ប៉ារីស៍

ប៉ារីស៍ រដ្ឋធានីរបស់សាធារណៈរដ្ឋបារាំង ដែលពេលខ្លះខ្ញុំសឹងតែអាច ចាត់ទុកថាជាផ្ទះទីពីរ (ឬទី៣ក៏មិនដឹង) របស់ខ្ញុំទៅហើយនោះ មិនធ្លាប់បានធ្វើឲ្យខ្ញុំនឹកដល់ម្តងណាឡើយ។ ប៉ុន្តែមួយរយៈនេះ ខ្ញុំចាប់ផ្តើមនឹកទីក្រុងល្អឯកនេះជាអនេកកប្បកា។

Tour Eiffel ដ៏ល្បីល្បាញ

ថ្ងៃនេះខ្ញុំសរសេរ ប៉ារីស៍ បែបនោះក៏ព្រោះតែចង់សរសេរតាមសំនៀងដើមរបស់បារាំងដែល មិនបញ្ចេងសំឡេងអក្សរ S ឡើយ គេអាន ថា Pari តែប៉ុណ្ណឹងឯង ដើម្បីឲ្យខ្លួនឯងហ្នឹងមានអារម្មណ៍បារាំងសេសបន្តិច។

កាលពីឆ្នាំ ២០០៨ ក្រោយពីចាកចេញពីប្រទេសឆេកូ ខ្ញុំក៏បានរស់នៅទីនោះប្រហែលជាបីខែ មុននឹងបន្តទៅរស់នៅ លុច្សំបួរ រាប់ឆ្នាំ។ អស់រយៈកាលជិតពីរទសវត្សនៅទ្វីបអឺរ៉ុបនេះ ប៉ារីស៍ គឺជាទីក្រុងមួយដែលខ្ញុំទៅញឹកញាប់បំផុត រហូតដល់មិនចាំផងថាបានទៅទីនោះប៉ុន្មានដងមកហើយទេ។ មូលហេតុក៏ដោយសារតែខ្ញុំធ្លាប់មានមិត្តល្អម្នាក់រស់នៅក្នុងក្រុងរណបមួយមិនឆ្ងាយប៉ុន្មានពីរដ្ឋធានីបារាំងមួយនេះ។

គ្រាដំបូងមកដល់ ប៉ារីស៏ ឆ្នាំ២០០៨

និយាយដោយត្រង់ទៅចុះ ខ្ញុំមិនចូលចិត្តទីក្រុងនេះទេ ហើយក៏មិនស្អប់វាដែរ។ ប្លែក! ត្រូវអត់? មិនស្អប់តែក៏មិនស្រឡាញ់ ទាំងដែលខ្ញុំក៏ទទួលស្គាល់ថា ប៉ារីស៍ ជាទីក្រុងស្រស់ស្អាតមួយក៏ដោយ។

លើកចុងក្រោយដែលខ្ញុំបានទៅលេងទីក្រុងមួយនេះគឺក្នុងខែសីហា ឆ្នាំ ២០១៨ ប៉ុន្មានថ្ងៃមុនពេលខ្ញុំត្រឡប់ទៅស្រុកខ្មែរ។ លើកនេះខុសពីលើកមុន ខ្ញុំបានចំណាយពេលជិតពីរអាទិត្យនៅ ប៉ារីស៍។ ប្រាំថ្ងៃជាមួយ J យើងបានដើរលេង ទៅកន្លែងជាច្រើន ជាពិសេសគឺទៅកន្លែងដែល J បានរៀន និងធ្លាប់រស់នៅរាប់សិបឆ្នាំ។ រិឯបួនថ្ងៃទៀតដែលនៅម្នាក់ឯងនោះ ខ្ញុំបានចំណាយពេលដើរមើល ប៉ារីស៍ យ៉ាងសម្បើម។ ខ្ញុំមិនបានទៅកន្លែងដែលអ្នកទេសចរណ៍និយមទៅដូចរាល់ដងឡើយ។ ខ្ញុំដើរយឺតៗតាមដងទន្លេសែនញ៉ាំផ្លែឈែរី ស្រូបក្លិនផ្កាឡាវែនឌឺរ ដើរក្រវែលតូបសៀវភៅនៅតាមដងទន្លេនោះដែលមានលក់សៀវភៅជជុះស្ទើរគ្រប់ភាសា ដល់ពេលអស់កម្លាំង ខ្ញុំក៏ទៅអង្គុយខាងមុខហាងកាហ្វេ ញ៉ាំភេសជ្ជៈបណ្តើរក្រឡេកមើលសភាពអ៊ូអរទីក្រុងនេះបណ្តើរ។

