្លង​កាត់​ផ្លូវជាតិ​​ ជា​ពិសេស​គឺ​​សត្វ​ស្វា ដូច្នេះ​ចូរ​បើក​បរ​ដោយ​ប្រុង​ប្រយ័ត្ន។

តើមានអ្វីកើតឡើងនៅកំពង់សោម?

កាលពីពេលថ្មីៗនេះ ខ្ញុំនិង​មិត្ត​ភក្តិ​ពីរបី​នាក់​ផ្សេង​ទៀត​បានទៅចូលរួម​កម្មវិធីមង្គលការ​​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហនុដែល​នៅ​ឆ្ងាយ​ពី​ទីរួម​ខេត្ត​ព្រះ​សីហនុ​គួរសម​ដែរ។ ក្រោយ​ពី​កម្មវិធី​មង្គល​ការ​ត្រូវ​​បាន​បញ្ចប់ ពួក​យើង​​ក៏ឆ្លៀត​ទៅលេងទីរួម​ខេត្ត​ព្រះសីហនុ (​កំពង់សោម) ​មួយយប់​មួយថ្ងៃ​​ដើម្បី​​លំហែកាយ​ ជា​ពិសេសគឺ​​ដើម្បី​ទៅ​លេង​សមុទ្រ​តែ​ម្តង​ ប៉ុន្តែ​ពួក​យើង​ម្នាក់ៗ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន​អំពី​អ្វី​ដែល​ពួក​យើង​ទាំង​អស់​គ្នា​បាន​ឃើញ​ពេល​ទៅ​ដល់​ទី​នោះ។

ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្តិ​ដទៃ​ទៀត​ដែល​​​ធ្លាប់​ទៅ​លេង​កំពង់សោម​កាល​ពីប្រម៉ាណ​៣ឆ្នាំ​មុន ដូច្នេះ​ខ្ញុំអាច​​នៅ​ចង​ចាំ​រូបភាព​ច្រើន​អំពីទី​នោះ​ ប៉ុន្តែ​​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ក្រោយ​ពី​ទៅ​ដល់​ទី​នោះ​លើក​នេះ​។ ខ្ញុំ​ធ្លាប់​តែ​លឺគេនិយាយ​ និង​ឃើញ​ការផ្សព្វផ្សាយ​តៗគ្នា​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​អំពី​រឿង​អសណ្តាប់ធ្នាប់​មួយ​ចំនួន​នៅ​កំពង់សោម ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​​បាន​ឃើញ​ជាក់​ស្តែង​គឺ​លើស​ពីអ្វី​ដែល​គេ​ផ្សព្វ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុកទ្វេដងទៅ​ទៀត​។  ខាង​ក្រោម​នេះ​ជា​ចំនុច​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ជាក់​ស្តែង​ក្នុង​ពេល​ខ្ញុំ​ទៅ​លេង​កំពង់សោម​ម្តង​នេះ៖

១. ភ្ញៀវ​ជាតិ និង​អន្តរជាតិ៖ ខ្ញុំ​សង្កេត​ឃើញ​ថាភ្ញៀវ​ជាតិ និង​អន្តរជាតិ(ក្រៅពីជនជាតិចិន)​គឺ​មាន​ចំនួន​តិចតួច​បំផុត​ដែល​ទៅ​លេង​ទី​នោះ(សមុទ្រ) ដោយ​មនុស្ស​ភាគ​ច្រើន​ដែល​យើង​បាន​ជួប​គឺ​ជា​ជន​ជាតិ​ចិនដែល​រស់​នៅ​ទី​នោះ​តែម្តង(មិន​មែន​ជាភ្ញៀវ​ដែល​ទៅលេង​មួយថ្ងៃ​ពីរថ្ងៃ​នោះ​ទេ) ហើយ​ភ្ញៀវ​ខ្មែរ​វិញ​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា​មិន​មែន​ជា​អ្នក​ដែល​ធ្វើ​ដំណើរ​កំសាន្ត​នោះ​ទេ ប៉ុន្តែ​ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​ និង​អ្នក​ដែលមក​ពី​ខេត្ត​ឆ្ងាយ​មក​ធ្វើ​ការ​នៅ​ទី​នោះ​ច្រើន​ជាង។

