តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថិរវេលា ៣ ខែ ចាប់តាំងពីថ្ងៃ ១ រោច ខែអាសាឍតទៅ ។
ពាក្យថា “វស្សា” មកពីពាក្យបាលីថា: “វស្សៈ” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ ខែ (រាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែកត្តិក) ។ ព្រះបរមសាសា្តយើងទ្រង់បានបញ្ញតិ្តឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ ខែទេ (រាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែ អស្សុជ) ។ ក្នុងរយៈវេលា ៣ ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទៀនព្រះវស្សាឲ្យនៅឆេះជានិច្ច ។ តួទានធ្វើអំពីឈើ មានទំហំប្រមាណ ២ ចាប់ កម្ពស់ ២ ហត្ថ មានរចនាក្បាច់យ៉ាងល្អ និងរំលេចពណ៌ដ៏ប្រណីតផង ។ ខាងក្នុងតួពុម្ពទៀនមានដោតអំបោះឆៅជាប្រឆេះ ហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនឃ្មុំពុំសូវសម្បូរ គេនិយមប្រើប្រេងជំនួសវិញ ហើយចាក់ក្រមួនឲ្យមានកម្រាស់តែ ៥ ធ្នាប់ខាងលើទេ ។ លុះឆេះអស់សាច់ក្រមួនហើយ ទើបឆេះដល់ប្រេង គេធ្វើដូច្នេះដើម្បីឲ្យទៀននោះឆេះជាប់ដរាបគ្រប់ ៣ ខែ ។
កាលដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយ ព្រះករុណា ឬព្រះរាជវង្សានុវង្សមួយអង្គ ទ្រង់យាងចេញអុជទៀនវស្សាទាំងបួន យ៉ាងឧឡារឹករៀងរាល់ឆ្នាំ ។ បណ្ដាទៀនវស្សាទាំង ៤ នោះ ទៀនមួយត្រូវតម្កល់នៅហោព្រះរូប ក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតម្កល់ព្រះពុទ្ធរូប ។ ទៀនមួយទៀតតម្កល់នៅក្នុងហោព្រះអដ្ឋិ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ដែលជាទីតម្កល់នូវកោដ្ឋអដ្ឋិធាតុ របស់ក្រុមព្រះរាជវង្សានុវង្ស ។ ទៀនទី ៣ តម្កល់នៅក្នុងហោព្រះខាន់ ទៀនទី ៤ តម្កល់នៅក្នុងព្រះវិហារព្រះកែវមរកត ។ ម្យ៉ាងទៀតព្រះករុណាទ្រង់តម្រូវឲ្យធ្វើទៀនទៅតម្កល់នៅទីវត្តក្នុងព្រះរាជធានី និងទីវត្តជិតៗនៅក្នុងទីក្រុងផង ហេតុនេះហើយទើបទៀនវស្សាព្រះរាជទ្រព្យមានដល់ទៅ ១៩ ដើម ។
នៅថ្ងៃដែលធ្វើពិធីអុជទៀនវស្សានៅព្រះបរមរាជវាំង ក្រុមបារគូបុរោហិតរៀបចំធ្វើពិធីអញ្ជើញព្រះបញ្ចក្សេត្រឲ្យចូលកាន់ព្រះវស្សាដែរ ។ ចាប់តាំងពីថ្ងៃពេញបូណ៌មី ខែអាសាឍ គឺមុនថ្ងៃចូលព្រះវស្សាមួយថ្ងៃ គេសង្កេតឃើញមានភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម ។ ពីព្រលឹម ព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្តនិមន្តចូលទៅក្នុងព្រះវិហារដើម្បីថ្វាយបង្គំព្រះរតនត្រ័យ និងស្វាធ្យាយធម៌ដារបញ្ជូនផលានិសង្សដល់វិញ្ញាណក្ខន្ធ អ្នកដែលធ្វើមរណភាពទៅហើយ ។ ដល់ថ្ងៃត្រង់ ពួកទាយក ទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ពេលល្ងាចព្រះសង្ឃសម្ដែងធម៌ទេសនាជាការស្រេច ។
ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សា នៅវេលារសៀល គេធ្វើពិធីហែទៀនព្រះវស្សា និងគ្រឿងបរិក្ខារផ្សេងៗ មានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ ៣ ជុំជាមុន ទើបនាំទៀនចូលទៅវេរទៀន រួចទើបអុជទៀននោះជាក្រោយ ។ នៅឱកាសនោះគេនិមន្តព្រះសង្ឃឲ្យគង់តាមលំដាប់វស្សាចាស់-ថ្មី ។ ព្រះសង្ឃដែលចាស់វស្សាជាងគេ ប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សា ដែលមានថិរវេលា ៣ ខែ ឲ្យព្រះសង្ឃឯទៀតថាតាម ។
ក្នុងកំណត់រដូវចូលវស្សា ៣ ខែនោះ ព្រះសង្ឃអាចនិមន្តទៅកាន់ទីនិគមន៍ណាក៏បាន ប៉ុន្តែត្រូវនិមន្តមកដល់វត្តវិញឱ្យបានមុនពេលអរុណរះនៃថ្ងៃដែលលោកនិមន្តចេញទៅនោះ ។ បើកាលណាមានកិច្ចពិសេស ព្រះសង្ឃអាចនិមន្តទៅផ្ទះឯកជនបាន បើប្រសិនជាគេនិមន្ដ ឬបើមានធុរៈញោមឈឺ ឬក៏ឧបជ្ឈាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបាន ប៉ុន្តែត្រូវកុំឲ្យហួសពី ៧ ថ្ងៃ ។ មុននឹងចេញទៅ លោកត្រូវទៅទូលលោកគ្រូជាមេវត្តសិន ដោយសន្យានឹងលោកថា នឹងវិលមកវិញឲ្យទាន់មុន អរុណរះនៃថ្ងៃទី ៧ មិនខាន ហៅថា ការលើកសត្តាហៈ ។ ដល់ពេលត្រឡប់ចូលទីអារាមវិញភ្លាម ត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាតំណាង ។
ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធនោះ លោកអាចចូលបច្ឆិមិតវស្សាបាន គឺលោកចូលនៅថ្ងៃ ១ រោច ខែស្រាពណ៍ ហើយត្រូវគិតវស្សាឲ្យគ្រប់ ៣ ខែដូចលោកដែលចូលមុន គឺត្រូវចេញវិញនៅថ្ងៃ ១ រោច ខែកត្តិក ៕


