ភ្លេចបាត់ទៅហើយថារូបសំណាកនេះនៅត្រង់ណា គ្រាន់តែចាំថា នៅមុខព្រះវិហារធំមួយ

អស់ពីនោះ ខ្ញុំក៏បានដើរលេងផ្សារក្រមួនដែលមានជនជាតិចម្រុះជាតិសាសន៍មកលក់អីវ៉ាន់ ភ្លក្សរសជាតិម្ហូបអាហារផ្សេងៗដែលគួរឲ្យចាប់អារម្មណ៍ ចូលព្រះវិហារបន់ស្រន់បួងសួង ដើរមើលរូបសំណាកផ្សេងៗ ដែលហាក់ដូចជាជ្រុងណាក៏មានរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលត្រូវចងចាំដែរ។ ខ្ញុំនៅចាំយ៉ាងច្បាស់ពីអារម្មណ៍រំភើបនៅពេលដែលខ្ញុំបានដឹងពីប្រវត្តិស្រះមួយនៅក្រោយវាំង Versailles របៀបរបបកសិកម្មក្នុងសម័យកាលដែលបារាំងនៅមានស្តេចនៅឡើយ ពីសួនបន្លែដែលគេដាំដើម្បីចិញ្ចឹមមនុស្សមួយរាជវាំង ពីរោងចាស់របស់ព្រានប្រម៉ាញ់ប្រចាំរាជវាំង ។ល។ និង ។ល។ ហើយវាបានធ្វើឲ្យខ្ញុំនឹកឃើញដល់ក្រុង ប្រាករបស់ឆេកូ ដែលសូម្បីតែស្នាមគ្រាប់កាំភ្លើងមួយសល់ពីសម័យសង្គ្រាមលោកលើកទីពីរក៏គេរក្សាវាទុកដែរដើម្បីរំលឹកដល់រឿងរ៉ាវប្រវត្តិសាស្ត្ររបស់ជាតិសាសន៍គេ។ ខ្ញុំនៅចាំអារម្មណ៍ ស្ញប់ស្ញែង រំភើបលាយក្ងុកក្តួល គ្រប់ពេលដែលខ្ញុំឡើងទៅ ប្រាក ឃើញបាច់ផ្កាគេដាក់ឲ្យនៅកន្លែងដែល និស្សិតពេទ្យ Jan Opletal ត្រូវគេបាញ់ក្នុងពេលដែលគាត់សម្តែង ក្តីតវ៉ាប្រឆាំងរបប Nazi មិនដែលភ្លេចឡើយ។

ជាមួយ ប៉ារីស៍ ទីក្រុងដែលពោរពេញទៅដោយរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សម្បូរបែបនោះ វាមិនខ្វះសោះឡើយកន្លែងដែលធ្វើឲ្យខ្ញុំលង់លក់ជាមួយប្រវត្តិសាស្ត្រ រហូតដល់ពេលដែលក្រពះឃ្លានទើបខ្ញុំដឹងខ្លួនមកវិញ រួចក៏ដើរទៅញ៉ាំ crêpe នៅម្តុំស្ពាន Alma មើលភ្ញៀវទេសចរណ៍ជិះទូកលេងជុំវិញទីក្រុង។​ លុះពេលញ៉ាំឆ្អែតហើយ ខ្ញុំក៏ដើរបន្តតាមដងស្ទឹងបង្ហួសទាល់តែដល់សួនសាធារណៈ ដាក់កន្សែងក្រាលលើវាលស្មៅ ពេលខ្លះក៏អង្គុយចាក់ ពេលខ្លះទៀតក៏គេងអានសៀវភៅ មើលមេឃ មើលពពក សញ្ជឹងគិតវែងឆ្ងាយ។

