ឃ្លាតឆ្ងាយ

ខ្ញុំបានឃ្លាតឆ្ងាយពីពិភពប្លក់អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំមិនដឹងថាមានមិត្តភក្តិចាស់ៗប៉ុន្មាននាក់ទេដែលនៅសរសេរប្លក់ជាប្រចាំនុះ។ ពេលខ្ញុំចូលមកមើលប្លក់របស់ខ្ញុំថ្ងៃនេះធ្វើអោយខ្ញុំនឹកឃើញអនុស្សាររីយជាច្រើនដែលធ្លាប់មានជាមួយមិត្តភកិ្តនៅទេនេះ យើងធ្លាប់ឆ្លងឆ្លើយគ្នាលេងយ៉ាងជក់ចិត្តតាមរយៈប្លក់នេះ។ តើខ្ញុំនៅអាចជួបពួកគេដូចកាលពីមុនដែររឺទេ?​ នឹកពួកគេណាស់!រូបភាព

ខែមិថុនា 12, 2014 at 5:59 ល្ងាច បញ្ចេញមតិ

ការងារថ្មីរបស់ខ្ញុំរហូតមកដល់ថ្ងៃទី៥

ខ្ញុំទើបតែចូលធ្វើការងារថ្មីបាន ៥ ថ្ងៃប៉ុណ្ណោះ ខ្ញុំមិនទាន់សូវមានការងារធ្វើទេ ហើយក៏មិនទាន់ចេះការងារអីដែរដូច្នេះហើយបានជាមានពេលមកសរសេរអត្ថបទ នៅទីនេះ ហេហេ…

យ៉ាងណាៗ, ខ្ញុំចង់និយាយថាខ្ញុំប្រហែលជាស្រឡាញ់ការងារថ្មីនេះហើយ ព្រោះវាជាប្រភេទការងារដែលខ្ញុំចូលចិត្ត,​ ជាអ្វីដែលខ្ញុំចង់ធ្វើជាយូរមកហើយ ^__^ សង្ឃឹមថាខ្ញុំនឹងមានឧិកាសសាងស្នាដៃ និង កេរ្ត៍ឈ្មោះនៅទីនេះបានយូរអង្វែង។ បើនិយាយពីបរិយាកាសនៅកន្លែងការងារនេះវិញ ឃើញថាគួរអោយចូលចិត្តម្យ៉ាង ដែរ។ ក្រុមហ៊ុននេះមានបុគ្គលិកប្រមាន ២០ ប្លាយនាក់ប៉ុណ្ណោះ ដូច្នេះហើយ ពួកយើងមានការងាយស្រួលក្នុងការស្គាល់រាប់អានគ្នាយ៉ាងឆាប់រហ័ស ណាមួយវិញ ទៀតពួកយើងញុំាបាយថ្ងៃត្រង់ជុំគ្នាជារៀងរាល់ថ្ងៃ ដោយមានម្ហូបរៀងខ្លួន តែយកមកចែករំលែកគ្នាញុំាយ៉ាងឆ្ងាញ់ពិសារ ។ មិត្តភ័ក្ររួមការងាររបស់ខ្ញុំក៏ហាក់ដូចជា រួសរាយរាក់ទាក់, ចិត្តល្អ ដាក់គ្នាដោយមិនប្រកាន់គ្នាឡើយ។​​ នៅពេល ដែលខ្ញុំចូលធ្វើការនៅថ្ងៃទីពីរ ខ្ញុំស្គាល់ពួកគេនិង​ចាំឈ្មោះពួកគេស្ទើរគ្រប់គ្នាហើយ។ សង្ឃឹមថាអ្វីៗដែលខ្ញុំសង្កេតនេះនឹងមិនប្រែប្រួល ឬ មានអ្វីដែលមិនល្អ នៅលាក់កំបាំងឡើយ។

