អេស៊ីលីដា ចុះ​អនុស្សរណៈ​យោគយល់គ្នា ជាមួយក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី រៀបចំបោះ​ផ្សាយ ​លក់មូលបត្រ

ដោយ៖ប៉ា ជេដ្ឋា

ភ្នំពេញៈ ធនាគារអេស៊ីលីដា និងអេស៊ីលីដា ស៊ីឃ្យួរឹធី បានចុះអនុស្សរណៈ​​យោគយល់គ្នា​ ជាមួយ​ ក្រុម​ហ៊ុន​តុងយ៉ាង ស៊ីឃ្យួរឹធី ដើម្បីរៀបចំខ្លួនសម្រាប់ការបោះផ្សាយលក់ និងការ ចុះ​បញ្ជី​លក់មូល​បត្រ​ជា​សាធារណៈ។

ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី បានមានប្រសាសន៍ក្នុងពីធីចុះ អនុស្ស រណៈ​​​យោគ​យល់គ្នា​​​ នៅ​ថ្ងៃទី២៦ ខែតុលា នៅការិយាល័យកណ្តាលនៃធនាគារអេស៊ីលីដាថា ក្រុមហ៊ុន​តុង​យ៉ាង ស៊ីឃ្យួរឹធី ជា​ក្រុម​ហ៊ុនដែលឈានមុខគេមួយក្នុងទីផ្សារមូលបត្រប្រទេសកូរ៉េខាងត្បូង ដែល​មានបទពិសោធន៍​រយៈ​ពេល ៤៩ឆ្នាំ ហើយធនាគារអេស៊ីលីដា មានបទពិសោធន៍១១ឆ្នាំ តាមរយៈ​ការ​ចុះ អនុស្ស រណៈ​​យោគយល់គ្នានេះ ដើម្បីប្រើប្រាស់ជំនាញ និងបទពិសោធន៍ក្នុងការផ្តល់ជូនសេវាកម្ម ប្រឹក្សា និងហិរញ្ញវត្ថុ ព្រមទាំងរៀបចំការរៀបចំហិរញ្ញប្បទានសម្រាប់ការបោះផ្សាយលក់ និងការចុះ​បញ្ជី​លក់មូលបត្រជាសាធារណៈ។

លោកបន្តថា”ការដែលយើងជ្រើសរើសយកក្រុមហ៊ុនតុងយ៉ាងស៊ីឃ្យួរឹធីនេះ ដោយសារតុងយ៉ាងជា​ក្រុមដ៏រឹងមាំ និងនាំមុខគេនៅកូរ៉េខាងត្បួង ហើយអេស៊ីលីដា ក៏ជាធនាគារពាណិជ្ជដែលនាំមុខគេនៅ​កម្ពុជា​ដែរ”។

ប្រធានក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យួរឹធី លោក ឆាយ សឿន​ដែលជាក្រុមហ៊ុនទទួល​បាន​អាជ្ញា​បណ្ណ​ក្នុងការ​ធ្វើអាជីវកម្ម​ជើងសារមូលបត្រថ្លែងឲ្យដឹងថា “វាជាឱកាសថ្មីសម្រាប់វិនិយោគិន ជា​ពិសេស​អ្នកវិនិយោគឯកត្តជន ធ្វើការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា ចាប់ពីការ​បោះផ្សាយ​លក់មូល​បត្រ​លើក​ដំបូងជាសាធារណៈ”។

ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី លោក You​ Joon​ Ryeol​ បានមានប្រសាសន៍ផង​ដែរថា ការរួមគ្នានេះជាការធ្វើឲ្យកាន់តែងាយស្រួលក្នុងការទទួលបានការវិនិយោគដ៏ច្រើនទាំងក្នុង​ប្រទេស និងក្រៅប្រទេស សម្រាប់ការបោះផ្សាយលក់មូលបត្រលើកដំបូងជាសាធារណៈ។

លោកបន្តថា “យើងរីករាយនឹងជួយធនាគារអេស៊ីលីដា នៅក្នុងការរៀចំផែនការបោះផ្សាយលក់មូល បត្រលើកដំបូងជាសាធារណៈរបស់ធនាគារនាពេលអនាគត”។

ក្រុមហ៊ុនតុងយ៉ាងស៊ីឃ្យួរឹធីជាក្រុមហ៊ុនមួយក្នុងចំណោម៧ ដែលទទួលបានអាជ្ញាបណ្ណជា​ក្រុម​ហ៊ុន​ធានាទិញមូលបត្រ ទទួលបានកំពុងជួយរៀបចំក្រុមហ៊ុនរដ្ឋ២ ដើម្បីបោះផ្សាយលក់មូលបត្រលើក ដំបូង គឺរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា៕