គ្រាចុងក្រោយនៅ ប៉ារីស៍ ខាងក្រោយក្រុងវាំង Versailles ឆ្នាំ២០១៨

នៅក្នុងពេលនោះទើបខ្ញុំបានដឹង។ ឱ! នេះហើយទេតើ គឺវិធីដើរលេងដ៏ពិតប្រាកដ។ វាឥតប្រយោជន៍អី្វទេសម្រាប់ខ្ញុំ ដែលយើងប្រឹងសម្រុកដើរមើលកន្លែងល្បីៗនៃទីក្រុងដែលយើងទៅទស្សនាឲ្យបានច្រើន ដោយមិនបានជ្រោតជ្រាបពីកន្លែងទាំងនោះ។ វាឥតប្រយោជន៍អ្វីទេ ដែលយើងប្រឹងថតរូបរាប់ពាន់ផុសបង្អួតគេឯងនៅតាម social medias ដើម្បីឲ្យគេបានដឹងថាយើងបានទៅដល់កន្លែងនោះ ដោយមិនបានស្រូប យកដួងព្រលឹងរបស់ទីកន្លែងនោះមកទុកក្នុងការចងចាំរបស់យើង។

វាឥតប្រយោជន៍អ្វីសោះឡើយ!

ឱ! ប៉ារីស៍ មិនដឹងពេលណាឡើយយើងអាចជួបគ្នាជាថ្មី។ ខ្ញុំប្រាថ្នាទៅអង្គុយសំដិលថ្ងៃនៅសួន Tuileries ដើរមើលពិពណ៌គំនូរនៅ Jardin du Luxembourg និងទៅអានសៀវភៅនៅខាងក្រោយវិមាន Versailles នាពេលថ្ងៃរៀបលិចជាថ្មីម្តងទៀត៕

I miss you, truly

The agony of missing you is immense. It is bigger than the Atlantic ocean that you took me to see twice.

It has been 5 years, and I never once stop to think how much it affected me. I am afraid to fully comprehend what happened between us. You know pretty well how coward I am.

I miss you. Truly. Everyday.

At this stage of my life, when I found peace and happiness I always think about you. Sometimes I questioned God. Why? Oh why God? You blessed sinner like me so much but took the most precious thing from you, who I think is a saint.

I don’t know what I would be if there were no you in my life. Now that I stop to realized what this mean for us, I am completely destroyed. This part of you will always missing in my soul and I can’t do anything about it.

This is what you want. This, I promised you. I did this to us. I deserved this pain and you deserved better than me.

I don’t know how long I could do this, you also knew I could never keep my promises. Maybe one day I would stop at your doorstep unannounced like I always did even though I know I am not welcome there any more.

I pray for you, that’s all I can do. I ask God to take care of you. I still love you very much. I truly am. I want nothing but the best for you. So yes, I will try my best to keep my distance from you. For once, I try my best to not do what is best for me.

I miss you. Truly.

សិល្បៈនៃជំនួញបាល់ទាត់

ជាងពីរទសវត្សកន្លងមកនេះ បាល់ទាត់មិនមែនគ្រាន់តែជាកីឡាមួយមុខទេ។ បាល់ទាត់គឺ ជាជំនួញមួយដែលមានសក្តានុពលមិនធម្មតាឡើយ។

ការជួញដូរកីឡាករបាល់ទាត់គឺជាជំនួញមួយ ដែលពេលខ្លះក៏ចំណេញកប់ពពក ពេលខ្លះទៀតគឺ ខាតផ្កាប់មុខ។

ថ្ងៃនេះខ្ញុំសូមលើកយកពីសិល្បៈនៃការធ្វើជំនួញបាល់ទាត់ ពោលគឺការជួញដូរកីឡាកររបស់ក្លឹបពីរ មកវិភាគ គឺ Liverpool របស់ Jurgen Klopp និង Chelsea របស់ Frank Lampard។

Liverpool

នៅខែមករាឆ្នាំ ២០១៨ ហង្សក្រហម Liverpool សម្រេចចិត្តលក់កីឡាករ Philippe Coutinho ទៅឲ្យក្លឹប Barcelona របស់អេស្ប៉ាញនៅក្នុងតម្លៃខ្លួន ១៤៥លានអឺរ៉ូ។