ប្រធានៗនៅក្នុងផ្នែករបស់ខ្ញុំមានពីរនាក់។ ម្នាក់ជនជាតិហ្វីលីពីននោះគួរអោយចូលចិត្តម៉្យាងដែរ គាត់ចូលចិត្តលេងសើចច្រើន, ម៉េះម៉ោះជាមួយនិងកូនចៅ ហើយ ចូលចិត្តច្រៀងលេង ពេលខ្លះថែមទាំងរាំលេងទៀតផង ។ ប៉ុន្តែចំណែកឯការងាររបស់គាត់វិញខ្ញុំមិនទាន់ដឹងថាយ៉ាងណានោះទេ គ្រាន់តែមានអារម្មណ៍ថា គាត់ដូចជាមិនសូវម៉ត់ចត់ម៉េចមិនដឹងទេ! ឯម្នាក់ទៀតជាជនជាតិម៉ាឡេស៊ីនោះកាលពីដំបូងឡើយ ខ្ញុំមិនសូវមាននិស្ស័យជាមួយគាត់ទេ ព្រោះនៅពេលដែលជួបគាត់ លើកដំបូងពេលមកសំភាស មិនសូវឃើញគាត់និយាយស្តីអីទេ ក៏គិតថាគាត់មិនសូវរហ័សរហួន ឆ្លាតឆ្លំ ។ ប៉ុន្តែនៅពេលមកធ្វើការជាមួយគាត់ ទើបដឹងថាគាត់ជា មនុស្សគួរអោយចូលចិត្តណាស់ព្រោះគាត់ចិត្តល្អ, ពន្យល់ការងារបានក្បោះក្បាយ ហើយមានចិត្តចង់បង្រៀនចង់ចែករំលែកអោយខ្ញុំយល់ពីការងារទៀតផង បើទោះជាគាត់មិនត្រូវមានតួនាទីត្រូវបង្រៀនខ្ញុំក៏ដោយ។

និយាយរួមទៅក្នុងស្ថានភាពឥឡូវគ្រប់យ៉ាងហាក់ដូចជាល្អប្រសើរហើយ, សង្ឃឹមថានឹងមិនមានអីគួរអោយបារម្ភទៅថ្ងៃក្រោយនោះទេ។

ខែមិថុនា 25, 2010 at 5:33 ល្ងាច មតិ 6

ត្រឡប់មកវិញឬអត់????

សួស្តីបងប្អូនភូមិវើតប្រេសទាំងអស់ជាទីរាប់អាន!

ខ្ញុំទុកផ្ទះចោលឡើងក្លាយទៅជាសំបុកពីងពាង និងសំបុកកណ្តុរទៅហើយ តែមិនហ៊ានដាច់ចិត្តបិទទ្វារផ្ទះទេព្រោះគិតថានឹងវិលមកវិញនៅថ្ងៃណាមួយមិនខាន ។ ឥឡូវនេះសាកល្បងត្រឡប់មកវិញលមើល តែមិនហ៊ានសន្យាថានឹងនៅជាប់លាប់ឬអត់នោះទេ ព្រោះថ្ងៃក្រោយបើសិនជារវល់ខ្លាំងនោះមិនបានឡើងចុះ ញឹកញាប់ ក្នុងភូមិនេះទេ។

កាលដែលខ្ញុំមិនបានៅភូមិនេះមួយរយៈធំ ពីព្រោះកាលពីមុនជាប់រវល់,​ បន្ទាប់មកទៀតមានភាពស្មុគ្រស្មាញយ៉ាងខ្លាំងនៅកន្លែងការងារ រហូតធ្វើអោយខ្ញុំគ្មានស្មារតី នឹងគិតអី្វ សរសេរអ្វីឡើយ ។ តែឥឡូវនេះខ្ញុំបានរួចពីទុក្ខទោសនោះហើយដោយសារខ្ញុំមានការងារធ្វើថ្មីហើយ ហើយជាប្រភេទការងារដែលខ្ញុំចូលចិត្ត ដូច្នេះសង្ឃឹម ថាគ្រប់យ៉ាងនឹងប្រសើរ រួមទាំងស្មារតីរបស់ខ្ញុំក៏នឹងប្រសើរឡើងដែរ ។ សង្ឃឹមថានឹងមានអារម្មណ៍ល្អមកចែករំលែកបទពិសោធន៍ ការសប្បាយ និង អ្វីៗផ្សេងៗទៀត នៅទីនេះ ប៉ុន្តែមិនហ៊ានសន្យាថានឹងត្រឡប់មកទាំងស្រុងនោះទេ។

ខែមិថុនា 25, 2010 at 1:35 ល្ងាច បញ្ចេញមតិ

Photo Frames by Wishafriend
Photo Frames By WishAFriend.com

ខែ​ឧសភា 18, 2010 at 9:32 ព្រឹក បញ្ចេញមតិ

“ជាមួយនឹង”​​, “ជាទីសណ្តាប់” “សូមអញ្ជើញសណ្តាប់”