២. សេវាកម្ម៖ ខ្ញុំ​នឹង​មិត្ត​ភក្តិ​មិន​បាន​កក់ផ្ទះ​សំណាក់​មុន​ឡើយមុន​​ពេល​ពួក​យើង​ទៅ​លេងទី​នោះ​ ដោយ​ពួក​យើង​បាន​ព្រម​ព្រៀង​គ្នា​ថា​​ចាំពេល​ទៅ​ដល់​ចាំ​ដើរ​រក​ជាក់​ស្តែង​តែ​ម្តង ​ហើយ​ណា​មួយ​ដោយ​សារ​ពួក​យើង​គិត​ថា​ថ្ងៃ​ដែល​ពួក​យើង​ទៅ​លេង​នោះ​មិន​ត្រូវថ្ងៃ​ចុងសប្តាហ៍ផង ហើយ​ក៏មិន​មែន​ថ្ងៃ​បុណ្យ​ទាន​អ្វី​ដែរ​ដូច្នេះ​ប្រហែល​ជា​មិន​ខ្វះ​ទេ​ផ្ទះ​សំណាក់នោះ​ ប៉ុន្តែ​ជាក់​ស្តែង​អ្វីៗ​គឺ​ខុស​ពីការរំពឹង​ទុក​របស់​ពួក​យើង​ស្រឡះ។ ពួក​យើង​ចំណាយ​ពេល​ជាង​៥ម៉ោង​ដើម្បី​ស្វែង​រក​ផ្ទះ​សំណាក់ ហើយ​ស្ទើរ​តែ​នាំ​គ្នា​ត្រលប់​មក​ភ្នំពេញ​វិញ​ទាំង​ល្ងាចនោះ​​ទៅ​ហើយ។ ផ្ទះសំណាក់​ភាគ​ច្រើន​ដែល​មាន​គឺ​ជា​របស់​ចិន ហើយ​មាន​តម្លៃ​ខ្ពស់កប់ពពកស្ទើរ​តែ​ស្មើសណ្ឋាគារ​លំដាប់​ផ្កាយ​នៅ​សៀម​រាប ឬភ្នំពេញ​ទៅ​ហើយ​ ហើយ​ផ្ទះ​សំណាក់ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ខ្មែរ​គឺ​មាន​តម្លៃ​មិន​ក្រោម ​៤០ដុល្លារ​ទេ​ក្នុង​មួយយប់ (សម្រាប់​មនុស្ស​ពីរនាក់)​។ ចុង​ក្រោយ​ពួក​យើង​ក៏រក​បាន​ផ្ទះ​សំណាក់​មួយបន្ទប់​​ដែល​មាន​តម្លៃ​៤០ដុល្លារជាង​ក្នុង​មួយ​យប់​​ហើយ​ម្ចាស់​ផ្ទះ​សំណាក់​តំរូវ​ឲ្យ​សម្រាក​បាន​យ៉ាង​ច្រើន​បំផុត​៤នាក់​ប៉ុណ្ណោះ​ក្នុងមួយ​​បន្ទប់​នោះ​ ប៉ុន្តែ​ដោយ​សារ​ពួក​យើង​មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ជួល​បន្ទប់​ផ្សេង​មួយ​ទៀត​ផង ពួក​យើង​ក៏​ត្រូវ​បន្ថែម​លុយ​បន្តិច​ទៀត​ឲ្យ​ម្ចាស់​ផ្ទះ​ដើម្បីសំរប​សំរួល​ឲ្យ​​បាន​ដេកគ្នា​ទាំង​​៦នាក់​ក្នុង​បន្ទប់តូច​ចង្អៀត​​នោះ។

៣. ហេដ្ឋា​រចនា​សម្ព័ន្ធ និងបរិស្ថាន​ក្នុងក្រុង​៖ ឆ្នេរ​សមុទ្រ​ដែល​ធ្លាប់​តែ​សស្អាត​ ​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ មាន​​មនុស្ស​ម្នា​ច្រើន​ ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​សំរាម ទឹក​ខ្មៅកខ្វក់ និង​មិន​សូវ​មាន​មនុស្ស​ទៅ​លេង​ប៉ុន្មាន​ឡើយ ហើយ​បើ​និយាយ​ពីផ្លូវ​ថ្នល់​ក្នុង​ក្រុង​វិញ​គឺខ្ញុំ​មិន​អាច​​រក​ពាក្យ​អ្វី​មក​ប្រៀបធៀប​​ឃើញ​សោះឡើយ ព្រោះ​សូម្បី​តែថ្នល់​ក្រហម​ជនបទ​នៅ​ស្រុក​ខ្ញុំ​ក៏ខ្ញុំ​គិត​ថា​គង់​នៅ​ល្អ​ជាង​ទី​នោះ​ដែរ។