ក្រោយពីចំណាយពេលប្រាំឆ្នាំនៅ Liverpool រួចមក កីឡាករសញ្ជាតិប្រេស៊ីលរូបនេះលែងចង់បន្ត លេងឲ្យក្លឹបធំនៅអង់គ្លេសនេះទៀតហើយប្រាថ្នាទៅលេងនៅអេស្ប៉ាញវិញ។ គ្រូបង្វឹកចាត់ចែងក្លឹប Liverpool លោក Jurgen Klopp ក៏សម្រេចចិត្តលក់កីឡាកររូបនេះទៅ។ Philippe Coutinho គឺជាកីឡាករដ៏សំខាន់មួយរូបដែលស្នូលជួយស្រោចស្រង់ Liverpool ឲ្យចេញផុតពីលេខរៀងពាក់កណ្តាល តារាង Premier League មកឈនៅក្នុងជួរជើងខ្លាំងទាំង ៦ ក្រុមរបស់អង់គ្លេសវិញ។

អ្នកវិភាគបាល់ទាត់ជាច្រើនគិតថា វាជារឿងមិនល្អមួយសម្រាប់ Liverpool ព្រោះមិនដឹងថា Jurgen Klopp នឹងយកនរណាមកជំនួសតំណែងដ៏សំខាន់របស់ Philippe Coutinho បានទេ ហើយម្នាក់ៗទាយទុកជាមុននូវការធ្លាក់ចុះរបស់ Liverpool។ ប៉ុន្តែ Jurgen Klopp បានចំណាយលុយដែលបានមកពីលក់ Philippe Coutinho នេះយ៉ាងឆ្លាតវៃ។ ក្នុងខែដដែលគាត់បានទិញខ្សែការពារហុល្លង់ Virgil Van Dijk ពីក្លឹប Southampton និងក្រោយមកទិញកីឡាករអ្នកចាំទី ប្រេស៊ីល Allison Becker ពីក្លឹប Roma ក្នុងតម្លៃខ្លួនសរុប ១៤៧លានអឺរ៉ូ ។

កីឡាករទាំងពីររូបនេះគឺជាកត្តាដ៏សំខាន់សម្រាប់ជ៏យជំនះរបស់ Liverpool នៅឆ្នាំបន្តបន្ទាប់ ពោលគឺការឈ្នះពានរង្វាន់ UEFA Champion League នៅឆ្នាំ ២០១៩ និង ក្លាយជា EPL Champion នៅឆ្នាំ ២០២០។

Chelsea

មិនខុសពី Liverpool ប៉ុន្មានដែរ នៅចុងឆ្នាំ២០១៩ Chelsea សម្រេចចិត្តលក់កីឡាករឆ្នើមដ៏សំខាន់របស់គេគឺ Eden Hazard ទៅឲ្យ Real Madrid របស់អេស្ប៉ាញក្នុងតម្លៃខ្លួន ១៦០ លានអឺរ៉ូ។

ចូលលេងឲ្យ Chelsea នៅឆ្នាំ២០១២ Eden Hazard គឺជាវីរៈបុរសថ្មីមួយនៅ Chelsea។ ក្នុងកំឡុង ពេល៧ឆ្នាំនេះ ខ្សែបម្រើរបស់ប៊ែលហ្សិករូបនេះ ជួយ Chelsea ឲ្យឈ្នះ Premier League ចំនួនពីរដង និង Europa League ចំនួនពីរលើកផងដែរ។ ការបាត់បង់ Eden Hazard និង បម្រាម ហាមទិញដូរកីឡាករក្នុងឆ្នាំ ២០២០ បានធ្វើក្លឹបអ្នកមានរបស់អង់គ្លេសមួយនេះធ្លាក់ចុះគួរឲ្យកត់ សម្គាល់។ ប៉ុន្តែបន្ទាប់ពីចាត់តាំង Frank Lampard អតីតៈកីឡាកររបស់ Chelsea ដែលជាវីរៈបុរសរបស់ក្លឹបផងដែរ ឲ្យមកចាត់ចែងក្លឹបវិញនោះ Chelsea រាងងើបឡើងវិញបន្តិច។