“ជាមួយនឹង”​​, “ជាទីសណ្តាប់” “សូមអញ្ជើញសណ្តាប់” ជាពាក្យថ្មីដ៏ពេញនិយម របស់ពិធីករទូរទស្សន៍នាសម័យនេះ ដោយគេយកវាមកប្រើមិនត្រូវនឹងប្រយោគ ហើយខុសពីក្បួនវេយ្យករណ៍ភាសាខ្មែរ ។

ឧទា. សូមសណ្តាប់ជាមួយនឹងចំរៀងមួយបទ…

កាលពីមុនមិនសូវមានគេយកមកប្រើប៉ុន្មានទេ តែឥឡូវនេះមានពិធីករច្រើនឡើងៗ និយមយកពាក្យនេះមកប្រើ ដោយមិនមានអ្នកណាម្នាក់រវល់អើពើរនឹងកែសំរួល សោះឡើយ។

ខ្ញុំនឹងអ្នកទស្សនាមួយចំនួនពិតជាទើសទាល់នឹងការប្រើពាក្យក្នុងលក្ខណៈមិនត្រឹមត្រូវបែបនេះណាស់ តែមិនបានបកស្រាយអី្វព្រោះ មិនសូវចេះបកស្រាយតាមក្បួនច្បាប់ ដែលមានអំណះអំណាងច្បាស់លាស់ ។ ទើបតែកាលពីយប់ថ្ងៃច័ន្ទកន្លងទៅនេះ ខ្ញុំមានការពេញចិត្តយ៉ាងខ្លាំងចំពោះការបកស្រាយរបស់លោក សុខគា នៅក្នុងកម្មវិធី “សុខគា, លក្ខណា និង អ៊ែនប៊ី” តាមរយៈស្ថានីយទូរទស្សន៏ប៉ុស្តិ៍ CTN ពីភាពមិន ត្រឹមត្រូវរបស់ពាក្យទាំងពីរខាងលើនេះ។

តាមពិតទៅ “ជាមួយនឹង” មានន័យថា “រួមគ្នា, រួមផង, រួមផងដែរ”។ សូមមើលពាក្យពន្យល់នៅក្នុងវចនានុក្រមសម្តេចជួនណាតដូចខាងក្រោមៈ

ដូច្នេះ បើវិភាគ ឃ្លាខាងលើ សូមសណ្តាប់ជាមួយនឹងចំរៀងមួយបទ, ហាក់ដូចជាពាក្យ “ចំរៀងមួយបទ” ជា មនុស្សម្នាក់អញ្ចឹង។

ចំណែកឯពាក្យថា “សណ្តាប់” ជា “នាម” ដែលមកពីកិរិយាស័ព្ទ “ស្តាប់” ។ គេអាចប្រើជារាជស័ព្ទបាន មិនមែនសំរាប់រាស្រ្តទេ ។ ឧទា. ទ្រង់ព្រះសណ្តាប់

អ្នកនៅក្នុងភូមិវើតប្រេសយើងសំបូរអ្នកនិពន្ធ ដូច្នេះ បើសិនជាមានការបកស្រាយណា ច្បាស់ជាងនេះ សូមជួយ ដាក់វាចារផង។

ខ្ញុំគិតថាសង្គមសិល្បៈ រួមចំណែកយ៉ាងខ្លាំងក្នុងការជួយថែរក្សាភាពត្រឹមត្រូវនៃ ភាសាខ្មែរយើង ដូច្នេះហើយ ក្រសួងវប្បធម៌ ឬ អង្គការពាក់ព័ន្ធ គួរតែកុំមើលរំលង ពីបញ្ហានេះ ព្រោះថាបើបណ្តោយអោយពិធីករនិយាយមិនត្រូវបែបនេះយូរៗទៅ ច្បាស់ជាសុំាត្រចៀកហើយ ចំណែកអ្នកចេះមិនច្បាស់នឹងយកតំរាប់តាមមិនខាន ថែមទាំងគិតថាវាជារឿងត្រឹមត្រូវទៅវិញ៕

ខែ​កុម្ភៈ 3, 2010 at 5:46 ល្ងាច មតិ 16

Older Posts



បណ្ណសារ

ខែមករា 2026
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
262728293031  







ចំនួនអ្នកទស្សនា

  • 7,795 នាក់

អ្នកកំពុងទស្សនា

ប្រភពអ្នកទស្សនា



Love Meter


Design a site like this with WordPress.com
Get started