៤.​ បញ្ហា​ស្លាកយីហោពាណិជ្ជកម្ម៖ ខ្ញុំ​ធ្លាប់​បាន​ឃើញការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់​ទង​នឹង​រឿង​​អាជ្ញាធរ​បាន​ចុះ​ណែនាំ​ឲ្យម្ចាស់​អាជីវកម្ម​ទាំង​អស់​ត្រូវ​តែ​​សរសេរ​អក្សរខ្មែរ​ពីលើ​អក្សរ​បរទេសនៅ​លើ​ស្លាក​យីហោ​របស់​ខ្លួន​។ តាម​ការ​សង្កេត​របស់​ខ្ញុំ​ឃើញ​ថា​ស្លាក​យីហោ​ស្ទើរ​តែ​១០០% គឺបាន​ដាក់​អក្សរ​ខ្មែរ​នៅ​ខាង​លើ​អក្សរបរទេស(ចិន)​តាម​ការណែនាំ​​មែន ប៉ុន្តែ​អ្វី​ដែល​ជាចំនុច​​ខ្វះ​ខាត​នោះ​គឺ​ចំណង​ជើង​ជា​ភាសា​​ខ្មែរ​ទាំងនោះ​ហាក់​មាន​ភាពឆ្គងខ្លាំង​មែន​ទែន​ ឬយើង​អាច​និយាយ​បាន​យ៉ាង​ខ្លី​ថាជន​ជាតិ​ចិន​ទាំង​នោះ​ប្រហែល​ប្រើ​កម្មវិធី​បក​ប្រែ​ណាមួយ​ដូច​យ៉ាង Google Translate ជាដើម​ដើម្បី​បកប្រែ​ពីភាសា​ចិន​មក​ជាខ្មែរ​ដោយ​មិន​ចាំបាច់​ពឹង​ពាក់​ជន​ជាតិ​ខ្មែរ​ឲ្យ​បកប្រែ​ឲ្យ​ឡើយ​។ ឧ. ពាក្យ​ដែល​យើង​អាច​ស្តាប់​ និង​ទទួល​យកបាន​គឺ «ផ្ទះជួល» ប៉ុន្តែ​ស្លាកយីហោទាំងនោះ​បែរ​ជា​ដាក់​ថា «ការជួល​»ទៅ​វិញ​ជាដើម។ល។ ហើយ​បើនិយាយ​ពី​ប្រភេទ​ពុម្ភអក្សរ​វិញ​គឺរឹត​តែ​យ៉ាប់​មើល​ណាស់​ទៅ​ទៀត​ ព្រោះ​ជា​ធម្មតា​ក្នុង​ការ​សរសេរ​លើ​ស្លាក​យីហោ​ គេ​ត្រូវ​ប្រើ​ពុម្ភ​អក្សរ​ឆ្លាក់(អក្សរធំ) ប៉ុន្តែស្លាក​យីហោ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​កំ​ពង់សោម​ជាក់​ស្តែង​ភាគ​ច្រើន​មិនត្រឹម​តែ​ប្រើអក្សរ​តូចទេ ប៉ុន្តែ​ថែម​ទាំង​ប្រើ​ពុម្ភអក្សរ​ដូចដែលយើងសរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ហ្វេសប៊ុក​អញ្ចឹង​ដែរគឺ​គ្មាន​សោភ័ណ​ភាព​អ្វី​បន្តិច​សោះឡើយ​។

៥. ស្ថាប័ន​អប់រំ៖ ​ខ្ញុំ​និង​មិត្ត​ភក្តិ​បាន​ជិះ​ម៉ូតូ​ក្រឡឹង​ជុំ​វិញ​ក្រុង​មួយ​ជុំ​ធំដើម្បី​ចង់​ដឹង​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នៅទីនោះ​យ៉ាង​ណា​។ ជា​ការ​កត់​សម្គាល់​​ ខ្ញុំ​ស្ទើរ​តែ​រក​ស្ថាប័ន​អប់រំ​ក្នុង​ក្រុង​មួយ​គ្មាន​ឡើយ​ មិនចំពោះ​ថា​​ស្ថាប័ន​អប់រំ​ឯកជន ឬ​ស្ថាប័ន​រដ្ឋឡើយ​ និង​សូម្បី​តែ​សាលា​ភាសា​បរទេស​តូចតាចក៏​គ្មាន​ដែរ​។ ខ្ញុំ​នៅ​ចាំ​បាន​ថា​មាន​​តែ​សាលា​រដ្ឋ​មួយ​ប៉ុណ្ណោះ​ដែល​ពួក​យើង​បាន​ឃើញនៅ​ទី​​​នោះ​គឺ​​ វិទ្យាល័យ​ព្រះសីហនុ ហើយ​ភាគ​ច្រើន​បំផុត​នៅក្នុងទី​​ក្រុងគឺជា​កាស៊ីណូតែ​ម្តង​។

រូបភាព៖ រង្វង់​មូល​តោពីរ​នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ​កាល​ខ្ញុំ និង​មិត្ត​ភក្តិ​ទៅ​លេង​កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ២០១៩

ខ្ញុំ​មិន​ដឹង​ថា​តើ​មាន​អ្វីកើត​ឡើង​នៅ​ពី​ក្រោយ​ភាព​​រញ៉េរញ៉ៃ​នេះ​ឡើយទើបធ្វើ​ឲ្យ​កំពង់​សោម​​​ក្លាយ​ទៅ​ជា​ដូច្នេះ? ហើយ​មិន​ដឹង​ថា​អនាគត​កំពង់​សោម​នឹង​ក្លាយ​ជាយ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ជា​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ​ក្រោយ​ពី​បាន​ឃើញ​ទិដ្ឋភាព​ជាក់​ស្តែង​ទាំង​ប៉ុន្មាន​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ទឹក​ដី​កំពង់​សោម​ដូច​មិន​មែន​ទឹក​ដី​ខ្មែរទៀត​​ឡើយ ហើយ​ខ្ញុំ​ហាក់​មាន​អារម្មណ៍ថា​ខ្លួន​ឯង​ដូច​ជា​ជន​បរទេស​ម្នាក់​ទៅ​លេង​នៅ​ទី​នោះ​ដូច្នោះ​ដែរ​។​