ជាមួយលុយ ១៦០លានអឺរ៉ូដែលបានមកពីលក់ Eden Hazard លោក Frank Lampard បានយកទៅជួញដូរកីឡាករបាល់ទាត់យ៉ាងល្អប្រពៃ។ មិនមែនទិញមួយឡើយគឺដល់ទៅបីឯណោះ! Hakim Ziyech ដែលជា Play Maker ដ៏សំខាន់នៅ Ajax, Timo Werner ខ្សែប្រយុទ្ធមុតស្រួចរបស់ RB Leipzig និង ខ្សែប្រយុទ្ធវ័យក្មេង Kai Havertz របស់ Leverkusen ក្នុងតម្លៃសរុប ១៧៣លានអឺរ៉ូ។

តាមគំនិតខ្ញុំ Frank Lampard ពិតជាប្រសប់ធ្វើជំនួញមែន។ ប្រសិនបើកីឡាករទាំងបីនេះអាចលេងស៊ីសង្វាក់គ្នាល្អនៅ Chelsea ខែប្រយុទ្ធរបស់ Chelsea នៅរដូវកាលថ្មីនេះគឺពិតជាគួរឲ្យចង់មើលមែនទែន ហើយក៏ប្រសើរជាងសម័យកាល Hazard ទៅទៀត។

ពីរករណីនេះគឺជាឧទាហរណ៍នៃការធ្វើជំនួញបាល់ទាត់ដ៏ល្អមួយ។ ផ្ទុយស្រឡះពី Barcelona, Real Madrid, Manchester ទាំងពីរ និង PSG ដែលភាគច្រើនទិញតែកីឡាករដែលល្បីស្រាប់ក្នុងតម្លៃខ្លួនកប់ពពកមកលេងនៅក្លឹប Jurgen Klopp និង Frank Lampard ទិញតែកីឡាករណាដែលពួកគេយល់ឃើញថាមានគុណភាពសមនឹងតម្លៃខ្លួនប៉ុណ្ណោះ។ នេះគឺជាសិល្បៈនៃការធ្វើជំនួញបាល់ទាត់៕

ប្រាប់បេះដូង~ខ្ញុំចង់ស្លាប់ក្នុងអន្លង់ស្នេហ៍!

​​ចេញពីធ្វើការល្ងាចនេះខ្ញុំពិតជាមានអារម្មណ៍ថាអផ្សុកខុសពីធម្មតា។ តាមពិតទៅវាគួតែគ្មានអ្វីចម្លែកសម្រាប់ខ្ញុំទេ ព្រោះខ្ញុំតែងកើតរោគអផ្សុកដូច្នេះជារៀងរាល់ថ្ងៃ។ សាកគិតទៅមើល មនុស្សស្រីម្នាក់រស់នៅម្នាក់ឯងនៅក្នុងទីក្រុងដ៏ធំមួយដែលមានប្រជាជនរាប់លាននាក់ ប៉ុន្តែនាងគ្មានមិត្តភក្តិជិតដិត គ្មានមនុស្សជជែកជាមួយ គ្មានកន្លែងដែលគួរទៅក្រៅពីផ្ទះ និង កន្លែងធ្វើការ គ្មានក្តីប្រាថ្នាពិសេសអ្វីសម្រាប់ជីវិត… នាងកើតរោគអផ្សុកជារៀងរាល់ថ្ងៃគឺជារឿងធម្មតាទេ តើមែនទេ?

ប៉ុន្តែថ្ងៃនេះ… ខ្ញុំពិតជាមានអារម្មណ៍ថា វាអផ្សុកចម្លែកខុសពីរៀងរាល់ថ្ងៃពិតមែន ហើយអាក្រក់លើសហ្នឹងទៅទៀតនោះ ខ្ញុំមិនស្រណុកក្នុងចិត្តសោះតែម្តង។ ទាំងនេះ ប្រហែលមកពីខ្ញុំបានអាននូវការទស្សន៍ទាយរបស់ក្រុមហោរាសាស្ត្រតាមកាសែតដែលបាននិយាយថា ពិភពលោកនេះនឹងបញ្ចប់ត្រឹមខែកក្កដាឆ្នាំនេះហើយមើលទៅ។

យ៉ាប់មែន! ហេតុអីក៏ខ្ញុំឆាប់ជឿការទស្សន៍ទាយទាំងអស់នោះម៉្លេះ?​ វាគ្រាន់តែអត្ថបទមួយក្នុងកាសែតប៉ុណ្ណឹងសោះ។ ម៉្យាងទៀតមិនគួរណាខ្ញុំខ្វល់ខ្វាយពីរឿង World End អីអស់ហ្នឹងទេ ព្រោះសម្រាប់ខ្ញុំរស់នៅសព្វថ្ងៃគឺគ្រាន់តែរស់ឱ្យបានៗតែប៉ុណ្ណោះ មនុស្សគ្មានក្តីប្រាថ្នាក្នុងជីវិត គ្មានក្តីស្រមៃ គ្មានក្តីសុបិន មិនខុសអីពីរស់ដូចស្លាប់ទេ… តើមែនទេ?

មែនហើយ! វាប្រាកដជាអ៊ីចឹងហើយ។ ប៉ុន្តែបើពិភពលោកនេះនឹងរលាយនៅខែកក្កតានេះមែន ស្លាប់គ្មានអ្វីគួរឱ្យខ្លាច និង សោកស្តាយទេ… តែរឿងដែលខ្ញុំសោកស្តាយបំផុតនោះគឺ ខ្ញុំនឹងស្លាប់ទៅដោយមិនបានស្គាល់រសជាតិស្នេហា។ ខ្ញុំចង់មានមនុស្សម្នាក់មកស្រលាញ់ ចង់មានមនុស្សម្នាក់មកដើរកាន់ដៃជាមួយគ្នាមើលពិភពលោកនេះរលាយទៅនៅខែកក្កដានេះទាំងអស់គ្នា…

ហា៎!​ នឹកឃើញហើយ… គេទាយថាពិភពលោកនេះនឹងរលាយនៅខែកក្កដា ប៉ុន្តែក្នុងខែកក្កដាមានដល់ទៅ៣១ថ្ងៃឯណោះ វាអាចជាថ្ងៃណាមួយក្នុងថ្ងៃទាំង៣១នោះក៏អាចថាបាន… ទាន់ពេលវេលានៅមានខ្ញុំគួរតែស្វែងរកនរណាម្នាក់មកស្រលាញ់ ព្រោះខ្ញុំពិតជាមិនចង់ស្លាប់ទៅទាំងយ៉ាងនេះទេ បើទោះជាស្លាប់ក៏ត្រូវស្លាប់ក្នុងអន្លង់ស្នេហ៍ដែរ។

 

To heart

 

To Heart: Koishite Shinitai គឺជារឿងភាគមនោសញ្ចេតនារបស់ជប៉ុនមួយដែលខ្ញុំសែនស្រឡាញ់អស់ពីបេះដូង។ ខ្ញុំបានមើលវាជាលើកដំបូងនៅចុងឆ្នាំ២០០០ នៅពេលដែលខ្ញុំចាប់ផ្តើមថ្នាក់បញ្ចប់នៃវិទ្យាល័យ។ ខ្ញុំចាំបានថាកាលនោះគេលេងនៅប៉ុស្តិ៍លេខ៥ ម៉ោង៥ល្ងាចពីថ្ងៃច័ន្ទដល់សុក្រ ក្រោមចំណងជើងថា «ថាមពលស្នេហ៍»។

ចេពីរៀនមកដល់ផ្ទះមិនទាន់ទេ ខ្ញុំប្រញ៉ាប់ទៅបើកទូរទស្សន៍តាមដានរឿងនេះជាមួយស្នាមញញឹម។ ពេលខ្លះក៏ត្រូវម៉ែជេរ ព្រោះថាដល់ម៉ោងត្រូវដាំបាយ អត់គិតដាំបាយទេ បែជាសម្ងំក្នុងផ្ទះមើលរឿងទៅវិញ។ ពេលខ្លះទៀត ដាំបាយចោល ហើយរត់ទៅមើលរឿងបាត់ បាយឆៅក៏មាន ខ្លោចក៏មាន ដោយសារតែខ្ញុំខ្លាចដាច់ភាគ។ បើសិនថ្ងៃណាស៊យ ត្រូវរៀនថែមម៉ោងដល់ម៉ោង៥ វិញ ខ្ញុំតាំងមានអារម្មណ៍មិនល្អ ស្តាយ មិនបានតាមដានរឿង។

តាមពិត្តទៅវាមិនមែនជារឿងភាគដែលល្អអស្ចារ្យអ្វីនោះទេ។ វាគ្រាន់តែជារឿងស្នេហាយុវវ័យមួយគូនៅក្រុង តូក្យូ ប៉ុណ្ណោះ។តួស្រីឈ្មោះ ថូកុ ជាមនុស្សស្រីដែលគួរឲ្យស្រលាញ់ តែគួរឲ្យធុញទ្រាន់ព្រោះចូលចិត្តតាមតួរប្រុសឈ្មោះ យូជិ ត្រឹកៗដូចកូនឆ្កែ ទាំងដែលគេបានបញ្ជាក់ប្រាប់ហើយថា គេមិនមានចិត្តស្រលាញ់នាង ហើយមិនអាចទទួលយកក្តីស្រឡាញ់ពីនាង បានឡើយ។ តែខ្ញុំស្រលាញ់រឿងនេះ! បដិសេធនូវសាច់រឿងធម្មតា តួរស្រីគួរឲ្យធុញ និង តួរប្រុសមុខក្រម៉ូវ វានៅតែជារឿង ភាគអាស៊ីដែលខ្ញុំស្រឡាញ់បំផុតដដែល។

ខ្ញុំស្រលាញ់ភាពបរិសុទ្ធ និង ពោរពេញទៅដោយក្តីស្រឡាញ់របស់ ថូកុ។ មិនថាជា យូជិ ធ្វើឲ្យឈឺចាប់ប៉ុន្មានដងទេ នាងមិនព្រមបោះបង់ចោលគេឡើយ។ នាងគឺជាមនុស្សដែលចេះស្រឡាញ់ពិតប្រាកដម្នាក់ ស្រឡាញ់មនុស្សម្នាក់មិនមែនត្រឹម ចង់បានគេមកជារបស់ខ្លួននោះទេ គឺចង់ឲ្យគេមានក្តីសុខ សម្រេចបំណងប្រាថ្នា និង មានសុភមង្គលក្នុងជីវិត។ នេះជាអ្វី គ្រប់យ៉ាងដែល ថូកុ ចង់បានសម្រាប់ជីវិត យូជិ ទើបនាងតាមកំដរគេ គាំទ្រគេ ផ្តល់កម្លាំងចិត្តឲ្យគេគ្រប់ពេលវេលាដូច្នេះ។

ចំណែកឯ យូជិ វិញ ក៏មិនមែនជាមនុស្សគ្មានមនោសញ្ចេតនា ដាច់ធម៌មេត្តាដែរ បន្តិចម្តងៗគេចាប់ផ្តើមមើលឃើញចំណុច គួរឲ្យស្រឡាញ់របស់ ថូកុ។ ខ្ញុំស្រឡាញ់ភាពអំណត់ តស៊ូ ប្រឹងប្រែង ដើម្បីក្លាយជាកីឡាករប្រដាល់របស់គេ។ ហើយបើគិតឲ្យដល់ៗទៅ ខ្ញុំគិតថាភាពយន្តភាគជប៉ុនមួយនេះ មានឥទ្ធិពលយ៉ាងច្រើនលើសលប់ទៅលើការសរសេរប្រលោមលោក របស់ខ្ញុំជាពិសេសរឿង «សល់តែអនុស្សាវរីយ៍»។

ប៉ុន្មានថ្ងៃមុន ខ្ញុំបានរកឃើញរឿងនេះនៅលើ YouTube។ វាបាននាំខ្ញុំទៅកាន់វ័យ ១៤ ឆ្នាំរបស់ខ្ញុំវិញ រម្លឹកនូវអារម្មណ៍ ក្មេងខ្ចីមួយដែលទើបចេះចាប់ផ្តើមស្រឡាញ់អ្វីមួយជាលើកដំបូងដែលមិនមែនជាខ្លួនឯង នោះគឺការ សរសេរ តាក់តែង និពន្ធនេះឯង៕